The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហ៊ុន សែន បន្ត​វាយប្រហារ​ដោយ​បញ្ចេញ​ខ្សែ​អាត់​សន្ទនា​ជាមួយ​មេដឹកនាំ​ CNRP មួយ​ចំនួន




លោក ហ៊ុន សែន បន្ត​វាយប្រហារ​ដោយ​បញ្ចេញ​ខ្សែ​អាត់​សន្ទនា​ជាមួយ​មេដឹកនាំ​ CNRP មួយ​ចំនួន

Content image - Phnom Penh Post
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រវាត់​ក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ។ រូបថត facebook

លោក ហ៊ុន សែន បន្ត​វាយប្រហារ​ដោយ​បញ្ចេញ​ខ្សែ​អាត់​សន្ទនា​ជាមួយ​មេដឹកនាំ​ CNRP មួយ​ចំនួន

ភ្នំពេញ: លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិញមិញ​បាន​បន្ត​វាយប្រហារ​ដោយ​ពាក្យ​សម្តី និង​បន្ត​បញ្ចេញ​ខ្សែអាត់​សំឡេង​យ៉ាង​ឡើង​កម្ដៅ​ទៅ​លើ​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​មន្ត្រី​ជាន់ខ្ពស់​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​នីមួយៗ​បាន​សន្ទនា​ជាមួយ​លោក​កន្លង​មក​រាល់​បញ្ហា​ផ្ទៃក្នុង​របស់​បក្ស​មួយ​នេះ​ជាពិសេស​សារ​នយោបាយ​ដែល​បាន​សម្រេច​ដោយ​សមាជ​កាលពី​ដើម​ខែ ដូរ​មេឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ។ យោង​តាម​សំឡេង​ខ្សែអាត់​ដែល​បាន​ផ្សាយ​នៅ​ក្នុង Fresh News ហើយ​ដកស្រង់​ដោយ​ភ្នំពេញ​ប៉ុស្តិ៍។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖​ «ខ្ញុំ​និយាយ​ជាមួយ កឹម សុខា មែន​ហើយ​ផែនការ​រៀបចំ​ឲ្យ​ កឹម សុខា កាន់​បក្ស​គឺ​ខ្ញុំ​មែន​និយាយ​ឲ្យ​ចំ​កុំជោរ​ជាមួយ ហ៊ុន សែន អ៊ីចឹង​អ្នក​ទាំងអស់​គ្នា​ឥឡូវ​មិន​ទាន់​បាន​អី​ផង ដូរ​មេឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ។ ចាំ​មើលៗ អាដែង​បេក្ខជន​មេឃុំ​បម្រើ​រាស្ត្រ​វា​ប៉ុនណា​វា ឥឡូវ​ខ្ញុំ​សូម​ផ្ដាំ​ទៅ​អាដែង​នែ?... មក​ដល់​ម៉ោង​នេះ ពេញ​ទឹក​ពេញ​ដី​មាន​ដុត​ផ្លាក​បក្ស។ ភាសា​ហ្នឹង​ភាសា​វ៉ៃ​គេ ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ។ អ្នកឯង​ចាប់​ផ្ដើម​វ៉ៃ​គេ​ពី​ឥឡូវ​ទៅ​ហើយ។ វា​បង្ក​ហេតុ​ពី​អ៊ីចឹង បាន​វា​មិន​សុខ ដល់​ពេល​គេ​ញោះ»។

ដោយ​ឡែក​ក្នុង​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រវាត់​ក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ លោក ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ទៅ​កាន់​អ្នក​ចូលរួម​រាប់​ពាន់​នាក់ ដោយ​បាន​ព្រមាន​ផង​ដែរ​នឹង​មាន​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​បុគ្គល​អង្គការ​សង្គម​ស៊ីវិល NGO មួយ​ដែល​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នយោបាយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ។

