
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca កាលពីម្សិលមិញ។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២១ បានក្លាយជាមនុស្សដំបូងគេក្នុងប្រទេសកម្ពុជាដែលបានទទួលការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលត្រូវបានផ្តល់ជូនតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ហើយមនុស្សទី ២ គឺជាភរិយារបស់លោក គឺលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន។
ក្រៅពីលោក ហ៊ុន សែន និងភរិយាក៏មានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូបទៀតបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះផងដែរ។
លោក ហ៊ុន សែន បានប្រកាសក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីលោកបានចាក់វ៉ាក់សាំងនេះរួចថា វ៉ាក់សាំងរបស់មជ្ឈមណ្ឌលកូវ៉ាក់នេះ លោកនឹងផ្តល់តម្រង់ទៅលើរាជធានី-ខេត្ត ៣ សំខាន់ដែលកំពុងស្ថិតនៅក្នុងហានិភ័យនៃការឆ្លងគឺរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។
លោកមានប្រសាសន៍ថា៖ «ចំណុចទាំងនេះគឺជាចំណុចដែលយើងត្រូវផ្តល់អាទិភាពសម្រាប់ការចាក់ដែលខ្ញុំបានពិភាក្សាជាមួយនឹងក្រសួងសុខាភិបាលគឺការចាក់មិនត្រឹមតែសម្រាប់មន្ត្រីរាជការទេ ខ្ញុំសុំស្នើឱ្យក្រសួងសុខាភិបាលរៀបចំចាក់ជូនប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានដែលមានអាយុលើស ៦០ ឆ្នាំឡើង គឺចាក់ក្នុងភាពបន្ទាន់»។
លោកបន្តថា តាមការប៉ាន់ស្មានរបស់លោកគឺអាចចាក់បានចន្លោះពី ១០ ម៉ឺនទៅ ១៣ ម៉ឺននាក់ ដែលស្មើនឹង ២០ ម៉ឺនទៅ ២៦ ម៉ឺនដូស សម្រាប់ការចាក់ក្នុងទីក្រុងភ្នំពេញ និងមួយចំនួនដែលព័ទ្ធជុំវិញទីក្រុងភ្នំពេញគឺខេត្តកណ្តាល និងមួយចំនួននៅខេត្តព្រះសីហនុ។ ប៉ុន្តែត្រូវជ្រើសរើសយកមនុស្សដែលមានអាយុពី ៦០ ឆ្នាំឡើងតែប៉ុណ្ណោះ។
លោកថា៖ «នេះគឺជាការខិតខំប្រឹងប្រែងរបស់យើង ដើម្បីធ្វើឱ្យវ៉ាក់សាំងនេះបានទៅដល់ប្រជាជន។ សម្រាប់វ៉ាក់សាំងដែលនៅសល់ពីការចាក់ប្រជាពលរដ្ឋក្នុងទីតាំងអាទិភាព ៣ នេះ យើងត្រូវផ្តល់អាទិភាពចាក់ទៅដល់មន្ត្រីមួយចំនួនបូករួមជាមួយនឹងអ្នកការទូត មន្ត្រីអង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលបរទេសនានា ដែលកំពុងនៅកម្ពុជាដែលយើងផ្តល់នូវវ៉ាក់សាំង AstraZeneca នេះចាក់ជូនពួកគាត់»។
ជាមួយគ្នានេះលោកក៏បានបញ្ជាក់ផងដែរថា ក្រុមអ្នកការទូត និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបរទេសនៅកម្ពុជាអាចចាក់វ៉ាក់សាំងនេះបាន ដោយមិនចាំបាច់កំណត់អាយុនោះឡើយ ដែលលោក ហ៊ុន សែន សម្រេចផ្តល់លទ្ធភាពនេះក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ផ្តល់ការគួរសមសម្រាប់មន្ត្រីជាដៃគូអភិវឌ្ឍន៍របស់កម្ពុជា។ មិនតែប៉ុណ្ណោះ សម្រាប់ជនបរទេសទាំងអស់ដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជាក៏លោកសម្រេចផ្តល់នូវការចាក់វ៉ាក់សាំងកូវីដ១៩ ដោយមិនគិតថ្លៃដែរ ទៅតាមលំដាប់លំដោយជាមួយនឹងប្រជាពលរដ្ឋកម្ពុជា។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលទៅចាក់វ៉ាក់សាំងកាលពីថ្ងៃម្សិលមិញ។ហុង មិនា
លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា សម្រាប់ប្រជាពលរដ្ឋកម្ពុជា ត្រូវមានការកំណត់អាយុក្នុងការចាក់វ៉ាក់សាំងគឺសម្រាប់អ្នកដែលមានអាយុ ៥៩ ឆ្នាំចុះទទួលបានវ៉ាក់សាំងស៊ីណូហ្វាម និងអ្នកដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងគឺទទួលបានវ៉ាក់សាំង AstraZeneca។
ទោះបីជាកម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ក៏ដោយ ក៏លោក ហ៊ុន សែន នៅតែបញ្ជាក់ជាថ្មីថា វ៉ាក់សាំងមិនមែនជាដំណោះស្រាយមាសតែ ១ គត់ទេ ប៉ុន្តែវ៉ាក់សាំងគឺជាមធ្យោបាយដោះស្រាយជាយុទ្ធសាស្ត្រដែលជាគន្លឹះទី១ រួមជាមួយនឹងការអនុវត្តវិធានការសុខាភិបាលគឺ «៣ ការពារ និង ៣ កុំ» ការរឹតបន្តឹងច្រកចេញចូលតាមព្រំដែន ការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងការព្យាបាល ដើម្បីឈានទៅរកភាពជោគជ័យនៅក្នុងការប្រយុទ្ធជាមួយនឹងជំងឺកូវីដ ១៩ នេះ។
គិតត្រឹមល្ងាចថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងកូវីដ១៩បានសរុបចំនួន ១២៥ ៦៦៨ នាក់ក្នុងនោះយោធា និងនគរបាលបានចំនួន ៨៤ ៧៥៨ នាក់ និងស៊ីវិលដែលចាក់ដោយក្រសួងសុខាភិបាលមានចំនួន ៤០ ៩១០ នាក់។
លោកស្រី លី អៃឡាន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជាបានលើកឡើងក្នុងពិធីប្រគល់ទទួលវ៉ាក់សាំង AstraZeneca កាលពីយប់ថ្ងៃទី ២ ខែមីនាថា អង្គការសុខភាពពិភពលោកកំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹង Gavi CEPI និងយូនីសេហ្វ ដើម្បីធានាឱ្យមានការទទួលបានវ៉ាក់សាំងប្រកបដោយយុត្តិធម៌ និងសមធម៌។
លោកស្រីថា៖ «យើងមានមោទនភាពដែលបានចូលរួមបំពេញការងារក្នុងស្ថានភាពដ៏ពិសេសនេះបន្ថែមលើការអនុវត្តវិធានការសុខភាពសាធារណៈ វ៉ាក់សាំងកូវីដ១៩ គឺជាឧបករណ៍ថ្មីមួយទៀតដ៏សំខាន់សម្រាប់ការពារប្រជាពលរដ្ឋ ការពារប្រព័ន្ធសុខាភិបាលមិនរងសម្ពាធខ្លាំងពេក និងជួយសង្គ្រោះជីវិតមនុស្ស»។
ចំណែកលោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាង UNICEF នៅកម្ពុជាបានឱ្យដឹងដែរថា វ៉ាក់សាំងថ្មីនេះនឹងបង្កើតឱកាសដ៏សំខាន់មួយ ដើម្បីផ្លាស់ប្តូរទិសដៅនៃការឆ្លងរាលដាលជាសកលនេះ។
គួរបញ្ជាក់ផងដែរថា វ៉ាក់សាំង AstraZeneca/SII ចំនួន ៣២៤ ០០០ ដូស បានដឹកមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០២១ ដែលជាចំនួនដូសដំបូងក្នុងចំណោមវ៉ាក់សាំងសរុបចំនួន ១,១ លានដូស ដែលយន្តការ COVAX នឹងផ្តល់ជូនប្រទេសកម្ពុជាជាដំណាក់កាលៗនៅត្រឹមដំណាច់ខែឧសភា ឆ្នាំ ២០២១ នេះ៕