ភ្នំពេញ: លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅថ្ងៃ​ទី២៩​ខែ​សីហា​នេះ​ បាន​បញ្ជា​ឲ្យ​អាជ្ញា​ធរ​ក្រុង​ភ្នំពេញ​បន្ថែម​និង​ពង្រីក​សេវា​រថ​យ​ន្ត​ក្រុង​ដើម្បី​បង្ក​កា​រងាយ​ស្រួល​ដល់​ពលរដ្ឋ​និង​ជា​ការ​ឆ្លើយ​តប​នឹង​ក្រុម​ហ៊ុន​ឯក​ជន​ដែល​ចេះតែ​​ដំឡើង​ថ្លៃជា​ពិសេស​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​និងបុណ្យផ្សេង​ៗទៀត​ ខណៈ​មន្ត្រី​សា​លាក្រុង​ថា កំពុង​ពិភាក្សា​ដោះស្រាយពី​បញ្ហា​នេះ។

ការ​ថ្លែង​ដូច​​នេះ ​ខណៈ​លោក​នាយក​រដ្ឋមន្ត្រី​​ជួប​សំណេះសំណាល​ជាមួយ​កម្មករ-​កម្ម​ការី​នី​សរុប​ ១៤ ៧៩៩ នាក់​មកពី​រោង​ចក្រ សហ​គ្រាស​៦ នៅ​ថ្ងៃ​ទី​២៩​សីហា​នេះ​​ នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ ដើម្បី​ថ្លែង​អំណរ​គុណ​ពួក​គេ​ដែល​បាន​បោះ​ឆ្នោត​ជូន​គណ​បក្ស​ប្រជា​ជន​​។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា៖«ដឹង​តែ​ជោគ​ជ័យ​ប៉ុណ្ណេះ​ហើយ ឡានក្រុង​អត់​បន្ធូ​រទេ យើង​សុខចិត្ត​ខាត ដាក់​ឡាន​ក្រុង​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត ដឹក​ឲ្យ​សប្បាយ​ចិត្ត ខែ​ភ្ជុំ ខែ​ចូលឆ្នាំ ពង្រាយ​ឡានក្រុង​តាមផ្លូវ​ជាតិដើម្បី​កុំ​ឲ្យ​ពួក​ថៅកែ​ឡាន​ក្រុង​ពូកែ​ដំឡើង​ថ្លៃ​ស្រេច​តែ​ចិត្ត​ពេកលេង​ឯង​ធុន​ហ្នឹង​ម្ដង​ទិញ​អា​ឡាន​ប៊ើ​ស (Bus) ហ្នឹងគឺ​ទិញ ១០០ ឬ ២០០ ឡាន​ទៀត យក​មក​ទុក វា​ម៉េច ចាំ​មើល»។

លោក ម៉េ​ត មាស​ភក្ដី ​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ដែរ​​ថា ​អាជ្ញាធរ​កំពុង​ជួប​ពិភា​ក្សាគ្នា​អំពី​បញ្ហា​នេះ ហើយ​ការ​បន្ថែម​ប៉ុន្មាន​គ្រឿង​ឬ​ដំណើរការ​តាម​ផ្លូវ​ណា​ខ្លះគឺ​សាលា​ក្រុង​កំពុង​ចាត់​ចែង​តាម​អនុ​សា​ស​ន៍​របស់​លោក​នាយ​ក​រដ្ឋ​មន្ត្រី។

លោក​បន្ត​ថា បច្ចុប្បន្ន​សា​លា​ក្រុង​មាន​រថ​យន្ត​ក្រុង​សរុប​២៣៧​គ្រឿង​ដោយ​បាន​រត់​លើផ្លូវ​៨ខ្សែ​នៅ​ទូទាំង​រាជ​ធានី​ភ្នំពេញ ហើយ​កំពុង​មាន​គម្រោង​ពង្រីក​សេវា​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត។

លោកថា៖«យើង​កំពុង​តែ​គិត​ថា គួរ​ដាក់​​សេវា​ទៅ​តាម​ផ្លូវការ​អាច​មាន​ផល​ចំណេញ​ខ្ពស់ ហើយ​មាន​មនុស្ស​ជិះ​ច្រើន។ តាម​សន្ទុះ​នៃ​ការ​មើល​ឃើញ​របស់​យើង​គឺ​វាទ​ទួល​បាន​ជោគ​ជ័យ​បណ្ដើរៗហើយបើ​យើង​មើល​តាម​ចំនួន​ជាក់​ស្ដែង គឺមាន​​ចាប់​ពី​២ទៅ​៣ម៉ឺន​នាក់​ជិះឡាន​ក្រុង​ក្នុង​មួយ​ថ្ងៃៗ»។

