ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ទៅដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ឱ្យបាន​ ១ ​លានដូស​ ក្នុង​រយៈពេល​ ១ ​ខែ​ដោយ​លោក​បានស្នើ​ទៅគ្រប់​អភិបាលខេត្ត​ទាំងអស់​ត្រូវ​រៀបចំ​កន្លែង​ស្នាក់នៅ​សម្រាប់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែល​នឹង​ចុះ​ទៅតាម​បណ្តា​ខេត្ត​ដើម្បី​ចាក់វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​។

លោក​បានលើកឡើង​តាមរយៈ​សារ​ជា​សំឡេង​នៅ​ថ្ងៃ​ម្សិលមិញ​ថា ខេត្ត​ទាំងអស់​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការស្នាក់នៅ​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែល​ទៅ​ពី​រាជធានី​ភ្នំពេញ​ ឬ​ចល័ត​ពី​កន្លែង​ ១ ​ទៅ​កន្លែង​ ១ ​ទៀត​ដើម្បី​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​នៅពេល​ខាងមុខនេះ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​យើង​នឹងធ្វើ​ក្នុង​ទ្រង់ទ្រាយ​ធំ ហើយ​នឹង​មាន​អន្តរាគមន៍​ពី​ពេទ្យ​ទៅ​ពី​ថ្នាក់ជាតិ​ចូលរួម​ផងដែរ ដែល​គម្រោង​យើង​គឺ​ចាក់​ឱ្យ​បាន​ចំនួន​ ១ ​លានដូស ​ក្នុងពេល​ ១ ​ខែ​។ វ៉ាក់សាំង​របស់​យើង​ទាំង​ការទិញ និង​ការទទួល​ជំនួយ​នឹង​មកជា​បន្តបន្ទាប់ ដែល​វ៉ាក់សាំង​ត្រូវតែ​បញ្ជូន​ទៅ​ចាក់ឱ្យ​ប្រជាពលរដ្ឋ​»​។

ទាក់ទង​នឹង​ទីកន្លែង​ស្នាក់នៅ​របស់​ក្រុមគ្រូពេទ្យ​នៅតាម​បណ្តា​ខេត្ត លោក​ ហ៊ុន សែន បាន​លើកឡើង​ថា សព្វថ្ងៃនេះ​មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​ទំនេរ​ច្រើន ដែល​ខាង​អភិបាល​ខេត្ត​អាច​ពឹងពាក់​ទៅដល់​ម្ចាស់​សណ្ឋាគារ​ និង​ផ្ទះសំណាក់​ទាំងនោះ ដើម្បី​ផ្តល់​ឱ្យ​គ្រូពេទ្យ​ស្នាក់នៅ​បណ្តោះអាសន្ន​បាន​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ថ្នាក់ជាតិ​ទទួល​ខុស​ត្រូវតែ​លើ​ថវិកា​លើ​អាហារ​ និង​ការធ្វើដំណើរ​តែប៉ុណ្ណោះ ប៉ុន្តែ​ការស្នាក់នៅ​គឺ​អភិបាលខេត្ត​ត្រូវ​ទទួល​ខុសត្រូវ ហើយ​លោក​យល់ថា ម្ចាស់​សណ្ឋាគារ​ ឬ​ប្រជាពលរដ្ឋ​ដែលមាន​កន្លែង​ស្នាក់នៅ ពួកគាត់​ប្រាកដជា​មិន​យល់​ទាស់​នោះទេ​សម្រាប់​ផ្តល់ជូន​ក្រុមគ្រូពេទ្យ​ស្នាក់នៅ​បណ្តោះអាសន្ន​មួយរយៈ​ពេល​ខ្លី​ក្នុង​ស្ថានភាព​មនុស្សធម៌​បែបនេះ​។

លោក​ ហ៊ុន សែន ​ថា​៖ «​ខ្ញុំ​សុំឱ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ត្រូវ​រៀបចំ​នូវ​គម្រោង​នៃ​ការចំណាយ​តែ​ទៅលើ​ការធ្វើដំណើរ​ និង​ការហូបចុក​បាន​ហើយ តែ​សម្រាប់​ការស្នាក់នៅ​ទុក​ការទទួល​ខុសត្រូវ​ឱ្យ​អភិបាលខេត្ត​ជា​អ្នកទទួល​រ៉ាប់រង ហើយ​ខ្ញុំ​គិតថា អភិបាលខេត្ត​ទាំងអស់​នឹង​ធ្វើ​កិច្ចការងារ​នេះ​ល្អ​ជាមួយ​នឹង​ម្ចាស់​សណ្ឋាគារ​ និង​ផ្ទះសំណាក់​នៅ​មូលដ្ឋាន​ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​ថ្នាក់ជាតិ​ដែល​ជា​ចំណូល​របស់​សប្បុរសជន​»​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​កន្លែង​សម្រាប់​ចាក់​វ៉ាក់សាំង​ទៅដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​រាជធានី-ខេត្ត​មាន​រហូតដល់​ ៣៥៥ ​កន្លែង​ ដែល​ចំនួន​នេះ​មាន​ទាំង​ទីតាំង​ចាស់​ និង​ទីតាំង​ត្រូវ​រៀបចំ​ថ្មី​បន្ថែម​។

