ភ្នំពេញៈ ស្របពេលដែលបណ្តាប្រទេសចំនួន ១៧៩ ប្រារព្ធទិវាប្រជាជនពិភពលោកលើកទី៣០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការប្តេជ្ញាចិត្តក្នុងការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយ «គ្មាននរណាម្នាក់ ត្រូវបានបំភ្លេចចោល» (Leaving no one behind) បើទោះបីជាកម្ពុជានៅមានបញ្ហាប្រឈមចម្បងៗមួយចំនួនក៏ដោយ។
បើតាមសារលិខិតរបស់លោក ហ៊ុន សែន និងមូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជន UNFPA ទិវាប្រជាជនពិភពលោក លើកទី៣០ ក្នុងឆ្នាំនេះ បានជ្រើសរើសប្រធានបទ «ខួប ២៥ ឆ្នាំនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ» ដែលមានប្រទេស ១៧៩ ប្រទេស រួមគ្នាអបអរក្នុងការឆ្លុះបញ្ចាំងអំពីសមិទ្ធផលសំខាន់ៗដែលប្រជាជាតិនីមួយៗសម្រេចបានក្នុងរយៈពេល ២៥ ឆ្នាំ នៃការអនុវត្តផែនការសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ នៅទីក្រុងគែរ ប្រទេស អេហ្ស៊ីប ឆ្នាំ ១៩៩៤។
សន្និសីទអន្តរជាតិនេះបានទទួលស្គាល់អំពីទំនាក់ទំនងទៅវិញទៅមក រវាងប្រជាជន និងការអភិវឌ្ឍរួមទាំងការអំពាវនាវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការផ្តល់ភាពអង់អាចដល់ស្ត្រី ការលើកកម្ពស់សុខភាពបន្តពូជ និងសិទ្ធិរបស់ស្ត្រីដើម្បីដាក់បញ្ចូលបញ្ហាទាំងនេះ ក្នុងការអភិវឌ្ឍជាតិ តំបន់ និងសកលលោក។
សារលិខិតលោកនាយករដ្ឋមន្ត្រី បានសរសេរថា ក្នុងរយៈពេល ២៥ ឆ្នាំ កន្លងមកនេះ កម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើន ដូចជា កំណើនប្រជាជន និងសុខភាពបន្តពូជ សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ នគរូបនីយកម្ម និងទេសន្តរប្រវេសន៍ និងការអប់រំព្រមទាំងការគាំពារជនងាយរងគ្រោះជាដើម។
លោកនាយករដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលជាច្រើនចំណុច ដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ២៥ ឆ្នាំ កន្លងមកនេះ ប៉ុន្តែលោកបញ្ជាក់ថា លោកមិនទាន់ពេញចិត្តនៅឡើយ នូវសមិទ្ធផលដែលសម្រេចបាននេះ ដោយលោកនៅបន្តជំរុញឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់គ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់ថ្នាក់ ព្រមទាំងប្រជាជនគ្រប់រូប បន្តគាំទ្រ និងចូលរួមដោះស្រាយបញ្ហាទាំងនេះ ប្រកបដោយគុណភាព និងការប្តេជ្ញាចិត្តក្នុងការឈានទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយ «គ្មាននរណាម្នាក់ ត្រូវបានបំភ្លេចចោល»។
លោក ហ៊ុន សែន ថ្លែងក្នុងសារលិខិតទៀតថា៖ «ទោះបីជារាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលដ៏ធំធេងគួរឲ្យកត់សម្គាល់ដូចបានលើកឡើងនេះក្តីក៏លទ្ធផលនៅមិនទាន់ឈានដល់កម្រិតដែលយើងចង់បាននៅឡើយជាពិសេសបញ្ហាប្រឈមចម្បងៗនៅតែមានដូចជា ផ្នែកគុណភាពសេវាជាដើម»។
ក្នុងស្មារតីនេះ លោក ហ៊ុន សែន ឲ្យដឹងថា នៅខែវិច្ឆិកាខាងមុខ កម្ពុជានឹងចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ ដែលនឹងប្រារព្ធធ្វើនៅទីក្រុងណៃរ៉ូប៊ីនៃសាធារណរដ្ឋកេនយ៉ា ដែលជាខួបលើកទី២៥ ឆ្នាំ នៃការអនុវត្តផែនការសកម្មភាពរបស់ប្រជាជាតិនីមួយៗ។
