The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ហ៊ុន ​សែន ​ប្រកាស​បញ្ចប់​ការ​ចែក​ទឹក

លោក​ ហ៊ុន ​សែន ​ប្រកាស​បញ្ចប់​ការ​ចែក​ទឹក

អាជ្ញាធរ​ចែក​ទឹក​ដល់​ប្រជាពលរដ្ឋ​កាលពី​ពេល​កន្លង​មក​​​។
អាជ្ញាធរ​ចែក​ទឹក​ដល់​ប្រជាពលរដ្ឋ​កាលពី​ពេល​កន្លង​មក​​​។ រូបថត ហ្វេសប៊ុក

លោក​ ហ៊ុន ​សែន ​ប្រកាស​បញ្ចប់​ការ​ចែក​ទឹក

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​បញ្ចប់​ការ​ចែកចាយ​ទឹក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​ស្រប​ពេល​ដែល​​មេឃ​បាន​​ធ្លាក់​ភ្លៀង​ជា​បន្ត​បន្ទាប់​នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លង​​មក​នេះ​។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​ដែល​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាលពី​ម្សិលមិញ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​យុទ្ធនាការ​ចែកចាយ​ទឹក​ទ្រង់ទ្រាយ​ធំ​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ពេល​នេះ។ លោក​បញ្ជាក់​ថា៖ «ក្នុង​នាម​ជា​រដ្ឋាភិបាល​កម្ពុជា​ខ្ញុំ​សុំ​ប្រកាស​បញ្ចប់​នូវ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ក្នុង​ការ​​ដោះស្រាយ​ទឹក​ជូន​ប្រជាជន​ប៉ុន្តែ​សុំ​បញ្ជាក់​នូវ​អត្ថន័យ​របស់​វា​បន្តិច​បញ្ចប់​នូវ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ប៉ុន្តែ​មិន​មែន​បញ្ចប់​ការ​ផ្តល់​ទឹក​នៅ​តំបន់​ខ្វះខាត​នោះ​ទេ​គឺ​ត្រូវ​បន្ត​នៅ​តាម​តំបន់​ដែល​ខ្វះខាត​ខ្លះ»។ លោក​សង្កត់​ធ្ងន់​ថា​ឆ្នាំ​នេះ​ជា​មេរៀន​មួយ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ត្រៀម​លក្ខណៈ​បង្ការ​ភាព​ខ្វះខាត​ទឹក​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​។ លោក​ថា​៖ ​«ការ​ខ្វះខាត​ទឹក​វា​មិន​ដែល​មាន​យើង​ធ្លាប់​តែ​ធ្វើ​យុទ្ធនាការ​ចែកចាយ​ស្បៀង ឬ​ព្យាបាល​ជំងឺ​​ ឬ​សង្គ្រោះ​​ប្រជាជន​​ពី​ទឹកជំនន់​យើង​មិន​ធ្លាប់​ធ្វើ​យុទ្ធនាការ​ចែកចាយ​ទឹក​របៀប​នេះ​ទេ​ឆ្នាំ​នេះ​មេរៀន​ផ្តល់​ឱ្យ​យើង​ច្រើន​ណាស់​​ដែល​យើង​ត្រៀម​ទប់ទល់​​សម្រាប់​រយៈពេល​វែង»។ លោក​នាយក​រដ្ឋមន្ត្រី​ឱ្យ​ដឹង​ដែរ​ថា​ចំពោះ​ការ​ជីក​អណ្តូងទឹក​ថ្មី ជីក​ស្រះ និង​ជីក​ប្រឡាយ​ត្រូវ​បន្ត​សកម្មភាព​ដើម្បី​ទុក​បម្រុង​សម្រាប់​ឆ្នាំ​ក្រោយៗ​ទៀត។

បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី​យុទ្ធនាការ​ចែក​ទឹក​ទ្រង់ទ្រាយ​ធំ​នា​ពេល​កន្លង​មក​នេះ​រដ្ឋាភិបាល​បាន​បញ្ចេញ​ទាំង​ថវិកា ទាំង​​កងកម្លាំង​ប្រដាប់​អាវុធ​រាប់​ទាំង​រថយន្ត​របស់​កងទ័ព រាប់​ទាំង​រដា្ឋករ​ទឹក​នៅ​គ្រប់​ទីកន្លែង​រួម​ទាំង​ប្រើ​កម្លាំង​ធំ​ផ្សេង​ទៀត​ជាពិសេស​កម្លាំង​យុវជន​មកពី​កាកបាទ​ក្រហម​ផង​ដែរ។

