ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បានបង្ហាញ​ការប្តេជ្ញាចិត្ត តាមរយៈ​សារ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ នៃ​ថ្ងៃ​ជ័យជម្នះ​ ៧​មករា ដោយ​រក្សា​ភាពជា​ម្ចាស់​ក្នុង​ការការពារ​ប្រជាជន​ឱ្យមាន​សុខសន្តិភាព ខណៈ​ការប្រារព្ធពិធី​នេះ​ត្រូវបាន​ផ្អាក​ការជួបជុំ ដើម្បី​ទប់ស្កាត់​កូវីដ​ ១៩ ស្រប​ពេល​ស្ថានទូត​មហាអំណាច​ក៏​​បង្ហាញ​ការចងចាំ​នៃ​ថ្ងៃ​ដួលរលំ​របប​ខ្មែរក្រហម​។

តំណាង​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​សារលិខិត​របស់​លោក​ថា ចាប់ផ្តើម​ពីថ្ងៃ​ជ័យជម្នះ​ ៧មករា ប្រជាជន​កម្ពុជា​បាន​ជ្រោង​ទង់​មហាសាមគ្គី​ជាតិ​ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​ការពារ​ការរស់រាន​មាន​ជីវិត​របស់ខ្លួន ស្តារ និង​កសាង​ប្រទេស​ឡើងវិញ​ពី​ចំណុច​សូន្យ​ធ្វើឱ្យ​មាន​​ការផ្លាស់ប្តូរ រីកចម្រើន​ជា​ជំហានៗ​រហូត​មក​ដល់​បច្ចុប្បន្ន​។

លោក​បន្តថា បើទោះ​ជា​ឆ្នាំ​នេះ​​តម្រូវឱ្យ​ផ្អាក​ការជួបជុំ​ធ្វើ​មីទ្ទិង​​ដោយសារ​តែ​បញ្ហា​ជំងឺ​កូវីដ​ ១៩ ​ក៏​អត្ថន័យ និង​ស្មារតី​ជ័យជម្នះ ៧មករា នៅតែ​រស់រវើក​ជានិច្ច​ក្នុង​មនសិការ​របស់​ប្រជាជន​កម្ពុជា ព្រោះ​ថ្ងៃនេះ ប្រជាជន​កម្ពុជា​បាន​ប្រសិទ្ធ​នាម​ជា​ថ្ងៃ​កំណើត​ទី​២ របស់​ខ្លួន ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការកកើតឡើង​​វិញ​ និង​ការរីកចម្រើន​នូវ​អ្វីៗ​​គ្រប់យ៉ាង ដែល​ជា​គុណតម្លៃ​សម្រាប់​សង្គមជាតិ​។

លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​ខ្ញុំព្រះករុណាខ្ញុំ សូម​បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការរក្សា​ភាព​ជា​ម្ចាស់​លើ​ការងារ​ជា​អាទិភាព​ចម្បង​ទាំង​ ២ គឺ​ទី​១ ការរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការគ្រប់គ្រង​ស្ថានការណ៍ និង​ទី​២ គឺ​ការរក្សា​ស្ថិរភាព ម៉ាក្រូ​សេដ្ឋកិច្ច​ឱ្យ​ល្អប្រសើរ និង​បន្ត​ជំរុញ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​រាល់ភារកិច្ច​ដែល​ខ្ញុំ ព្រះករុណា​ខ្ញុំ​បាន​ដាក់​ចេញ ដើម្បី​សន្តិភាព សុវត្ថិភាព សុខុមាលភាព​ប្រជាជន និង​ការអភិវឌ្ឍ​»​។

ក្រៅពី​ការប្តេជ្ញា​នេះ​លោក​ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​សន្តិភាព​ដែលមាន​តម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន ព្រោះ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ ហើយ​ការរក្សា​វា​បាន​ទើប​ធ្វើឱ្យ​កម្ពុជា​អាច​ងើបឈរ​ឡើង​ដោយ​ខ្លួនឯង និង​បាន​បោះជំហាន​ទៅមុខ​លើ​វិថី​អភិវឌ្ឍន៍​។

