ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឱ្យ​ពលរដ្ឋ​ម្នាក់ៗ រហូត​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ជាតិ​ទាំងអស់​ត្រូវ​ចាត់ទុក​ការចូលរួម​ការប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​ឆ្លង​កូវីដ​ ១៩ គឺជា​ការងារ​អាទិភាព​ទី​ ១ និង​ចាំបាច់​បំផុត ថ្វីដ្បិត​មកដល់​ពេល​នេះ​កម្ពុជា​ពុំទាន់​មាន​ពលរដ្ឋ​ណា​ម្នាក់​ឆ្លង​ក្ដី​។

លោក ហ៊ុន សែន បញ្ជាក់ថា​កម្ពុជា​ក៏ត្រូវ​ចាប់ផ្ដើម​សិក្សា​អំពី​វិធានការ​នានា ដែល​ត្រូវ​ប្រកាន់​យក ប្រសិន​បើ​មាន​ករណី​ឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​កើតឡើង​នៅក្នុង​ប្រទេស​។ លោក ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០ របស់​ក្រសួង​សុខាភិបាល​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​កាលពី​ម្សិលមិញ​។

លោក​បញ្ជាក់ថា​៖ «​ចាប់តាំងពី​ផ្ទុះ​កូវីដ ១៩ រហូត​មកដល់​ពេលនេះ និង​រហូត​ទៅដល់​ការបញ្ចប់​នៃ​ជំងឺ​កូវីដ​ ១៩ ​នេះ​ការងារ​ខ្ពស់បំផុត​របស់​កម្ពុជា​គឺ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាលដាល​នៃ​កូវីដ ១៩ ដែល​នេះ​គឺជា​ការងារ​ដែល​យើង​ត្រូវធ្វើ​ទាំងអស់គ្នា​»​។

លោក​បន្តថា កម្ពុជា​ត្រូវតែ​រៀបចំ​ផែនការ និង​វិធានការ​នានា​ដែល​ត្រូវ​ប្រកាន់​យក​នាពេល​ខាង​មុខ​ក្នុង​ករណី​កូវីដ​ ១៩ បាន​ឆ្លង​មកដល់​កម្ពុជា និង​បាន​ឆ្លង​រាលដាល​ពី​ពលរដ្ឋ​ម្នាក់​ទៅ​ពលរដ្ឋ​ម្នាក់ ដែល​មាន​ល្បឿន​លឿន​ និង​ទ្រង់ទ្រាយ​ធំ​។ លោក​បន្តថា ឃុំ ស្រុក​ ឬ​ខេត្ត​ណាមួយ​ដែល​អាចមាន​ការឆ្លង​វីរុស​នេះ នោះ​រដ្ឋាភិបាល​អាច​នឹង​ចាត់វិធានការ​មួយចំនួន​ដូចជា​បិទ​សាលា វត្ត​អារាម ឬ​ព្រះវិហារ​សាសនា​គ្រិស្ត និង​អ៊ិស្លាម​ជាដើម រួមទាំង​ការបិទ​ចរាចរណ៍​ចេញចូល​ក្នុង​ឃុំ ឬ​ខេត្ត​ដែល​រង​ការឆ្លង​វីរុស​នេះ​។

លោក​បន្ថែមថា រដ្ឋ​ត្រូវ​ត្រៀម​ថវិកា​សម្រាប់​ជួយ​ពលរដ្ឋ​ក្នុង​ករណី​ចាំបាច់​នៃ​ការឆ្លង​រាលដាល​កូវីដ​ ១៩ ​តាមរយៈ​ការសម្រេច​កាត់បន្ថយ​ការចំណាយ​របស់​ក្រសួង​ស្ថាប័ន​ទាំងអស់​ចំនួន ៥០ ​ភាគរយ​លើកលែង​តែ​ក្រសួង​ការពារជាតិ ក្រសួង​ពាណិជ្ជកម្ម និង​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​ត្រូវ​កាត់បន្ថយ​ ២៥ ​ភាគរយ ដើម្បី​សន្សំ​ប្រាក់​ទាំងនោះ​។

លោក​បញ្ជាក់ថា ការចំណាយ​របស់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ក៏​ត្រូវ​កាត់បន្ថយ​ដែរ ដើម្បី​សន្សំ​ប្រាក់​ទាំងនោះ​ទុក​សម្រាប់​បង្វែរ​ការចំណាយ​ចាំបាច់​ទៅលើ​វិស័យ​សុខាភិបាល​នាពេល​ខាងមុខ​។ លោក​ថ្លែង​ទៀតថា​៖ «​សូមកុំ​ឱ្យមាន​ការបន្ថែម​លើ​ការចំណាយ​មាន​តែ​ការកាត់បន្ថយ​ការចំណាយ​តែម្ដង​ហើយ​មានតែ​ប្រាក់បៀវត្សរ៍​ប៉ុណ្ណោះ ដែល​មិន​ត្រូវ​កាត់បន្ថយ​ការចំណាយ​ទេ​។ ទាក់ទង​នឹង​ការចំណាយ​ចរន្ត​ដែល​ក្នុង​មួយខែ​យើង​ត្រូវ​ចំណាយ​ជាង​ ៤០០ ​លាន​ដុល្លារ អាហ្នឹង​មិនអាច​ប៉ះពាល់​បានទេ​»​។

