ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានប្រកាសបើកសម្ពោធមូលនិធិគន្ធបុប្ផាកម្ពុជារបស់លោកជាផ្លូវការដោយមានមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាជាច្រើនរូបចូលរួមជាសមាជិកស្ថាបនិកដើម្បីប្រមូលថវិកាសម្រាប់ទ្រទ្រង់មន្ទីរពេទ្យដែលបានចំណាយថវិការាប់លានដុល្លារសហរដ្ឋអាមេរិក ព្យាបាលកុមារមកពីទូទាំងប្រទេសដោយឥតគិតថ្លៃ។
ការសម្ពោធនេះធ្វើឡើងនៅវិមានសន្តិភាពដោយលោកនាយករដ្ឋមន្ត្រីថ្លែងថា មូលនិធិនេះធ្វើឡើងដើម្បីប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ដោយដើរស្របទៅនឹងមូលនិធិគន្ធបុប្ផារបស់លោក Beat Richner ដែលមានស្រាប់។
លោក ហ៊ុន សែន ថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ថវិកាចំនួន ១០ លានដុល្លារសម្រាប់ជាថវិកាបម្រុង និង ៥ លានដុល្លារប្រចាំឆ្នាំសម្រាប់មូលនិធិនេះ។ រាជរដ្ឋាភិបាលចូលរួមថវិកាចំនួន ១០ លានដុល្លារក្នុង ១ ឆ្នាំទៅលើការចំណាយរបស់មន្ទីរពេទ្យនេះ»។
លោកមានប្រសាសន៍បន្តថា៖ «សម្រាប់អាណត្តិបន្តទៅមុខ បើខ្ញុំនៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល ខ្ញុំនឹងបន្តដឹកនាំផ្តល់ការគាំទ្រជាប់មិនដាច់ដល់មន្ទីរពេទ្យគន្ធបុប្ផាសំដៅធានាឲ្យខាងតែបាននូវចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យនេះ»។
លោកនាយករដ្ឋមន្ត្រីបានថ្លែងដោយផ្ដល់លក្ខខណ្ឌ ៣ យ៉ាងដល់សប្បុរសជនក្នុងការចូលរួមគាំទ្រដល់មូលនិធិនេះគឺទី ១ សប្បុរសជនដែលបានចូលវិភាគទានចាប់ពី ២ ម៉ឺនដុល្លារឡើងទៅនឹងក្លាយជាសមាជិកស្ថាបនិក ហើយអ្នកដែលចូលវិភាគទានចាប់ពី ៥ ពាន់ដុល្លារឡើងទៅនឹងក្លាយជាសមាជិកកិត្តិយស ដោយឡែកអ្នកចូលវិភាគទានចាប់ពី ៥ ពាន់រៀលក្នុងមួយខែ ឬ ៦ ម៉ឺនរៀលក្នុងមួយឆ្នាំនឹងក្លាយជាសមាជិកគាំទ្រ ហើយបានស្នើឲ្យមានការពង្រាយមូលនិធិនេះទៅគ្រប់ទីកន្លែងទូទាំងប្រទេសដើម្បីផ្តល់លទ្ធភាពឲ្យពលរដ្ឋកម្ពុជាគ្រប់រូបអាចចូលរួមក្នុងមូលនិធិនេះ។
លោកនាយករដ្ឋមន្ត្រីបានលាតត្រដាងឈ្មោះសប្បុរសជនដែលជាមន្ត្រីស្និទ្ធនឹងលោករាប់សិបអ្នកដែលបានចូលរួមថវិកាម្នាក់ៗ ២ ម៉ឺនដុល្លារ ប៉ុន្តែមិនបានបញ្ជាក់ទឹកប្រាក់សរុបនោះទេ ទន្ទឹមជាមួយសារព័ត៌មានក្នុងស្រុកបានចុះផ្សាយអំពីថវិកាដំបូងសម្រាប់មូលនិធិនេះប្រមូលបាន ១១ លានដុល្លារ។
លោកនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា ឧកញ៉ា គិត ម៉េង បានចូលរួមវិភាគទានក្នុងរូបភាពផ្តល់ជាដីមួយកន្លែងនៅភ្នំពេញដែលមានតម្លៃទីផ្សារ ៨ លានដុល្លារសម្រាប់មូលនិធិនេះ។
លោកថ្លែងថា៖ «អ៊ីចឹងដីនេះឡើងតាមតម្លៃទីផ្សារដល់ ៨ លានដុល្លារទៅហើយ។ ម្សិលមិញនេះលោកឧកញ៉ា គិតម៉េង បានសរសេរសំបុត្រមកខ្ញុំថាបានប្រគល់ដីនេះមកកាន់មូលនិធិអ៊ីចឹងតម្លៃដីនេះស្មើ ៨ លាន យើងទទួលយកដីនេះ ដែលមានតម្លៃ ៨ លានដាក់ក្នុងមូលនិធិ ហើយមូលនិធិនឹងផ្ទេរដីនេះទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈប័ណ្ណកម្មសិទ្ធិតែម្តង»។
លោកមិនបានបញ្ជាក់ថា ដីនេះមានទីតាំងនៅកន្លែងណាទេ ខណៈដែលលោកឧកញ៉ា គិត ម៉េង បដិសេធអត្ថាធិប្បាយ។
