ភ្នំពេញៈ ជួប​ជាមួយ​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់​កាលពី​ម្សិលមិញ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស​អនុវត្ត​អភិក្រម​ទី​ ៥ គឺ​វះកាត់​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​នូវ​ទង្វើ​មិន​ប្រក្រតី​ក្នុង​តួនាទី ដោយ​លោក​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​យុត្តិធម៌​ឱ្យ​ពិនិត្យ​មើល​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ ខណៈ​សមាជិក​នៃ​ឧត្តមក្រុមប្រឹក្សា​ក៏​លើក​ពី​ភាពមិនប្រក្រតី​របស់​មន្ត្រី ក្រោយ​ពី​ស្ថាប័ន​នេះ​ដំណើរការ​រយៈពេល​ ១ ​ឆ្នាំ​មក​នោះ​។

ក្នុង​កិច្ចប្រជុំ​នោះ​លោក ហ៊ុន សែន ក៏បាន​ផ្ដោត​ជា​សំខាន់​លើ​ការផ្លាស់ប្ដូរ​ភាពស្ពឹក​ស្រពន់​របស់​មន្ត្រី​បម្រើ​ពលរដ្ឋ ដែល​មាន​ភាពមិន​ស្មោះត្រង់ ខណៈ​សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សា​នីមួយៗ​បាន​លើកឡើង​នូវ​របាយការណ៍​ស្រាវជ្រាវ​ដែល​ពួកគេ​បាន​រកឃើញ​រៀងៗ​ខ្លួន ដោយ​ភាគច្រើន​ពាក់ព័ន្ធ​បញ្ហា​អំពើពុករលួយ និង​ជម្លោះ​ដីធ្លី​។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សរសេរ​ថា កិច្ចប្រជុំ​នេះ​ជា​រួម​គឺ​លោកនាយក​រដ្ឋមន្ត្រី​បាន​ឆ្លើយតប​ទៅតាម​សំណើ និង​សំណូមពរ​នូវ​អ្វី​ដែល​ជា​ផលប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​ដែល​លោក​គិតថា ជា​ធាតុ​ចូល​មួយ​ក្នុងការ​រួមចំណែក និង​ជា​ពហុគំនិត​ដល់​ការធ្វើ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​។

លោក​បាន​បញ្ជាក់​ថា​៖ «​ចាប់ពី​ពេល​នេះ​តទៅ គឺ​ត្រូវ​អនុវត្ត​នូវ​អភិក្រម​ទី​ ៥ គឺ វះកាត់ ដូច្នេះ​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​នូវ​ទង្វើ​ទាក់ទង​ទៅនឹង​បញ្ហា​ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ គឺ​មិន​ត្រឹមតែ​ដាក់ទោស​ប៉ុណ្ណោះ​នោះទេ ថែម​ទាំង​ដកតំណែង និង​ការ​រឹបអូស ឬ​បង្កក​ទ្រព្យសម្បត្តិ​ផង​ដែរ ដូចជា​ករណី​ការរំលោក​ដីធ្លី និង​បញ្ហា​បទល្មើស​ព្រៃឈើ​ជាដើម​»​។

នៅក្នុង​កិច្ចប្រជុំ​នេះ​លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការប្រមូល​ធាតុ​ចូល​ក៏​ដូចជា​ការ​ស្រាវជ្រាវ​រក​បញ្ហា​ដែល​បាន​កើតឡើង​នៅតាម​មូលដ្ឋាន​នានា ក្នុង​ការ​ដាក់ជូន​ដល់​រដ្ឋាភិបាល ដើម្បី​ធ្វើ​សេចក្តី​សម្រេចចិត្ត និង​រក​វិធី​ដោះស្រាយ​។ យន្តការ​នេះ​គឺជា​ការជួយ​រាជរដ្ឋាភិបាល និង​ជា​ការ​ជួយ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​រំកិល​ទៅ​កៀក​គ្នា​ដើម្បី​ធានា​បាន​នូវ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​ឱ្យមាន​ភាពល្អ​ប្រសើរ​។