លោក​បញ្ជាក់ថា ចាប់ពី​ពេល​នេះ​តទៅ​មន្ត្រី​តាម​ក្រសួង​ស្ថាប័ន​ត្រូវ​កាត់បន្ថយ​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស ឬ​កិច្ចប្រជុំ​ខ្លះ​នៅ​ក្រៅ​ប្រទេស និង​គប្បី​ចាត់តាំង​ត្រឹម​ឯកអគ្គរាជទូត​ឱ្យ​ចូលរួម​ជំនួស​ជាដើម​។

លោក​ថា​៖ «​សព្វថ្ងៃ​វា​កំពុង​ស្ថិតក្នុង​លទ្ធភាព​ទី​ ១ គឺ​ការអំពាវនាវ​ និង​អប់រំ​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ការពារ​ខ្លួន​តាមរយៈ​ការធ្វើ​អនាម័យ​។ ការអប់រំ​ប្រជាពលរដ្ឋ​មិនឱ្យ​មាន​ការភ័យខ្លាច និង​ការរើសអើង​ជា​វិធានការ​ដែល​យើង​កំពុង​ប្រកាន់​យក​ហើយ​។ យើង​គប្បី​ដាក់ចេញ​ជំហាន​ទី​ ២ ដែល​ហៅថា លទ្ធភាព​ទី​ ២ គឺ​លទ្ធភាព​ដែល​ពលរដ្ឋ​កម្ពុជា​ចាប់ផ្ដើម​ឆ្លង​កូវីដ​ ១៩ ហើយ​បើ​ចូលទៅក្នុង​ក្របខ័ណ្ឌ​ខេត្ត​ណាមួយ តើ​យើង​គួរតែ​បិទ​ខេត្ត​ទាំងមូល​ទេ ឬ​ក៏​បិទ​ក្នុង​តំបន់​ដែល​មាន​វីរុស​នេះ​ដូចជា​ឃុំ​មួយ ឬ​ស្រុក​មួយ​»​។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​លោក​បាន​គិតដល់​អំពី​ការដាក់ចេញ​វិធានការ​ទាំងនេះ​យូរ​មកហើយ ប៉ុន្តែ​ដោយសារ​ពលរដ្ឋ​មាន​ការលង់លក់​ខ្លាំងពេក​ក្នុង​ការភ័យខ្លាច​អំពី​វីរុស កូវីដ​ ១៩ ទើប​លោក​មិនបាន​ប្រកាស​ឱ្យ​ក្រសួង​ស្ថាប័ន​កាត់បន្ថយ​ការចំណាយ​នេះ​។ លោក​គូសបញ្ជាក់​ថា ការ​សន្សំ​ថវិកា​ទាំងនេះ​គឺ​មិនមែន​សម្រាប់​ដោះស្រាយ​តែ​ក្នុងករណី​កើតឡើង​ការរាលដាល​នៃ​វីរុស កូវីដ​ ១៩ ទេ ប៉ុន្តែ​ក៏​ដើម្បី​ត្រៀម​ទប់ទល់​គ្រោះ​រាំងស្ងួត​នាពេល​ខាងមុខ​ផងដែរ​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា ជា​ភ័ព្ទសំណាង​ដែល​កម្ពុជា​ទើប​រកឃើញ​ករណី​ឆ្លង កូវីដ ​១៩ តែ​លើ​ជនជាតិ​ចិន​ម្នាក់​នៅក្នុង​ខេត្ត​ព្រះសីហនុ និង​អ្នក​នៅលើ​នាវា Westerdam ដែល​មកដល់​ពេល​នេះ​មិនទាន់​មាន​អ្នកណាម្នាក់​ឆ្លង​វីរុស​កូវីដ​​ ១៩​។ ប៉ុន្តែ​លោក​ថា​អ្វីដែល​កម្ពុជា​ទប់ទល់​កន្លងមក គឺ​មិនមែន​វីរុស​កូវីត​ ១៩ ​តែ​គឺ​ទប់ទល់​អំពី​ការបំពុល​ព័ត៌មាន​ដែល​លោក​ហៅថា គឺជា​ក្រុម​ភេរវករ​។

គិត​ត្រឹម​ថ្ងៃទី​ ២ ខែមីនា វីរុស កូវីដ​ ១៩ បាន​ឆ្លង​រាលដាល​មនុស្ស​ចំនួន​ជាង​ ៩ ​ម៉ឺន​នាក់​នៅក្នុង​ប្រទេស​ប្រហែល​ ៧០ ខណៈ​អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​ឱ្យ​ប្រទេស​ទាំងអស់​ត្រូវ​ត្រៀមលក្ខណៈ​ឱ្យបាន​គ្រប់គ្រាន់​ជាស្រេច​ក្នុង​ការប្រយុទ្ធប្រឆាំង​ការរាលដាល​នៅតាម​សហគមន៍​។

លោក ហ៊ុន សែន ក៏បាន​ប្រកាស​ណែនាំ​ឱ្យ​បញ្ឈប់​ការចាប់ដៃ​គ្នា​ និង​ងាក​មក​អនុវត្ត​តាម​ប្រពៃណី​ខ្មែរ​ឡើងវិញ គឺ​សំពះ​គ្នា ដើម្បី​បង្ការ​កុំឱ្យ​ឆ្លង​វីរុស​នេះ ខណៈ​លោក​ក៏​ថ្លែងថា លោក​នឹង​បញ្ឈប់​ការចាប់​ដៃ​ជាមួយ​ជនបរទេស​៕