
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសកាត់ប្រាក់ខែរបស់លោក ៧ ខែ ដើម្បីចូលរួមប្រឆាំងជំងឺកូវីដ ១៩។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាត់ប្រាក់ខែរបស់លោកចំនួន ៧ ខែ ជូនក្រសួងសុខាភិបាល ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយគិតចាប់ពីខែកុម្ភៈដល់ខែសីហា ឆ្នាំ ២០២១។ ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាលបានស្នើឱ្យថ្នាក់ដឹកនាំគ្រប់រាជធានីខេត្តទូទាំងប្រទេសកម្ពុជា ត្រូវយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងនូវការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ ១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍ផងដែរ។
លោក ហ៊ុន សែន បានប្រកាសនៅលើបណ្តាញសង្គមរបស់លោកនៅថ្ងៃម្សិលមិញថា ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមក លោកបានកាត់ប្រាក់បៀវត្សរ៍ទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សរ៍ជូនរដ្ឋរយៈពេល ៧ ខែ ជូនទៅក្រសួងសុខាភិបាល។
លោកថា បៀវត្សរ៍របស់លោកមានចំនួន ១០ លានរៀល ក្នុង ១ ខែត្រូវបង់ពន្ធ ៩១០.០០០ រៀល ក្នុង ១ ខែ និងប្រគល់ជូនក្រសួងសុខាភិបាលចំនួន ៩.៩០០.០០០ រៀល ក្នុង ១ ខែដែលសរុប ៧ ខែ មានចំនួន ៦៣.៦៣០.០០០ រៀល។
លោក ហ៊ុន សែន បានលើកឡើងថា៖ «អាស្រ័យដោយកូវីដ ១៩ បាននិងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សរ៍ទាំងអស់ក្រោយការបង់ពន្ធរយៈពេល ៧ ខែទៀតជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភៈ ឆ្នាំ ២០២១ ដល់ ខែសីហា ឆ្នាំ ២០២១»។
បន្ទាប់ពីមានការប្រកាសពីការកាត់ប្រាក់បៀវត្សរ៍ជូនដល់ក្រសួងសុខាភិបាលបន្តទៀតនេះក៏មានរដ្ឋមន្ត្រី និងមន្ត្រីក្នុងជួររាជរដ្ឋាភិបាលបានប្រកាសពីការកាត់ប្រាក់បៀវត្សរ៍របស់ខ្លួនជូនក្រសួងសុខាភិបាលផងដែរ ក្នុងនោះមាន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីជាច្រើនរូបទៀត។
នៅថ្ងៃម្សិលមិញលោក ហ៊ុន សែន ក៏បានផ្តល់ជំនួយបន្ថែមចំនួន ៣០០ លានរៀល ទៅដល់ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ដើម្បីរៀបចំសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដែលគិតរហូតមកដល់ពេលនេះ ពលករខ្មែរជិត ២ ម៉ឺននាក់បានត្រឡប់ពីប្រទេសថៃ និងបានធ្វើចត្តាឡីស័កបានយ៉ាងត្រឹមត្រូវតាមបណ្តាខេត្តនៅជាប់ព្រំដែនខ្មែរ-ថៃ។
រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា ថវិកាទាំងនេះបានផ្តល់ជូនខេត្តឧត្តរមានជ័យចំនួន ២០០ លានរៀល និងខេត្តប៉ៃលិន ចំនួន ១០០ លានរៀល។
ដោយឡែក រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានចេញនូវលិខិតណែនាំទៅអភិបាលរាជធានី-ខេត្តទាំង ២៥ ត្រូវយកចិត្តទុកដាក់ខ្ពស់ជាបន្ដទៀតក្នុងការចាត់វិធានការតាមដានការអនុវត្តវិធានការសុខាភិបាលលើការការពារការចម្លងជំងឺកូវីដ១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍នៅតាមមូលដ្ឋាន។
លោកថ្លែងថា៖ «ក្នុងពេលកន្លងមកនេះការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩មានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ មិនទាន់មានការចម្លងវីរុសដ៏កាចសាហាវនេះចូលក្នុងសហគមន៍ទ្រង់ទ្រាយធំនៅឡើយដែរ»។ «ខ្ញុំសូមឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ជាបន្តទៀត ក្នុងការចាត់វិធានការតាមដានការអនុវត្តវិធានការសុខាភិបាល ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
លោក ម៉ម ប៊ុនហេង បានណែនាំថា មុននឹងអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យ ឬកម្មវិធីផ្សេងៗ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវធ្វើការណែនាំម្ចាស់កម្មវិធី និងភ្ញៀវចូលរួមការអនុវត្តវិធានការសុខាភិបាល ដូចជា បំពាក់ម៉ាស៊ីនវាស់កម្ដៅស្វ័យប្រវត្តិ ឬទែរម៉ូម៉ែត្រវាស់កម្ដៅដោយដៃដាក់អាល់កុល ឬជែលលាងដៃនៅគ្រប់ច្រកចូល និងដាក់អាល់កុល ឬជែលលាងដៃនៅក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឱ្យលាងដៃជាញឹកញាប់ ជាពិសេសបន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេលចូលបន្ទប់ទឹក និងមុនពេលបរិភោគអាហារជាដើម។
លោកថា៖ «ត្រូវរៀបចំទីតាំងឈរ ឬអង្គុយសម្រាប់ភ្ញៀវ និងអ្នកបម្រើសេវាកម្មក្នុងពិធីដោយរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១,៥ ម៉ែត្រឡើងទៅ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ រៀបតុអាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹម ៥ នាក់ក្នុង ១ តុដែលទម្លាប់ពីមុនអង្គុយ ១០ នាក់។ ត្រូវលើកដៃសំពះ ចៀសវាងការចាប់ដៃ ឬឱបគ្នាជាដើម»។
អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវចាត់កម្លាំងសមត្ថកិច្ចធ្វើការតាមដាន និងណែនាំដល់ម្ចាស់កម្មវិធីបុណ្យផ្សេងៗ កម្មវិធីអាពាហ៍ពិពាហ៍ និងភ្ញៀវចូលរួមបន្ថែមទៀតក្នុងពេលពិធី ដើម្បីធានាការអនុវត្តវិធានការសុខាភិបាលក្នុងពេលរៀបចំកម្មវិធីសង្គមនានាឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។ គិតត្រឹមថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ ចំនួន ៤៦០ នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤១២ នាក់ និងអ្នកកំពុងសម្រាកព្យាបាលមាន ៤៨ នាក់៕
វីដេអូ៖