ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ចុះ​រឹបអូស​យកតែ​ម្តង​នូវ​ឧបករណ៍​តេស្ត​រក​វីរុស​កូរ៉ូណា​ដែល​កំពុង​ត្រូវបាន​គេ​ចែកចាយ​ដោយ​ខុសច្បាប់ ខណៈ​ដែល​កម្ពុជា​នឹង​ចាប់ផ្ដើម​អនុវត្ត​ការរឹតបន្តឹង​ការធ្វើដំណើរ​ចូលក្នុង​ប្រទេស​របស់​ជនបរទេស​ចាប់ពី​យប់​ថ្ងៃ​ចន្ទ​នេះ​តទៅ​។

តាមសារ​ជា​សំឡេង​ដែល​ត្រូវបាន​គេ​ចែកចាយ​តៗ​គ្នា​កាលពី​ម្សិលមិញ​លោក​ ហ៊ុន សែន ​បាន​មានប្រសាសន៍​ថា​៖ «​យើង​អត់​មាន​ជម្រើស​ទេ ឥឡូវ​សុំ​ឲ្យ​ឯកឧត្តម ម៉ម ប៊ុនហេង ក្នុង​ឋានៈ​ជា​អ្នក​ដែល​ដឹង​ស្គាល់​បញ្ហា​នេះ​ធ្វើការ​ជាមួយ​នឹង​នគរបាល​មូលដ្ឋាន ដើម្បី​នឹង​ចុះ​ចាប់​យក​ហ្មង​ (​ឧបករណ៍​តេស្ត​រក​វីរុស​កូរ៉ូណា​) កុំ​ឲ្យ​យក​ទៅ​ណា​ទៀត​។ និយាយ​រួម​ចុះ​ចាប់យក​ហ្មង​របស់​ដែល​យើង​មិនទាន់​មាន​ការអនុញ្ញាត​ពី​អង្គការ​សុខភាព​ពិភពលោក ចុះ​ចាប់យក​តែម្ដង​»​។ លោក​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោយ​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា ចុះ​ចាប់យក​ឧបករណ៍​តេស្ត​រក​វីរុស​កូរ៉ូណា​ដោយ​មិនចាំបាច់​យក​វិធានការ​អប់រំ​ជាមួយ​អ្នករកស៊ី​ទាំងនោះ​ទៀត​ទេ​។

លោក​ឲ្យ​អាជ្ញាធរ​អនុវត្ត​បន្ទាន់​។ លោក​ក៏​ឲ្យ​លោក​ ឃួង ស្រេង ​ធ្វើ​កិច្ចការ​នេះ​ខណៈ​ដែល​រាជធានី​ភ្នំពេញ​មាន​ការលក់​ចែកចាយ​ច្រើន​ជាងគេ​។ នៅតាម​ខេត្ត​ក៏ត្រូវ​ធ្វើ​ដូចគ្នា​ដែរ​។ «​អាហ្នឹង​គឺ​បញ្ជាក់​គ្នា​យ៉ាងច្បាស់ៗ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​របស់​យើង​កុំ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​រងគ្រោះ ដោយសារ​អា​ជំងឺ​រាតត្បាត​នេះ​ហើយ​រងគ្រោះ​ដោយសារ​តែ​មនុស្ស​ដែល​វា​ប្រព្រឹត្ត​។ អ៊ីចឹង​ខ្ញុំ​ចេញ​បញ្ជា​ឲ្យ​កម្លាំង​ទាំងអស់​ចេញ​ប្រតិបត្តិការ​កន្លែង​ណា​ដែលមាន ហើយ​និយាយ​រួម​រាជធានី-ខេត្ត​ត្រូវតែ​មើល​ខ្លួនឯង​អំពី​បញ្ហា​នេះ ព្រោះ​ប្រតិបត្តិការ​ឆាប់រហ័ស ដើម្បី​បញ្ជូន​កម្លាំង​ចុះទៅ​ធ្វើ​តែម្ដង​»​។

ជាមួយ​គ្នា​នេះ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា ការសម្រេច​ធ្វើការ​រឹតបន្តឹង​ការធ្វើដំណើរ​របស់​ជនបរទេស​ធ្វើឡើង​តាម​វិធានការ​នានា​ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន​ធ្វើ ហើយ​គឺជា​វិធានការ​បន្ថែម​លើ​អ្វីដែល​កម្ពុជា​បានដាក់​ចេញ​កាលពី​កន្លងទៅ​។ ការរឹតបន្តឹង​នេះ​រួមមាន​ការផ្អាក​គោលការណ៍​លើកលែង​ទិដ្ឋាការ​ទេសចរណ៍ ទិដ្ឋាការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ទិដ្ឋាការ​ពេល​មក​ដល់​សម្រាប់​ជនបរទេស​ទាំងអស់​រយៈពេល​ ១ ​ខែ​។ ជនបរទេស​ដែលមាន​បំណង​ធ្វើដំណើរ​មក​កម្ពុជា​ត្រូវ​តែ​ស្នើសុំ​ទិដ្ឋាការ​ជាមុន ហើយ​ត្រូវប្រគល់​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ត្រឹមត្រូវ​មាន​សុពល​ភាពមិន​លើស​ ៧២ ​ម៉ោង​មុនពេល​ធ្វើដំណើរ​ដែល​បញ្ជាក់​ថា បុគ្គល​នោះ​មិនមាន​វីរុស​កូរ៉ូណា​។

