ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ សម្រាប់​ខែ​វិច្ឆិកា និង​ខែធ្នូ ខណៈ​កម្មវិធី​នេះ​បាន​បើក​ផ្តល់ប្រាក់​បាន​ដល់​ជាង​ ៦៧ ​ម៉ឺន​គ្រួសារ​ ហើយ​ក្នុង​ជុំ​ទី​៣ លើក​ទី​១ ពី​ថ្ងៃ​ទី​ ២៥ តុលា ដល់ ២៤ វិច្ឆិកា​។

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុម​មេធាវី​​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ​នា​វិមាន​សន្តិភាព លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ជា​សំណាងល្អ​ដែល​រាជរដ្ឋាភិបាល​មាន​សាច់ប្រាក់​សន្សំ​ប្រមាណ​ជាង​ ៣ ០០០ ​លាន​ដុល្លារ​អាមេរិក​ ដែល​ក្នុងនោះរាជរដ្ឋាភិបាល​បាន​បញ្ចេញ​ ១៥០ ​លាន​ដុល្លារ​ សម្រាប់​ធ្វើ​ផ្លូវ​ ៣៨ ​ខ្សែ​នៅ​ខេត្ត​សៀមរាប​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​កម្ពុជា​មិនមែន​ជា​ប្រទេស​អ្នកមាន​ទេ ប៉ុន្តែ [​យើង​] ​មាន​របៀប​ចាត់ចែង គ្រប់គ្រង ដឹកនាំ​ប្រទេស​មួយ​ដូចជា​ស្ត្រី​មេផ្ទះ​ដែលមាន​របៀប​ក្នុង​ការចាត់ចែង​ការចំណាយ និង​ការសន្សំ​ថវិកា​ក្នុង​គ្រួសារ​។ យើង​នឹង​បន្តធ្វើ​សម្រាប់​ខែ​ ១១ និង​ខែ​ ១២ ​ទៀត បើសិន​ជា​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​នេះ​មិន​ទាន់​ចប់​នៅក្នុង​ខែ​ ១២ ​ខាង​មុខ​នេះ យើង​នឹង​បន្តធ្វើ​ទៀត​ដែល​មុននេះ​ខ្ញុំ​បាន​និយាយ​ហើយ​ថា​យើង​ត្រៀម​ទុក​សម្រាប់​រយៈពេល​ ១០ ​ខែ​ដែល​មុននេះ​យើង​ចំណាយ​តែត្រឹម​ប្រមាណ​ជា​ ២០ ​លាន​ដុល្លារ ​ក្នុង​ ១ ​ខែ​ទេ ប៉ុន្តែ​ឥឡូវ​យើង​ចំណាយ​ជាង​ ៣០ ​លាន​ដុល្លារ ​ក្នុង​ ១ ​ខែ​សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​»​។

«​យើង​មាន​បន្ទុក​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មកដល់​ពេល​នេះ​ចំនួន​មាន​ការកើនឡើង​ដល់​ជាង​ ៦៧ ​ម៉ឺន​គ្រួសារ​ ដែល​គិត​ជា​ចំនួន​មនុស្ស​មាន​ប្រមាណ​ជា​ ៣ ​លាន​នាក់​។ ឥឡូវនេះ​យើង​បាន​បញ្ចេញ​ថវិកា​ជិត​ ២០០ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ សម្រាប់​ការបើក​ផ្តល់ជូន​ជនក្រីក្រ និង​ងាយរងគ្រោះ​រួម​នឹង​ស្ត្រី​ជា​កម្មករ​ឆ្លងទន្លេ​ផងដែរ​»​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សង្គមកិច្ច និង​អតីតយុទ្ធជន​ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​បានឱ្យ​ដឹងថា ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ជុំ​ទី​៣ លើក​ទី​១ ​នេះ​មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ៦៧ ៤១៤៦ ​គ្រួសារ​ ដែល​ក្នុងនោះ​មាន​គ្រួសារ​ក្រីក្រ​កម្រិត​ ១ ​និង​គ្រួសារ​ក្រីក្រ​កម្រិត​ ២​។

សម្រាប់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​កូវីដ​១៩​នេះ​ត្រូវបាន​បែងចែក​ទៅតាម​គោលដៅ​ផ្សេងៗ​គ្នា​គឺ ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ ទីប្រជុំជន​ក្រៅ​រាជធានី និង​នៅ​ទីជនបទ​។ ទឹកប្រាក់​ដែល​ត្រូវ​បាន​ចំណាយ​ក្នុង​ជុំ​ទី​៣ លើក​ទី​១ ​នេះ​មាន​ចំនួន​ប្រមាណ​ជា​ ៣០ ​លាន​ដុល្លារ​អាមេរិក​។

លោក ឈួ សុបញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ម្សិលមិញ​ថា សម្រាប់​ការបើក​ផ្តល់​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយរងគ្រោះ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ ជុំ​ទី​៣ លើក​ទី​២ ​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៥ ខែ​វិច្ឆិកា ដល់​ថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ​ ២០២០ ​នឹង​គ្របដណ្តប់​លើ​អ្នក​ទទួលផល​ដែលមាន​គ្រួសារ​ក្រីក្រ​សរុប​ចំនួន​ ៧០៣ ៥៩២ ​គ្រួសារ​ ដែល​មាន​សមាជិក​ចំនួន​ ២ ៨១៧ ៧៨៨ ​នាក់​ដែល​ចំណាយ​ថវិកា​សរុប​ចំនួន​ប្រមាណ ៣១,៩៣ ​លាន​ដុល្លារ​អាមេរិក​។

លោក​ថា​៖ «​យើង​បានធ្វើ​បច្ចុប្បន្នភាព​បាន​ឡើងវិញ ដែល​អ្នកណា​ដែលមាន​ជីវភាព​ប្រសើរ យើង​ដក​បណ្ណ​ក្រីក្រ​នោះមក​វិញ​»​។ គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​ចំណាយ​លើ​ការអនុវត្ត​កម្មវិធី​ចាប់ពី​ថ្ងៃទី​ ២៥ ខែ​ មិថុនា ឆ្នាំ​ ២០២០ រហូត​មកដល់​ថ្ងៃទី​ ២៤ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ ប្រមាណ​ជាង​ ១៣៥ ​លាន​ដុល្លារ​អាមេរិក​៕