ភ្នំពេញៈ លោក​ ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ជាច្រើន​ម៉ឺន​នាក់​ដែល​បាន​ចូលរួម​រំឭក​ខួប​ទី​ ៤០ នៃ​ការផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត ដោយ​អះអាង​បដិសេធ​ដាច់អហង្ការ​នូវ​សកម្មភាព​របស់​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ជ្រុលនិយម​ និង​មជ្ឈដ្ឋាន​បរទេស​នៅ​ពី​ក្រោយ​ខ្នង​របស់​ពួកគេ ដែល​នៅ​តែ​បន្ត​រក​វិធី​រាំងខ្ទប់​កម្ពុជា​តាមរយៈ​មធ្យោបាយ​បដិវត្តន៍​ពណ៌​។

លោក ហ៊ុន សែន បាន​អះអាង​ផង​ដែរ​ថា រាជរដ្ឋាភិបាល​បាន​បើក​ទូលាយ​នូវ​កិច្ចសន្ទនា​ដ៏ស្មោះសរ​ជាមួយ​បណ្ដា​គណបក្ស​នយោបាយ សង្គម​ស៊ីវិល និង​រាល់​មជ្ឈដ្ឋាន​ជឿនលឿន​ទាំងអស់​សំដៅ​ប្រមែប្រមូល​គំនិត​បញ្ញា​ និង​ធនធាន​ពី​គ្រប់​ប្រភព​ដោយ​គ្មាន​ការបែងចែក​រើសអើង​ដើម្បី​បង្កើន​កម្លាំង​សរុប​នៅក្នុង​កិច្ច​កសាង និង​អភិវឌ្ឍ​ជាតិ​។ ភាពកក់ក្ដៅ​សុខដុម​រមនា និង​ការរីកចម្រើន​នៃ​សង្គម​ជាតិ​កើត​ចេញ​ពី​ទឹកចិត្ត​យោគយល់ និង​ការចេះ​អធ្យាស្រ័យ​​អត់ឱន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​រវាង​គ្រប់​និន្នាការ​ពី​ការចេះ​ធ្វើ​ការងារ និង​ការ​ហ៊ាន​ទទួល​យក​ការរិះគន់​ដើម្បី​ស្ថាបនា និង​ពី​ការគោរព​ប្រតិបត្តិ​ច្បាប់​ទាំងអស់​គ្នា​។

លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «...​ប៉ុន្ដែ​បដិសេធ​ដាច់អហង្ការ​នូវ​សកម្មភាព​របស់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ជ្រុលនិយម​ និង​មជ្ឈដ្ឋាន​បរទេស​នៅ​ពី​ក្រោយ​ខ្នង​របស់​ពួកគេ​នេះ​ដែល​នៅតែ​បន្ត​រក​វិធី​រាំងខ្ទប់​ការអភិវឌ្ឍ​នៅ​កម្ពុជា និង​រុញច្រាន​កម្ពុជា​ឲ្យ​ឃ្លាត​ចេញ​ពី​មាគ៌ា​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​តាមរយៈ​មធ្យោបាយ​បដិវត្តន៍​ពណ៌​»​។ «...​មាន​ប្រវត្តិសាស្ត្រ​មួយ​ដែល​យើង​មិន​អាច​ឲ្យ​កើត​មាន​សាដាន​ឡើងវិញ​បាន​ទេ នោះ​គឺ​ការបែកបាក់​ជាតិ​មាន​ប្រភព​ពី​មហិច្ឆតា​របស់​អ្នកនយោបាយ​ដែល​យក​ប្រជាជន​ធ្វើ​ជា​ឧបករណ៍​ដើម្បី​សម្រេច​ផលប្រយោជន៍​ផ្ទាល់​របស់​ខ្លួន​ដោយ​ពុំ​គិត​ដល់​ជោគវាសនា​របស់​ជាតិ​»​។

