ភ្នំពេញ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​ប្រកាស​ថា ករណីជំងឺ​កូវី​ដ១៩ ​បាន​​ឆ្លង​ចូល​សហគមន៍​ហើយ ប៉ុន្តែ​លោក​អំពាវ​នាវ​សុំកុំ​ឱ្យ​​ប្រជាព​លរដ្ឋ​មាន​ការភ័យ​ឆោឡោ ខណៈ​​ក្រសួង​សុខា​ភិបាល បាន​ប្រកាស​ពីការ​រក​ឃើញ​​អ្នក​ឆ្លង​​ថ្មី​​​ចំនួន ៧​នាក់​​ ដែល​​ក្នុង​នោះ​មាន​លោក ឆែម សាវុធ​​ អគ្គ​នាយក​ពន្ធ​នាគារ​ និង​ភរិយារបស់គាត់ ព្រម​ទាំង​សមាជិក​គ្រួសារ​ ៤ នាក់​ផ្សេង​ទៀត​។

លោក ហ៊ុន សែន បាន​ថ្លែង​តាម​រយៈ​សារជា​សំឡេង​ កាល​ពី​យប់​ថ្ងៃទី​២៨​ខែ​វិច្ឆិកា​ ​បន្ទាប់​ពី​ក្រសួង​សុខា​ភិបាល​បាន​ប្រកាស​រកឃើញ​ករណី​វិជ្ជមាន​កូវីដ​១៩​ លើ​ស្រ្តីជន​ជាតិ​ខ្មែរ ដែល​​ជាភ​រិយា​អគ្គ​នាយក​ពន្ធនាគារ​ លោក ឆែម សាវុធ។

លោក​នាយក​រដ្ឋ​មន្ត្រី​ថា នេះជា​ករណី​ដំបូង​បំផុ​ត​ ដែល​លោក​ចាត់​ទុក​ថា​ ជាកា​រឆ្លង​ក្នុងស​ហគមន៍​ហើយ​ករណី​នេះ​មាន​ការពាក់​ព័ន្ធជា​មួយ​នឹង​ទីក្រុង​ភ្នំពេញ ខេត្ត​សៀម​រាប ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​​មណ្ឌលគិរី។

លោក​​មាន​ប្រសាសន៍​ថា៖«ខ្ញុំ​សុំ​ធ្វើការ​អំពាវ​នាវ​សម្រាប់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ កុំមាន​ការ​ឆោឡោ​ ភ័យ​ខ្លាច​រហូត​ទៅដ​ល់​ការ​បាត់​បង់​នូវ​ការ​គ្រប់​គ្រង ប៉ុន្តែ​ខ្ញុំ​ស្នើ​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ បង្កើន​នូវការ​យក​ចិត្ត​ទុក​ដាក់​ពាក់​ព័ន្ធ​ជាមួយនឹ​ងការ​ការពារ​ខ្លួន​ ដោយ​ការ​ពាក់​ម៉ាស់​ ការលាង​ដៃ ការ​ធ្វើ​អនាម័យ​តាមការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​»។

លោក​បាន​បន្ថែម​ថា៖ «បើ​ចៀស​វាង​បាន សុំ​កុំធ្វើ​ការ​ប្រមូល​ផ្តុំណាមួយ​។ ខ្ញុំមិន​មាន​កា​រអំពាវ​នាវ​ឱ្យមា​នការ​បិទ​សាលា​ ក្នុង​ទីក្រុង​ភ្នំពេ​ញ ឬ​ខេត្ត​សៀម​រាប ឬខេត្ត​ដែល​មាន​ការ​ពាក់​ព័ន្ធ​ទេ។ អ្វីដែល​ជាកា​រចាំ​បាច់​នៅពេ​លនេះ​គឺត​ម្រូវ​ការ​នូវ​ការ​ពាក់​ម៉ាស់​ ការលាង​ដៃ រក្សាគម្លាត​សុវត្ថិ​ភាព​ប៉ុណ្ណោះ​»។

បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី​ ក្នុង​ស្ថាន​ភាព​បែប​នេះ រាជ​រដ្ឋាភិបាល​ បាន​ប្រកាន់​យក​វិធាន​ការ​បន្ទាន់​ដោយ​ធ្វើ​ការ​ប្រមូល​ផ្តុំអ្នក​ដែល​ជាប់​ពាក់ព័​ន្ធ​ទាំង​ផ្ទាល់​ទាំង​ប្រយោល ​ដើម្បី​ធ្វើ​ចត្តា​ឡីស័ក​ ក៏ដូច​ជាយក​សំណាក​ទៅ​ពិនិត្យ។

ជា​មួយ​គ្នានេះ​ដែរ ​ក្រសួង​សុខា​ភិបាល​ បាន​សម្រេច​ធ្វើការ​បិទ​ផ្អាក​មួយ​រយៈ​ចំពោះផ្សារ​អ៊ីអន​១ ក្រោយ​ពេល​រក​ឃើញ​វិជ្ជ​មាន​ មេរោគ​កូវីដ​១៩ លើ​ស្ត្រី​ជាភ​រិយា​ លោក ឆែម សាវុធ ដែល​រូប​គាត់​បាន​ចូល​ទៅកាន់​ផ្សារនេះ​ ដើម្បី​ញ៉ាំអា​ហារ និង​ទិញ​អីវ៉ាន់​មួយ​ចំនួន​។

ក្រសួង​សុខា​ភិបាល​ ក៏បាន​កំណត់​យក​នូវ​ការ​ធ្វើតេស្ត​ចំពោះ​អ្នក​ដែល​បាន​ប៉ះ​ពាល់​ផ្ទាល់​ និង​ប្រយោល​ចំពោះ​ករណី​ស្រ្តីខ្មែរ​ ក្នុង​ស្រុក​រូប​នេះ ដោយលើក​ទី​១​ ធ្វើ​ឡើង​នៅ​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ លើក​ទី២​ នៅថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ២០២០ និង​លើកទី​៣ នៅថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២០ ទៅ​តាម​ទីតាំង​ដែល​បាន​កំណត់ ទាំង​នៅ​​ក្នុង​ រាជ​ធានី​ភ្នំ​ពេញ និង​តាម​បណ្តា​ខេត្ត​។

ក្រសួង​សុខាភិបាល​ ​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃអាទិត្យទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២​០នេះថា អ្នក​ដែល​ប៉ះពាល់​ជា​មួយ​អ្នក​ជំងឺ​ស្រ្តី​រូបនេះ​ មាន​​ស្វាមី និង​សមាជិក​​គ្រួសារ​ចំនួន​ ៤នាក់​​ ព្រម​ទាំង​ស្រ្តី​ខ្មែរ​-អាមេរិកាំង​ម្នាក់​ទៀត​​ ​ស្នាក់​នៅ​ក្រុង​ប៉ៃ​លិន ​​បាន​​ធ្វើតេ​ស្ត​​វិជ្ជមានជំងឺ​​កូវីដ​១៩។

ក្រសួងក៏​បាន​អំពាវ​នាវ​ទៅដល់​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​នឹង​អ្នក​ជំងឺទាំង​៦នាក់​នេះ ត្រូវ​ចាំបាច់​​ធ្វើ​ចត្តាឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​តាម​ផ្ទះ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ និង​នៅ​មណ្ឌល​ចត្តា​ឡីស័ក​នៅ​ខេត្តសៀម​រាប ខេត្ត​ស្ទឹង​ត្រែង​ ខេត្ត​មណ្ឌលគិរី និង​ខេត្ត​បន្ទាយ​មាន​ជ័យ (សម្រាប់អ្នក​ដែល​បាន​ប៉ះពាល់​នៅ​តាម​ខេត្ត)៕