ភ្នំពេញ: នាយករដ្ឋមន្ត្រីក្នុងតំណែង និងប្រធានគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសចាប់ផ្ដើមយុទ្ធនាការដោយផ្ទាល់ខ្លួនទូទាំង ២៥ រាជធានី-ខេត្តដើម្បីចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងត្រួតពិនិត្យបញ្ហាប្រឈមនានានៅក្នុងជួរមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងពាក់កណ្ដាលអាណត្តិនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ ២០១៧ ខណៈពេលដែលមេដឹកនាំរបស់គណបក្សសង្គ្រោះជាតិកំពុងនិរទេសខ្លួនឯងទៅក្រៅប្រទេស និងឃុំខ្លួនឯងដោយបារម្ភពីការចាប់ខ្លួនពីតុលាការ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំត្រូវពិនិត្យទាំងបញ្ហាជឿនលឿន និងបញ្ហាដែលនៅសេសសល់ដែលត្រូវបន្តដោះស្រាយព្រោះវាជាងពាក់កណ្ដាលអាណត្តិហើយអ៊ីចឹងត្រូវដើរពិនិត្យតាមខេត្តនានាបន្តទៀត»។
លោកនាយករដ្ឋមន្ត្រីបានថ្លែងជាសារធារណៈនៅខេត្តបាត់ដំបងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តបាត់ដំបង។ «ខ្ញុំបានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តបាត់ដំបងរបស់យើងខ្ញុំនឹងដើរទៅកន្លែងផ្សេងទៀតក្នុងគោលដៅពិនិត្យអំពីវឌ្ឍនភាពទាំងឡាយ និងបញ្ហាប្រឈមដែលត្រូវដោះស្រាយ»។
ដំណើរត្រួតពិនិត្យនេះធ្វើឡើងប៉ុន្មានថ្ងៃក្រោយពីសមាជិកដែលមានឥទ្ធិពលរបស់គណបក្សប្រជាជនបានសម្រេចទិសដៅរបស់ខ្លួនសម្រាប់ឆមាសទី ២ ដែលបក្សកាន់អំណាចមួយនេះទាមទារឲ្យយកចិត្តទុកដាក់ឲ្យបានខ្លាំងឡើងថែមទៀតក្នុងការពុះពារដោះស្រាយចំណុចខ្សោយ និងការខ្វះខាតផ្សេងៗដែលជាបាតុភាពអសកម្មរបស់មន្ត្រីមួយចំនួនដូចជាអំពើពុករលួយ ការបំពានលើផលប្រយោជន៍របស់ប្រជាជន ការប្រកាន់បក្ខពួកគ្រួសារនិយម នាម៉ឺននិយម ហើយគណបក្សនេះបានទទួលស្គាល់សកម្មភាពចុះមូលដ្ឋាននៅតែមិនបានស្មើដៃគ្នាព្រមៗគ្នាដោយសារអាកប្បកិរិយាស្កប់ស្កល់នឹងជ័យជម្នះ ឆន្ទៈប្រយុទ្ធស្ពឹកស្រពន់មើលស្រាលគូប្រជែងដូច្នេះត្រូវប្ដូរផ្ដាច់បន្តលុបបំបាត់នូវរាល់ចំណុចខ្វះខាតទាំងអស់នេះ។
តាមរបាយការណ៍របស់បក្សកាន់អំណាចបានចោទប្រកាន់ទៅលើគណបក្សប្រឆាំងបានឃោសនាបំពុលបរិយាកាសពីស្ថានភាពនយោបាយនៅកម្ពុជា និងជំរុញធ្វើសកម្មភាពនៅមូលដ្ឋានបន្តប្រើប្រាស់បញ្ហាដីធ្លី ព្រៃឈើ ព្រំដែន ពុករលួយ អយុត្តិធម៌សង្គម និងនយោបាយប្រជាភិថុតិព្រមទាំងប្រើប្រាស់ចំណុចខ្វះខាតរបស់មន្ត្រីបក្សមួយចំនួនដើម្បីឃោសនាអូសទាញទឹកចិត្តប្រជាជន។
លោក អេង ឆៃអ៊ាង អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិថាសកម្មភាពចុះតាមមូលដ្ឋានរបស់គណបក្សកាន់អំណាចគឺជារឿងធម្មតារបស់អ្នកនយោបាយដើម្បីបង្ហាញស្នាដៃ និងដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋគឺជាការល្អតែមិនត្រូវរាំងខ្ទប់ភាគីជាដៃគូប្រកួតប្រជែងនោះទេ។
លោកថ្លែងថា៖«ខ្ញុំគិតថាការប្រជែងយកស្នាដៃមុនយុទ្ធនាការឃោសនាបោះឆ្នោតដោយចុះតាមមូលដ្ឋានគឺជារឿងល្អសម្រាប់អ្នកនយោបាយ និងប្រជាពលរដ្ឋក្នុងការស្វែងរកដំណោះស្រាយតែត្រូវអនុញ្ញាតឲ្យភាគីដែលប្រកួតប្រជែងមានសិទិ្ធសេរីភាពដូចគ្នាដើម្បីឲ្យយើងបានបំពេញការងារមូលដ្ឋានពេញលេញជូនប្រជាពលរដ្ឋ»។
លោក ឆៃអ៊ាង បានបញ្ជាក់ថាសកម្មភាពនយោបាយចុះមូលដ្ឋានរបស់គណបក្សប្រឆាំងស្ទើរតែអសកម្មទាំងស្រុងដោយសារប្រធានគណបក្សលោក សម រង្ស៊ី ស្ថិតនៅនិរទេសខ្លួនឯក្រៅប្រទេស និងអនុប្រធានកំពុងស្ថិតនៅក្នុងទីស្នាក់ការរបស់គណបក្សដែលឡោមព័ទ្ធដោយតុលាការ និងតំណាងរាស្រ្តត្រូវបានឃុំខ្លួន និងត្រូវបានគេព្រួតវាយធ្វើបាប។
លោកថ្លែងថា៖ «យើងមានតែទុកឲ្យប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យនៅពេលបោះឆ្នោតខាងមុខចុះ»។
អ្នកវិភាគសង្គមលោក មាស នី មើលឃើញថាការប្រកាសចុះមូលដ្ឋានរបស់ប្រធានគណបក្សកាន់អំណាចគឺបំណងដើម្បីស្តារប្រជាប្រិយភាពឡើងវិញបន្ទាប់គណបក្សនេះត្រូវបានគេមើលឃើញថាបាត់បង់សន្លឹកឆ្នោតយ៉ាងច្រើនកាលពីឆ្នាំ ២០១៣។
លោកបន្តថា៖ «អ្វីដែលជាកត្តាសំខាន់គឺចង់ស្តារប្រជាប្រិយភាពឡើងវិញគឺការពង្រឹងចាប់ចេញពីមន្ត្រីរាជការសិនព្រោះមន្ត្រីរាជការមានរាប់សែននាក់ហើយមន្ត្រីរាជការមានតួនាទីសំខាន់ក្នុងការផ្តល់ការគាំទ្រក្នុងការបោះឆ្នោតអ៊ីចឹងបើកាលណាមន្ត្រីរាជការបាត់បង់ទំនុកចិត្តអ៊ីចឹងគេនឹងមិនបោះឆ្នោតឱ្យដែរ»៕