បន្ទាយមានជ័យៈ លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​លោក​ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាត់តាំង​គណៈកម្មការ​ស្រាវជ្រាវ​បន្ទាន់​លើ​បញ្ហា​ដែល​ថា មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ ៥ ​នាក់​បាន​ស្លាប់​ដោយសារ​ការធ្វើ​ទារុណកម្ម នៅឯ​ខេត្ដ​បន្ទាយមានជ័យ បន្ទាប់ពី​មាន​ការចាប់​ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​វិវាទ​ដីធ្លី​កាលពី​ថ្ងៃទី​ ១ ខែ​មករា​។

លោកនាយក​រដ្ឋមន្ដ្រី​បាន​ចេញ​បញ្ជា​បែបនេះ​ ខណៈ​ដែល​លោក​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​លើក​ទី​ ៤ កាលពី​ល្ងាច​ថ្ងៃទី​ ១៤ ខែមករា នៅពេល​លោក​ថ្លែង​ដល់​ចំណុច​សំណូមពរ​ឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ពី​អំពើ​អសកម្ម​នានា​ក្នុងសង្គម និង​អំពើ​​ពុករលួយ​ផ្សេងៗ ដើម្បី​បង្ហាញ​ពី​ភាពស្អាតស្អំ​របស់​កម្ពុជា​។ លោក​ថា អ្នកសារព័ត៌មាន​ត្រូវ​ហ៊ាន​បង្ហាញ​ការពិត​។

លោក​បញ្ជាក់ថា​៖ «​យើង​អត់​ខ្លាច​ទៅលើ​បញ្ហា​នេះ​ទេ​។ ឥឡូវ​ករណី​លេចឡើង ខ្ញុំ​បាន​បញ្ជា​ទៅ កែវ រ៉េមី ខ្ញុំ​បាន​បញ្ជា​ទៅ សៅ សុខា ឱ្យ​ចាត់តាំង គណៈកម្មការ​ស្រាវជ្រាវ​បន្ទាន់​លើ​បញ្ហា​ថា មាន​មនុស្ស​ស្លាប់​នៅឯ​ខេត្ដ​បន្ទាយមានជ័យ ដោយសារ​ការធ្វើ​ទារុណកម្ម​។ ប្រសិន​បើ​យ៉ាង​ដូច្នោះ​មែន អ្នក​ដែល​ធ្វើឱ្យ​គេ​របួស​ស្នាម​រហូត​ដល់​ស្លាប់ ត្រូវ​តែ​ចាប់​យក​មក​ផ្ដន្ទាទោស​ឱ្យ​ខាង​តែ​បាន​ដោយ​មិនមាន​ការអត់ឱន​ទេ​»​។

