ភ្នំពេញៈ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កាលពី​ម្សិលមិញ​បាន​ថ្លែង​នៅលើ​ទំព័រ​ហ្វេសប៊ុក​ក្នុង​ការ​ឃោសនា​សារ​នយោបាយ​ដើម្បី​រក​សំឡេង​ឆ្នោត​ដោយ​លោក​អះអាង​ថា​ក្នុង​អាណត្តិ​ទី​ ៥ ​កន្លង​មក​កម្ពុជា​បាន​ឆ្លងកាត់​ស្ថានការណ៍​ «​ដ៏គ្រោះ​ថា្នក់​» ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់​លោក​បាន​ទប់ស្កាត់​ទាន់​ពេលវេលា​ចំពោះ​អ្វី​ដែល​លោក​ហៅថា​ជា​ «​ឧបាយកល​បដិវត្តន៍​ពណ៌​» ​ដែល​អាច​នាំ​ជាតិ​ទៅ​រក​ «​គ្រោះមហន្តរាយ​» ជា​ការ​ចោទប្រកាន់​ដែល​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ច្រានចោល​។

សារ​នយោបាយ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ចំ​ថ្ងៃទី​ ៦ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​គណបក្ស​នយោបាយ​ចំនួន ២០ កំពុង​ស្វះស្វែង​រក​សំឡេងឆ្នោត​នៅ​ទូទាំង​ប្រទេស​ដោយ​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូប្រជែង​យូរ​ឆ្នាំ​ដ៏ខ្លាំងក្លា​របស់​គណបក្ស​កាន់​អំណាច​ចូលរួម​នោះ​។

តាមរយៈ​ការលើក​ឡើង​ពី​សមិទ្ធផល​នានា​ដែល​គណបក្ស​កាន់​អំណាច​សម្រេច​បាន​នា​អាណត្តិ​កន្លង​មក​លោក ហ៊ុន សែន បាន​អះអាង​ពី​ការដឹកនាំ​ប្រទេស​ទប់ស្កាត់​ «​ឧបាយកល​បដិវត្តន៍​ពណ៌​» ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដែល​ហាក់​សំដៅ​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ កាលពី​ចុង​ឆ្នាំ​មុន ​ហើយ​អតីត​មេបក្ស​ប្រឆាំង​លោក កឹម សុខា កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ជិត​ព្រំដែន​ប្រទេស​វៀតណាម លើ​ការចោទ​ប្រកាន់​ពី​បទ​ «​ក្បត់ជាតិ​» ឃុបឃិត​ជាមួយ​សហរដ្ឋអាមេរិក ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។

លោក​ថ្លែង​ថា​៖ «​នៅក្នុង​នីតិកាល​ទី​ ៥ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​រូបខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី​បាន​ដឹកនាំ​ប្រទេស ឆ្លងកាត់​ស្ថានការណ៍​នានា​ដ៏គ្រោះថ្នាក់​ការពារ​រឹងមាំ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​ដោយ​បាន​រាំង​ស្កាត់​ទាន់​ពេលវេលា​នៃ​ឧបាយកល​បដិវត្តន៍​ពណ៌​របស់​មជ្ឈដ្ឋាន​នៅក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស ដែល​ប៉ុនប៉ង​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ដែល​នឹង​នាំ​ជាតិ​ទៅ​រក​គ្រោះមហន្តរាយ​ជាថ្មី​ទៀត​»​។

ព្រម​ជាមួយ​គ្នា​នេះ​លោក​ថា​៖ «​សន្តិភាព ស្ថិរភាព​នយោបាយ​រឹងមាំ បាន​ផ្តល់​ភាព​អំណោយផល​យ៉ាង​ខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ឲ្យ​សម្រេច​បាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ពិសេស​សមិទ្ធផល​ថ្មីៗ​លើ​គ្រប់​វិស័យ ផ្លូវ​ស្ពាន​ប្រព័ន្ធ​ធារាសាស្ត្រ ទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ជាដើម​។ លោក​បន្ត​ថា​៖ «​ព្រម​ជាមួយ​នេះ​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​ការគោរព​អនុវត្ត​ច្បាប់​ក៏​កាន់តែ​ត្រូវ​បាន​ពង្រឹង​។ សមិទ្ធផល​ដ៏ថ្លៃថ្លា​ទាំងអស់​នេះ​កំពុង​បង្កើន​ភាពអនុគ្រោះ​ឲ្យ​ប្រជាជន​យើង​បន្ត​ឈាន​ទៅ​មុខ​បាន​កាន់​តែ​លឿន និង​សម្រេច​ជោគជ័យ​កាន់តែ​ធំ​ឡើង​គឺ​ការកសាង និង​ការពារ​មាតុភូមិ​»​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន ដើម្បី​សម្រេច​ជោគ​វាសនា​ប្រទេស​ដោយ​អះអាង​ថា គណបក្ស​របស់​លោក​មាន​កម្មវិធី​នយោបាយ​ «​ដ៏ត្រឹមត្រូវ​»​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ការបោះឆ្នោត​មាន​អត្ថន័យ​សំខាន់​បំផុត ចំពោះ​ជោគវាសនា​របស់​ជាតិ​ជាការ​បោះឆ្នោត​ដែល​នឹង​សម្រេច​ភាព​គង់វង្ស យូរអង្វែង​នៃ​សន្តិភាព និង​ការ​អភិវឌ្ឍ​សម្រាប់​យើង​ទាំងអស់​គ្នា​។ អាស្រ័យ​ហេតុ​នេះ​សូម​បងប្អូន​ជនរួមជាតិ ដែល​បាន​ឃើញ​ច្បាស់​ហើយ​នូវ​ប្រពៃណី​ស្នេហា​ជាតិ សមិទ្ធផល​គ្រប់​វិស័យ និង​កម្មវិធី​នយោបាយ​ដ៏ត្រឹមត្រូវ​របស់​គណបក្ស​»​។