លោក សន ជ័យ ប្រ​ធាន​អង្គការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុ​ជា​បាន​សាទរ​ចំពោះ​ការ​បន្ថែម​ឬ​ពង្រីក​សេវា​កម្ម​រថយន្តក្រុង​នេះ ប៉ុន្ដែ​លោក​ថា អាជ្ញាធរ​ត្រូវ​កំណត់ពេល​វេលា​ឲ្យ​បាន​ច្បាស់​លាស់ ជាពិសេស​ទីតាំង​កន្លែង​រង់ចាំ​រថ​យន្ត​ដែល​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពលរ​ដ្ឋ​ដើររកឬ​អង្គុយ​ចាំ។ម្យ៉ាង​ទៀតអាជ្ញាធរ​ក៏ត្រូវ​ជួយ​គិត​គូរ​​ចំពោះ​ពល​រដ្ឋ​ដែល​មិន​មាន​ផ្ទះ​នៅ​ជាប់​ផ្លូវ​ជាតិ​ផង​ដែរ ​ព្រោះ​ពលរដ្ឋ​ភាគ​ច្រើន​រស់​នៅ​ឆ្ងាយ​ពី​ផ្លូវ​ជាតិ​ទើប​ពួក​គេ​មិន​អាច​សម្រេច​ចិត្ត​ជិះ​រថយន្ត​ក្រុង​បាន​។

លោក​បញ្ជាក់​ថា៖«ខ្ញុំ​ចង់​ឲ្យ​រដ្ឋា​ភិ​បាល​អាច​ជួយ​សម្រួល​ចំពោះ​ពលរដ្ឋ​ដែល​មាន​ផ្ទះ​ឆ្ងាយ​ពី​ផ្លូវ​ជាតិ​គឺ​មាន​ន័យ​ថាពួក​គាត់​​នៅតាម​ជនបទ​ឆ្ងាយ បើ​គាត់​ជិះ​ឡាន​ក្រុង​គឺ​ទៅ​មិន​ដល់ផ្ទះ​គាត់​ទេ ហើយ​អាច​ឲ្យ​គាត់​ត្រូវ​ចំណាយ​លុយ​ជិះ​ម៉ូតូឌុប​បន្ដ​ទៀត ហើយ​អ្នក​ខ្លះ​ទៀតគិត​ថាខ្ជិល​ជិះ​ណាស់ ពិបាក​ចំណាយ​លុយ​ទៀត​ដដែលៗ អ៊ឺ​ចឹ​ង​ជិះ​ឡាន​ឈ្នួល​តែម្ដងទៅ​ដល់​ផ្ទះ»​។

កាល​ពី​ខែ​មេសា​កន្លង​មក​ ជប៉ុន​សន្យា​ផ្ដល់​រថ​យន្ត​៨០​គ្រឿង​មក​កម្ពុជា។ ការ​ផ្ដល់​រថ​យន្ត​ទាំង​នេះ​គឺជា​ជំហាន​ទី១ប៉ុណ្ណោះ ខណៈ​ជប៉ុន​សន្យា​គ្រោង​ផ្ដល់​ជំនួយ​រថយន្ត​ ១៤០​ គ្រឿង​ចាប់​ពី​ឆ្នាំ ​២០១៨ ដល់ ២០២០ ដែល​គិត​ជា​ទឹក​ប្រាក់​សរុប ​៨ ​លាន​ដុល្លារ។

​ទន្ទឹម​នឹង​នេះ ​រដ្ឋាភិ​បាល​ចិនក៏បាន​ផ្ដល់​រថ​យន្ត​១០០​គ្រឿង​ដល់​សា​លា​រាជ​ធានី​ភ្នំពេញ​ផងដែរ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៧។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​សា​លា​រាជ​ធានី​ភ្នំពេញ​លោក​ ម៉េ​ត មាស​ភក្តី​។

សូម​បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ បាន​ចាប់​ផ្តើម​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​សេ​វាកម្ម​រថយន្ត​ក្រុង ​កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ២០១៤ ​ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​ម្នាក់​បង់​ប្រាក់​ចំនួន​ ១ ៥០០ ​រៀល។​ ចំណែក​សិស្ស ​និស្សិត ​កម្មករ-​កម្ម​ការិនី និង​ព្រះ​សង្ឃ មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ឡើយ៕