គួរបញ្ជាក់​ផងដែរ​ថា ប្រទេស​កម្ពុជា​ បាន​ទិញ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន​ ១,៥ ​លានដូស​ ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​បាន​ដឹកជញ្ជូន​មក​កាលពី​ចុង​សប្តាហ៍​មុននេះ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ទទួល​ជំនួយ​នូវ​វ៉ាក់សាំងស៊ីណូហ្វាម​ពី​ប្រទេស​ចិន​ចំនួន​ ១ ​លានដូស​ផងដែរ ដែល​វ៉ាក់សាំង នេះ​ត្រូវ​បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ចំនួន​ ៦០ ​ម៉ឺនដូស​ហើយ​កាលពី​ដើម​ខែកុម្ភៈ និង​ចំនួន​ ៣០ ​ម៉ឺន​ដូស​ទៀត ​នឹង​ដឹក​មកដល់​នៅ​ថ្ងៃទី​ ៣១ ខែមីនា ខាងមុខនេះ​។

កាលពីដើម​ខែមីនា​នេះដែរ កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​កូវីសែល​របស់​ក្រុមហ៊ុន​ AstraZeneca ​ចំនួន ៣២៤ ០០០ ​ដូស តាមរយៈ​យន្តការ​របស់​មជ្ឈមណ្ឌល​កូវ៉ាក់​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​ ២៧ ខែមីនា ស្តីពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីសែល​ដែល​ទទួល​អាជ្ញាប័ណ្ណ​ផលិត​ពី​ក្រុមហ៊ុន​ AstraZeneca ដោយបាន​ផ្តល់នូវ​ការចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​ស្ថានទូត និង​អង្គការ​អន្តរជាតិ​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា​។ ​

លោកស្រី​បានលើកឡើង​ថា ស្ថានទូត​ចំនួន​ ១៨ ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​បុគ្គលិក​សរុប​ចំនួន​ ៧៤១ ​នាក់ បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ​នៅ​ថ្ងៃទី​ ២៦ ខែ មីនា ឆ្នាំ​ ២០២១ ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​។ ចំណែក​អង្គការ​អន្តរជាតិ​ចំនួន​ ៤៤ ​អង្គការ​ដែល​ស្ថិតនៅក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​មាន​បុគ្គលិក​សរុប​ចំនួន​ ១ ៦៧១ ​នាក់​ បាន​និង​កំពុងដំណើរការ​ចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចាប់ពី​ថ្ងៃទី​ ២៦ ដល់ ៣១ ខែ មីនា ឆ្នាំ​ ២០២១​។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់​ក្នុង​លិខិត​ដដែល​ថា ចំពោះ​អង្គការ​អន្តរជាតិ​ពហុភាគី​ និង​ទ្វេភាគី​មួយចំនួនទៀត​មាន​បុគ្គលិក​ចំនួន​ ៤៤៣ ​នាក់ ​ដែល​នឹង​ជូនដំណឹង​ដល់​អង្គការ​ទាំងនេះ​ដោយ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​ដែល​នឹងត្រូវ​រៀបចំ​ចាក់​ជូន​ចាប់ពី​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ​ ២០២១ ​តទៅ​នៅ​មន្ទីរពេទ្យ​ព្រះអង្គឌួង​។ នៅ​ថ្ងៃ​ម្សិលមិញ​នេះដែរ ក្រសួង​សុខាភិបាល​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ចំនួន​ ៤០ ​នាក់​បន្ថែមទៀត​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ ដែល​កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​ ៨ ​ផ្សេងទៀត​ដូចជា ខេត្តកណ្តាល​ក្រចេះ កោះកុង សៀមរាប ត្បូងឃ្មុំ តាកែវ ស្វាយរៀង និង​ខេត្តកំពត​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២៩ ខែមីនា ឆ្នាំ​ ២០២១ ​នេះ​ប្រទេស​កម្ពុជា​មាន​អ្នកមាន​វិជ្ជមាន​វីរុស​កូវីដ​ ១៩​ សរុប​ចំនួន ២ ២៧៣ ​នាក់ ​អ្នកជា​សះស្បើយ​ចំនួន ១ ១៧២ ​នាក់ អ្នក​កំពុង​ព្យាបាល​ចំនួន ១ ០៨៧ ​នាក់ និង​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ចំនួន ១១ ​នាក់​៕

វីដេអូ៖