លោក​បាន​រំឭក​ថ្ងៃ​ ៧មករា ឆ្នាំ​ ១៩៧៩ គឺជា​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​ត្រូវបាន​សង្គ្រោះ និង​រំដោះ​ចេញផុត​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅថា​របប​ប្រល័យ ពូជសាសន៍​ខ្មែរក្រហម ដឹកនាំ​ដោយ ប៉ុល ពត ដែល​បាន​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​វាលពិឃាត​ដ៏ខ្មៅ​ងងឹត​អស់​រយៈពេល​ ៣ ​ឆ្នាំ ៨ ​ខែ និង​ ២០ ​ថ្ងៃ​។ របប​ដ៏ឃោរឃៅ​ព្រៃផ្សៃ​យង់ឃ្នង​នេះ បាន​ធ្វើឱ្យ​បាត់បង់​ជីវិត​មនុស្ស​ស្លូតត្រង់​អស់​រាប់លាន​នាក់ ហើយ​ប្រទេស​ជាតិ​ទាំងមូល​បាន​វិនាស​អន្តរាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត​។

រីឯ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​ថា ថ្ងៃ​ ៧មករា​ នេះ​យើង​ចងចាំ​នូវ​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ដែល​បាន​បាត់បង់​ជីវិត​ ឬ​បាន​រង​ទុក្ខ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​។

ស្ថានទូត​នេះ​បាន​បញ្ជាក់ថា​៖ «​សហរដ្ឋអាមេរិក​នៅ​តែ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការជួយ​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា និង​បំណងប្រាថ្នា​របស់​ពួកគេ​ឱ្យមាន​យុត្តិធម៌ ប្រជាធិបតេយ្យ ឯករាជភាព និង​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ព្រមទាំង​ធានា​បាន​ថា សោកនាដកម្ម​បែបនេះ​នឹងមិន​កើតឡើង​ទៀតឡើយ​»​។

ចំណែក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា Anatoly Borovik ក៏បាន​សរសេរ​លើ​បណ្តាញ twitter របស់លោក​ថា ថ្ងៃនេះ [៧មករា​] ​គឺជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​សន្តិភាព និង​ស្ថិរភាព​នៅ​កម្ពុជា​។ ​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​រីករាយ និង​មាន​មោទនភាព​ដែល​ប្រទេស​រុស្ស៊ី​ស្ថិតក្នុង​ចំណោម​មិត្ត​ដំបូងបង្អស់​របស់​ប្រជាជាតិ​នេះ ដែល​ក្នុង​គ្រា​នោះ​បាន​ជួយ​កសាង​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​សរសេរ​លើ​ហ្វេសប៊ុក​ពី​ថ្ងៃ​ទី​ ៦ មករា​ថា ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង​ធ្វើដំណើរ​លើ​គន្លង​វិថី​ប្រជាធិបតេយ្យ​សេរីពហុបក្ស​​នោះ ពហុមតិ​ទៅលើ​បញ្ហា​នានា​ក៏មាន​ទៅតាម​នោះដែរ​។ ​

លោក​បន្តថា អត្ថន័យ​នៃ​ថ្ងៃ​ ៧មករា ហាក់​ត្រូវបាន​កំណត់ដោយ​ផ្អែក​​លើ​ទស្សនៈ និង​គោលជំហរ​នយោបាយ ជា​ជាង​តម្លៃ​នៃ​សច្ចភាព​ប្រវត្តិសាស្ត្រ​។ ​ប៉ុន្តែ​សម្រាប់​លោក​ “​ថ្ងៃ​៧​មករា​” ​គឺជា​ថ្ងៃ​រស់រាន​មានជីវិត​ជាថ្មី​ថ្ងៃកំណើត​នៃ​ការអភិវឌ្ឍ និង​ជា​ប្រភព​កំណើត​នៃ​សន្តិភាព​នៅ​កម្ពុជា ក្រោយ​ពេលដែល​ភ្លើង​សង្គ្រាមស៊ីវិល​បាន​ឆាបឆេះ​ឡើង​។

