ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាត់​បន្ថយ​សមាជិក​រដ្ឋាភិបាល​ចេញ​មួយ​ចំនួន​ធំ​សម្រាប់​រដ្ឋាភិបាល​ថ្មី​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​ ៦ ​ចុង​ខែ​ក្រោយ ខណៈ​រដ្ឋាភិបាល​បច្ចុប្បន្ន​ត្រូវ​បាន​រិះគន់​ថា​មាន​សមាជិក​រាប់រយ​នាក់​នោះ​។

ថ្លែង​ក្នុង​ឱកាស​ចូលរួម​ចែក​សញ្ញាបត្រ​ដល់​សិស្ស​មន្ត្រី​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល ពី​ម្សិលមិញ​លោក​ ហ៊ុន សែន ដែល​ដឹកនាំ​រដ្ឋាភិបាល​ចំនួន​ ៥ ​អាណត្តិ​កន្លង​មក​ហើយ​នោះ​បាន​ប្រកាស​កាត់បន្ថយ​សមាជិក​សម្រាប់​តំណែង​រដ្ឋលេខាធិការ​ដោយ​រក្សា​ទុក​តែ​តំណែង​រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​ឧបនាយករដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ​ដែល​ជា​សមាជិក​រដ្ឋាភិបាល​ដឹកនាំ​ដោយ​រូប​លោក​ជា​នាយករដ្ឋមន្ត្រី​។ លោក​ ហ៊ុន សែន បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​បាន​មើល​ឃើញ​ភាពចាំបាច់​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទាក់ទង​នឹង​ក្បាល​ម៉ាស៊ីន​រាជរដ្ឋាភិបាល ហើយ​ថា​គណៈរដ្ឋមន្ត្រី​ទើប​តែ​បាន​ឆ្លង​ច្បាប់​មួយ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​។

លោក​ថ្លែង​ថា​៖ «​រដ្ឋធម្មនុញ្ញ​ ១៩៩៣ ​តម្រូវ​ឲ្យ​ថ្នាក់​រដ្ឋលេខាធិការ​ក៏​ជា​សមាជិក​រដ្ឋាភិបាល​។ ការពិត​រដ្ឋលេខាធិការ​មិនមែន​ទទួល​ខុសត្រូវ​ចំពោះ​មុខ​សភា និង​នាយករដ្ឋមន្ត្រី​ទេ ដាក់​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​នាយករដ្ឋមន្ត្រី និង​សភា​គឺ​មាន​តែ​រដ្ឋមន្ត្រី​ដែល​ជា​ប្រធាន​ស្ថាប័ន​»​។

លោក​បញ្ជាក់​ថា​៖ «​ដូច្នេះ​បាន​ជា​ពេល​រៀបចំ​រាជរដ្ឋាភិបាល​ម្តងៗ​គេ​ឃើញ​សំពីង​សំពោង​រាប់រយ​នាក់​ឯណោះ​។ អ៊ីចឹង​ទេ​បាន​ជា​យើង​ត្រូវ​តែ​ធ្វើការ​កែសម្រួល​ដោយ​ដក​ចេញ​ [​រដ្ឋលេខាធិការ​] ​ដោយ​ទុក​តែ​ថ្នាក់​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ​ដែល​ជា​សមាជិក​របស់​រាជរដ្ឋាភិបាល​»​។

លោក​ថា​មុខ​តំណែង​ទាំងអស់​ខាង​លើ​ត្រូវ​អនុម័ត​ដោយ​រដ្ឋសភា លើកលែង​តែ​មុខ​តំណែង​រដ្ឋលេខាធិការ​គឺ​ត្រូវ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​។

ដោយ​ឡែក​អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ក៏​បាន​ប្រកាស​ថ្មីៗ​នេះ​ដែរ​ថា​នៅ​ពេល​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​រដ្ឋាភិបាល​ថ្មី​នឹង​ត្រូវ​កាត់បន្ថយ​សមាជិក​ឲ្យ​នៅ​សល់​តិច​ជាង​រដ្ឋាភិបាល​បច្ចុប្បន្ន​ប្រមាណ​ ១០ ​ដង​ឯណោះ​។

លោក​ក៏​បាន​រិះគន់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ដែល​មាន​សមាជិក​រាប់រយ​នាក់​នោះ​គឺ​គ្រាន់តែ​ការចែក​អំណាច ចែក​បុណ្យស័ក្តិ​ដើម្បី​ផ្តល់​ឱកាស​ប្រព្រឹត្ត​អំពើ​ពុករលួយ​។

លោក​ រង្ស៊ី ថ្លែង​ថា​៖ «​អ៊ីចឹង​យើង​ត្រូវ​រៀបចំ​រដ្ឋាភិបាល​ឲ្យ​មាន​ទំហំ​ឲ្យ​ក្បាល​ម៉ាស៊ីន​ហ្នឹង​សមស្រប​ឲ្យ​មាន​ប្រសិទ្ធភាព​»​។

អ្នក​វិភាគ​នយោបាយ​លោក​ ឆាំ ប៊ុនថេត និយាយ​ថា​បើ​លោក ហ៊ុន សែន មាន​ឆន្ទៈ​ពិតប្រាកដ​លោក​នឹង​អាច​ធ្វើ​បាន​ដោយ​រៀបចំ​ឲ្យ​មាន​មនុស្ស​តិច ប៉ុន្តែ​ប្រើ​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​ចំណេញ​ដល់​ជាតិ​ដល់​រដ្ឋាភិបាល និង​ក៏​ចំណេញ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​។

លោក​បាន​ថ្លែង​ថា​៖ «​មាន​​រឿង​ច្រើន​មួយ​រយៈពេល​ចុង​ក្រោយ​នេះ [​លោក​ ហ៊ុន សែន​] ​ធ្វើ​បាន​។ ដូច្នេះ​ខ្ញុំ​គិត​ថា​មិនមែន​ជា​រឿង​ពិបាក​សម្រាប់​គាត់​ក្នុង​ការ​ធ្វើ​ទេ​»៕