ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បានប្រកាស​ជា​សាធារណៈ​ថា នឹង​មាន​ការកែសម្រួល​សមាសភាព​គណៈរដ្ឋមន្ត្រី ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ និង​កែប្រែ​ភាពអសកម្ម​មួយចំនួន​នៅក្នុង​រដ្ឋាភិបាល​ក្រោយ​ពិនិត្យឃើញថា ការអនុវត្ត​កន្លង​មក​របស់​ក្រសួង​ខ្លះ​មាន​ភាពស្ពឹក​ស្រពន់​។

ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​របស់​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ និង​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ​ ២០២០​។

លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​ខ្ញុំ​គ្រាន់តែ​ឱ្យ​សញ្ញា​ថា នឹង​មាន​ការកែសម្រួល​គណៈរដ្ឋមន្ត្រី​ក្នុង​ពេល​ខាងមុខ​មិន​ជាយូរ​ប៉ុន្មាន បន្ទាប់ពី​ច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកទេស និង​នវានុវត្តន៍​។ ឆ្លៀត​ពេល​នោះ​យើង​ត្រូវមាន​ការបោះឆ្នោត​ជ្រើសរើស​រដ្ឋមន្ត្រី ហើយ​រដ្ឋមន្ត្រី​នោះ​ក៏​នៅ​តែ​ជា​ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដដែល​ទេ ក៏ប៉ុន្តែ​អាច​នឹងមាន​ក្រសួង​មួយចំនួន​មាន​ការកែសម្រួល​»​។

លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​ខ្ញុំ​គ្រាន់តែ​ឲ្យ​សញ្ញា​ទេ​ ព្រោះ​ធ្វើការ​កែសម្រួល វា​ជា​រឿង​ធម្មតា​ទេ​នៅ​ប្រទេស​ខ្លះ​មាន​ការដូរ​រហ័ស តែ​យើង​ក៏​នៅ​ទុកពេល ដើម្បី​ឲ្យ​ធ្វើការ​។ ប៉ុន្តែ​ក៏​ការកែសម្រួល​នោះ ក៏​មិន​ខ្លាំង​រហូត​ដល់​រំលាយចោល​រដ្ឋាភិបាល​នោះដែរ​។ ព្រោះ​យើង​គ្រាន់តែ​ឃើញ​ថា មាន​ភាពស្ពឹក​ស្រពន់​នៅ​កន្លែង​ខ្លះ ហើយ​កន្លែង​ខ្លះ​ប្រសិទ្ធភាព​វា​តិច ដែល​មិនទាន់​ឆ្លើយតប​នឹង​ការចង់បាន​របស់​យើង ដែល​វា​គួរតែ​លឿន​ជាង ក៏ប៉ុន្តែ​បែរជា​ត្រូវ​បាន ១០០ ភាគរយ​តែ​បានតែ ៧០ ភាគរយ​ដែល​ត្រូវតែ​កែ​ដែរ​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នាពេល​កន្លងមក​។ រូបថត SPM

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដោយ​ការរំពឹង​ផងដែរ​ថា សមត្ថភាព​ដឹកនាំ​របស់​រដ្ឋមន្ត្រី​មួយ​ចំនួន​អាច​ធ្វើការ​សម្រេចចិត្ត​ដោយ​ត្រឹមត្រូវ​ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដូចជា បញ្ហា​ជម្លោះដីធ្លី បញ្ហា​កសិផល​របស់​ប្រជាពលរដ្ឋ បញ្ហា​ទីផ្សារ​នោះ​នឹង​ត្រូវបាន​ដោះស្រាយ​ក្នុងពេល​ឆាប់ៗ​ផងដែរ​។

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរក្រោក​បាន​លើក​ជា​សំណួរ​ទៅ​កាន់​លោក ហ៊ុន សែន អំពី​យន្តការ​ណា​ដែល​អាច​យក​ដីធ្លី​កន្លងមក ដែល​រាជរដ្ឋាភិបាល​ផ្ដល់​សម្បទា​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ដែល​មិន​បានធ្វើ​អ្វី​សោះ ដើម្បី​យក​មក​វិញ ផ្តល់​ឲ្យ​កសិករ​ប្រើប្រាស់​លើដី​នោះ​នឹង​ជំរុញ​ធ្វើ​កសិកម្ម​ឲ្យ​ក្លាយ​ទៅ​ជា​កសិឧស្សាហកម្ម ដើម្បី​កំណើន​សេដ្ឋកិច្ច​មួយផ្នែក​ដែល​ផ្អែក​ទៅ​លើ​កសិកម្ម​។

លោក សុវណ្ណវឌ្ឍនាសាប៊ុង ក៏បាន​លើក​ជា​សំណួរ​ផងដែរ​​អំពី​វិស័យ​ទេសចរណ៍ ពាក់ព័ន្ធ​តម្លៃ​វីសា​ដែល​រាជរដ្ឋាភិបាល​គួរ​ពិចារណា​បញ្ចុះ​តម្លៃ វីសា ដែល​អាច​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្ពុជា​បាន និង​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ពិនិត្យ​អាកប្បកិរិយា​របស់​មន្ត្រី​សាធារណៈ​ក្នុង​ការអនុវត្ត​ថែរក្សា សម្បត្តិ​បេតិកភណ្ឌ​។

