ភ្នំពេញៈ ជាថ្មី​ម្តងទៀត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រៀប​ធៀប​ការ​អភិវឌ្ឍ​ប្រទេស​នាពេល​បច្ចុប្បន្ន​ទៅ​នឹង​សម័យ​ក្រោយ​សង្គ្រាម និង​បាន​ប្តេជ្ញា បន្ត​ការពារ​សន្តិភាព​ឲ្យ​ខាង​តែ​បាន ដោយ​មិន​ឲ្យ​ប្រទេស​ជាតិ​វិល​ធ្លាក់​ទៅ​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម និង​ការ​បំផ្លិច​បំផ្លាញ​សាជា​ថ្មី​ទៀត​ឡើយ។

នេះ​មិនមែនជា​លើក​ទី ១ ទេ ដែល​លោក​ ហ៊ុន សែន បាន​ប្រៀបធៀប​រូបភាព​ទីក្រុង​ភ្នំពេញ​នាពេល​បច្ចុប្បន្ន​ទៅនឹង​រូបភាព​ទីក្រុង​ភ្នំពេញ​នា​សម័យ​ក្រោយ​សង្គ្រាម។ កាលពី​ម្សិលមិញ​លោកនាយក​រដ្ឋមន្ត្រី បាន​បង្ហោះ​រូបភាព ៦ សន្លឹក​ដែល​ក្នុងនោះ​មាន​រូបភាព ១ ដែលជា​រូបភាព​អគារ​ចាស់​បាក់បែក​ខណៈ​រូប ៥ សន្លឹក​ទៀត គឺជា រូបភាព​បង្ហាញ​អំពី​ស្ថានភាព​រាជធានី​ភ្នំពេញ​នាបច្ចុប្បន្ន ដែលមាន​អគារខ្ពស់។

លោកនាយក​រដ្ឋមន្ត្រី​បានសរសេរថា៖ «កម្ពុជា​ត្រូវតែមាន​សន្តិភាព​ជានិច្ច»។ លោក​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា៖ «រូប ១ សន្លឹក​ស​ខ្មៅ ដែល​យើង​បានឃើញ គឺជា​ទិដ្ឋភាព ១ ផ្នែក​នៃ​ទីក្រុង​ភ្នំពេញ​ដែល​ត្រូវបាន​បំផ្លាញ និង​បោះបង់ចោល​ដោយសារ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍​ប៉ុល ពត​កាលពី​ឆ្នាំ ១៩៧៥-១៩៧៩។ ក្រោយពី​កម្ពុ​ជាមាន​សន្តិភាព​ពេញលេញ​ជាង ២០ ឆ្នាំ​មកនេះ ទីក្រុង​ភ្នំពេញ​ត្រូវបាន​អភិវឌ្ឍ​ឲ្យ​រីកលូតលាស់​ទៅមុខ​ឥតឈប់ឈរ។ យើង​ត្រូវ​រួមគ្នាថែរក្សា ការពារ​សន្តិភាព​ឲ្យ​ខាងតែបាន ដើម្បី​កុំ​ឲ្យ​ប្រទេសជាតិ​វិល​ធ្លាក់​ទៅក្នុង​ភ្នក់ភ្លើង​នៃ​សង្គ្រាម និង​ការបំផ្លិចបំផ្លាញ​សាជាថ្មី»។

កាលពី​ថ្ងៃ​ចន្ទ លោក ហ៊ុន សែន ក៏បាន​បង្ហោះ​រូបថត​ចាស់​របស់លោក​ជាមួយនឹង​ភរិយា១សន្លឹក​ផងដែរ​ដើម្បី​ប្រៀបធៀប​អតីតកាល និង​បច្ចុប្បន្នកាល។ លោក​ថ្លែងថា៖ «មើល​រូបថត​ខ្ញុំ និង​ភរិយា គឺ​មិនគួរ​ឲ្យ​ជឿថា កម្ពុជា​យើង​បាន​រីកចម្រើន​លឿន​មកដល់​ដំណាក់កាល​នេះ! យើង​លំបាក​វេទនា​ខ្លាំងណាស់ ទម្រាំ​បាន​ឆ្លង​រួចផុតពី​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍​ប៉ុលពត»។

