
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុនរ៉ានី។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃម្សិលមិញថា ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ លោកនឹងចេញទៅធ្វើការ ឬហាត់ប្រាណនៅខាងក្រៅបានហើយ បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយរបស់លោកភរិយា និងអ្នកនៅជាមួយលោកព្រមទាំងអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ទាំងអស់បង្ហាញថា អវិជ្ជមានកូវីដ ១៩។
លោក ហ៊ុន សែន បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកពីម្សិលមិញថា ទោះបីជាលោកវិលទៅធ្វើការ ឬហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី ៤ វិច្ឆិកា ឡើងវិញក៏ដោយ ប៉ុន្តែលោកនៅតែមិនទាន់ឱ្យកូន និងចៅមកផ្ទះលោកមួយរយៈទៀត ដើម្បីធានាឱ្យប្រាកដថា លោកគ្មានមេរោគចម្លងទៅកូន និងចៅឡើយ។ លោកនាយករដ្ឋមន្ត្រីក៏បានប្រកាសផងដែរថា ព្រឹត្តិការណ៍ ៣ វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កទៅតាមពេលវេលាកំណត់របស់ក្រសួងសុខាភិបាល។
សម្រាប់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តកំពង់ធំ ដែលមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលចំនួន ១ ៧០២ នាក់ (ជនជាតិហុងគ្រីចំនួន ៥ នាក់) នឹងត្រូវបិទបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា នៅថ្ងៃទី ១៩ ខែវិច្ឆិកា នេះ។ ខេត្តកំពង់ឆ្នាំង (១១ នាក់) នឹងបិទបញ្ចប់ថ្ងៃ ២១ ខែវិច្ឆិកា ខេត្តកែប (១៨ នាក់) ខេត្តព្រះសីហនុ (៤០ នាក់) និងខេត្តកំពង់ចាម (១ នាក់) នឹងបិទបញ្ចប់ថ្ងៃ ២៣ ខែវិច្ឆិកា និងខេត្តចុងក្រោយគេដែលនឹងបិទបញ្ចប់គឺខេត្តព្រះវិហារ (២០ នាក់) និងខេត្តរតនគិរី (១០ នាក់) នឹងបិទបញ្ចប់នៅថ្ងៃទី ២៥ ខែវិច្ឆិកា។
លោក ហ៊ុន សែន បានលើកឡើងថា៖ «សូមរំឭកចំពោះអាជ្ញាធរមូលដ្ឋាន ដែលមានបងប្អូនកំពុងធ្វើចត្តាឡីស័កដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ត្រូវណែនាំឱ្យបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃឡើងវិញ ព្រោះផ្នែកសុខាភិបាលកំណត់រយៈពេល ១៤ ថ្ងៃ គឺចាប់ពីថ្ងៃយកសំណាកដំបូងមកធ្វើតេស្ត»។
លោកបានបញ្ជាក់ថា ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា មិនមែនមានន័យថា បញ្ចប់ការខិតខំដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ ១៩ នោះទេ ផ្ទុយទៅវិញគ្រប់គ្នាត្រូវខិតខំច្រើនជាងមុន ដើម្បីទប់ស្កាត់ឃាតករលាក់មុខដែលមើលមិនឃើញតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក ហ៊ុន សែន បានថ្លែងថា៖ «ត្រូវចងចាំថា ប្រជាជនកម្ពុជារួមទាំងប្រជាជនលើពិភពលោកស្អប់កូវីដ ១៩ ខ្លាំងណាស់ តែកូវីដ ១៩ មិនត្រឹមតែមិនស្អប់យើងវិញនោះទេ តែវាថែមទាំងស្រឡាញ់យើងទៀតផង ដែលការស្រឡាញ់របស់វាមកលើយើងនឹងធ្វើឱ្យយើងស្លាប់ ឬខូចខាតសុខភាពតែប៉ុណ្ណោះ»។
លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា ការបិទបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា ក៏សំដៅឱ្យក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការណ៍គ្រប់ផ្នែកគ្រប់វិស័យវិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ ៣ វិច្ឆិកាឡើងវិញ តែការប្រយុទ្ធជាមួយកូវីដ ១៩ នៅតែជាអាទិភាពនៃការងារទាំងអស់គ្នាដដែល។
លោកថា៖ «ព្រឹត្តិការណ៍ ៣ វិច្ឆិកា បានបង្រៀនយើងបានរំឭកយើង បានដាស់តឿនយើង និងបានណែនាំយើងឱ្យមានការប្រុងប្រយ័ត្នជានិច្ច ទើបអាចយកឈ្នះលើកូវីដ១៩បាន។ ត្រូវម្ចាស់ការទប់ស្កាត់ជាមុនតាមវិធីការពារប្រសើរជាងការព្យាបាល»។
នៅថ្ងៃម្សិលមិញដែរ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានប្រកាសពីលទ្ធផលអវិជ្ជមានកូវីដ ១៩ ក្នុងការធ្វើតេស្តលើកចុងក្រោយរបស់លោកផងដែរ។ លោកលើកឡើងថា៖ «ខ្ញុំពិតជាមានក្តីរំភើបរីករាយជាពន់ពេក ក្រោយពីទទួលបានដំណឹងពីក្រសួងសុខាភិបាលថា លទ្ធផលនៃការធ្វើតេស្តទៅលើសំណាកដែលបានផ្តល់ជាលើកទី ៤ គឺទទួលបានលទ្ធផលអវិជ្ជមានកូវីដ១៩»។
ចំណែកលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានប្រកាសពីលទ្ធផលនៃការធ្វើតេស្តចុងក្រោយនេះផងដែរ។ លោកថា៖ «លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ ១៩ លើកទី៤ របស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ គឺអវិជ្ជមានទាំងអស់គ្នា»។
ទោះយ៉ាងណាកាលពីម្សិលមិញ ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានវីរុសកូរ៉ូណាថ្មីចំនួន ១ នាក់ទៀត គឺស្ត្រីខ្មែរ អាយុ ៤៩ ឆ្នាំ នៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញដែលទើបបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជា ថ្ងៃទី ១៦ ខែវិច្ឆិកា។
អ្នកជំងឺរូបនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ចំណែកអ្នកដំណើរតាមយន្តហោះជាមួយស្ត្រីរូបនេះសរុប ១២៣ នាក់ មានលទ្ធផលតេស្តអវិជ្ជមាន និងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅវិទ្យាល័យហ៊ុនសែនបូរី ១០០ ខ្នងចំនួន ១៨ នាក់នៅស្ថានទូតជប៉ុនចំនួន ១ នាក់ និង ១០៤ នាក់ផ្សេងទៀត ត្រូវដាក់នៅសណ្ឋាគារចំនួន ៤ ផ្សេងគ្នា។
បើតាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣០៤ នាក់ (ស្ត្រី ៦២ នាក់) ដែលក្នុងនោះមានអ្នកព្យាបាលជាសះស្បើយសរុបចំនួន ២៩១ នាក់ (ស្រី ៦០ នាក់) និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៣ នាក់៕