លោកវេជ្ជបណ្ឌិត Denis Laurent អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាបានថ្លែងថា លោកស្វាគមន៍ចំពោះការបង្កើតមូលនិធិនេះដែរ ដោយលោកថ្លែងថា៖ «វាជាក្តីស្រមៃ និងជាទស្សនវិស័យរបស់លោកវេជ្ជបណ្ឌិត Beat Richner ក្នុងការទទួលបានការគាំទ្របន្ថែមទៀតពីរដ្ឋាភិបាលកម្ពុជា»។ ចំពោះដីមួយកន្លែងដែលឧកញ៉ា គិត ម៉េង បានប្រគល់ទៅមូលនិធិនោះលោកថ្លែងថាមន្ទីរពេទ្យបានប្រើប្រាស់អគារដោយឥតគិតថ្លៃសម្រាប់ការិយាល័យមន្ទីរពេទ្យអស់រយៈពេល ១១ ឆ្នាំមកហើយ។
អ្នកវិភាគស្វាគមន៍ការបង្កើតមូលនិធិនេះដោយនិយាយថា វាជាកាយវិការសប្បុរសធម៌មួយដែលកម្ពុជាគួរតែបានធ្វើ ប៉ុន្តែមិនថាគួរគប្បីចៀសវាងការយកមូលនិធិនេះមកលាយឡំជាមួយរឿងនយោបាយ។
លោក មាស នី អ្នកវិភាគសង្គមនិយាយថាជំនួយមូលនិធិរបស់រដ្ឋាភិបាលនេះជាកាយវិការសប្បុរសធម៌មួយសម្រាប់ពលរដ្ឋកម្ពុជា ប៉ុន្តែទាំងរដ្ឋាភិបាល និងមូលនិធិទាំង ២ គួរតែបានត្រៀមខ្លួនលើសពីមូលនិធិគឺត្រូវចំណាយថវិការបស់រដ្ឋចូលទៅក្នុងមន្ទីរពេទ្យនេះ។ «ខ្ញុំគិតថា មន្ទីរពេទ្យគន្ធបុប្ផានេះរដ្ឋាភិបាលគួរចំណាយថវិការដ្ឋតែម្តងដើម្បីជួយឲ្យមន្ទីរពេទ្យដំណើរការបាន។ មូលនិធិដែលបានពីការរៃអង្គាសមិនអាចធានានិរន្តរភាពទៀងទាត់សម្រាប់ប្រតិបត្តិការរបស់មន្ទីរពេទ្យទេ»។
លោកបន្តថា៖ «មួយទៀតសេវាកម្មទាំងឡាយបើធ្លាក់ទៅក្នុងដៃរដ្ឋហើយច្រើនតែគុណភាពសេវាកម្មធ្លាក់ចុះ រឿងនេះក៏ត្រូវគិតដែរ ហើយរឿងពុករលួយក៏ត្រូវគិតដែរ»។
លោកយល់ថាប្រព័ន្ធគ្រប់គ្រងនៃមន្ទីរពេទ្យគន្ធបុប្ផាសព្វថ្ងៃនេះវាល្អប្រសើរហើយ ដូច្នេះរដ្ឋាភិបាលគួររក្សាទម្រង់បច្ចុប្បន្ន «បើបន្ធូរដៃវានឹងក្លាយទៅជារឿងដើមគឺដូចមន្ទីរពេទ្យដទៃទៀត»។ ទាក់ទងនឹងនិរន្តរភាពនៃមូលនិធិនេះ លោកថាបើសិនវាត្រូវបានបង្កើតឡើងដោយមាននយោបាយជាប់ពាក់ព័ន្ធ វានឹង «ត្រូវបិទទ្វារបើសិនមានការផ្លាស់ប្តូរនយោបាយនេះជាអ្វីដែលខ្ញុំព្រួយបារម្ភ»។
ស្រដៀងគ្នានេះលោក ហង្ស វិទូ អ្នកវិភាគម្នាក់ទៀតយល់ថារឿងនយោបាយមិនគួរចូលមកឡូកឡំជាមួយរឿងសប្បុរសធម៌ទេ បើសិនយករឿងនយោបាយមកពាក់ព័ន្ធ វាធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកបរិចា្ចគ។
លោកថ្លែងថា៖ «វាមិនប៉ះពាល់ដល់គុណភាពរបស់មន្ទីរពេទ្យទេ ប៉ុន្តែវាប៉ះពាល់ក្នុងកម្រិតមួយគឺកេរ្តិ៍ឈ្មោះបន្តិចបន្តួចដល់មន្ទីរពេទ្យគន្ធបុប្ផា តែមិនធ្ងន់ធ្ងរទេ។ ខ្ញុំគិតថា មន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យមួយដ៏ឯករាជ្យ ទោះបីមូលនិធិនេះបង្កើតឡើងដោយអ្នកនយោបាយដោយលោកនាយករដ្ឋមន្ត្រីក៏ដោយ។ ព្រោះអីបើសិនបើមិនឯករាជ្យទេ វាអាចប៉ះពាល់ទៅថ្ងៃក្រោយ បើលោកនាយករដ្ឋមន្ត្រីយកមន្ទីរពេទ្យទៅពាក់ព័ន្ធនយោបាយ វានឹងធ្វើឲ្យខូចកិត្តិយស»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបង្ហាញក្តីបារម្ភខ្លាចក្រែងមូលនិធិសប្បុរសធម៌នេះមានពាក់ព័ន្ធនយោបាយនាថ្ងៃអនាគត។
លោកថ្លែងថាសប្បុរសធម៌គួរតែបញ្ចូលភាគីពាក់ព័ន្ធជាច្រើន «ក្នុងគោលបំណងសប្បុរសធម៌សុទ្ធសាធមិនមែនដើម្បីកេងចំណេញនយោបាយទេ»៕