ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ត្រួតពិនិត្យ​ឡើងវិញ​នូវ​ភាព​មិន​ប្រក្រតី​ជុំវិញ​បញ្ហា​ដីធ្លី​ក្នុង​ខេត្ត​ចំនួន​ ២ ​បន្ទាប់​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បាន​ដាក់​របាយការណ៍​ស្រាវជ្រាវ​ដែល​គណបក្ស​នេះ​រកឃើញ​ថា រដ្ឋបាលខេត្ត​កណ្ដាល​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​ដោយ​ឈូសឆាយ​ដំណាំ​ពលរដ្ឋ​ដើម្បី​យក​ដី ចំណែក​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បាន​យក​ដី​របស់​រដ្ឋ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ជា​កម្មសិទ្ធិ​ខុសច្បាប់​។

ភាព​មិនប្រក្រតី​ដែល​គណបក្ស​មួយ​នេះ​បាន​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​កាលពី​ចុង​ខែ​សីហា​។

តាម​លិខិត​ចំនួន​ ២ ​ច្បាប់​ដាច់​ដោយឡែក​ពី​គ្នា​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ​កាលពី​ដើម​ខែ​កញ្ញា​ឲ្យ​ដឹង​ថា​បាន​ធ្វើ​ឡើង​តាម​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៦ សីហា​។

លិខិត​មួយច្បាប់​ក្នុង​ចំណោម​លិខិត​ទាំង​ ២ ​នេះ​បញ្ជា​ឲ្យ​លោក​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ និង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ពិនិត្យ​ឡើង​វិញ​នូវ​ភាពមិន​ប្រក្រតី​ជុំវិញ​ការអនុវត្ត​អនុក្រឹត្យ​លេខ​ ១៨៣ ​ចុះ​ឆ្នាំ​ ២០១៨ ​ដែល​គណបក្ស​ខ្មែរ​ក្រោក​អះអាង​ថា​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រសិទ្ធភាព​ការងារ​រដ្ឋ​។

ចំណែក​លិខិត​មួយ​ច្បាប់​ទៀត​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ពិនិត្យ​នូវ​ភាព​មិនប្រក្រតី​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​អស្សាមិករណ៍ និង​អនុក្រឹត្យ​លេខ​ ៩៣ ​ចុះ​ឆ្នាំ​ ២០១៩ លើដី​នៅ​ភូមិ​កោះ​រះក្រោម ឃុំ​កោះរះ ស្រុក​ល្វាឯម ខេត្ត​កណ្តាល​ដែល​បាន​លើក​ឡើង​ដោយ​គណបក្ស​នេះ​ដូច​គ្នា​។

លោក សេង ឡូត អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​និង​លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​មិន​អាច​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយសារ​តែ​ទូរស័ព្ទ​​របស់​ពួកលោក​ពុំមាន​អ្នក​ទទួល​។

ចំណែក​លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​ថ្លែង​យ៉ាងខ្លី​ថា ក្រសួង​មិនទាន់​ទទួល​បាន​លិខិត​នេះ​នៅ​ឡើយ​ទេ ហើយ​ក៏​មិនទាន់​ដឹង​ច្បាស់​អំពី​បញ្ហា​នេះដែរ​។

លោក​ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​នៅ​ខេត្ត​កំពង់ឆ្នាំង​ដែល​លោក​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​បាន​រកឃើញ​ពី​ភាពមិន​ប្រក្រតី​របស់​រដ្ឋបាល​ខេត្ត​នេះ​ដែល​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ក្នុង​ការរំលោភ​យក​ដី​របស់​រដ្ឋ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​។

លោក សាប៊ុង បញ្ជាក់​ថា​៖ «​រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​លេខ​ ១៨៣ ​ដើម្បី​ធ្វើ​ប្រទានកម្ម​ដី ១៧,៥ ហិកតា​ទៅ​ឲ្យ​ប្រជាជន ៥២៥ គ្រួសារ​ក្នុង​តំបន់​ ២ ​ភូមិ ​៦ ​សង្កាត់​ខ្សាម​។ ការស្នើ​នេះ​មាន​ប្រជាជន​មិន​ដល់​ ៥២៥ គ្រួសារ​ទេ​ដែល​ទទួល​បាន​ ប៉ុន្តែ​យើង​មិន​និយាយ​ទេ​ (​ចំណុច​មិន​ប្រក្រតី​ហ្នឹង​)​។ យើង​និយាយ​ចំពោះ​អនុក្រឹត្យ​នេះ​ដែល​និយាយថា ដី​នេះ​មួយ​ចំណែក​ទុក​ធ្វើ​ផ្សារ ធ្វើ​សាលារៀន ធ្វើ​សួនច្បារ និង​ទុក​ធ្វើ​ទីវត្តអារាម​អី អ៊ីចឹង​ចុះ​។ ប៉ុន្តែ​គាត់​បែរ​ជា​យក​ដី​ទាំងនោះ​យក​ទៅ​ឲ្យ​ក្រុមហ៊ុន​ LKL ​ធ្វើការ​អភិវឌ្ឍ និង​ចេញ​ប្លង់​លើដី​រដ្ឋ​»​។