លោក សុវណ្ណវឌ្ឍនាសាប៊ុង ថ្លែងថា​៖ «​ខ្ញុំ​សុំ​ធ្វើការ​ស្នើសុំ​ដែល​ឃើញ​ហើយ​ថា រដ្ឋាភិបាល​បាន​ដាក់​យុទ្ធសាស្ត្រ ច្បាស់ៗ ចំៗ ប៉ុន្តែ​ការអនុវត្ត​នៅ​តាម​បណ្តា​មន្ត្រី​ថ្នាក់ជាតិ មន្ត្រី​ថ្នាក់ក្រោម​ជាតិ គឺ​មិន​ទាន់​ស៊ីចង្វាក់ ដោយសារ​តែ​គោលការណ៍​យុទ្ធសាស្ត្រ​ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ​ជា​លក្ខណៈ​កំណែទម្រង់​ផ្ទៃក្នុង​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ ដែល​ធ្វើឲ្យ​គោលការណ៍​យុទ្ធសាស្ត្រ​អនុវត្ត​មិន​ចំ​គោលដៅ​។ ខ្ញុំ​ចង់​សុំ​សម្តេច​មេត្តា​ចេញ​នូវ​គោលការណ៍​បែប​ជាក់លាក់​ក្នុង​ការទប់ស្កាត់ ដំណើរការ​ណាមួយ​ដែល​រារាំង​រដ្ឋាភិបាល នៅពេល​ដែល​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​។ បានន័យថា កន្លងមក​មាន​បាតុភាព​នៅពេល​រដ្ឋាភិបាល អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អ្វីមួយ មាន​បាតុភាព​មករា​រាំង​បាតុភាព​នោះ​ដែល​បញ្ហា​នេះ ខ្ញុំ​សុំ​ឲ្យ​សម្តេច​មេត្តា សម្រេច និង​ពិចារណា​​ចំពោះ​សំណើ​របស់ខ្ញុំ​»​។

យោងតាម​រដ្ឋធម្មនុញ្ញ​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹងថា គណៈរដ្ឋមន្ត្រី​ត្រូវ​មាន​សមាសភាព នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​។

លោក មាស នី អ្នកវិភាគ​ការងារ​អភិវឌ្ឍន៍​សង្គម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការកែសម្រួល​គណៈរដ្ឋមន្ត្រី​គឺ​ត្រូវតែ​ធ្វើ​ផ្លាស់ប្តូរ​ឲ្យ​បាន​ញឹកញាប់​ក្នុង​គោលបំណង​វាយតម្លៃ​ដល់​ស្ថាប័ន​របស់​រដ្ឋ ព្រោះ​បើ​បណ្តែតបណ្ដោយ​ឲ្យ​មាន​គណៈរដ្ឋមន្ត្រី​ដដែលៗ​នោះ​នឹង​ធ្វើឲ្យ​កើតមាន​ភាពស្ពឹកស្រពន់ បង្ក​ជា​ភាពអសកម្ម​កើត​ជា​អំពើពុករលួយ និង​បក្ខពួកនិយម​។

លោក មាស នី បាន​ថ្លែង​ដោយ​រំពឹងថា រដ្ឋាភិបាល​នឹងធ្វើ​ការពិនិត្យ​ឡើងវិញ​លើ​ប្រព័ន្ធ​ធ្វើ​ការងារ​របស់​រដ្ឋ​ឲ្យ​ដំណើរការ​ទៅដោយ​រលូន និង​ប្រទាក់ក្រឡា​គ្នា​បាន​ល្អ ចៀសវាង​មាន​ភាពរាំងស្ទះ ដោយសារ​កត្តា​មិន​ស៊ីចង្វាក់​គ្នា​ដែល​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​នាំ​ឲ្យ​គោលនយោបាយ​របស់​រដ្ឋ​តែង​ទទួល​បាន​បរាជ័យ​។

លោក មាស នី ថ្លែងថា​៖ «​ចំណុច​សំខាន់​ក្នុង​ការកំណែទម្រង់​ពេល​នេះ​គឺ​ការផ្លាស់ប្តូរ​បុគ្គល​ខ្លះ​ដែល​មាន​ភាពស្ពឹក​ស្រពន់ ហើយ​មួយ​ទៀត​គួររៀបចំ​ពិនិត្យមើល​ទៅលើ​ប្រសិទ្ធភាព​ធ្វើការ​របស់​រដ្ឋ​ផងដែរ​។ បើ​មិន​អ៊ីចឹង​ទេ ដូរ​តែ​បុគ្គល​ហើយ​មិន​ពិនិត្យមើល​ពី​ផលវិបាក​ដែល​មកពី​ប្រព័ន្ធ​មិន​ស៊ីចង្វាក់​គ្នា ជួនកាល​វា​អាច​ធ្វើឲ្យ​មាន​​ការ​អាក់អន់ចិត្ត​ពី​បុគ្គល​ខ្លះ ដែល​ទទួល​រងគ្រោះ ដោយសារ​តែ​ប្រព័ន្ធ​មិន​អាច​ឲ្យ​គ្នា​ធ្វើការ​បាន បែរ​ជា​ទទួលរង​ការដក​ពី​តំណែង​អី​ទៅ​»​។ ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​ ២០១៨ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​ដោយ​បក្ស​តែមួយ​៕

វីដេអូ៖