លោក​បញ្ជាក់​ថា​៖ «​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ជា​យន្តការ​ពិគ្រោះ និង​ផ្តល់​យោបល់​របស់​គណបក្ស​នយោបាយ​ជូន​រាជរដ្ឋាភិបាល​ក្រៅ​ក្របខ័ណ្ឌ​សភា​ក្នុង​គោលដៅ​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ ដើម្បី​ជា​ប្រយោជន៍​ដល់​ការបម្រើ​សេវា​ប្រជាជន និង​ការអភិវឌ្ឍ​សង្គម​ប្រកប​ដោយ​សក្តានុពល​»​។

លោក​ ឈឹម ផលវរុណ អគ្គលេខាធិការ​នៃ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បាន​ផ្តល់​បទសម្ភាស​ដល់​អ្នក​សារព័ត៌មាន​ក្រោយ​ចប់​កិច្ចប្រជុំ​បន្ថែម​ថា ក្នុង​នោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ផ្ទាល់​ទៅ​លោក​ អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឱ្យ​ពិនិត្យមើល​ភាពមិន​ប្រក្រតី​អំពើ​ពុករលួយ​ដែល​កើតឡើង​នៅក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​ផងដែរ​។

លោក​អះអាង​ថា​៖ «​នៅក្នុង​នោះ​ក៏​យើង​បាន​និយាយ​ពី​អំពើ​ពុករលួយ និង​ភាពមិន​ប្រក្រតី​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​ផងដែរ​។ សម្តេចតេជោ​លោក​ក៏​បាន​បញ្ជា​ទៅ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ឱ្យ​ពិនិត្យ​ពី​ភាពមិន​ប្រក្រតី​នេះ ដែល​មាន​ការពុករលួយ​ប្រើ​តាមរយៈ​មេធាវី​។ នេះ​តាម​ការលើក​ឡើង​របស់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ថា បុគ្គល​ដែល​ជា​ចៅក្រម ព្រះរាជអាជ្ញា គាត់​មិនមែន​ទៅ​យក​លុយ​ផ្ទាល់​ពី​ពលរដ្ឋ​ទេ គឺ​មេធាវី​ទេ​ជា​អ្នក​ទៅ​យក​លុយ ហើយ​យក​ទៅ​ចែក​បន្ត​តាមរយៈ​ហ្នឹង​ហើយ ដែល​អំពើ​ពុករលួយ អាថ៌កំបាំង​ណាស់​»​។

អ្វី​ដែល​លោក​បញ្ជាក់​ខាងលើ​បាន​ដាក់​ឲ្យ​ស្ថាប័ន​មួយ​នេះ​ពិនិត្យ​ពី​លទ្ធភាព​ក្នុងការ​ដាក់ចេញ​ជា​វិធានការ​ធ្វើ​យ៉ាងណា​ដើម្បី​ទប់ស្កាត់​ភាពមិនប្រក្រតី​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​នេះ​។

តាម​របាយការណ៍​រយៈពេល​ ១២ ​ខែ​របស់​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ដែល​បាន​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​អង្គប្រជុំ​បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​ដាក់​របាយការណ៍​របស់​ប្រតិភូ​គណបក្ស​ភ្ជាប់​ជាមួយ​នឹង​របាយការណ៍​សង្ខេប​តាមរយៈ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ចំនួន​ ៩០ ​របាយការណ៍​ដែល​ក្នុង​នោះ​បញ្ហា​ចំនួន​ ២៥១ ​លើក​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី ការរំលោភ​យក​ដី​រដ្ឋ​ដែល​ជា​ដី​គម្រប​ព្រៃឈើ បទល្មើស​ព្រៃឈើ បទល្មើស​ជលផល បញ្ហា​បរិស្ថាន ការរំលោភ​អំណាច និង​បញ្ហា​ចាក់​លុប​ឆ្នេរ បឹង ព្រែក អូរ​ជាដើម​។

ស្ថាប័ន​នេះ​ក៏​បាន​អះអាង​ដែរ​ថា​៖ «​រយៈពេល​ ១ ​ឆ្នាំ​មក​នេះ​អង្គភាព​នេះ​បាន​ដឹកនាំ​គណៈប្រតិភូ​របស់​ខ្លួន ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​ ២៩៥ ​លើក ក្នុង​នោះ​មន្ត្រី​លេខាធិការដ្ឋាន​ចូលរួម​ជា​អ្នក​សង្កេតការណ៍​ចំនួន​ ២០០ ​លើក​»​។