លើសពី​នេះ​ទៀត​ត្រូវ​មាន​ឯកសារ​ធានារ៉ាប់រង​សុខភាព​ក្នុង​ទឹកប្រាក់​យ៉ាងតិច​ ៥ ​ម៉ឺន​ដុល្លារ​។ ទោះ​យ៉ាងណា​តម្រូវការ​វិញ្ញាបនបត្រ និង​ឯកសារ​ធានារ៉ាប់រង​សុខភាព​មិន​ត្រូវ​អនុវត្ត​ចំពោះ​ជនបរទេស​ដែល​កាន់​ទិដ្ឋាការ​ការទូត និង​ផ្លូវការ​នោះ​ទេ​។ រាល់​ជនបរទេស​នឹង​ត្រូវ​ត្រួតពិនិត្យ​ហានិភ័យ​សុខភាព​ដោយ​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​សមត្ថកិច្ច​។

ក្រសួង​ការបរទេស​ថ្លែងថា​៖ «​ជនបរទេស​នោះ​នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ស្របតាម​វិធានការ​ចត្តាឡីស័ក ឬ​វិធានការ​នានា​ដែល​បាន​កំណត់ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា ដើម្បី​បង្ការ និង​ទប់ស្កាត់​វីរុស​នេះ​»​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​ថ្លែង​យ៉ាងខ្លី​កាលពី​ថ្ងៃអាទិត្យ​ថា វិធានការ​នេះ​ជា​វិធានការ​បន្ថែម​ដែល​កម្ពុជា​បានដាក់​ចេញ​នោះ​គឺ​ការហាមឃាត់​ជនបរទេស​មកពី​ប្រទេស​ចំនួន​ ៦ មិន​ឲ្យ​ចូល​កម្ពុជា​រួមមាន​អ៊ីតាលី អេស្ប៉ាញ បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​។

គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ចំនួន​ ១០៣ ​នាក់ ដោយ​អ្នក​ឆ្លង​ចុងក្រោយ​មាន​ចំនួន​ម្នាក់​គឺជា​ស្ត្រី​អាយុ​ ៣៦ ​ឆ្នាំ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ស្ត្រី​រូបនេះ​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​បន្ទាយមានជ័យ​។ នេះ​បើតាម​ក្រសួង​សុខាភិបាល​។

កាលពី​ថ្ងៃ​សៅរ៍ ក្រសួង​​សុខាភិបាល​បញ្ជាក់ថា មាន​ករណី​វិជ្ជមាន​កូវីដ​ ១៩ ចំនួន ៤ ​ករណី​លើ​ពលដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ភ្នំពេញ​។ អ្នកទាំង​ ៤ គឺជា​គ្រួសារ​មួយ​ដែលមាន​ឪពុក​អាយុ ៦២​ ឆ្នាំ​ម្ដាយ​អាយុ ៦១ ឆ្នាំ​កូនប្រុស​អាយុ​ ៣៩ ​ឆ្នាំ និង​កូនស្រី​អាយុ ៣៧ ​ឆ្នាំ​។ អ្នក​ទាំង ៤ បាន​ត្រឡប់​មកពី​ប្រទេស​បារាំង​ដោយ​កូនប្រុស​ត្រឡប់មក​មុន​គឺ​កាលពី​ថ្ងៃទី​ ១៥ មីនា ហើយ​មាន​រោគសញ្ញា​បន្តិចបន្តួច ចំណែក ៣ ​នាក់​ទៀត​ត្រឡប់មក​នៅ​ថ្ងៃទី​ ២៤ ខែមីនា ដោយមាន​រោគសញ្ញា​បន្តិចបន្តួច​ដូចគ្នា​។ បច្ចុប្បន្ន​អ្នក​ទាំង​ ៤ កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​។

ក្រសួង​ក៏បាន​បញ្ជាក់ដែរថា មាន​ជនជាតិ​ចិន​ចំនួន​ ១៧៤ ​នាក់​បានធ្វើ​ដំណើរ​ពី​ប្រទេស​ហ្វីលីពីន​ចូល​មក​កម្ពុជា​ដើម្បី​បន្តដំណើរ​ទៅ​ប្រទេស​ចិន ដោយបាន​ស្នាក់នៅ​សណ្ឋាគារ​មួយ​នៅ​ខេត្តស្វាយរៀង​។ ប៉ុន្តែ​ក្នុង​ចំនួន​នេះ​មាន​ ២ ​នាក់​មាន​អាការ​ក្ដៅខ្លួន ហើយ​ត្រូវបាន​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង យក​សំណាក​របស់​ពួកគេ​ទៅ​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដោយ​មាន​លទ្ធផល​អវិជ្ជមាន​។ អ្នក​ទាំង​ ២ ​ក៏ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​វិញ​។

នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ក្រសួង​បាន​បញ្ជាក់ថា អ្នកមាន​ផ្ទុក​កូវីដ​១៩​សរុប​ ២១ ​នាក់​បាន​ជា​សះស្បើយ​។ អ្នក​ទាំងនោះ​រួមមាន​ជនជាតិ​ចិន​ម្នាក់​ដែល​រកឃើញ​មុនគេ ជនជាតិ​អង់គ្លេស​ ៣ ​នាក់​ជនជាតិ​បារាំង​ម្នាក់ និង​ជនជាតិខ្មែរ ១៦ ​នាក់​។

ក្រសួង​បញ្ជាក់ថា​៖ «​អ្នក​ដែល​សម្រាក​ព្យាបាល​សរុប ៨២ ​នាក់ (​ស្រី​ ២៦ ​នាក់​ និង​បុរស ៥៦ ​នាក់​) នៅតាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​។ អ្នកមាន​វីរុស​កូរ៉ូណា​ដែល​បាន​រកឃើញ​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន ១០៣ ​នាក់ (​ស្រី​ ២៨ ​នាក់ បុរស​ ៧៥ ​នាក់​)»​។ ជាមួយ​គ្នា​នេះ​ក្រសួង​សុខាភិបាល បាន​ព្រមាន​ថា បុគ្គល និង​ក្រុមហ៊ុន​ដែល​លក់​ឧបករណ៍​តេស្ត​រក​វីរុស​កូរ៉ូណា​នេះ​នឹង​ត្រូវ​ប្រឈមមុខ​ច្បាប់​ជា​ធរមាន ព្រោះ​ឧបករណ៍​ទាំងនេះ​មិន​ទាន់​មាន​ការបញ្ជាក់​ពី​អង្គការ​សុខភាព​ពិភពលោក​នៅឡើយ​ទេ ហើយ​លទ្ធផល​មិនអាច​ទុកចិត្ត​បាន​។ ក្រសួង​ក៏បាន​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​ជឿ​លើ​ឧបករណ៍​ទាំងនេះ ក្រៅពី​លទ្ធផល​ដែល​ចេញ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​។

ក្រសួង​បាន​សរសេរ​ថា​៖ «​ក្រសួង​សុខាភិបាល​សូម​អំពាវនាវ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ប្រើ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​វីរុស​កូវីដ​១៩ ដោយ​ខ្លួនឯង​តាម​ការឃោសនា​ពី​បុគ្គល ឬ​ការផ្សព្វផ្សាយ​ខុសច្បាប់​មួយចំនួន​បែប​អនាធិបតេយ្យ​»​។

ទន្ទឹមនឹង​នេះដែរ​ភ្ញៀវទេសចរ​ប្រមាណ​ជិត​ ២០០ ​នាក់​ដែល​ភាគច្រើន​ជា​ពលរដ្ឋ​នៃ​ចក្រភព​អង់គ្លេស​បាន​ជាប់​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​ក្រុមហ៊ុន​ហោះហើរ​បាន​លុបចោល​ជើងហោះហើរ​។ នេះ​បើតាម​ក្រុម​អ្នក​ដែល​បាន​ជាប់​នៅ​កម្ពុជា​ដែល​បាន​បង្កើត​ក្រុម​ហ្វេសប៊ុក​មួយ​ឈ្មោះថា «Stranded in Cambodia UK»​។ លើសពី​នេះ​ក៏​មាន​ការធ្វើ​ញត្តិ​តាម​អនឡាញ ដើម្បី​ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson និង​មន្ត្រី​ពាក់ព័ន្ធ​ធ្វើ​អន្តរាគមន៍​។ ត្រឹម​ថ្ងៃអាទិត្យ​មាន​មនុស្ស​ជាង​ ១ ​ម៉ឺន​នាក់​បាន​ចូលរួម​ចុះឈ្មោះ​លើ​ញត្តិ​នោះ​។

ញត្តិ​នោះ​សរសេរ​ថា​៖ «​យើង​ពិតជា​ត្រូវការ​ជំនួយ​របស់លោក​ដើម្បី​ទៅផ្ទះ​វិញ​។ មាន​ជនជាតិ​ពី​ចក្រភព​អង់គ្លេស​ដែល​ជាប់​នៅ​កម្ពុជា ដោយ​គ្មាន​មធ្យោបាយ​ទៅផ្ទះ​វិញ​»​។ ញត្តិ​នោះ​បន្តថា​៖ «​វា​ហាក់ដូចជា​គ្មាន​ជម្រើស​អ្វី​ផ្សេង​ដើម្បី​ទៅផ្ទះ​ទេ ក្រៅពី​ជំនួយ​ពី​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ក្នុង​ការរៀបចំ​យន្តហោះ​ឯកជន​»៕