លោក​ ហ៊ុន សែន បញ្ជាក់ថា ការណ៍​ដែល​លោក​ថ្លែង​បែបនេះ​ព្រោះ​មិនអាច​ទទួល​យក​អំពើ​អយុត្ដិធម៌​បែបនេះ​បាន​នោះទេ ប្រសិន​បើ​មាន​ករណី​បែប​នេះ​កើតឡើង​មែន​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​បាន​ជម្រាប​ហើយ​ថា រឿងរ៉ាវ​ជម្លោះដីធ្លី​មិនត្រូវ​បាន​ទទួល​នូវ​ការឃុំខ្លួន​ទេ​។ ពិត​មែនហើយ​ខ្ញុំ​និយាយ​ត្រឹមតែ​បញ្ហា​ជម្លោះដីធ្លី​ទេ តែ​មិនមែន​និយាយ​អំពី​បញ្ហា​ព្រហ្មទណ្ឌ​ទេ​។ អ្នកខ្លះ​បង្កើត​បញ្ហា​ព្រហ្មទណ្ឌ​គឺជា​រឿង​មួយ​ក៏ប៉ុន្ដែ​បើសិន​ករណី​នោះ​ពិត ព្រោះ សៅ សុខា បាន​បញ្ជាក់​ហើយ​ថា​អនុវត្ដ​។ ព្រោះ​ខ្ញុំ​បាន​បញ្ជូន​សារ​សំឡេង​របស់ កែវ រ៉េមី ហើយ​ខ្ញុំ​ក៏​បញ្ជាក់​សារ​សំឡេង​នោះ (Forward) បញ្ជាក់​ប្រាប់​ទៅ កែវ រ៉េមី វិញ​ឱ្យ​បញ្ជូន​សំឡេង​នោះ​ទាំង​ ២ ​ឱ្យ​ទៅ សៅ សុខា ហើយ សៅ សុខា ក៏បាន​បញ្ជាក់​មក​វិញ ធ្វើ​។ ត្រូវតែ​ចាប់​អ្នកធ្វើ​ទារុណកម្ម​គេ​នេះ​ឱ្យបាន​ហើយ​យកមក​ផ្ដន្ទាទោស​។ យើង​ទទួល​យក​អត់​បានទេ ចំណុច​អស់​ទាំងនេះ ហើយ​ទៅ​មើលៗ​តើ​រឿងនេះ​ជា​រឿង​អ្វី​ពិតប្រាកដ​»​។

លោក ទុយ ស្រស់ តំណាង​ពលរដ្ឋ​មានទំនាស់​ដីធ្លី​នៅ​ភូមិជ្រៃ ឃុំ​ចង្ហា ស្រុក​អូរជ្រៅ​បាន​ស្លាប់​កាលពី​ថ្ងៃទី​ ១ ខែមករា ក្រោយពេល​មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាប់ឃុំខ្លួន​នៅ​ទីបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ចាប់ពី​ថ្ងៃទី​ ២៨ ដល់​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០១៩ និង​បញ្ជូន​បន្ត​ទៅ​ពន្ធនាគារ​ខេត្ត​បាន​ ១ ​ថ្ងៃ ជនរងគ្រោះ​ក៏បាន​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ដ​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​ ១ ខែ​មករា​។ នេះ​បើតាម​លោក នុត សវនា អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​។

លោក សៅ សុខា កាលពី​ថ្ងៃទី​ ១៣ ខែមករា បានសម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​ដើម្បី​ចុះ​ធ្វើ​អធិការកិច្ច​នូវ​បាតុភាព​ដែល​បាន​កើតឡើង​។

លោក សុខា បញ្ជាក់​តាមរយៈ​សេចក្ដីសម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​នេះ​ថា​៖ «​គណៈកម្មការ​មាន​ភារកិច្ច ធ្វើ​អធិការកិច្ច​នូវ​បាតុភាព​ដែល​បាន​កើតឡើង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ​។ ត្រួតពិនិត្យ​សកម្មភាព​ការងារ​របស់​នាយទាហាន កងរាជអាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ​ក្នុងការ​ប្រតិបត្ដិ​តួនាទី​ភារកិច្ច កងរាជអាវុធហត្ថ ការអនុវត្ដ​ច្បាប់​លក្ខន្ដិកៈ​ទូទៅ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​បទ​វិន័យ​ទូទៅ​សម្រាប់​កងយោធពល​ខេមរភូមិន្ទ​»​។

លោក​ថា គណៈកម្មការ​នេះ​មាន​សិទ្ធិ​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ ស្ថាប័ន និង​អង្គភាព​ដែល​មាន​ការពាក់ព័ន្ធ និង​ត្រូវ​ចេញ​លិខិតអញ្ជើញ​នាយ នាយរង និង​ពលអាវុធហត្ថ ព្រមទាំង​អ្នក​ដែល​មាន​ភារ​ពាក់ព័ន្ធ​មក​ធ្វើការ​សាកសួរ បំភ្លឺ ដើម្បី​ស្រាវជ្រាវ​រកឱ្យឃើញ​ការពិត​ជាក់ស្ដែង​។