ក្នុងន័យនេះ លោកបញ្ជាក់ថា៖ «កម្ពុជាបន្តប្តេជ្ញាចិត្តអនុវត្តទាំងស្រុង និងប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពនេះ និងទទួលស្គាល់អំពីការពាក់ព័ន្ធនៃផែនការសកម្មភាពនេះទៅនឹងគោលបំណង និងគោលដៅនៃរបៀបវារៈការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០»។
មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA បានលើកឡើងថា កម្ពុជានៅមានការងារជាច្រើនត្រូវធ្វើបន្តទៀត ខណៈផ្អែកតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពក្មេងស្រីដែលមានអាយុចន្លោះពី ១៥ ទៅ ១៩ ឆ្នាំ ប្រហែលជា ១២ ភាគរយ បានក្លាយជាម្តាយ ដែលនេះគឺជាកង្វល់ចំពោះបញ្ហាសុខភាពដែលគួរយក ចិត្តទុកដាក់។ បន្ថែមពីនេះការឆ្លើយតបទៅនឹងតម្រូវការនៃផែនការគ្រួសារ និងការបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ជាបញ្ហាប្រឈម ដែលគួរតែលើកយកមកដោះស្រាយជាអាទិភាពផងដែរ ។
កាលពីម្សិលមិញ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ក៏បានរៀបចំកម្មវិធីមួយដើម្បីអបអរទិវាប្រជាជនពិភពលោក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការដាក់តាំងពិព័រណ៍រូបថតរបាំបុរាណបែបសហសម័យ និងបង្ហាញពីបទពិសោធផ្ទាល់របស់វាគ្មិន ផងដែរ ដែល UNFPA បញ្ជាក់ថា ពិធីនេះ ធ្វើឡើងក្នុងគោលបំណងអំពាវនាវឲ្យភាគីពាក់ព័ន្ធបំពេញបេសកកម្មដែលពុំទាន់បានសម្រេចត្រូវធ្វើឲ្យបានក្នុងឆ្នាំ ២០៣០។
លោក ស ខេង បានថ្លែងក្នុងពិធីកាលពីម្សិលមិញថា ទិវាប្រជាជនពិភពលោកនៅឆ្នាំនេះ ខុសពីឆ្នាំមុនៗ ព្រោះវាជាខួប ២៥ ឆ្នាំ នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍ និងជាខួប ២៥ ឆ្នាំ របស់ UNFPA ដែលមានវត្តមាននៅកម្ពុជា។ លោកបន្តថា រយៈពេល ២៥ ឆ្នាំនេះ កម្ពុជាបានទទួលជោគជ័យក្នុងការផ្តល់សិទ្ធិដល់ស្ត្រី ដែលពួកគេបានទទួលឱកាស និងការសម្រេចចិត្តច្រើនជាងមុន ជាពិសេស គឺការកំណត់ចំនួនកូន ដែលពួកគេចង់បាននៅក្នុងគ្រួសារ ជាពិសេស ជួយអភិវឌ្ឍដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេ។
លោកបញ្ជាក់ថា៖ «ក្នុងបរិបទនេះ យុវជន មានឱកាសច្រើនជាង ២៥ ឆ្នាំមុន ដែលមានឱកាសក្នុងការជួយគ្រួសារ និងសហគមន៍តាមរយៈភាពច្នៃប្រឌិតនិងទេពកោសល្យរបស់ខ្លួន។ នៅពេលក្មេងស្រី និងស្ត្រីទទួលបានសិទ្ធិពេញលេញ នោះទើបយើងអាចសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា»។
លោកស្រី Rizvina De Alwis តំណាងប្រចាំប្រទេសនៃ UNFPA បានថ្លែងតាមរយៈលិខិតមួយថា៖ «នៅក្នុងរយៈពេល ២៥ ឆ្នាំមកនេះ UNFPA និងរាជរដ្ឋាភិបាលកម្ពុជា បានធ្វើយ៉ាងណាឲ្យមនុស្សមានជម្រើស ហើយថ្ងៃនេះ យើងអបអរនូវការដែលយើងមានជម្រើស និងមានភាពជោគជ័យ។ ចាប់ពីស្អែក និងថ្ងៃបន្ទាប់ទៀត យើងនៅតែធ្វើការដើម្បីឲ្យស្ត្រី ក្មេងស្រី និងយុវជន ទទួលបានសិទ្ធិ និងជម្រើស»៕