
លោក ហ៊ុន សែន ជួបប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់កាលពីម្សិលមិញ។ ហ្វេសប៊ុក SPM
ភ្នំពេញៈ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ កំពុងធ្វើការលើបទបញ្ជារបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបញ្ជាឲ្យធ្វើការសិក្សាដកមេបញ្ជាការយោធាខេត្ដព្រះសីហនុ និងអភិបាលរងខេត្ដនេះ ក្រោយពីមានផ្ទុះករណីហិង្សាដែលកងកម្លាំងប្រដាប់អាវុធបានប្រើកាំភ្លើងធ្វើឲ្យប្រជាពលរដ្ឋរងរបួសក្នុងករណីវិវាទដីធ្លីកាលពីពេលថ្មីៗនេះ។
ក្នុងជំនួបប្រជុំប្រចាំឆមាស ជាមួយឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កាលពីព្រឹកម្សិលមិញនៅវិមានសន្តិភាពលោកនាយករដ្ឋមន្ត្រី បានលើកឡើងពីការស៊ើបអង្កេត ដើម្បីដកមេបញ្ជាការយោធានិងអភិបាលរងខេត្តព្រះសីហនុចំនួន ២ រូប។
បន្ទាប់ពីមានបទបញ្ជា លោក ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា៖ «យើងកំពុងតែធ្វើការពិនិត្យនិងអនុវត្ដតាមបទបញ្ជារបស់សម្ដេច»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍កាលពីម្សិលមិញថា លោកនាយករដ្ឋមន្ដ្រីបានលើកឡើងច្រើនជុំវិញករណីនៃការបង្ក្រាបក្នុងរឿងវិវាទដីធ្លីនៅខេត្តព្រះសីហនុ ពិសេសបានលើកឡើងពីអភិបាលរងខេត្ដព្រះសីហនុ។ លោកបន្ដថា៖ «សម្ដេចលោកលើកឡើងច្រើនណាស់ ទី១ នោះ លោកមើលឃើញថា ហេតុដូចម្ដេច បានជាបញ្ចេញទាហាន ពីបន្ទាយទៅ ដែលមានទាំងប្រដាប់អាវុធ ហើយរឿងប្រតិបត្ដិការហ្នឹងវាមានពាក់ព័ន្ធ អភិបាលខេត្ដរង ប៉ុន្ដែក្នុងហ្នឹង លោកបានលើកឡើងឲ្យសិក្សាឲ្យបានច្បាស់លាស់ មិនមែនឲ្យរួចខ្លួនទេពីរឿងការពាក់ព័ន្ធ»។
បើតាមលោកស៊ីផាន លោកហ៊ុនសែន បានលើកឡើងថា ត្រូវធ្វើការសិក្សាទៅលើរឿងការបង្ក្រាបប្រជាពលរដ្ឋ និងត្រូវស្វែងរកឲ្យឃើញថា ដីជម្លោះវាពាក់ព័ន្ធយ៉ាងម៉េច ព្រោះដីហ្នឹងជាដីរបស់រដ្ឋ ក៏ប៉ុន្ដែបែរជាគេបង្កើតមនុស្ស ២ ក្រុមឈ្លោះគ្នា ហើយតុលាការ មានមូលហេតុអ្វីបានជាកាត់សេចក្ដីឲ្យមួយក្រុមឈ្នះ ដែលជារូបភាពមួយ នាំគ្នាដណ្ដើមដីរដ្ឋដោយស្របច្បាប់។
លោកស៊ីផាន បញ្ជាក់៖ «រឿងអីអភិបាលរងខេត្តម៉េចក៏មិនដឹង អាណាដីរដ្ឋ អាណាដីឯកជន។ ប្រហែលជាមានការសង្ស័យនៅក្នុងវិធានការ បញ្ចេញឡើងដល់តុលាការ ព្រោះតុលាការ គាត់គ្រាន់តែធ្វើតាមអ្វីដែលជាការប្ដឹងទេ តែខេត្ដហ្នឹង ត្រូវដឹងថា ដីហ្នឹងជាដីរបស់រដ្ឋ រឿងអីនាំគ្នាឈ្លោះគ្នាដណ្ដើមដីរដ្ឋ។ ដូច្នេះលោកដាក់បញ្ជា ឲ្យធ្វើការសិក្សាស្វែងយល់ឲ្យច្បាស់លាស់ អំពីមូលហេតុហ្នឹង ក្រៅពីការប្រើហិង្សាបង្ក្រាបប្រជាពលរដ្ឋ»។
ពាក់ព័ន្ធនឹងរឿងប្រើកងកម្លាំងយោធា ក្នុងការបង្ក្រាបប្រជាពលរដ្ឋ លោក ស៊ីផាន បញ្ជាក់ថា៖ «លោកបានប្រាប់ទៅសម្ដេច ត្រូវតែដកចេញ ម៉េចបានត្រូវបញ្ចេញឲ្យទាហានកាន់អាវុធចូលទៅ ព្រោះរឿងហ្នឹង ជារឿងរបស់មន្ដ្រីយុត្ដិធម៌ទេ ទៅជាមានប៉េអឹម មានទាហាន ហេតុម៉េចបានទាហានទៅ?»។