គណៈកម្មការ​ប្រឆាំង​អំពើ​ទារុណកម្ម​ថ្នាក់ជាតិ​ក៏​ចាប់ផ្ដើម​ចុះ​ស្រាវជ្រាវ​រក​យុត្តិធម៌​ក្នុង​សំណុំរឿង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ម្នាក់​ស្លាប់​ក្នុង​ពេល​ជាប់ឃុំ​នេះ​ផងដែរ​។

លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រុមការងារ​គណៈកម្មការ​ចំពោះ​កិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​បាតុភាព​ធ្វើ​ទារុណកម្ម​រហូត​មាន​មនុស្ស​ស្លាប់​នៅ​ខេត្ដ​បន្ទាយមានជ័យ​នេះ​តាំងពី​ថ្ងៃទី ១៣ ខែ​មករា​មក​ម្ល៉េះ​។ លោក​ថ្លែងថា​៖ «​ពេល​បញ្ចប់​ការស្រាវជ្រាវ​យើង​នឹង​ចេញ​របាយការណ៍​ពី​ករណី​នេះហើយ​»​។

ជនរងគ្រោះ​ ៣ ​នាក់​ក្នុង​ចំណោម ៥ ​នាក់​ បានដាក់​ពាក្យបណ្ដឹង​ទៅ​សាលាដំបូង​ខេត្ដ​បន្ទាយមានជ័យ​ប្ដឹង​លោក បោ ប៊ិន មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ​ និង​បក្ខពួក​ពី​បទហិង្សា​ដោយ​ចេតនា និង​អំពើ​ឃោរឃៅ​អមនុស្សធម៌​លើ​ពួកគេ​រហូត​បណ្ដាល​ឱ្យ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ​ ទុយ ស្រស់ បាន​ស្លាប់​។

លោក នូវ នឿន វ័យ ៦២ ​ឆ្នាំ​មាន​មុខរបរ​ជា​កសិករ​មាន​ទីលំនៅ​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ ៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ និង​ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម ៥ ​នាក់​ខាងលើ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា រឿងហេតុ​ដំបូង​ពួកគាត់​ទាំង ៥ ​នាក់​បាន​ទៅ​តវ៉ា​លើ​បញ្ហា​វិវាទ​ដីធ្លី​នៅក្បែរ​សាលា​ខេត្ដ​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​ ២៨ ខែ​ធ្នូ ឆ្នាំ ២០១៩ ប៉ុន្ដែ​មិនមាន​ការដោះស្រាយ​ណាមួយ​ពី​អាជ្ញាធរ​នោះទេ បែរ​ជា​មាន​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ​ជាង​ ៤០ ​នាក់​មក​ដេញចាប់ វាយដំ​រហូត​ឈាន​ដល់​ចាប់ខ្លួន​ពួកលោក​បញ្ចូល​ក្នុង​ឡាន​ដឹក​យក​ទៅ​វ៉ៃ​ធ្វើ​ទារុណកម្ម​នៅក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ​។