ប្រទេស​កម្ពុជា​ពុំ​ធ្លាប់​មាន​ប្រវត្តិ​ខ្វះ​ទឹក​ប្រើប្រាស់​ដូច​ឆ្នាំ​នេះ​ទេ​ខណៈ​ប្រទេស​នេះ​សម្បូរ​ទៅ​ដោយ​ទន្លេ​ស្ទឹង​បឹង​បួ​នៅ​ស្ទើរ​ពាសពេញ​ផ្ទៃ​ប្រទេស​។ ការ​​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​ឆ្នាំ​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​​​ធ្វើ​ការ​រិះគន់​ថា​មួយ​ផ្នែក​​ដោយសារ​តែ​ស្ទឹង​ បឹងបួ​ ព្រែក ប្រឡាយ ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ជាច្រើន​ត្រូវ​បាន​គេ​ចាក់​ដី​លុប​បំពេញ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ហើយ​រដ្ឋាភិបាល​ពុំ​​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ​ច្បាស់លាស់​ក្នុង​ការ​អភិរក្ស​​​ការពារ​ស្ទឹង​ បឹងបួ ព្រែក​ប្រឡាយ​ ទាំង​នោះ ឬ​ក៏​ធ្វើការ​ស្តារ​ឡើង​វិញ​​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​​ឲ្យ​បាន​ទូទាំង​ប្រទេស​នោះ​ឡើយ​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​លោក ញឹម វណ្ណដា អនុប្រធាន​ទី ១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​​បាន​​ទេ​កាលពី​ម្សិលមិញ។ តែ​កន្លង​ទៅ​លោក​ថ្លែង​ថា​រដ្ឋាភិបាល​កំពុង​តែ​ផ្តល់​ជំនួយ​ទៅ ៨០ ភាគរយ​ទៅ​ដល់​ប្រជាជន​ប្រមាណ ២,៥ លាន​នាក់ (ប្រហែល ៦ សែន​គ្រួសារ) ដែល​រង​ផលប៉ះពាល់​ពី​វិបត្តិ​កង្វះ​ទឹក​ប្រើប្រាស់។ ក្នុង​យុទ្ធនាការ​នោះ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ប្រមាណ ៥០០ លាន​រៀល (ប្រហែល ១២៥ ០០០ ដុល្លារ) ទៅ​លើ​ការ​ចែកចាយ​ទឹក​ទៅ​កាន់​ស្រុក​ជាង ១០០ ក្នុង​ចំណោម​ខេត្ត​ចំនួន​ ១៨ នៅ​ទូទាំង​ប្រទេស​ដែល​រងគ្រោះ​​រាំងស្ងួត។

ក្នុង​ពិធី​នោះ​ដែរ​លោក ហ៊ុន សែន ​ថ្លែង​ថា​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ​នឹង​ត្រូវ​ប្រារព្ធ​ឡើង​​វិញ​បន្ទាប់ពី​ផ្អាក​កាល​ពី​ឆ្នាំ ២០១៥។ លោក​ថា៖ «ហើយ​ធ្វើ​ម៉េច​ជម្រៅ​ទឹក​ឲ្យ​បាន​ល្អ​បំផុត​ដែល​ត្រូវ​អុំទូក​ព្រោះ​បើ​មិន​អុំ​ទៀត​គឺ​ឡើង ២ ឆ្នាំ​ជាប់​គ្នា​ឆ្នាំ​នេះ​​ត្រូវ​តែ​អុំ​អ៊ីចឹង​ត្រៀម​ទូក ង ឲ្យ​ហើយ​ទៅ​អុំ​បាន​ប៉ុន្តែ​ឆ្នាំ​ទៅ​បើ​អុំ ប្រហែល​ជា​មាន​បញ្ហា​ព្រោះ​ទឹក​ដែល​មិន​ត្រូវ​ខ្នាត​នេះ​គឺ​នឹង​ធ្វើ​ឲ្យ​លំបាក​សម្រាប់​ចំណុះ​ទូក​អុំ»។

រដ្ឋាភិបាល​បាន​ផ្អាក​ការ​អុំទូក​ចំនួន ៤ លើក​មក​ហើយ​ក្នុង​នោះ​បី​ឆ្នាំ​ជាប់​គ្នា​គឺ​ក្នុង​ឆ្នាំ ២០១១,២០១២, ២០១៣ និង​ឆ្នាំ ២០១៥ បន្ទាប់ពី​មាន​ការ​ជាន់​គ្នា​ស្លាប់​ជាង​ ៣៥០ ​នាក់​នៅ​លើ​ស្ពាន​កោះពេជ្រ​កាលពី​ឆ្នាំ ២០១០។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ផ្អាក​ការ​អុំទូក​ជាថ្មី​ម្តង​ទៀត​នៅ​ឆ្នាំ ២០១៥ ក្រោម​ហេតុ​ផល​ថា​ទឹក​រាក់​ពេក​មិន​អាច​អុំ​បាន៕

អត្ថបទគួរចាប់អារម្មណ៍