ចំណែក​ករណី​នៅ​ខេត្ត​កណ្តាល​វិញ លោក វឌ្ឍនាសាប៊ុង បាន​ឲ្យ​ដឹង​ដែរ​ថា​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កាលពី​ឆ្នាំ ២០១៨ ទៅ​ឲ្យ​អាជ្ញាធរ​ខេត្ត​ឲ្យ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ច្បាប់​អស្សាមិករណ៍​នៅក្នុង​តំបន់​ជម្លោះ​នេះ​មុន​នឹង​ធ្វើ​ប្រទានកម្ម​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ការធ្វើការ​អភិវឌ្ឍ​។

លោក​បន្ត​ថា ចំពោះ​ការសម្រេច​នេះ​ប្រជាពលរដ្ឋ​គ្មាន​ជំទាស់​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរខេត្ត​បែរ​ជា​មិនបាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​ឈូសឆាយ​ដំណាំ​របស់​ប្រជាពលរដ្ឋ​ប្រមាណ ១០០ ​គ្រួសារ​ដោយ​មិន​ផ្តល់​សំណង​ទៅវិញ​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​អនុក្រឹត្យ​កំណត់​ច្បាស់​ណាស់​ថា រដ្ឋបាល​ខេត្ត​កណ្តាល​ត្រូវ​តែ​ទូទាត់​សំណង​ឲ្យ​បាន​សព្វគ្រប់​ជាមុន​សិន​...​។ ប៉ុន្តែ​ក្រោយមក រដ្ឋបាល​ខេត្តកណ្តាល​អត់​ (​ធ្វើ​) ​ទេ​គាត់​យក​ (​អនុក្រឹត្យ​លេខ​ ៩៣) ទៅ​ដល់ គាត់​ឲ្យ​តម្លៃ​ប្រជាជន​ថោក ហើយ​អត់​មាន​ចរចា​អ្វី​ទាំងអស់ ហើយ​ចាប់ផ្តើម​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ចម្ការ​របស់​ប្រជាជន​តែម្តង ដែល​វា​មិនមាន​ភាពប្រក្រតី និង​អនុវត្ត​ច្បាប់ មិនត្រូវ​តែម្តង​»​។

លោក​ ឈួរ ច័ន្ទឌឿន​អភិបាលខេត្ត​កំពង់ឆ្នាំង​ថ្លែង​ថា​លោក​បាន​បកស្រាយ​ចំពោះ​ភាពមិន​ប្រក្រតី​នេះ​ទៅ​ក្រសួង​រៀបចំ​ដែនដី​រួចហើយ​។ ចំណែក​លោក​ ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល បដិសេធ​ចំពោះ​ការចោទប្រកាន់​ដែល​ថា រដ្ឋបាលខេត្ត​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​។

លោក​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាំងនោះ​អស់​ហើយ​ក្នុង​នោះ​រដ្ឋាភិបាល​ក៏​សម្រេច​និរាករណ៍ សជណ ​ដែល​ឲ្យ​ក្រសួង​មហាផ្ទៃ​ធ្វើការ​ស៊ើបអង្កេត​ករណី​នេះដែរ​។

លោក​បញ្ជាក់ថា​៖ «​គេ​បាន​ធ្វើ​របាយការណ៍​ជូន​សម្តេច លោក​ជ្រាប​ហើយ ព្រោះ​វា​អត់​មាន​រឿង​អី​មិន​ប្រក្រតី​ទេ​គឺ​ដំណើរការ​វា​ស្រប​ទៅ​តាម​ច្បាប់​ហ្នឹងហើយ ហើយ​ប្រជាពលរដ្ឋ​ក៏​លោក​បាន​ទទួល​ថវិកា​ពី​គម្រោង​អភិវឌ្ឍ​នេះ​អស់​ ១០០ ​ភាគរយ​ដែរ​»​។

ទោះ​យ៉ាងណា​លោក វឌ្ឍនាសាប៊ុង ថ្លែង​ថា​លោក​នៅតែ​បន្ត​តាមដាន​ពី​ភាពមិន​ប្រក្រតី​ទាំងនេះ​បន្ត​ទៀត​ដើម្បី​ឲ្យ​ប្រាកដ​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ទទួល​បាន​សំណង​សមរម្យ​ហើយ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ទាំងនោះ​ត្រូវ​បាន​ដោះស្រាយ និង​លុបបំបាត់​៕