លោក​អះអាងថា​៖ «​ពួក​ខ្ញុំ​មក​តវ៉ា​រឿង​ដីធ្លី មិន​មាន​ការប្រើ​អំពើហិង្សា​អ្វី​ទេ ក្នុង​ដៃ​មាន​ត្រឹម​បាយ​កញ្ចប់​ដប​ទឹក​សុទ្ធ ដោយ​សុំ​ទាមទារ​ឱ្យ​ម្ចាស់​ដី​ផ្ដល់​សំណង​ដល់​ពួកខ្ញុំ​។ ក្រោយមក​ពួក​ខ្ញុំ កំពុង​អង្គុយ​ពិភាក្សា​គ្នា​ម៉ោង​​ប្រហែល​ ១ ​រសៀល​ថ្ងៃទី​ ២៨ ធ្នូ​ ២០១៩ ​ក៏មាន​កងកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​ចាប់​ពួកខ្ញុំ​ទាំង ៥ ​នាក់​ដាក់​ខ្នោះ រុញ​ចូល​ក្នុង​ឡាន​បាន​វាយតប់​ធាក់ ពួកខ្ញុំ​តាំងពី​នៅលើ​ឡាន​រហូត​ដល់​កងរាជ​អាវុធហត្ថ​ខេត្ដ​គេ​ក៏​ធាក់​ពួក​ខ្ញុំ​ទម្លាក់​ពី​លើ​ឡាន រួច​ទាត់​ពួក​ខ្ញុំ​ម្នាក់​ ៣ ​ជើង និង​វាយ​ដោយ​ដៃ​ថែម​ទៀត ពួក​ខ្ញុំ​ឈឺ​ស្ទើរស្លាប់​។ ដូចជា​រូបខ្ញុំ គេ​វាយ​រហូត​របូត​ធ្មេញ​ឥឡូវ​សុខភាព​ខ្ញុំ​មាន​ការលើស​ឈាម ញ័រ​ដៃ ញ័រ​ខ្លួន ហើយ​មិនដឹង​ទៅរក​​ការព្យាបាល​នៅឯណា​ទេ ព្រោះ​យើង​អ្នកក្រ​គ្មាន​ប្រាក់ ខ្វះខាត​គ្រប់បែបយ៉ាង​»​។

លោក ​ស៊ុម ​ចាន់គា ​មន្ដ្រី​សម្របសម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ដ​បន្ទាយមានជ័យ​លើកឡើង​ថា ជា​ការល្អ​ប្រសើរ​ណាស់​ដែល​លោកនាយក​រដ្ឋមន្ត្រី​បាន​យក​ចិត្ដ​ទុកដាក់​ចំពោះ​ករណី​ធ្វើ​ទារុណកម្ម​ដល់​ជនរងគ្រោះ​ដោយ​អយុត្ដិធម៌​រហូត​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​នេះ​។ លោក​ស្នើឱ្យ​មន្ដ្រី​ពាក់ព័ន្ធ និង​មន្ដ្រី​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ពង្រឹង​ការអនុវត្ដ​ច្បាប់​ឱ្យ​មាន​តម្លាភាព កុំ​ចាំ​រហូត​មាន​បញ្ជា​ពី​នាយករដ្ឋមន្ដ្រី​ទើប​ចាប់ផ្ដើម​អនុវត្ដ​ការងារ​។

លោក​ថ្លែងថា​៖ «​ជនរងគ្រោះ​ដែល​ត្រូវគេ​វាយ​ធ្វើ​ទារុណកម្ម ពួកគាត់​នៅតែ​ទាមទារ​រក​យុត្ដិធម៌​។ ក្រោយៗ​ទៀត​ចំពោះ​ការអនុវត្ដ​ច្បាប់​មន្ដ្រី​ខាងក្រោម មិនចាំបាច់​ប្រមុខ​រាជរដ្ឋាភិបាល​ស្រែក​ទេ ចាប់ផ្ដើម​ធ្វើ​ចាប់ផ្ដើម​ដឹងខ្លួន​កុំ​ទាល់​តែមាន​កិច្ច​អន្តរាគមន៍​បានធ្វើ បើ​គ្មាន​អន្តរាគមន៍​ប្រហែល​ជា​ទុក​រឿង​ចោល​ស្ងប់​ទៅៗ ហើយ​លាប​ពណ៌​ជនរងគ្រោះ​ថា ជា​ក្រុម​ខាង​នេះ​ខាង​នោះ​ជាដើម​។ ពេលនេះ​ជនរងគ្រោះ​ដែល​នៅរស់​ពួកគាត់​កើត​ជំងឺ​បាក់ស្បាត​ក្រោយពី​ពួកគាត់​ត្រូវគេ​ធ្វើ​ទារុណកម្ម​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ​»៕