ចំពោះលទ្ធផលនឹងជំនួបប្រជុំប្រចាំឆមាសជាមួយបណ្ដាគណបក្សនយោបាយនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះលោក ស៊ីផាន បានឲ្យដឹងថា ជំនួបប្រជុំនេះ ៩៥ ភាគរយ គឺរឿងរ៉ាវផ្ដោតសំខាន់លើវិវាទដីធ្លី។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងកាលពីម្សិលមិញដែរថា ក្រសួងមហាផ្ទៃ គ្មានអ្វីត្រូវគិតច្រើនទេ គឺត្រូវពិចារណា តាមបទបញ្ជារបស់លោកនាយករដ្ឋមន្ដ្រីភ្លាមតែម្ដង។ លោកបន្ដ
ថា៖ «ព្រោះសម្ដេចលើកឡើង ក្រសួងគាំទ្រ។ ក្រសួងយើងទទួលប្រសាសន៍សម្ដេចមកចាត់ចែងធ្វើហើយ ទើបយើងជម្រាបជូនសម្ដេចវិញ»។
លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ដែលបានចូលរួមក្នុងជំនួបប្រជុំប្រចាំឆមាសជាមួយលោកហ៊ុន សែន នេះដែរ បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោកថា ប្រតិភូគណបក្សខ្មែរក្រោក បានលើកពី ការសោកស្ដាយចំពោះការប្រើហិង្សា ក្នុងការចុះអនុវត្តសាលដីកាក្នុងរឿងវិវាទដីធ្លី នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ដែលមានពាក់ព័ន្ធផលប្រយោជន៍អ្នកធំគ្រាក់ៗ ហើយគណបក្សស្នើឲ្យចាត់វិធានការច្បាប់លើឈ្មោះ មិញ ឡេង ដែលយកអេស្កាវ៉ាទ័រដាក់ឃាំងក្រុមប្រតិភូបក្ស។
លោកបានបញ្ជាក់ថា៖ «បញ្ហានេះ សម្ដេចតេជោ បានឆ្លើយតបភ្លាមថា លោកក៏បានសោកស្ដាយ ចំពោះបញ្ហាអនុវត្តសាលដីកាខុសច្បាប់នៅក្រុងព្រះសីហនុ ហើយលោកបញ្ជាផ្ទាល់ ឲ្យពិនិត្យដកមេបញ្ជាការយោធាខេត្តព្រះសីហនុពីតំណែង។ សម្ដេចតេជោ ក៏គំរាមដកតំណែងចោលអភិបាលរងខេត្តព្រះសីហនុមួយចំនួន បើនៅតែពាក់ព័ន្ធនឹងបញ្ហាដីធ្លី»។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មិនអាចសុំការបកស្រាយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ប្រចាំខេត្តព្រះសីហនុ លោក សុខ សុខុម បានគាំទ្រចំពោះចំណាត់ការរបស់លោកនាយករដ្ឋមន្ដ្រី ចំពោះមន្ដ្រីដែលអនុវត្ដតួនាទីផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ។
លោកថ្លែងថា៖ «ដោយសារតែមន្ដ្រីទាំងនោះប្រព្រឹត្ដខុសច្បាប់ អនុវត្ដសាលដីកាតុលាការ ដោយបានប្រើអំពើហិង្សាលើប្រជាពលរដ្ឋស្លូតត្រង់ ដែលគ្មានអាវុធក្នុងដៃ រហូតធ្វើឲ្យប្រជាពលរដ្ឋរងរបួសជាទម្ងន់» ។
លោកបន្ដថា៖ «ដូច្នេះបច្ចុប្បន្នរាជរដ្ឋាភិបាលលោកកំពុងមានចំណាត់ការទៅតាមផ្លូវច្បាប់លើបុគ្គលនោះ។ ដូច្នេះក្នុងនាមខ្ញុំជាពលរដ្ឋនិងតំណាងអង្គការសង្គមស៊ីវិលខ្ញុំគាំទ្រចំណាត់ការបានទាន់ពេលវេលានេះ»។
បើតាមប្រធានគណបក្សខ្មែរក្រោកក្រៅពីរឿងវិវាទដីធ្លី ប្រតិភូគណបក្សខ្មែរក្រោក បានលើកពីបញ្ហាគ្រួសារនិយម ក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោក ធឹម សុផា ដែលសណ្ដោងបងប្អូនកូនក្មួយ ២២ នាក់មកនៅធ្វើការក្រោមនាយកដ្ឋានតែមួយ។
លោកបញ្ជាក់ថា៖ «បញ្ហានេះសម្ដេចតេជោ ថា វាជាការខុសឆ្គង បើសិនមានករណីនេះក្នុងនាយកដ្ឋានតែមួយ តែមានចំណុចខ្លះ ដែលត្រូវលើកលែង ប្រសិនជាបញ្ហានោះ វាកើតពីការស្រឡាញ់គ្នារបស់កូនៗ បានភ្ជាប់សាច់ឈាមគ្នា»៕