លោក​បន្តថា៖ «នៅពេលនេះ យើង​ឃើញស្រាប់​នឹង​ភ្នែក​ហើយ សំណង់​អគារ​ទាប​ខ្ពស់​តូចធំ ផ្លូវថ្នល់​ខ្វាត់ខ្វែង​ស្ពាន​អាកាស និង​រោងចក្រ សាលារៀន​មន្ទីរពេទ្យ បូរី សណ្ឋាគារ និង​ផ្សារ​ទំនើប...កំពុង​កើតឡើង​យ៉ាងច្រើន​បន្តបន្ទាប់​នៅក្នុង​ប្រទេស។ កម្ពុជា​ធ្លាប់បាន​ឆ្លងកាត់​ឆ្អែត ដោយសារ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ដូច្នេះ​យើង​ត្រូវតែ​ទប់ស្កាត់​មិន​ឲ្យ​កើតមានឡើង​សាជាថ្មី​ទៀតឡើយ។ ខ្ញុំ​សប្បាយចិត្ត និង​មាន​ជំនឿ​ជឿជាក់​លើ​ការខិតខំ​ប្រឹងប្រែង​របស់​បង​ប្អូន និង​ការចូលរួម​ដ៏​សកម្ម​ពី​វិស័យ​ឯកជន​ដែល​បាន​កែប្រែ​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​កាន់តែ​ល្អប្រសើរ ព្រមទាំង​បាន​ជួយ​ពង្រឹង​ដល់​ខឿន​សេដ្ឋកិច្ចជាតិ​រឹងមាំ​ទៀតផង។ នៅក្រោម​ការដឹកនាំ​រប​ស់​ខ្ញុំ គឺ​សូម​ធានា​ច្បាស់​ថា កម្ពុជា​នឹង​បន្ត​រស់នៅក្នុង​ម្លប់​សន្តិភាព​ដ៏​យូរអង្វែង ដែលជា​បំណងប្រាថ្នា​របស់​ប្រទេសជាតិ​យើង​ទាំងមូល»។

អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ បាន​ថ្លែងថា មិនមាន​អ្វី​ថ្មី​ទេ​នូវ​អ្វីដែល​លោក ហ៊ុន សែន បាន​បង្ហោះ​នោះ ដោយសារ​គាត់​បាន​ប្រើប្រាស់​សន្តិភាព និង​ការអភិវឌ្ឍ ជាជាង​ប្រជាប្រិយភាព​នៃ​ការគាំទ្រ​ដើម្បី​ធ្វើ​ឲ្យ​អំណាច​របស់គាត់​ស្របច្បាប់។ ទោះយ៉ាងណា លោក​មិនបាន​ជំទាស់​នឹង​លោកនាយក​រដ្ឋមន្ត្រី​ទេ ចំពោះ​ការអភិវឌ្ឍ​ប្រទេស​នេះ ប៉ុន្តែ​លោក​បាន​ថ្លែងថា រាជធានី​ភ្នំពេញ មិនមែន​ត្រូវបាន​បោះបង់ចោល​ដោយសារតែ​សង្គ្រាម​ទេ ប៉ុន្តែ​ត្រូវ​បោះបង់ចោល​ដោយសារ​​​អំពើ​ប្រល័យពូជសាសន៍​ប៉ុលពត។

លោក​បន្ថែមថា៖ «ការជម្លៀស​មនុស្ស​ទាំង​បង្ខំ​ចេញពី​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ដទៃទៀត​គឺ​ដោយសារ​អសមត្ថភាព​របស់​ខ្មែរក្រហម ក្នុងការ​គ្រប់គ្រង​មនុស្ស​ទាំងនោះ​ដែល​ត្រូវបាន​មើលឃើញថា ជាស​ត្រូវ​របស់​ពួកគេ ដូច្នេះ​បំណង​របស់​ពួកគេ​គឺ​បំផ្លាញ​សត្រូវ​របស់​ពួកគេ ដោយ​សមាសភាព​កុ​ម្មុយនី​ស្ត​និយម​របស់​ពួកគេ​មិនមែន​ដោយសារ​សង្គ្រាម​ដូចដែល​បាន​អះអាង​នោះទេ»។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ថ្លែងថា ក្នុងនាម​ជា​អ្នកនយោបាយ​ម្នាក់​លោកនាយក​រដ្ឋមន្ត្រី តែងតែ​ចង់បង្ហាញ​ដល់​គូប្រជែង​របស់លោក ដែល​តែងតែ​និយាយថា ប្រទេស​កម្ពុជា​ក្រីក្រ។

ម្យ៉ាងវិញទៀត គាត់​ចង់​បង្ហាញថា ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍ​ដូចនេះ​គឺ​ដោយសារតែ​កម្ពុជា​មា​នស​ន្តិ​ភាព។ «ចំណុច​ទី ២ គឺ​យុវជន មិន​ធ្លាប់បាន​ឆ្លងកាត់​សម័យ​នោះទេ ហើយ​ពួកគេ ក៏​មិន​ចូលចិត្ត​អាន​សៀវភៅ​ដែរ ប៉ុន្តែ​ពួកគេ​ចូលចិត្ត​លេង​ហ្វេ​សប៊ុ​ក។ ដូច្នេះហើយ​ហ្វេ​ស​ប៊ុ​ក​អាច​នាំ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​នេះ​ទៅដល់​ពួកគេ​បាន»៕