លោក​ថា​៖ «​យើង​មើលឃើញ​អំពី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​យើង​។ ​យើង​រក្សាបាន​នូវ​ស្ថិរភាព​​នៃ​ម៉ាក្រូសេដ្ឋកិច្ច រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​ជាង​ ៧ ​ភាគរយ​ពិត​ ២ ​ទសវត្សរ៍​មក​​ហើយ​,​ប្រាក់ចំណូល​របស់​ពលរដ្ឋ​​ម្នាក់ៗ​ដែល​ពី​មុន យើង​ធ្លាប់​បាន​ត្រឹម​តែ ១០០ ​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ តែ​ឥឡូវនេះ​កើន​ដល់​ទៅជិត ២ ០០០ ​ដុល្លារ​»​។

ជា​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​លោក​យល់​ថា កម្ពុជា​នឹង​ប្រែក្លាយជា​ប្រទេស​មួយ​ដែល​កំពុង​ធ្វើ​សមាហរណកម្ម​​ខ្លួន​យ៉ាងសកម្ម​ទៅក្នុង​រចនាសម្ព័ន្ធ និង​និម្មាបនកម្ម​តំបន់ និង​ពិភពលោក និង​ជា​ប្រទេស​ដែល​កំពុងតែ​ដើរតួនាទី​យ៉ាងសកម្ម​ដោយ​ស្មើ​សិទ្ធិ និង​ស្មើភាព​ក្នុង​គ្រប់​កិច្ចការ​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ​។

ក៏ប៉ុន្តែ​លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​បញ្ហានយោបាយ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការប្រកាស​ប្តេជ្ញា​រក្សា​ភាព​ជា​ម្ចាស់ ដើម្បី​ការពារ​ប្រជាជន​ឱ្យមាន​សុខ​សន្តិភាព​របស់​លោកនាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន គឺ​មិនមាន​អ្វី​ប្លែក​នោះទេ ព្រោះ​មេដឹកនាំ​គ្រប់​ប្រទេស​គឺ​តែងតែ​ប្រកាស​បែបនេះ​។

សម្រាប់​រូបលោក​ថ្ងៃទី​ ៧ ​ខែ​ មករា ឆ្នាំ​ ១៩៧៩ គឺជា​ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដោយ​កងទ័ព​វៀតណាម​​ដែល​បាន​ចូលមក​រំលំ​កម្ពុជា​ប្រជាធិបតេយ្យ​។ ព្រឹត្តិការណ៍​នេះ​ក៏​ត្រូវបាន​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​កោះប្រជុំ ដើម្បី​សុំឱ្យ​កងទ័ព​​បរទេស​ដកថយ​ចេញពី​កម្ពុជា​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ថ្ងៃ​ ៧ ​មករា ​នេះ​ មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​មនុស្សជាតិ​កម្ពុជា​ឬទេ​?

(​ខ្ញុំ​) ​គិតថា ២៥ ​ធ្នូ​ ១៩៧៨ ថ្ងៃ​ណូអែល ថ្ងៃ​វៀតណាម​បញ្ជូន​​ទ័ព​ឆ្លងកាត់​ព្រំដែន​ចូល​មក​រំលំ​​របប​ខ្មែរក្រហម និង​កាន់កាប់​​ប្រទេស​កម្ពុជា​។ អន្តរជាតិ​គេ​ខ្វល់​តែ​ពី​រឿង​វៀតណាម​ឈ្លានពាន​ទេ អត់​និយាយ​ដល់​ ៧ មករា និង​រដ្ឋាភិបាល ៧ ​មករា​នោះទេ​» ៕