លោក ហ៊ុន សែន បាន​ថ្លែង​ផង​ដែរ​ថា​ គណបក្ស​នយោបាយ​ចំនួន ១២ បាន​ចុះ​ឈ្មោះ​ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា នេះ។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា៖ «១២ គណបក្ស​បាន​ចុះ​ឈ្មោះ​ហើយ​អ៊ីចឹង​គណបក្ស​នយោបាយ​នានា​កុំ​តាំង​ខ្លួន​ជា​តួឯក​មិនមែន​មាន​តែ​បក្ស​មួយ​ទេ​គឺ ១២ បក្ស​អត់​បក្ស​ចូល​មួយ​អត់​បញ្ហា កុំ​អាង​ស្អី​ឡើង ពហិការ អ៊ីចឹង​ប្រកួត​ប្រជែង​គ្នា​ទៅ ហើយ​កុំ​ដើរ​ភូត​ណា​មីក្រូ​ហិរញ្ញវត្ថុ​មិនមែន​ជា​របស់​រដ្ឋ​ទេ​គឺ​របស់​ឯកជន អ្នក​ណា​លុប​បំណុល​ចាប់​វ៉ៃ​ខ្នោះ​នៅ​នឹង​កន្លែង អ្នក​ឯង​លុប​បំណុល​យ៉ាង​ម៉េច? ដើរ​តែ​ភូត​គេ​ទៅ អាហ្នឹង​អត់​ទេ និយាយ​គ្នា​ឲ្យ​ច្បាស់ ត្រូវ​សង​គេ​ទាំង​ការ​ទាំង​ដើម»។

លោក ហ៊ុន សែន ថ្លែង​ថា៖ «នយោបាយ​ដោយសារ​វា​បែក​រឿង​អី​ណា អើ​បើ​បាន​ជា​ជ្រុល​បែក​ហើយ​គិត​បំបែក​ឲ្យ​អស់​ហ្មង អា​មាន​តាំង​ពី​មុន​ប៉ុន្មាន​បំបែក​ឲ្យ​ខ្ទេច​ហ្មង ចាំ​មើល​គេ​ថា​ម៉េច? ហើយ​មាន​មួយ​នោះ​ថា​ធ្វើ NGO ឲ្យ​ច្បាស់ NGO កុំ​មក​រញ៉េរញ៉ៃ​ធ្វើ​អ្នក​វិភាគ អ្នក​នយោបាយ គេ​និយាយ​គ្នា​រឿង​អ្នក​នយោបាយ ឯង NGO កុំ​មក​រញ៉េរញ៉ៃ ហើយ​ប្រយ័ត្ន ស្រុក​ខ្មែរ​កុំ​ឲ្យ​ថា​អញ​ធ្វើ​មេបក្ស​គឺ​អញ​ត្រូវ​តែ​មាន​សិទ្ធិ ប៉ះ​គេ​ត្រូវ​ហើយ ខុស​គុក​ហើយ​ឲ្យ​តែ​អញ​ធ្វើ​អ្នក​កាសែត​អញ​មាន​សិទ្ធិៗ​ប៉ះ​គេ​គុក​ហើយ ព្រោះ​ច្បាប់​គេ​ឲ្យ​ជាប់គុក ជាប់​ច្រវាក់ បង់​លុយ​តើ អ៊ីចឹង​ម្នាក់ៗ​បង្កើត NGO ហើយ​ដល់​ពេល​គេ​ចាប់​ថា​គេ​បង្ក្រាប ចុះ​ខ្លួនឯង​និយាយ​ធ្វើ​អី ផ្ដាំ​ទុក​ឲ្យ​ហើយ​លោក​ឯង​ច្រើន​ដង​ហើយ អា​ម្នាក់​ហ្នឹង​ច្រើន​ដង​ហើយ​ប្រយ័ត្ន អស់​ប៉ុន្មាន​ហ្អែង តែ​ច្រឡឺម ព្រហើន គឹប គឺច្បាប់ មិនមែន​ខ្ញុំ​ទេ កុំ​ព្រហើន នេះ​ស្រុក​ខ្មែរ​ណា»។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា៖ «សូម្បី​ស្រុក​អាមេរិក​ក៏​ដាក់​ដែរ ឥឡូវ​ ដូណាល់ ត្រាំ ប្រកាស​ចោទ​ អូបាម៉ា ទៀត អត់​ទាន់​បាន ៥០ ថ្ងៃ​ហ៊ុមព័ទ្ធ​ដោយ​ជម្លោះ អ៊ីចឹង​សុំ​អាមេរិក​យក​ទៅ​អាមេរិក​វិញ​ទៅ ម៉េច​បាន​អ្នក​នយោបាយ​ទាស់​គ្នា​ទៅ​សួរ​អាមេរិក​ទៅ ម៉េច​ក៏​អ្នក​នយោបាយ​អាមេរិក​ចេះ​ទាស់​គ្នា និយាយ​ថា​អ្នក​នយោបាយ​ខ្មែរ​ចេះ​តែ​ទាស់​គ្នា​ចុះ​អ្នក​នយោបាយ​អាមេរិក​ទាស់​គ្នា​វា​យ៉ាង​ម៉េច​ដែរ អ៊ីចឹង​ស្រួល​ដែរ ដូណាល់ ត្រាំ អើយ​ចេះ​តែ​ទាស់​ទៅ ហើយ​ខ្ញុំ​ចេះ​តែ​បន្ទរ​នៅ​ឯណេះ»។