ប៉ុន្តែ​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា ការលើក​យក​សមិទ្ធផល​តាមរយៈ​ការទប់ស្កាត់​ការចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​ការ​ធ្វើ​បដិវត្តន៍​ពណ៌​មិនមែន​ជា​គុណសម្បត្តិ​ទេ តែ​ជា​គុណវិបត្តិ​ទៅ​វិញ ដោយ​ទង្វើ​របស់​រដ្ឋាភិបាល​កំពុង​ស្ថិត​ក្រោម​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​។

លោក​ថ្លែង​ថា​៖ «​ទោះ​គាត់​យល់​ថា​ការ​កម្ទេច​គណបក្ស​ប្រឆាំង​គឺជា គុណសម្បត្តិ ប៉ុន្តែ​ខ្ញុំ​មិន​យល់​ថា​ជា​គុណសម្បត្តិ​ទេ ជា​គុណវិបត្តិ​ទៅវិញ​ទេ​។ ឥឡូវ​កំពុង​តែ​នាំ​ទុក្ខ​ដល់​គណបក្ស​ប្រជាជន​ដែល​ជា​គណបក្ស​កាន់​អំណាច​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ដែរ​»​។

លោក​ ច័ន្ទរ័ត្ន បញ្ជាក់​ថា​ការប្រកួតប្រជែង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ វា​អត់​មាន​អី​ខុស​នឹង​គោលការណ៍​ប្រជាធិបតេយ្យ​ហើយ​ទង្វើ​របស់​បក្ស​កាន់​អំណាច ចំពោះ​គណបក្ស​ប្រឆាំង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ និង​អន្តរជាតិ​យល់​ថា ជា​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ទៅវិញ​ទេ​។

លោក​បន្ត​ថា​៖ «​ជាពិសេស​រាជរដ្ឋាភិបាល​ក្រោយពី​បាន​កម្ទេច​គណបក្ស​ប្រឆាំង​ធំ​ជាងគេ​ក្នុង​ប្រទេស​រួច​មក​មាន​ការគាបសង្កត់​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ខ្លាំង​ដោយ​គេ​មើល​ឃើញ​ថា មិនមែន​ជា​រឿង​ដូច​ដែល​គាត់​យល់​នោះ​ទេ មិនមែន​ជា​រឿង​បដិវត្តន៍​ពណ៌​មិនមែន​ជា​រឿង​ការ​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ ឬ​ក៏​ធ្វើឲ្យ​មាន​អស្ថិរភាព​ក្នុង​ប្រទេស​ទេ វា​ជា​រឿង​ប្រជាធិបតេយ្យ​សុទ្ធសាធ​»​។

លោក មាស នី អ្នកវិភាគ​នយោបាយ​យល់​ថា​ការ​បន្ត​ពន្យល់​ពលរដ្ឋ​អំពី​ការ​កម្ចាត់​បដិវត្តន៍​ពណ៌ ឬ​រំលាយ​អតីត​គណបក្ស​ប្រឆាំង​របស់​លោក​ ហ៊ុន សែន គឺជា​វិធីសាស្ត្រ​មួយ​របស់​គណបក្ស​កាន់​អំណាច​យូរអង្វែង​មួយ​នេះ ដើម្បី​ទប់​កំហឹង​ពលរដ្ឋ​ច្រើន​លាន​នាក់​ដែល​ធ្លាប់​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ថ្លែង​ថា​៖ «​មាន​ការ​ខុស​គ្នា​ពី​មុន​ហេតុអ្វី​បានជា​គាត់​ឥឡូវ​ខំប្រឹង​ម្ល៉េះ​? វា​អាច​ថា គាត់​មាន​ការ​ព្រួយបារម្ភ​! ពី​មុន​គាត់​ធ្លាប់​និយាយ​ថា​គាត់​មិន​បាច់​ចេញ​ទៅ​ឃោសនា​បោះឆ្នោត​ឲ្យ​ត្រឹម​តែ​មន្ត្រី​គាត់​ចេញ​ទៅ​ក៏​គណបក្ស​ប្រជាជន​ឈ្នះ​ដែរ ប៉ុន្តែ​ម្ដង​នេះ​គាត់​ត្រូវ​ធ្វើ​ខ្លួនឯង​»​។

បើ​តាម​លោក​ មាស នីថា ទោះបី​អតីត​គណបក្ស​ប្រឆាំង​ត្រូវ​រំលាយ​ទៅ​ហើយ​ក្ដី​ក៏​រចនាសម្ព័ន្ធ​គណបក្ស​នេះ​នៅ​តែ​ធ្វើឲ្យ​លោក ហ៊ុន សែន ព្រួយបារម្ភ​អំពី​យុទ្ធនាការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត​របស់​ពួកគេ​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​បើ​យើង​មើល​ពី​គណបក្ស​​តូចៗ​វា​ពិតជា​មិន​មាន​បក្ស​ណា​មួយ អាច​ទៅ​ដណ្ដើម​យក​ជ័យជម្នះ​ណា​មួយ​ពី​គណបក្ស​កាន់​អំណាច​បាន​ទេ​ ប៉ុន្តែ​ក្ដីបារម្ភ​មួយ​ដែល​យើង​អាច​ឃើញ ទោះបី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ចូលរួម​ក្នុង​ការប្រកួត​ការបោះឆ្នោត​ក៏ដោយ​ប៉ុន្តែ​ព្រលឹង​សង្គ្រោះ​ជាតិ​នៅ​តែ​តាម​ប្រកួត​ជាមួយ​ការបោះឆ្នោត​រហូត​...»៕