
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមពិធីបិទ សន្និបាទត្រួតពិនិត្យការងារឆ្នាំ ២០១៨ កាលពីខែកុម្ភៈ។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវទប់ស្កាត់ឲ្យខាងតែបាននូវការបូមខ្សាច់អនាធិបតេយ្យ នេសាទខុសច្បាប់ និងការកាប់ព្រៃលិចទឹក ដែលជាកត្តានាំប៉ះពាល់ដល់ទន្លេ ព្រមទាំងអំពាវនាវឲ្យពលរដ្ឋ រួមគ្នាក្នុងការថែរក្សាធនធានធម្មជាតិទាំងនោះ ដើម្បីកុំឲ្យធនធានទន្លេបាត់បង់ និងទុកវាជាប្រយោជន៍។
ក្នុងពិធីបុណ្យទន្លេ លើកទី៥ កាលពីល្ងាចថ្ងៃសៅរ៍ នៅក្នុងខេត្តកំពង់ឆ្នាំង លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ត្រូវរកប្រភពទុនការពារទន្លេពីការបាក់ច្រាំង ការគោករាក់ ដើម្បីរកវិធីតម្រង់ចរន្ដទឹក ទប់ស្កាត់ការបូមខ្សាច់អនាធិបតេយ្យ ទប់ស្កាត់ការនេសាទខុសច្បាប់ ទប់ស្កាត់ការកាប់ព្រៃលិចទឹក ដែលធ្វើឲ្យទន្លេរបស់យើងបាត់បង់ រាប់ទាំងការទាក់ទាញវិស័យទេសចរណ៍»។
លោក ហ៊ុន សែន ថ្លែងថា ការកាប់ព្រៃលិចទឹក គឺជាការបាត់បង់ មិនមែនគ្រាន់តែទាក់ទងនឹងមច្ឆាជាតិមួយមុខទេ ក៏ប៉ុន្ដែវាបាត់បង់នូវភាពទាក់ទាញក្នុងវិស័យទេសចរណ៍។
លោក ថ្លែងថា៖ «មិនមែនគ្រាន់តែភ្ញៀវទេសចរ ៦ លាន ២ សែននាក់ ដែលមកពីបរទេសត្រូវការទេ ក៏ប៉ុន្ដែសូម្បីតែភ្ញៀវទេសចរក្នុងស្រុក ដែលមានជាង ១១ លាន នាក់ ក្នុងឆ្នាំកន្លងទៅ ក៏មានតម្រូវការទៅទស្សនាកម្សាន្តនៅតំបន់ដែលមានព្រៃព្រឹក្សា មានបក្សា បក្សី ឬក៏មានត្រីនៅទីនោះដែរ»។
លោកបន្តថា៖ «ដូច្នេះយើងត្រូវខិតខំរួមគ្នាដើម្បីការពារតំបន់ទាំងនេះ ហើយមិនមែនជារឿងដែលយើងមិនអាចធ្វើទៅកើតទេ។ យើងធ្វើទៅបាន ប៉ុន្តែត្រូវចេញពីសកម្មភាពរួមនៃប្រជាជនរបស់យើង»។
លោកបញ្ជាក់ថា៖ «យើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបូមស្ដារ និងតម្រង់ចរន្ដទឹក និងការទប់ស្កាត់ការបាក់ច្រាំងនៅឡើយទេ។ យើងត្រូវខិតខំ ដើម្បីរកថវិកាដោះស្រាយបញ្ហានេះ នៅទីកន្លែងណា ដែលយើងអាចធ្វើបានមុន។ សម្រាប់ឯបឹងបួ របស់យើងវិញ រាប់ទាំងក្នុងទន្លេសាបរបស់យើង ពី ១ ឆ្នាំទៅ ១ ឆ្នាំ ទន្លេសាបរបស់យើង និងបឹងបួរបស់យើង ត្រូវបានគោករាក់ ដោយសារតែម្ខាងដីល្បាប់ ដែលនាំចូលនៅក្នុងរដូវវស្សា និងម្ខាងទៀត ស្លឹកឈើទាំងឡាយ ដែលធ្លាក់ចុះ ធ្វើឲ្យទន្លេរបស់យើងគោករាក់ឡើង»។
លោកនាយករដ្ឋមន្ត្រីអះអាងថា ស្ថានភាពនេះ វាបានផ្លាស់ប្តូរប្រមាណ ៥០ ទៅ ៦០ ឆ្នាំមុន ឬ ១០០ ឆ្នាំមុន ដែលកាលពីពេលនោះស្ថានភាពរបស់កម្ពុជា គឺស្ថានភាពទឹកជ្រៅ ត្រីច្រើនប្រជាជនតិច ប៉ុន្ដែពេលនេះដល់ពេលទឹករាក់ ត្រីតិច ប្រជាជនច្រើន បូកជាមួយការនេសាទអនាធិបតេយ្យ បានបង្កើតជាបញ្ហាប្រឈមសម្រាប់ទាំងអស់គ្នា។