តាម​សំឡេង​ខ្សែអាត់​ដែល​បញ្ចេញ​ជា​បន្តបន្ទាប់​តាមរយៈ Fresh News ក្រោយ​ពី​ការ​ថ្លែង​ជា​សាធារណៈ​ប៉ុន្មាន​ម៉ោង​មាន​ដូចជា លោក ហ៊ុន សែន បាន​ព្រមាន​នឹង​មិន​អត់​ឱន​ដល់​លោក សម រង្ស៊ី ដែល​បាន​ចោទ​ប្រពន្ធ​លោក​ជា​ប្រពន្ធ​មេដឹកនាំ​វៀតណាម ឡេ ឌឹកថូ និង​ចោទ​លោក ហ៊ុន ម៉ាណែត ជា​កូន​មេដឹកនាំ​វៀតណាម​ទន្ទឹម​នឹង​នេះ​ដែរ​ក៏​បាន​ប្រតិកម្ម​ជាមួយ​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​សម្រេច​គោលនយោបាយ​ថ្មី​នៅ​ក្នុង​សមាជ​របស់​ខ្លួន​កាលពី​ដើម​ខែ​នេះ​បាន​វាយប្រហារ​យ៉ាង​ខ្លាំង​ទៅ​លើ​មេឃុំ​របស់​គណបក្ស​កាន់​អំណាច ក្រោម​សារ​ដែល​មាន​ឃ្លា​មួយ​ថា៖ «ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្រ្ត» លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​បញ្ចេញ​ព័ត៌មាន​ទាក់ទង​នឹង​សម្ដី​លោក រង្ស៊ី និង​សកម្មជន​គណបក្ស​នៅ​ USA ជា​ថ្នូរ​នឹង​អាំងប៉ាវ​ពី​លោក ហ៊ុន សែន តែ​អាំងប៉ាវ​នោះ​ត្រូវ​បាន​បដិសេធ​សំឡេង​ខ្សែ​អាត់​ដែល​លោក​បាន​សន្ទនា​ជាមួយ​លោក កឹម សុខា គឺ​ពិតប្រាកដ​មិន​អាច​ប្រកែក​បាន​ហើយ​និង​បាន​ប្រតិកម្ម​ជាមួយ​នឹង​សារ​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថា​ជា​ការ​កាត់ត។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​នៅ​ក្នុង​ជំនួប​សួរ​សុខទុក្ខ​អ្នក​គាំទ្រ​នៅ​ក្នុង​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល​បាន​ថ្លែង​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​វិនិច្ឆ័យ​អ្នក​ណា​ត្រូវ​អ្នក​ណា​ខុស។

