ភ្នំពេញៈ ស្របពេលដែលលើកឡើងពីការទទួលបានជ័យជម្នះលើការភ្នាល់ជាមួយលោក សម រង្ស៊ី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបបួលស្បថដាក់ជីវិតជាមួយជនណាដែលនៅតែរិះគន់ថាកម្ពុជា ស្ថិតក្រោមការដឹកនាំរបស់លោកកាន់តែក្រីក្រទៅៗ។
ការបបួលស្បថដាក់ជីវិតនេះ ខណៈលោក ហ៊ុន សែន លើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងតែរីកចម្រើនគ្រប់វិស័យ ហើយប្រជាជនមានអាហារបរិភោគយ៉ាងសម្បូរគ្រប់គ្រាន់។ លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ មិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ នៅថ្ងៃទី ១ ខែ មីនា ហើយលោកក៏បានប្រកាសជាថ្មីទៀត ពីការបន្តដឹកនាំកម្ពុជាយ៉ាងតិចចំនួន ១០ ឆ្នាំទៀត ដែលអាចរហូតទៅដល់អាណត្តិក្រោយ ហើយថា ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋបន្តបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដែលមានលោកជាអ្នកដឹកនាំគឺជាការជួយរក្សាសន្ដិភាព និងអភិវឌ្ឍន៍។
លោក ហ៊ុន សែន ដែលបានដឹកនាំកម្ពុជាអស់រយៈពេល ៣៤ ឆ្នាំមកហើយ បានលើកឡើងអំពីការរីកចម្រើនរបស់កម្ពុជា ក្រោយថ្ងៃរំដោះនៅឆ្នាំ ១៩៧៩ ថា ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើន ដូចជា ស្ពាន ថ្នល់ មន្ទីរពេទ្យ សាលារៀនជាដើម ត្រូវបានសាងសង់រីកដុះដាលយ៉ាងឆាប់រហ័សនៅគ្រប់ទីកន្លែង ហើយពីប្រទេសមួយធ្លាប់មានប្រជាជនត្រឹមប្រហែល ៧ លាននាក់ខ្វះអង្ករបរិភោគ តែបច្ចុប្បន្នប្រជាជនកើនដល់ ១៦ លាននាក់ បែរជាកម្ពុជា នៅសល់ស្រូវប្រហែល ៦ លានតោនទៅវិញ។
បើតាមលោក ហ៊ុន សែន លើសពីនេះ កាលពីឆ្នាំ ២០១៨ ភ្ញៀវទេសចរបរទេសចំនួន ៦ លាន ២ សែននាក់ ក្នុងនោះមានជនជាតិចិន ចំនួន ២ លាន ២ សែននាក់បានមកទស្សនាកម្ពុជា និងអ្នកវិនិយោគចិន បានជួយឱ្យកម្មកររោងចក្រកម្ពុជាកន្លះលាននាក់មានការងារធ្វើ។
លោក ហ៊ុន សែន បញ្ជាក់ថា ផ្ទុយទៅវិញ បែរជាមានក្រុម «អាសិរពិស» ដែលចង់ផ្ដួលរំលំរដ្ឋាភិបាលរបស់លោក និងជនមួយចំនួនដែលកំពុងមានសម្ភារទំនើបៗប្រើប្រាស់ មករិះគន់កម្ពុជាថា កាន់តែក្រីក្រទៅៗទៅវិញ។
លោក ហ៊ុន សែន មានប្រសាសន៍ថា អ្នកណាដែលនៅតែចូលទៅបញ្ចេញមតិរិះគន់ក្នុងហ្វេសប៊ុករបស់លោកថា កម្ពុជាជាប្រទេសក្រីក្រ នោះមានន័យស្ម័គ្រចិត្តចូលរួមស្បថដាក់ជីវិតឱ្យស្លាប់ជាមួយលោក ប៉ុន្តែលោកថា អ្នកទាំងឡាយនោះ ប្រហែលមិនហ៊ានស្បថឡើយ ព្រោះពួកគេខ្លាចស្លាប់។
លោកបញ្ជាក់ថា៖ «តើអ្នកហ៊ានស្បថទេថា ពេលនេះក្រជាងឆ្នាំ ៧៩ តើហ៊ានស្បថឱ្យរន្ទះបាញ់ទេ។ តើហ៊ានស្បថឱ្យងាប់ទាំងកូនទាំងចៅទាំងពូជទាំងអម្បូរទេ។ ព្រោះវា មានអាអ្នកដែលហ៊ាននិយាយថា ដឹកនាំយូរៗទៅកាន់តែក្រទៅៗ តើហ៊ានស្បថទេ សុំសួរទៅពួកក្រុមអាសិរពិសទាំងឡាយ តើហ៊ានស្បថទេថា កម្ពុជាក្រទៅៗមានន័យថា ក្រជាងឆ្នាំ ៧៩»។