លោក​ សុខ សុវណ្ណវឌ្ឍនា សាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្នុង​កិច្ចពិភាក្សា​នោះ​គណបក្ស​លោក បាន​លើក​ឡើង​នូវ​ទិដ្ឋភាព​សំខាន់​ចំនួន​ ៤ ​ចំណុច​ដែល​គណបក្ស​នេះ​បាន​រកឃើញ​ដាក់​ទៅ​លោក ហ៊ុន សែន ដើម្បី​ពិនិត្យ និង​សម្រេច​។ ក្នុង​នោះ​ករណី​អង្គការ AOG ប្ដឹង​ក្រសួង​សង្គមកិច្ច​ដែល​ទាមទារ​យក​ដី​សាលា និង​មណ្ឌល​កុមារកំព្រា​ក្ដីសង្ឃឹម​សាខា​ខេត្ត​ព្រះសីហនុ​ដោយ​ចោទ​ថា ដី​រដ្ឋ​។ ករណី​នេះ​លោក​ ហ៊ុន សែន បាន​បញ្ជា​ភ្លាមៗ​ឱ្យ​ពិនិត្យ​ឡើង​វិញ និង​ ៣ ​ករណី​ទៀត​ ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​ដូចជា​ក្នុង​ខេត្ត​កំពង់ឆ្នាំង ខេត្ត​កណ្ដាល និងខេត្តសៀមរាប​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​មូលដ្ឋាន​នៃ​បញ្ហា​ខាងលើ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​បាន​រកឃើញ​ថា​មកពី​ការមិន​ធ្វើការ​តាម​ច្បាប់ មិន​អនុវត្ត​តាមច្បាប់​ជា​ធរមាន​របស់​មន្ត្រី​ថ្នាក់ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​លើ​សេចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល សជណ អនុក្រឹត្យ ព្រះរាជក្រឹត្យ ដែល​អំពើ​នេះ​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ជាពិសេស​ប៉ះពាល់​ដល់​កិច្ចការ​កំណែទម្រង់​រដ្ឋ​ដែល​ជា​មូលដ្ឋាន​ធានា​នូវ​សុខដុម​នីយកម្ម​របស់​ជាតិ រួមទាំង​ប្រជាជាតិ​»​។

ក្នុង​នោះ​លោក​អះអាង​ថា សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ក៏​បាន​ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ជំរុញ​វិធាន​នៃ​ការដោះស្រាយ​បញ្ហា​។ ឧត្តមក្រុមប្រឹក្សា​នេះ​ចង់​ឲ្យ​មាន​ការធ្វើ​សេចក្ដី​ព្រាង​ច្បាប់ ដើម្បី​ឲ្យ​មាន​ការដាក់​ទោសទណ្ឌ​ចំពោះ​មន្ត្រី​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​ណា ដែល​មិន​ធ្វើ​តាម​ច្បាប់​ជា​ធរមាន​ផង​ដែរ ស្រប​ពេល​ក្នុង​កិច្ចប្រជុំ​នោះ​លោក​ ហ៊ុន សែន បាន​ផ្ដោតលើ​ការផ្លាស់ប្ដូរ​ភាពស្ពឹក​ស្រពន់​នៃ​មន្ត្រី​របស់​លោក​ដែល​បម្រើ​ពលរដ្ឋ​មិន​ស្មោះត្រង់​។

ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​គឺជា​យន្តការ​មួយ​ដែល​រដ្ឋាភិបាល បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​ ២០១៨ ដើម្បី​ផ្តល់​ជា​គំនិត​ផ្តួចផ្តើម ឬ​ផ្តល់​មតិ​លើ​ការរៀបចំ​គោលនយោបាយ​ដល់​រដ្ឋាភិបាល​។ បន្ថែម​ពី​នេះ​ឧត្តមក្រុមប្រឹក្សា​ដែល​កើត​ចេញ​ពី​បក្ស​ចំនួន ១៦ ​នេះ​ថែម​ទាំង​អាច​ចូលរួម​ផ្តល់​យោបល់​ដល់​នាយករដ្ឋមន្ត្រី​រាល់​ភាព​អសកម្ម​របស់​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ដោយ​ឈរលើ​មូលដ្ឋាន​ពិត ភ័ស្តុតាង​ជាដើម​។