លោក​ថ្លែង​បន្ត​ទៀត​ថា​៖ «​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​ការគាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​ប្រជាជន ខ្ញុំ​ដឹង​ច្បាស់​អំពី​ការទទួល​ខុសត្រូវ​របស់​ខ្ញុំ​ចំពោះ​ប្រជាជាតិ​យើង​ទាំងមូល​»​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ទៅ​កាន់​មនុស្ស​ប្រមាណ​ជា​ ៦ ​ម៉ឺន​នាក់​ដែល​បាន​ចូលរួម​អង្គ​មីទី្ទង​រំឭក​ខួប​ទី ៤០ នៃ​ទិវា​ជ័យជម្នះ​ ៧ ​មករា ដើម្បី​រំឭក​ការចងចាំ​មិន​អាច​បំភ្លេច​បាន​ចំពោះ​មហា​ឧក្រិដ្ឋកម្ម​ដ៏សាហាវព្រៃផ្សៃ​បំផុត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក ប៉ុល ពត ដែល​បាន​ប្រព្រឹត្ត​មក​លើ​មាតុភូមិ​ និង​ប្រជាជន​កម្ពុជា​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​រយៈពេល​ ៤០ ឆ្នាំ​កន្លង​ទៅ​នេះ​អ្វីៗ​បាន​ផ្លាស់ប្ដូរ​ស្មាន​មិន​ដល់​។ កម្ពុជា​ដែល​ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​អស់​ទៅ​ហើយ​នោះ​បាន​ប្រឹង​ងើបឈរ​ឡើង​វិញ​ និង​កំពុង​បោះជំហាន​ទៅ​មុខ​យ៉ាង​ស្វាហាប់​លើ​មាគ៌ា​នៃ​សុខសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និង​អភិវឌ្ឍ​។ ថ្វីបើ​យើង​បាន​និង​កំពុង​រស់នៅ​យ៉ាង​សុខសាន្ត និង​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​លើ​គ្រប់​វិស័យ​ដែល​យើង​សម្រេច​បាន​មក​ទល់​ពេល​នេះ​ក្ដី​ក៏​យើង​នៅ​តែ​ត្រូវ​ចងចាំ​នូវ​ព្រឹត្តិការណ៍​ដ៏ឈឺចាប់​ខ្លោចផ្សា​ពី​អតីតកាល​ដែល​ធ្វើឲ្យ​ប្រជាជាតិ​យើង​ស្ទើរតែ​ត្រូវ​បាន​វិនាស​សូន្យ ដើម្បី​យល់​ជ្រួតជ្រាប​ឲ្យ​បាន​ច្បាស់លាស់​ត្រឹមត្រូវ​អំពី​ដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ​ដែល​យើង​បាន​ឆ្លងកាត់ បណ្ដា​មេរៀន​ដ៏មាន​តម្លៃ​របស់​ជាតិ និង​ទិសដៅ​ភារកិច្ច​សម្រាប់​ការកសាង និង​ការពារ​ប្រទេស​តទៅ​មុខ​ទៀត​»​។

ពិធី​អបអរសាទរ​ខួប​ទី​ ៤០ ​នៃ​ការផ្តួលរំលំ​របប​ខ្មែរក្រហម​ពី​ម្សិលមិញ​នៅក្នុង​ពហុកីឡដ្ឋាន​អូឡាំពិក​ដែល​មាន​អ្នកចូលរួម​រាប់ម៉ឺន​នាក់​។ រូបថត សហការី

លោក​ លៀង សំណាង អាយុ​ ៥៧ ​ឆ្នាំ​ដែល​បាន​ចូលរួម​ក្នុង​អង្គ​មីទ្ទីង​កាលពី​ម្សិលមិញ​បាន​ថ្លែង​ឲ្យ​ដឹងថា របប​ប្រល័យ​ពូជសាសន៍​នោះ​ត្រូវ​បាន​គេ​ហៅថា​ជា​អង្គការ​ភ្នែកម្នាស់​ដែល​ចាំ​ឃ្លាំមើល​ និង​ចាប់កំហុស​របស់​ប្រជាជន​ចាប់​យក​ទៅ​សម្លាប់ មិន​ថា​ចាស់​ឬ​ក្មេង​ទេ​មុន​នឹង​សម្លាប់​ពួកគេ​បាន​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ និង​មាន​ការចាប់​រំលោភ​ផ្លួវ​ភេទ​។

លោក សំណាង បាន​ថ្លែង​ថា​៖ «​យើង​ចងចាំ​មិន​ភ្លេច​ទេ​ពីព្រោះ​តែ​បងប្អូន និង​ឪពុកម្ដាយ​របស់​យើង​ត្រូវ​បាន​គេ​យក​ទៅ​សម្លាប់ចោល​របប​នេះ​បាន​ធ្វើ​ទុក្ខបុកម្នេញ និង​ទារុណកម្ម​ទៅ​លើ​ប្រជាជន​ខ្មែរ​ដែល​ធ្វើឲ្យ​ប្រជាជន​ខ្មែរ​យើង​មិន​អាច​បំភ្លេច​បាន​ពេល​ខ្លះ​គ្រាន់តែ​យើង​លួច​មក​ជួប​ឪពុកម្តាយ ឬ​សាច់ញាតិ ឬ​យើង​លួច​យក​អ្វី​ហូប​បន្តិចបន្តួច​គេ​យក​យើង​ទៅ​សម្លាប់​ចោល​ដែរ​។ នៅពេល​មាន​កងទ័ព​វៀតណាម​ចូលមក គេ​បាន​ជួយ​រំដោះ​យើង​បើ​គ្មាន​ពួកគេ​ទេ​យើង​អាច​នឹង​ដាច់​ពូជ វា​សម្លាប់​ទាំង​ក្មេង​ទាំងចាស់​ពិសេស​ពេល​ដែល​វៀតណាម​ចូល​មក​រំដោះ​»​។

លោក ហេង សុខ អាយុ ៥៦ ​ឆ្នាំ​បាន​ថ្លែង​ថា​ក្នុង​របប​ប៉ុល ពត ប្រជាជន​រស់នៅ​អន់​ជាង​សត្វ​ឆ្ងាយ​ណាស់​មនុស្ស​គ្រប់រូប​ត្រូវ​ទទួល​ទារុណកម្ម​ដោយ​បង្អត់​ចំណីអាហារ​។