លោក សុខា សរសេរ​លើ ហ្វេសប៊ុក របស់​លោក​ថា៖ «យើង​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​គ្រប់​លំដាប់​ថ្នាក់ ស្គាល់​ខ្លួនឯង​ច្បាស់​ណាស់​ថា​យើង​កើត​ចេញ​មកពី​ណា បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ណា ហើយ​យើង​ធ្វើ​ដំណើរ​ទៅ​ណា និង​ដើម្បី​អ្វី? យើង​បន្ដ​ដំណើរ​រួម​គ្នា​ទៅ​មុខ​ជានិច្ច អ្វីៗ​ទុក​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​វិនិច្ឆ័យ​ចុះ អ្នក​ណា​ត្រូវ អ្នក​ណា​ខុស? ខ្ញុំ​យល់​ឃើញ​ថា​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​តាមដាន​ស្ថានភាព​នយោបាយ​ដោយ​យក​ចិត្ត​ទុកដាក់​មាន​ភាព​វៃឆ្លាត និង​យល់​ដឹង​ច្រើន​ហើយ។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​នាំពាក្យ​បាន​ថ្លែង​ពី​ម្សិលមិញ​ដែរ​ដោយ​មិន​ចាប់​អារម្មណ៍​ទៅ​លើ​គូប្រជែង​ដែល​បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​ពី​ការងារ​ផ្ទៃក្នុង​របស់​ខ្លួន។

លោក អ៊ាង ថ្លែង​ថា៖ «យើង​មិន​ចាប់​អារម្មណ៍​ពី​រឿង​នេះ​ទេ​ពីព្រោះ​រឿង​ដែល​សំខាន់​ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ និង​ប្រជាពលរដ្ឋ​កំពុង​ផ្តោត​អារម្មណ៍​សំខាន់​នោះ​គឺ​ទាក់ទង​នឹង​បញ្ហា​ជីវភាព​របស់​ពួកគាត់ និង​បញ្ហា​បោះឆ្នោត​ហើយ​យើង​គិតគូរ​ជា​អាទិភាព។ អាហ្នឹង​ជា​សារ​នយោបាយ​គ្មាន​ប៉ះពាល់​អី​ដូច​មិន​មាន​ច្បាប់​ណា​ហាម​ផង​ដូច​ខ្ញុំ​បាន​បញ្ជាក់​ជូន​ពួកយើង​មិន​ចាប់​អារម្មណ៍​យក​ចិត្ត​ទុកដាក់​រឿង​ទាំង​អស់​នោះ​ទេ​ពីព្រោះ​រឿង​នោះ​ជា​រឿង​ដដែល​ហើយ​វា​ស៊ាំ​ទៅ​ហើយ»។

លោក មុនីវណ្ណ បាន​ចាត់​ទុក​ថា​ជា​រឿង​ប្រឌិត​ឡើង​ដើម្បី​បំបែក​បំបាក់​គណបក្ស​ប្រឆាំង។

ខណៈ​ដែល​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​លោក លឹម គីមយ៉ា បាន​បញ្ជាក់​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​នេះ​ជាមួយ​នឹង​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​ជជែក​អំពី​ការ​លេចធ្លាយ​នៃ​សារ​សន្ទនា​ដែល​បាន​ថត​ខុស​ច្បាប់ និង​បង្ហាញ​ដោយ​គណនី​ឈ្មោះ​ សីហា។៕ PS

រាយការណ៍​បន្ថែម​ដោយ មាស សុខជា

អត្ថបទគួរចាប់អារម្មណ៍