លោក យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា កន្លងទៅក្រសួងបានរៀបចំក្រុមអធិការកិច្ចក្នុងការចុះបង្ក្រាបបទល្មើសបូមខ្សាច់នេះជាហូរហែ ដោយមានការចាប់ផាកពិន័យ ការចុះអប់រំណែនាំ ឬការបិទអាជីវកម្មទាំងស្រុងជាដើម។ តែយ៉ាងណាលោកថា នៅចំពោះមុខ បទល្មើសទាំងនេះ នៅតែកើតមានក្នុងកម្រិតតូចៗ។
លោក មុនីរ៉ាត់ ថ្លែងថា៖ «ការបូមខ្សាច់ គឺមិនមែនប៉ះពាល់ដល់ទន្លេទាំងអស់នោះទេ ប្រសិនជាបូមតាមការណែនាំ តាមការកំណត់ បូមតាមការចង្អុលបង្ហាញ ក្រោយការសិក្សាពីជំនាញ ក្នុងគោលបំណងស្តារបាតទន្លេ។ ប៉ុន្តែនៅក្នុងនោះ មានការលួចបូម លួចអីខ្លះ អ៊ីចឹងខ្ញុំជឿជាក់ថាវាមិនអត់ទេ។ ហើយយើងក៏បានចាត់វិធានការបង្ក្រាបទប់ស្កាត់ សហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋរស់នៅតាមដងទន្លេហ្នឹងផង»។
គួររំឭកផងដែរថាក្រសួងរ៉ែ និងថាមពលបានបង្កើត Hotline មួយសម្រាប់ប្រជាពលរដ្ឋ និងអាជ្ញាធរទាំងអស់ធ្វើការប្ដឹងមកក្រសួងក្នុងករណីមានការសង្ស័យពីបទល្មើសធនធានរ៉ែឬអំពើអនាធិបតេយ្យបូមខ្សាច់ផ្សេងៗដែលមានលេខ ០៩៥៧២៧៧២៧។ សូមបញ្ជាក់ផងដែរ លេខទូរស័ព្ទនេះ គឺក្រសួងដាក់ជូន ៧ ថ្ងៃលើ ៧ ថ្ងៃ ២៤ ម៉ោង។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក ហែម ឧត្តម អ្នកស្រាវជ្រាវសង្គម និងបរិស្ថាន បានថ្លែងថា វាជាសញ្ញាល្អ ដែលថ្នាក់ដឹកនាំបានលើកឡើងជាថ្មីទៀត ឲ្យមន្ត្រីរបស់ខ្លួនធ្វើការទប់ស្កាត់បទល្មើស នានា ដែលនាំឲ្យប៉ះពាល់ដល់ទន្លេ ដែលជាធនធានដ៏មានសារ:សំខាន់សម្រាប់មនុស្សជាតិ ហើយការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនាពេលនេះ គឺជាការលើកទឹកចិត្តមួយដល់មន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងការអនុវត្តតួនាទី។
លោកបន្តថា៖ «ខ្ញុំសង្ឃឹមថា ដរាបណាមានយន្តការ ឬក៏ការលើកទឹកចិត្តជាលក្ខណៈប្រព័ន្ធសម្រាប់ឲ្យមន្ត្រីទាំងអស់ហ្នឹង គាត់ធ្វើតួនាទីរបស់គាត់ នោះគឺជាក្តីសង្ឃឹមសម្រាប់ការពារជាលក្ខណៈទ្រង់ទ្រាយធំ ឬជាប្រព័ន្ធ»។
លោក ហែម ឧត្តម អះអាងថា បទល្មើសទាក់ទងនឹងការបំផ្លាញបរិស្ថាននៅតែបន្តកើតមាន ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ ឬឆន្ទៈនយោបាយរបស់អ្នកដឹកនាំក្នុងការទប់ស្កាត់ ឬដោះស្រាយតាមរយៈការអនុវត្តច្បាប់ និងបង្កើតច្បាប់ឲ្យមានប្រសិទ្ធភាព។
លោក នាម កូពី អ្នកជំនាញស្តីពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន (EIA) បានអះអាងថា ដើម្បីការពារធនធានធម្មជាតិឲ្យបានគង់វង្ស រាល់ការអភិវឌ្ឍនានា គួរតែធ្វើការសិក្សាឲ្យបានច្បាស់នូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងអភិវឌ្ឍន៍ ឬវិនិយោគនានានៅកម្ពុជា ចៀសវាងការអភិវឌ្ឍដែលគ្មានការសិក្សា ដែលនាំឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងការរស់នៅប្រជាពលរដ្ឋ៕