លោក សុខ ថ្លែង​ថា​៖ «​យើង​គិត​ថា​បើ​គ្មាន​កងទ័ព​រំដោះ​នោះ​ទេ យើង​ទាំងអស់​គ្នា​នឹង​ស្លាប់​ទាំងអស់​។ ប៉ុន្តែ​យើង​មាន​សំណាង​ និង​វាសនា​ល្អ​ដែល​បាន​កងទ័ព​វៀតណាម​ និង​ខ្មែរ​បាន​រំដោះ​»​។

ទោះ​យ៉ាង​ណា​ក៏ដោយ​លោក​នាយករដ្ឋមន្ត្រី​បាន​រំឭក​ឲ្យ​ដឹងផង​ដែរ​ថា គ្រោះ​មហន្តរាយ​របស់​ប្រជាជាតិ​នេះ​បាន​ចាប់ផ្ដើម​ពី​រដ្ឋប្រហារ​របស់​ពួក​ លន់ នល់ រំលំ​របប​សង្គមរាស្ត្រនិយម​នៅ​ថ្ងៃទី​ ១៨ ខែ​មីនា ឆ្នាំ​ ១៩៧០ ដោយ​មាន​បរទេស​បញ្ជា​ពីក្រោយ បង្កើត​សង្គ្រាម​ពេញ​ទំហឹង​ (១៩៧០-១៩៧៥) សម្លាប់​ប្រជាជន​ជិត​ ១ ​លាន​នាក់​ និង​បំផ្លាញ​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​។

ថ្ងៃ ​១៧ មេសា ឆ្នាំ​ ១៩៧៥ របប​សាធារណរដ្ឋ​ខ្មែរ​ត្រូវ​បាន​ផ្ដួលរំលំ ប៉ុន្តែ​ត្រូវ​បាន​បញ្ចប់​មួយ​ប៉ប្រិច​ភ្នែក ហើយ​បាន​បន្ត​ធ្លាក់​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក៏​ដូចជា​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​។ ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​ ១៩៩៣ កម្ពុជា​បាន​ក្លាយ​ជា​ទឹកដី​នៃ​សេរីភាព​ដែល​មាន​ការគោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស​តាមរយៈ​ការរៀបចំ​នូវ​ការបោះឆ្នោត​យ៉ាង​ទៀងទាត់​ដោយ​សេរី ត្រឹមត្រូវ​ និង​យុត្តិធម៌​ និង​ជា​រដ្ឋ​ដែល​គោរព​គោលការណ៍​ច្បាប់​។

លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា ឆ្នាំ​ ២០១៨ ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌​ និង​មាន​តម្លាភាព​ក្នុង​បរិយាកាស​ប្រកប​ដោយ​សន្តិភាព និង​គ្មាន​អំពើហិង្សា​ដោយ​ប្រជាពលរដ្ឋ​ចំនួន​ ៨៣,០២% ​នៃ​បញ្ជី​អ្នក​បោះឆ្នោត​បាន​ទៅ​បោះឆ្នោត​»​។ «​ក្នុង​ស្មារតី​នេះ​ខ្ញុំ​ព្រះករុណាខ្ញុំ​សូម​គូសបញ្ជាក់​ជាថ្មី​នូវ​ការប្ដេជ្ញា​ចំពោះ​មុខ​រដ្ឋសភា​កាលពី​ថ្ងៃទី​ ៦ ខែ​កញ្ញា​ឆ្នាំ​ ២០១៨ ​កន្លង​ទៅ​ក្នុង​ការ​ប្រឹងប្រែង​សម្រេច​ឲ្យ​បាន​នូវ​ការធានា​ធំៗ​ទាំង​ ៤ ​យ៉ាង​»​។

លោក​ ហ៊ុន សែន បាន​ប្រកាស​ផងដែរ​ថាស​ម្រេច​ឲ្យ​បាន​នូវ​ការធានា​បន្ត ការពារ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សុវត្ថិភាព​ភូមិ-ឃុំ ព្រម​ទាំង​ការការពារ​ឯករាជ្យ អធិបតេយ្យ​ និង​បូរណភាព​ទឹកដី អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​គ្រប់​វិស័យ​លើក​កម្ពស់ និង​កែលម្អ​ជីវភាព​ប្រជាជន ធានា​នូវ​សុវត្ថិភាព​សង្គម​ និង​លំនឹង​ក្នុង​ការរស់នៅ​របស់​ប្រជាជន​។

លោក​ ឱក សេរីសោភក្តិ៍ អ្នកវិភាគ​នយោបាយ និង​លោក សឹងសែន ករុណា អ្នកនាំពាក្យ​សមាគមន៍​អាដហុក ភ្នំពេញ ប៉ុស្តិ៍​មិន​អាច​​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​​ម្សិលមិញ​៕