
ភ្ញៀវទេសចរមកលេងឆ្នេរព្រែកត្រែង កាលពីឆ្នាំ ២០១៦។ ផា លីណា
កោះកុងៈ ក្រោយពីមានការរិះគន់ជាហូរហែទៅលើបញ្ហាសន្តិសុខ និងបរិស្ថានកខ្វក់ដែលអាចនឹងគំរាមកំហែងដល់តំបន់ឆ្នេរក្នុងខេត្តព្រះសីហនុមួយរយៈចុងក្រោយនេះលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងជាសាធារណៈឲ្យអាជ្ញាធរខេត្តមួយនេះត្រូវស្ដារកិត្តិនាមដោយបង្ក្រាបរាល់សកម្មភាពនានាដែលបានប្រឆាំងនឹងច្បាប់រដ្ឋ។
នៅក្នុងពិធីបុណ្យសមុទ្រនៅក្នុងខេត្តកោះកុងកាលពីថ្ងៃទី ១៥ ខែធ្នូ លោក ហ៊ុន សែនបានថ្លែងទៅកាន់សាធារណជនថា៖ «ខេត្តព្រះសីហនុត្រូវតែខិតខំខ្លាំងជាងគេ ដើម្បីស្ដារនូវមុខមាត់ ហើយបង្ក្រាបឲ្យខានតែបានទៅលើពួកល្មើស មិនថាពួកល្មើសនោះមកពីណានោះទេ ហើយពាក់ផ្កាយប៉ុន្មាន ខ.ម (ឬ) មិន ខ.ម ខ្ញុំមិនដឹង ដឹងតែអាណាខុស ត្រូវតែដាក់អាហ្នឹងតែម្ដងទៅកុំឲ្យវាពិបាកពេក។ ត្រូវធ្វើយ៉ាងណាកុំឲ្យពួកគ្រឿងញៀន និងពួកប្រព្រឹត្ដខុសច្បាប់ប្រើតំបន់មាត់សមុទ្រធ្វើសកម្មភាព។ ចំពោះកិច្ចការនេះត្រូវខិតខំដោះស្រាយ ឲ្យខាងតែបាន»។
លោកបានរំឭកថា ប៉ុន្មានឆ្នាំមុនមានឧក្រិដ្ឋជនម្នាក់បានប្រព្រឹត្ដកំហុសនៅប្រទេសរុស្ស៊ី រួចរត់មកគេចខ្លួនធ្វើការវិនិយោគនៅខេត្តព្រះសីហនុដោយអាជ្ញាធរខេត្តនេះគ្មានសកម្មភាពសោះ រហូតដល់នាយករដ្ឋមន្ត្រីចេញបញ្ជាផ្ទាល់ទើបចាប់បាន ក្រោយពីរដ្ឋាភិបាលរុស្ស៊ីស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាចាប់ឧក្រិដ្ឋជននោះដើម្បីបញ្ជូនទៅកាន់រុស្ស៊ីវិញ។
លោក ហ៊ុន សែន ថ្លែងថា៖ «ធ្វើយ៉ាងណាត្រូវតែប្រុងប្រយ័ត្ន កុំឲ្យតំបន់មាត់សមុទ្ររបស់យើង ក្លាយទៅជាជម្រកនៃក្រុមគ្រឿងញៀន ឬក្រុមប្រព្រឹត្ដខុសច្បាប់ ហើយកាន់តែសំខាន់ជាងនេះកុំឲ្យក្រុមភេរវកម្មដែលរត់គេចពីដីគោកមកជ្រកកោននៅដែនទឹករបស់យើងឲ្យសោះ»។
ជាមួយគ្នានេះដែរលោក ហ៊ុន សែន បានអំពាវនាវដល់រដ្ឋមន្ត្រីពាក់ព័ន្ធរួមគ្នាថែរក្សាការពារសម្បត្តិធនធានធម្មជាតិ និងបរិស្ថានឲ្យនៅគង់វង្សដោយបានបញ្ជាទៅលោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថានថា មិនត្រូវឲ្យមានការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រជាដាច់ខាតត្រូវមានការខិតខំការពារឆ្នេរ ការពារព្រៃ ការពារបរិស្ថានធម្មជាតិ និងខិតខំពន្លឿនការកសាងកន្លែងចម្រោះទឹកកខ្វក់ ដោយមុនដំបូងគឺត្រូវខិតខំពន្លឿននៅខេត្តព្រះសីហនុ។
