ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យថែរក្សាទុកនូវសំណង់ផ្សេងៗដែលមានអាយុកាលលើសពី ៥០ ឆ្នាំឡើងទៅ ដើម្បីបន្សល់ទុកដល់ក្មេងជំនាន់ក្រោយ ខណៈដែលលោកបញ្ជាក់ថា ស្ពានសម័យបារាំងនៅខេត្តបាត់ដំបងនឹងមិនមានការវាយចោលនោះទេ។
លោកនាយករដ្ឋមន្ត្រីប្រកាសដូច្នេះបានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប្រមាណ ២៧៩០ នាក់នៅវិទ្យាស្ថានជាតិអប់រំកាលពីម្សិលមិញ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «កន្លងទៅស្រាប់តែនាំគ្នាផ្អើលឈុលថាយើងនាំគ្នាប្រុងវាយស្ពាននៅបាត់ដំបង ស្ពានសម័យបារាំងនៅបាត់ដំបង ផ្អើលឈុលពេញហ្វេសប៊ុក។ សូមបញ្ជាក់អារឿងអ្វីដែលបន្សល់ទុកលើសពី ៥០ ឆ្នាំទៅគឺខិតខំរក្សា។ អាហ្នឹងក្លាយទៅជាសមិទ្ធផល ហើយអានោះជាង ១០០ ឆ្នាំរឿងអីត្រូវទៅវាយ? ខិតខំរក្សាវា ជួសជុល ធ្វើម៉េចដើម្បីទប់កុំឲ្យវាបាក់»។
កាលពីថ្ងៃទី ១៣ ខែធ្នូ រដ្ឋបាលខេត្ដបាត់ដំបងបានសម្រេចផ្អាកការធ្វើចរាចរណ៍លើស្ពានចាស់ឆ្លងកាត់ស្ទឹងសង្កែដោយបញ្ជាក់ថាស្ពាននេះមានសភាពចាស់ទ្រុឌទ្រោម និងបែកប្រេះស្រាំមិនអាចប្រើប្រាស់បន្តទៀតបានឡើយ ហើយជាការចាំបាច់គឺត្រូវបញ្ឈប់ការធ្វើដំណើរឆ្លងកាត់ស្ពាននេះតែម្ដង។
កាលពីថ្ងៃទី ១៨ ធ្នូ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិត ១ ច្បាប់ដោយបានជំទាស់នឹងគម្រោងរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលមានបំណងចង់រុះរើស្ពានថ្ម ក្រោយពីរដ្ឋបាលខេត្តនេះបានស្នើសុំគោលការណ៍អនុញ្ញាតធ្វើការរុះរើស្ពានចាស់សម័យបារាំងដែលស្ថិតនៅមុខសាលាខេត្តបាត់ដំបងក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ប៉ុន្តែយ៉ាងណាបន្ទាប់ពីមានប្រតិកម្មជាបន្តបន្ទាប់ រដ្ឋបាលខេត្តបាត់ដំបងបានប្រកាសជំហរក្នុងការរក្សាទុកស្ពាននេះវិញ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «អាជ្ញាធរខេត្តបាត់ដំបងគ្រាន់តែថា ចៀសវាងកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋគឺត្រូវធ្វើយ៉ាងម៉េចកុំឲ្យប្រជាពលរដ្ឋឆ្លងកាត់អាហ្នឹង (ស្ពាន)។ ប៉ុន្តែជំនួសមកវិញយើងត្រូវរកវិធីធ្វើស្ពានបន្ថែមនៅកន្លែងនោះ មិនមែនជាការវាយចោលទេ»។
បើតាមក្រសួងវប្បធម៌ ស្ពានចាស់នៅមុខសាលាខេត្ដបាត់ដំបងនេះត្រូវបានសាងសង់ឡើងចាប់តាំងពីសម័យអាណានិគមបារាំងក្នុងឆ្នាំ ១៩១៦ មានអាយុកាល ១០៣ ឆ្នាំ និងធ្លាប់ត្រូវបានរថយន្តធុនធំ និងរថក្រោះបើកឆ្លងកាត់កាលពីសម័យសង្គ្រាម ហើយស្ពាននេះគឺជាសំណង់បេតិកភណ្ឌទីក្រុងនៅសល់តែ ១ គត់នៅក្នុងខេត្តបាត់ដំបង និងនៅសល់តែ ១ គត់នៅកម្ពុជាដែលមានតម្លៃជាប្រវត្តិសាស្ត្រនៃស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថាន។
លោក សុខ កែវសុវណ្ណារ៉ា បុរាណវិទូនៃវិទ្យាស្ថានណារ៉ាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ចំពោះសំណង់សម័យអាណានិគមន៍បារាំងមានគេអភិរក្សច្រើនណាស់ក្នុងនោះមានសំណង់មួយចំនួននៅរាជធានីភ្នំពេញ បាត់ដំបង និងសៀមរាបជាដើម ដើម្បីឲ្យក្មេងជំនាន់ក្រោយស្គាល់ថា អ្វីទៅដែលជាលក្ខណៈនយោបាយ អាណានិគមន៍ដែលកម្ពុជាបានទទួលរង ហើយត្រូវចងចាំ។ ប៉ុន្តែលោកថាសំណង់ទាំងនេះក៏មានច្រើនណាស់ដែរ ដែលត្រូវបានវាយកម្ទេចចោល។
ចំពោះការអភិរក្សស្ពានបុរាណដែលសល់ពីសម័យបារាំងនៅក្នុងខេត្តបាត់ដំបងនេះវិញ អ្នកបុរាណវិទូរូបនេះសាទរ ព្រោះតែសំណង់នេះគឺជាសំណង់ដំបូងបំផុតដែលមានលក្ខណៈសម័យដែលខុសពីសំណង់នៅក្នុងសម័យអង្គរដោយបានប្រើប្រាស់បច្ចេកទេសថ្មីក្នុងសម័យនោះ។
លោកបញ្ជាក់ថា៖ «ល្អមែនទែន ដែលសម្តេចគាត់មានអនុសាសន៍សម្រាប់ការការពារ (សំណង់) ដែលមានអាយុចាប់ពី ៥០ ឆ្នាំទៅព្រោះប៉ុន្មានឆ្នាំមុន យើងប្រឈមនឹងការបាត់បង់សំណង់អគារច្រើនណាស់ដូចជានៅតំបន់ភ្នំពេញយើង និងបាត់ដំបងយើងក្តី ហើយសៀមរាបនេះស្ទើរតែអស់ (សំណង់បុរាណ)។ ព្រោះពេលខ្លះ មន្ត្រីហើយដូចជាយើងជាអ្នកអភិរក្សវប្បធម៌ មិនមានទឹកមាត់ប្រៃទៅជជែកវែកញែកជាមួយគេទេ»។
បើតាមលោក សុខ កែវសុវណ្ណារ៉ា រាល់សំណង់ដែលមានអាយុកាលចាប់ពី ៨០ ឆ្នាំឡើងទៅគឺត្រូវថែរក្សាវា ឲ្យបានគង់វង្ស ហើយសំណង់ទាំងនោះនឹងត្រូវស្ថិតក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌជាតិ ដើម្បីចូលរួមថែរក្សាសម្រាប់កូនចៅជំនាន់ក្រោយ ដោយលោកចង់ឲ្យមានវិធានការច្បាស់លាស់សម្រាប់គ្រប់គ្រង និងការពារសំណង់ទាំងអស់នេះឲ្យមានប្រសិទ្ធភាព៕