លោក ហ៊ុន សែន បន្តថា៖ «បើអ្នកឯងមិនហ៊ានស្បថមានន័យថា អ្នកឯងទទួលស្គាល់ការពិត ប៉ុន្តែបើអ្នកឯងហ៊ានស្បថច្បាស់ជាអាយុខ្លី។ អាវាភ្នាល់ចាញ់ឯងហើយវារត់ តែឥឡូវតែមានស្អីគឺបបួលស្បថតែម្ដង តែអាពួកហ្នឹងអត់ហ៊ានស្បថទេ ខ្លាចរន្ទះបាញ់ងាប់សឹងអី។ ម្នាក់ៗប្រើសុទ្ធតែស្មាតហ្វូន រួចហើយចូលមកខមមិន ជាមួយឯងថា ដឹកនាំកាន់តែក្រទៅៗ តើអាអ្នកកាន់ស្មាតហ្វូនហ្នុ៎ង វាហ៊ានស្បថទេ។ ថ្ងៃក្រោយអ្នកណាចូលមកខមមិនថា ក្រទៅៗ គឺចាត់ទុកថា អ្នកឯងស្បថជាមួយខ្ញុំ»។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គមលើកឡើងថា ថ្វីដ្បិតកម្ពុជាកាន់តែរីកចម្រើនទៅមុខក្ដី ប៉ុន្តែកម្ពុជាគឺជាប្រទេសមួយដែលក្រីក្រជាងគេនៅក្នុងតំបន់ ហើយការលើកឡើងថា ជាប្រទេសក្រីក្រនេះ គឺមិនមែនជាការប្រៀបធៀបពីកម្ពុជាបច្ចុប្បន្ន ទៅអតីតកាលនោះឡើយ តែជាការប្រៀបធៀបទៅនឹងប្រទេសជិតខាង។
ប៉ុន្តែ លោក មាស នី ក៏បានទទួលស្គាល់ដែរថា ពលរដ្ឋកម្ពុជា ក៏មានជីវភាពល្អប្រសើរដែរ ប៉ុន្តែគម្លាតរវាងអ្នកមាន និងអ្នកក្រក៏ហាក់កាន់តែមានទំហំធំឡើងៗដែរ រីឯអំពើអយុត្តិធម៌នៅក្នុងសង្គមក៏រដ្ឋាភិបាល នៅពុំទាន់លុបបំបាត់ដោយជោគជ័យនៅឡើយ ហើយគេនៅតែឃើញអ្នកមានអំណាច និងអ្នកមានលុយកាក់អាចជិះជាន់លើអ្នកស្លូតត្រង់បានជាដដែល។
ទោះយ៉ាងណា លោក មាស នី មិនមានអ្វីលើកឡើងចំពោះការសម្រេចចិត្តស្បថដាក់ជីវិតរបស់លោក ហ៊ុន សែន នោះទេ ប៉ុន្តែលោកថា ក្នុងនាមជាមេដឹកនាំ គួរតែទទួលយកការរិះគន់មួយចំនួន ហើយមិនត្រូវចាត់ទុកអ្នករិះគន់ទាំងនោះ ជាជនអគតិឡើយ ព្រោះជីវិតជាសត្វលោកមិនដែលធ្វើអ្វីមួយល្អទាំងអស់នោះទេ។
លោកថា៖ «សម្រាប់ខ្ញុំមិនមានខមមិនទេព្រោះជាចរិតរបស់អ្នកដឹកនាំ ធម្មតាចរិតមួយជាអ្នកដឹកនាំ និងមួយទៀតជាចរិតផ្ទាល់ខ្លួនពេលខ្លះយើងក៏ឃើញចរិតអ្នកដឹកនាំផ្ទាល់ខ្លួន ចេញអណ្ដែតមកម្ដងម្កាល»។
សម្រាប់លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាយល់ឃើញថាជារឿងធម្មតាប៉ុណ្ណោះ ព្រោះពលរដ្ឋខ្មែរ តែងជ្រើសយកវិធីស្បថមកប្រើនៅពេលរឿងអ្វីមួយធ្លាក់ដល់ដំណាក់កាលមិនអាចនិយាយស្ដាប់គ្នាបាន។
ប៉ុន្តែលោក គិន ភា បានថ្លែងថា ក្នុងនាមជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មិនគួរចាំបាច់ខ្វល់រហូតដល់បបួលអ្នករិះគន់លោកស្បថនោះទេផ្ទុយទៅវិញគ្រាន់តែលើកឡើងពីអ្វីដែលជាការពិតបង្ហាញអំពីភាពរីកចម្រើនខាងសេដ្ឋកិច្ចទៅបានហើយ។
លោកថា៖ «មិនចាំបាច់ខ្វល់ថា កម្ពុជាក្រអីហ្នឹង គ្រាន់តែយើងបង្ហាញសូចនាករសេដ្ឋកិច្ចជាភ័ស្ដុតាងវិញជាជាងបបួលពួកហ្នឹងទៅស្បថ ព្រោះស្បថពួកគាត់ក៏មិនជឿដែរ ព្រោះពួកគាត់មានរបៀបវារៈនយោបាយមួយនិយាយអំពីចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល»។
យ៉ាងណាក្តីលោក គិន ភា ក៏មិនយល់ស្របចំពោះការលើកឡើងដែលថាកម្ពុជាក្រីក្រជាងគេនៅក្នុងតំបន់នោះឡើយ ដោយលោកថា កម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចជាប់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូច្នោះអ្នកលើកឡើងបែបនេះ ដោយសារពួកគេមាននិន្នាការប្រឆាំងនឹងការរីកចម្រើនរបស់ប្រទេសជាតិប៉ុណ្ណោះ៕