ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ចាត់វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​ (A/H5N1) ពី​ប្រទេស​វៀតណាម ខណៈ​ជំងឺ​នេះ​ត្រូវ​បាន​គេ​រកឃើញ​ផ្ទុះឡើង​នៅ​ភាគខាងត្បូង​វៀតណាម​។

នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​គរុសិស្ស និង​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ម្សិលមិញ​លោក ហ៊ុន សែន បាន​លើកឡើង​ថា ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​អាច​នឹង​ធ្វើឱ្យ​ពលរដ្ឋ​វៀតណាម​នាំគ្នា​បង្ខំចិត្ត​បញ្ជូន​មាន់​មក​លក់​ឱ្យ​ប្រទេស​កម្ពុជា ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​ការសម្លាប់​មាន់​ពួកគេ ដោយ​អាជ្ញាធរ​វៀតណាម​។ លោក​ព្រួយបារម្ភ​ថា ប្រសិន​បើ​មាន​បញ្ជូន​មាន់​ពី​វៀតណាម​ចូល​កម្ពុជា នៅពេល​នេះ​នឹង​អាច​នាំ​ជំងឺឆ្លង​ផ្ដាសាយ​បក្សី​ចូល​មក​កម្ពុជា ដែល​លោក​ថា​ត្រូវតែ​ប្រុងប្រយ័ត្ន​ឱ្យបាន​មុន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​នៅ​វៀតណាម ចាប់ផ្ដើម​ផ្ទុះ​នៅ​ភាគខាងត្បូង​វៀតណាម​។ អ៊ីចឹង​ទេ​! (​ក្រសួង​កសិកម្ម​) ​ត្រូវ​យក​វិធានការ​ប្រយ័ត្នប្រយែង​។ អ៊ីចឹង​! ​បាន​ថា​វា​ទៅ​វា​មកៗ​ដោយសារ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​នេះឯង​។ ជំងឺ​គ្រុនផ្ដាសាយ​បាន​ឆ្លង​រាលដាល​នៅ​ភាគខាងត្បូង​វៀតណាម​»​។

ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​ ( Vietnam News Agency) ​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​ ១៧ ​ខែ​កុម្ភៈ​ ថា ការ​ផ្ទុះឡើង​ជំងឺ​ផ្ដាសាយបក្សី A/H5N1 ត្រូវបាន​គេ​រកឃើញ​នៅ​ខេត្ត​ត្រា​វិញ​ (Tra Vinh) ​ភាគខាងត្បូង​នៃ​ប្រទេស​ វៀតណាម​។ មន្ទីរ​សុខភាព​សត្វ និង​បសុសត្វ​ខេត្ត​នេះ​រាយការណ៍​ថា សត្វមាន់​ដែល​ចិញ្ចឹម​ដោយ​ពលរដ្ឋ​ចំនួន​ ២ គ្រួសារ​ត្រូវបាន​ធ្វើតេស្ដ​វិជ្ជមាន​ជាមួយ​ជំងឺ​ផ្ដាសាយបក្សី​នេះ និង​មាន​សត្វ​មាន់​ប្រហែល ១ ​ពាន់​ក្បាល​ត្រូវបាន​សម្លាប់​។

នៅក្នុង​ឆ្នាំ​ ២០២០ ប្រទេស​ វៀតណាម ​បាន​ប្រកាស​ពី​ការផ្ទុះ​ឡើង​ជំងឺ​ផ្ដាសាយបក្សី​ចំនួន ១៦ ​លើក​ក្នុង​នោះ A/H5N6 ចំនួន​ ១៤ ​លើក និង​ A/H5N1 ចំនួន​ ២ ​លើក ខណៈ​សត្វ​មាន់​ដែល​ងាប់​ និង​សម្លាប់​កើន​ដល់​ជាង ៥៥ ០០០ ​ក្បាល​។

លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក វេង សាខុន ​បាន​ទូរស័ព្ទ​ប្រាប់​មក​លោក​ភ្លាម បន្ទាប់ពី​ទទួល​បាន​អនុសាសន៍​ពី​លោក ហ៊ុន សែន ឱ្យ​ចាត់វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​នេះ​។

លោក​បន្តថា នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​ដែល​មាន​ការចូលរួម​ពី​មន្ត្រី​ពេទ្យសត្វ និង​ប្រធាន​មន្ទីរ​គ្រប់​ខេត្ត​ក្រុង​កាលពី​ថ្ងៃ​ម្សិលមិញ​គឺ​លោក​បាន​ណែនាំ​បន្ទាន់​មួយ ឱ្យ​ពង្រឹង​វិធានការ​ទប់ស្កាត់​ការ​នាំចូល​បក្សី​ពី​ប្រទេស​វៀតណាម​។

លោក​បន្តថា ក្រសួង​នឹង​ចេញ​លិខិត​ណែនាំ​មួយ​បន្ថែមទៀត ដើម្បី​បញ្ឈប់​ការនាំ​ចូល​មាន់​ទាំងស្រុង​ពី​ប្រទេស​វៀតណាម​ចាប់ពីពេលនេះ​តទៅ ទាំង​មាន់​មានច្បាប់​ និង​អត់​ច្បាប់​អនុញ្ញាត​រហូត​ទាល់​តែ​មាន​សេចក្ដីណែនាំ​ថ្មី​។

លោក​ថា​៖ «​មន្ត្រី​ពេទ្យសត្វ​នៅ​វៀតណាម​ក៏ដូចជា​មន្ត្រី​ពេទ្យសត្វ​នៅ​កម្ពុជា​យើង​ដែរ ព្រោះ​យើង​ស្ថិត​នៅ​ក្រោម​ដំបូល​អង្គការ​ពេទ្យសត្វ​ពិភពលោក​។ អ៊ីចឹង​! ​នៅពេល​ផ្ទុះ​ជំងឺ យើង​ធ្វើ​សេចក្ដី​ប្រកាស​មួយ​ថា កន្លែង​ណា​គឺជា​តំបន់​ផ្ទុះ​ជំងឺ​ ប៉ុន្តែ​នៅពេល​ជំនាញ​ចុះទៅ​ធ្វើតេស្ដ​ម្ដង​ទៀត​ និង​តាមដាន​ម្ដងទៀត ថា​នៅ​កន្លែង​នេះ​លែងមាន​។ អ៊ីចឹង​! ​ខាង​វៀតណាម​នឹង​ធ្វើ​សេចក្ដី​ប្រកាស​មួយ​ដោយ​រំសាយ​តំបន់​នោះ​លែង​ផ្ទុះ​ជំងឺ​។ នៅពេល​វៀតណាម​ប្រកាស​លែងមាន​ផ្ទុះ​ជំងឺ អ៊ីចឹង​! ​យើង​អាច​ដំណើរការ​ធម្មតា​ឡើងវិញ​បាន​»​។

ទោះជា​យ៉ាងណា​លោក​បន្ថែមថា កម្ពុជា​បាន​នាំចូល​សត្វ​មាន់​ពី​ប្រទេស​វៀតណាម​គឺមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ហើយ​មួយរយៈ​ចុងក្រោយ​នេះ ស្ទើរតែ​មិន​មាន​ការនាំចូល​នោះទេ​។ លោក​បញ្ជាក់ថា ភាគច្រើន​គឺ​កម្ពុជា​នាំចូល​សត្វ​មាន់​ពី​ប្រទេស​ថៃ ដើម្បី​បង្គ្រប់​តម្រូវការ​នៅក្នុង​ប្រទេស​ដែល​ក្នុង​មួយថ្ងៃ​គឺ​នាំចូល​ប្រហែល​ ១ ​ម៉ឺន​ ៦ ​ពាន់​ក្បាល​៕