
ក្រុមមនុស្សវ័យចាស់ទទួលបានការចាក់វ៉ាក់សាំង AstraZeneca នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ បានប្រកាសពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅទូទាំងប្រទេសឱ្យបានយ៉ាងហោចណាស់ ១ លានដូស ក្នុងរយៈពេល ១ ខែ។ លោកក៏បានស្នើឱ្យគ្រប់អភិបាលខេត្តទាំងអស់ត្រូវរៀបចំទីកន្លែងស្នាក់នៅសម្រាប់ក្រុមគ្រូពេទ្យចុះ ទៅចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តរបស់ខ្លួន។
យោងតាមសារសំឡេងរបស់លោក ហ៊ុន សែន នៅថ្ងៃចន្ទ ទី ២៩ ខែ មីនា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា ខេត្តទាំងអស់ត្រូវទទួលខុសត្រូវលើការស្នាក់នៅរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលទៅពីរាជធានីភ្នំពេញ ឬចល័តពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ។
លោកបានមានប្រសាសន៍ថា៖ «នៅពេលខាងមុខនេះ យុទ្ធនាការចាក់វ៉ាក់សាំងរបស់យើងនឹងធ្វើក្នុងទ្រង់ទ្រាយធំហើយនឹងមានអន្តរាគមន៍ពីពេទ្យទៅពីថ្នាក់ជាតិចូលរួមផងដែរ ដែលគម្រោងយើងគឺចាក់ឱ្យបានចំនួន ១ លានដូស ក្នុងពេល ១ ខែ។ វ៉ាក់សាំងរបស់យើងទាំងការទិញ និងការទទួលជំនួយនឹងមកជាបន្តបន្ទាប់ ដែលវ៉ាក់សាំងត្រូវតែបញ្ជូនទៅចាក់ឱ្យប្រជាពលរដ្ឋ»។
ទាក់ទងនឹងទីកន្លែងស្នាក់នៅរបស់ក្រុមគ្រូពេទ្យនៅតាមបណ្តាខេត្ត លោក ហ៊ុន សែន បានលើកឡើងថា សព្វថ្ងៃនេះមានសណ្ឋាគារ និងផ្ទះសំណាក់ទំនេរច្រើន ដែលខាងអភិបាលខេត្តអាចពឹងពាក់ទៅដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងនោះ ដើម្បីផ្តល់ឱ្យគ្រូពេទ្យស្នាក់នៅបណ្តោះអាសន្នបាន។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ថ្នាក់ជាតិទទួលខុសត្រូវតែលើថវិកាលើអាហារនិងការធ្វើដំណើរតែប៉ុណ្ណោះ ប៉ុន្តែការស្នាក់នៅគឺអភិបាលខេត្តត្រូវទទួលខុសត្រូវ៕