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​និយាយថា ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​នេះ បើ​មាន​ភ័ស្តុតាង​ច្បាស់លាស់​គឺ​នឹង​មាន​វិធានការ​ផ្សេងៗ​ដែល​ធ្លាប់​មាន​ជា​លទ្ធផល​កន្លងមក ដូចជា​កិច្ចសហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​។ លោក​បន្ត​ថា​ក្រសួង​នឹង​ពិនិត្យ​លើ​បញ្ហា​នេះ​។

លោក​ ម៉ាលីន បាន​បញ្ជាក់​​ថា​៖ «​មិន​ថា​តែ​អំពី​ឧត្តម​ក្រុមប្រឹក្សា​ពី​សាធារណជន​ណា​ក៏ដោយ​ឲ្យ​តែ​មាន​មូលដ្ឋាន​ច្បាស់លាស់​បញ្ជាក់​ថា​មាន​អំពើ​ពុករលួយ​មាន​ភ័ស្តុតាង មាន​អំណះអំណាង អាច​ធ្វើការ​ប្តឹង ឬ​ក៏​​ផ្តល់​មកកាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច យើង​នឹង​ពិនិត្យ​។ បើសិន​គ្រាន់​តែ​ជា​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន យើង​នឹង​ធ្វើការ​អធិការកិច្ច​ទៅ​លើ​រឿង​ហ្នឹង​»​។

លោក​ ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា វា​ហាក់​ដូចជា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កំពុងតែ​ផ្តល់​សារ:សំខាន់​ខ្លាំង​ដល់​តួនាទី​របស់​ឧត្តម​ក្រុមប្រឹក្សា​។ តាមរយ:​នេះ​តួនាទី​របស់​គណបក្ស​នានា​ដែល​ជាប់​នៅក្នុង​នោះ​គឺ​លោក​ ហ៊ុន សែន ចង់​បង្ហាញ​ថា​ពហុបក្ស​មាន​ដំណើរការ​ល្អ​ ហើយ​ដែល​ថា​កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពហុបក្ស​។

លោក​ ឡៅ ម៉ុងហៃ បាន​ចាត់ទុក​គណបក្ស​ទាំងនោះ​គឺជា​គណបក្ស​សកម្ម ហើយ​ទាំងអស់​គ្នា​រួមគ្នា​ជា​ក្រុម​ប្រឆាំង​មួយ​ដែល​មាន​ប្រសិទ្ធភាព​ជាង​គណបក្ស​ប្រឆាំង​ដែល​ស្លាប់បាត់​ទៅ​ហើយ​នោះ​ក្នុង​ការជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ជំងឺ​សង្គម​យ៉ាង​រអារអូម​នានា​ដូចជា​អំពើ​ពុករលួយ និង​ការគ្រប់គ្រង​រខេករខាក​។

លោក​បាន​បញ្ជាក់​ថា​៖ «​តាម​សកម្មភាព​របស់​លោក​ ហ៊ុន សែន នេះ​គឺ​សម្តេច​នាយក​រដ្ឋមន្ត្រី​បំភ្លេច​ចោល​តួនាទី និង​សារ:សំខាន់​សព្វថ្ងៃ​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​រលាយបាត់​ទៅ​ហើយ​នោះ​របស់​មេដឹកនាំ​ដែល​នៅ​ជាប់​ឃុំឃាំង​លោក​ កឹម សុខា និង​អតីត​មេដឹកនាំ​និរទេស​មាន​សំឡេង​ខ្លាំងក្លា លោក សម រង្ស៊ី នៅពេល​មាន​សម្ពាធ​អន្តរជាតិ​ទាមទារ​ឲ្យ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​រស់​ឡើងវិញ​ឲ្យ​ដោះលែង កឹម សុខា និង​លើកលែង​ការចោទប្រកាន់​ទាំងអស់​ទៅ​លើ សម រង្ស៊ី​»៕