ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រី្ត ហ៊ុន សែន បាន​ស្នើ​សុំ​វ៉ាក់​សាំង​កូវីដ​ ១៩ ចំនួន ៤ លាន​ដូស ពី​សហរដ្ឋ​អាមេរិក ខណៈ​លោក​បារម្ភ​ពី​គម្លាត​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង នឹង​ធ្វើ​ឲ្យ​មាន​វិសមភាព សម្រាប់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី២៦ ស្តីពី​អនាគត​របស់​អាស៊ី ក្រោម​ប្រធាន​បទ ការ​រៀបចំ​សម័យ​កាល​ថ្មី ក្រោយ​វិបត្តិ​កូវីដ តួនាទី​របស់​អាស៊ី ក្នុង​ការ​ស្តារ​ពិភព​លោក​ឡើង​វិញ ដែល​ធ្វើ​ឡើង​តាម​អនឡាញ នៅ​ថ្ងៃទី ២០ ឧសភា។

លោកបាន​លើក​ឡើង​ថា ការ​ទទួល​បាន​វ៉ាក់​សាំង​ដែល​អាច​ធានា​បាន​នូវ​ភាព​ស៊ាំ​សហគមន៍ (Herd Immunity) នឹង​ត្រូវ​ចំណាយ​ពេល​យូរ​ទៀត ស្រប​ពេល​ដែល​គម្លាត​នៃ​ការ​ទទួល​បាន​វ៉ាក់​សាំង រវាង​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍ នឹង​ធ្វើ​ឱ្យ​មាន​វិសមភាព​សម្រាប់​ការ​ងើប​ឡើង​វិញ នៃ​សេដ្ឋកិច្ច។

ការ​បញ្ជាក់​យ៉ាង​ដូច្នេះ ដោយ​លោក សំអាង​ថា មាន​តែ​ប្រទេស​មួយ​ចំនួន​ប៉ុណ្ណោះ អាច​ស្ដារ​សេដ្ឋកិច្ច​ខ្លួន​ឡើង​វិញ​បាន​ប្រសើរ ខណៈ​ដែល​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត នឹង​បន្ត​ប្រឈម​នឹង​ផល​ប៉ះពាល់ ទាំង​ក្នុង​ផ្នែក​សុខាភិបាល និង​ផ្នែក​សេដ្ឋកិច្ច។

លោក​បញ្ជាក់​ថា៖ «ពិភព​លោក​ទាំង​មូល ក៏​កំពុង​បន្ត​ប្រឈម​នឹង​វិបត្តិ និង​ហានិភ័យ​ជាច្រើន​ទៀត​ផង​ដែរ ជា​ពិសេស ការ​កើន​ឡើង​នូវ​ភាព​តានតឹង​នៃ​ស្ថានភាព​ភូមិ​សាស្ត្រ​នយោបាយ​តំបន់ និង​សង្គ្រាម ពាណិជ្ជកម្ម និង​បច្ចេក​វិទ្យា​រវាង​ប្រទេស​មហា​អំណាច​នានា ក៏​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ សកល​សម្រាប់ ទាំង​រយៈពេល​ខ្លី និង​វែង​ខាង​មុខ»។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់​បន្ថែម​ថា កម្ពុជាបាន​ស្នើ​សុំ​ទៅ​សហរដ្ឋ​អាមេរិក នូវ​វ៉ាក់សាំង​ចំនូន ៤ លាន​ដូស ហើយ​កម្ពុជា ចាំ​ស្វាគមន៍​រាល់​វ៉ាក់សាំង​ពី​បណ្ដា​ប្រទេស​នានា ដែល​ចង់​ផ្តល់​ជូន​ដល់​កម្ពុជា ដើម្បី​ចូល​រួម​ពន្លឿន​ភាព​ស៊ាំ​សហគមន៍​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «យើង​ត្រូវ​ខិតខំ​ស្វែង​រក​វ៉ាក់សាំង ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ របស់​យើង។ យើងខ្ញុំ​ក៏​បាន​ស្នើ​សុំ​ទៅ​អាមេរិក​នូវ​វ៉ាក់​សាំង​ផងដែរ គឺ​សុំ ៤​លាន​ដូស។ ប៉ុន្តែ​មក​ដល់​ម៉ោង​នេះ យើង​ខ្ញុំ​អត់​ទាន់​ទទួល​បាន​ចម្លើយ​ណា​មួយ​ពី​សហរដ្ឋ​អាមេរិក​ទេ»។

កាលពីថ្មីៗ​នេះ អាមេរិក បាន​ប្រកាស​ផ្តល់​ថវិកា​ជាង ៤ ពាន់​លាន​ដុល្លារ ដល់​បណ្ដា​ប្រទេស​ផ្សេងៗ តាម​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភព​លោក​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ដល់​បណ្តា​ប្រទេស​ក្រីក្រ។

ជាមួយ​នឹង​ការ​ប្រកាស​ផ្តល់​ថវិកា​នេះ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង ១ លាន ១ សែន​ដូស នៅ​ត្រឹម​ដំណាច់​ខែ​ឧសភា រួម​នឹង​ទទួល​បាន​ជា​បន្តបន្ទាប់​ទៀត​ក្នុង​ពេល​ខាង​មុខ។ នេះ​បើ​តាម​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​ ១៨ ឧសភា។

បន្ថែមពី​នេះ លោក W. Patrick Murphy បាន​ឱ្យ​ដឹង​ថា អាមេរិក ក៏​នឹង​ផ្តល់​ថវិកា​ជាង ១១ ​លាន​ដុល្លារ សម្រាប់​កម្ពុជា នៅ​អំឡុង​ពេល​រាតត្បាត​កូវីដ​ ១៩ ជា​សកល​នេះ​ផងដែរ៕

វីដេអូ៖