លោក ហ៊ុន សែន ថ្លែងថា៖ «ចំណុចនេះដែលឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ត្រូវបន្ដភាពម៉ឺងម៉ាត់ជាមួយនឹងឯកឧត្តម ថោង ខុន ដើម្បីធ្វើកិច្ចការងារនេះជាមួយនឹងបណ្ដាខេត្តដែលជាប់ពាក់ព័ន្ធ។ ខ្ញុំបានទទួលរបាយការណ៍ពីឯកឧត្តម ជា សុផារ៉ា ហើយអំពីទុននានាបន្ថែម ដើម្បីធ្វើលូបង្ហូរទឹកនៅឯខេត្តព្រះសីហនុត្រូវខិតខំជំរុញការអនុវត្តគម្រោងនេះ ក៏ប៉ុន្ដែខ្ញុំគិតថាគម្រោងបែបនេះគ្រាន់តែជាបណ្ដោះអាសន្នទេ តែយើងត្រូវធ្វើគម្រោងធំជាងនេះ ដើម្បីធានាថាទឹកកខ្វក់ទាំងអស់មិនត្រូវបានបង្ហូរចូលទៅក្នុងសមុទ្រនៅពេលអនាគត។ ប្រសិនបើយើងអភិវឌ្ឍលើគោកបែរជាបំផ្លាញនៅក្នុងសមុទ្រ តើមានន័យអ្វីទៀតទៅ»។
បញ្ហាដោយឡែកមួយទៀតដែលរងការរិះគន់ខ្លាំងផងដែរពីសាធារណជនមួយចំនួនទាក់ទងនឹងការចាក់ដីលុបសមុទ្រ ហើយបញ្ហានេះលោកនាយករដ្ឋមន្ដ្រីបានថ្លែងផងដែរដោយហាមចាក់ដីចូលសមុទ្រ ប៉ុន្តែក៏មិនមែនហាមឃាត់ទាំងអស់នោះទេ កន្លែងខ្លះក៏ត្រូវមានការអនុញ្ញាតឲ្យមានរៀបចំថ្ម ដើម្បីទប់រលកបង្កើតជាឆ្នេរសម្រាប់លេងកម្សាន្ដដែរ។
លោក ហ៊ុន សែន ថ្លែងថា៖ «ហាមដាច់ខាតនូវការចាក់ដីចូលក្នុងសមុទ្រ ដោយគ្មានការអនុញ្ញាតចំណុចនេះអស់លោកត្រូវធ្វើឲ្យជាប់ ធ្វើជាប្រចាំ ដោយមិនអាចធ្វើការធ្វេសប្រហែសនោះទេ។ យើងចង់បានការអភិវឌ្ឍហើយ ក៏ប៉ុន្ដែការអភិវឌ្ឍណាមួយដែលយើងមិនអាចគ្រប់គ្រងបាន មិនត្រូវបណ្ដែតបណ្ដោយនោះទេ។ ពាក្យថាហាមឃាត់ដាច់ខាត ការចាក់ដីចូលក្នុងសមុទ្រដែលគ្មានការអនុញ្ញាត ហេតុអ្វីបានចាំបាច់ថា គ្មានការអនុញ្ញាត។ ការអភិវឌ្ឍតែងមានការចាក់ដី ឬការចាក់ថ្ម ដើម្បីធានាថាតំបន់ទាំងនោះ សូម្បីតែកំពង់ផែក្រុងព្រះសីហនុ... តាមរយៈកម្ចីពីជប៉ុន យើងកំពុងជីកជម្រៅទឹកឲ្យវាជ្រៅ ប៉ុន្ដែនៅក្បែរកំពង់ផែយើងត្រូវរៀបចំឲ្យមានរបាំងកុំឲ្យរលកបុកចូលនៅតំបន់ខ្លះទៀតក៏យើងអាចមានករណីធ្វើដូចគ្នា ឆ្នេររបស់យើងមាន ប៉ុន្ដែងូតទឹកមិនបាន ដោយសាររលកធំពេកអ៊ីចឹងដើម្បីកាត់បន្ថយរលក យើងក៏អាចមានលទ្ធភាពអនុញ្ញាតឲ្យមានការបាំងថ្មដើម្បីឲ្យរៀបចំឲ្យមានរបត់ដែលយើងអាចឲ្យប្រជាជនងូតទឹកបាន»។
លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំចង់យកឱកាសនេះបញ្ជាក់ថា កន្លែងដែលមិនបានទទួលការអនុញ្ញាតឲ្យចាក់ ប៉ុន្ដែគេចាក់ យើងត្រូវមានវិធានការម៉ឺងម៉ាត់ ដាច់ខាតនៅពេលខាងមុខនេះហើយក៏ត្រូវមានទោសទណ្ឌដែរ។ ប្រសិនបើត្រូវការវិសោធនកម្មច្បាប់ និងបន្ថែមច្បាប់ ខ្ញុំគាំទ្រឲ្យមានការដាក់ទោសទណ្ឌ ជាមួយអ្នកដែលបំពានទៅលើការចាក់ដីទៅក្នុងសមុទ្រដោយគ្មានការអនុញ្ញាត»។
តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ដ្រីដែលបានសរសេរនាថ្ងៃអាទិត្យទី ១៦ ខែធ្នូនេះឲ្យដឹងថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កូនក្មួយយុវជន អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចូលរួមថែរក្សាការពារសម្បត្តិធនធានធម្មជាតិ និងបរិស្ថានឲ្យនៅស្រស់ស្អាតគង់វង្សបានល្អសម្រាប់ពលរដ្ឋយើងគ្រប់ជំនាន់ និងដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើនឡើង ដើម្បីពលរដ្ឋយើងសម្បូរការងារធ្វើ និងប្រទេសជាតិរីកចម្រើន»។
លោក យន្ដ មីន អភិបាលខេត្ដព្រះសីហនុបានថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញនេះដោយទទួលស្គាល់ដែរថា ពេលកន្លងមកមានការទើសទាល់ចំពោះការអនុវត្ដការងារមួយចំនួននៅក្នុងខេត្ដនេះផងដែរ។
លោកបានថ្លែងថា៖ «ព្រោះកន្លងមកពេលខ្លះវាទើសដែរហ្នឹង ទើសមុខទើសក្រោយៗដល់ពេលសម្ដេចលោកមានប្រសាសន៍មកអ៊ីចឹងកាន់តែមានកម្លាំង ហើយអ្នកដែលប្រព្រឹត្ដបទល្មើសគាត់កាន់តែយោគយល់ហើយ ចំណែកខេត្ដកាន់តែខិតខំប្រឹងប្រែងក្នុងការអនុវត្ដនូវប្រសាសន៍របស់សម្ដេចក៏ដូចជា លើកមុខលើកមាត់ លើកសណ្ដាប់ធ្នាប់ខេត្ដឲ្យបានរឹតតែល្អថែមទៀត»។
លោកបន្ថែមថា៖ «កន្លងមកចេះតែមានអ្នកនេះ អ្នកនោះ ចេះតែមកធ្វើបញ្ហានៅក្នុងខេត្ដ ហើយយើងក៏បានតឹងតែងមកយូរដែរហើយក្នុង ២-៣ ខែកន្លងមកនេះគឺយើងបានប្រើវិធានការតឹងតែងរួចហើយ ឥឡូវយប់មិញសម្ដេចបានរំឭកប៉ុណ្ណឹងទៀតកាន់តែមានកម្លាំង ហើយខ្ញុំក៏សង្ឃឹមថាបងប្អូនអ្នកដែលមានសកម្មភាពមិនល្អក្នុងខេត្ដខ្ញុំនឹងដកថយទៅ កុំឲ្យវាពិបាកដល់ខេត្ដទាន់ ព្រោះអីនេះជាវិធានការរួមរបស់រដ្ឋាភិបាល ហើយខេត្ដត្រូវតែធ្វើហើយ ទោះបីយ៉ាងម៉េចក៏ខេត្ដត្រូវតែធ្វើដែរ អត់អាចទុកឲ្យអ៊ីចឹងបានទេ»។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានគាំទ្រចំពោះការថ្លែងរបស់លោកនាយករដ្ឋមន្ដ្រីចំពោះការឲ្យខេត្ដព្រះសីហនុស្ដារមុខមាត់ខេត្ដ និងហាមឃាត់ដាច់ខាតចំពោះជនល្មើសចាក់ដីរំលោភចូលឆ្នេរសមុទ្រនេះ។
លោក សុខុម ថ្លែងថា៖ «តាមការលើកឡើងរបស់សម្ដេចនេះអាជ្ញាធរខេត្ដគួរតែយកចិត្ដទុកដាក់មានចំណាត់ការលើជនដែលប្រព្រឹត្ដល្មើស ពិសេសជនដែលបានចាក់ដីលុបសមុទ្រដោយមិនមានច្បាប់ដែលជាសម្បត្ដិសាធារណៈរបស់រដ្ឋនោះទៅតាមផ្លូវច្បាប់ឲ្យបានតឹងរ៉ឹង»។
លោក សុខុម បានថ្លែងដោយអះអាងបន្តថា៖ «មានប្រសាសន៍ (លោកនាយករដ្ឋមន្ត្រី) កាលពីម្សិលមិញនេះ យើងឃើញថាលោកកាន់តែរឹតបន្តឹងចំពោះផ្លូវច្បាប់ឲ្យបានរឹងមាំ ដើម្បីកុំឲ្យបុគ្គលមួយចំនួនទៅចាក់ដីលុបសមុទ្រជាបន្ដទៀត»៕