The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ហ៊ុន ​សែន ​​ប្រគល់​ផ្សារ​ទូទាំង​ប្រទេស​ឲ្យ​ពលរដ្ឋ​លក់ដូរ​តកូន​តចៅ




លោក​ ហ៊ុន ​សែន ​​ប្រគល់​ផ្សារ​ទូទាំង​ប្រទេស​ឲ្យ​ពលរដ្ឋ​លក់ដូរ​តកូន​តចៅ

លោក​ ហ៊ុន សែន នៅ​ពេល​ចុះ​ទៅ​ផ្សារ​កំពង់ឆ្នាំង​កាលពី​សប្តាហ៍​មុន​។
លោក​ ហ៊ុន សែន នៅ​ពេល​ចុះ​ទៅ​ផ្សារ​កំពង់ឆ្នាំង​កាលពី​សប្តាហ៍​មុន​។ រូបថត ហ្វេសប៊ុក

លោក​ ហ៊ុន ​សែន ​​ប្រគល់​ផ្សារ​ទូទាំង​ប្រទេស​ឲ្យ​ពលរដ្ឋ​លក់ដូរ​តកូន​តចៅ

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាល​ពី​ល្ងាច​មិញ​ដោយ​សម្រេច​ប្រគល់​ផ្សារ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ឲ្យ​អាជីវករ​អាច​លក់ដូរ​តកូន​តចៅ​ជា​អ្វី​ដែល​ត្រូវ​បាន​លោក​ពន្យល់​ថា​ដើម្បី​ចៀសវាង​ពួក​អាក្រក់​ដើរ​ភូតភរ​បោកប្រាស់​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​មួយ​រយៈ​កន្លង​មក​​ដែល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត​លោក​តែង​ឆ្លៀត​ចូល​ពិនិត្យ​ការ​លក់ដូរ​របស់​ប្រជាជន​តាម​ទីផ្សារ​មួយ​ចំនួន​ហើយ​លោក​បាន​សង្កេត​ឃើញ​បញ្ហា​ប្រឈម​របស់​អាជីវករ​តាម​ផ្សារ​គ្រប់​ប្រភេទ​មាន​ដូចៗ​គ្នា​គឺ​អាណត្តិ​លើ​សិទ្ធិ​កាន់កាប់​ ប្រើ​ប្រាស់ និង​អាស្រ័យ​ផល​រហូត​មាន​បងប្អូន​អាជីវករ​បាន​ស្នើ​សុំ​លោក​ឱ្យ​ពន្យារ​អាណត្តិ​ឱ្យ​បាន​ច្រើន​ឆ្នាំ​។

លោក​បាន​គូសបញ្ជាក់​ថា​៖ «​យុទ្ធសាស្ត្រ​ពន្លត់​ភ្លើង​ជា​ជាង​អង្គុយ​បក់​ផ្សែង និង​ដើម្បី​ការពារ​ផលប្រយោជន៍​អាជីវករ​តកូន​តចៅ​យូរ​អង្វែង​ចៀសវាង​ពួក​អាក្រក់​ដើរ​ភូតភរ​បោកប្រាស់។ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​សហការី​ពិសេស​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រៀបចំ​សារាចរ​ស្តីពី (ការ​គ្រប់គ្រង​ផ្សារ​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស​)»​។

លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា​តាមរយៈ​សារាចរណ៍​នេះ​បងប្អូន​អាជីវករ​នឹង​ទទួល​បាន​សិទ្ធិ​តកូន​តចៅ​ដោយ​គ្មាន​ពេល​កំណត់​ហើយ​មិន​ចាំបាច់​ស្នើសុំ​ពន្យារ​ពេល​ទៀត​ទេ។

ដោយ​ឡែក​ផ្សារ​កំពង់ឆ្នាំង​ដែល​បាន​ស្នើសុំ​ពន្យារ​អាណត្តិ​ពី​ឆ្នាំ ២០២៥ ដល់ ឆ្នាំ ២០៤០ ដែល​លោក​បាន​យល់ព្រម​កាលពី​សប្តាហ៍​មុន​ក៏​ត្រូវ​បាន​បន្ត​គ្មាន​ទីបញ្ចប់​តកូន​តចៅ​ផង​ដែរ។

លោក​បញ្ជាក់​ទៀត​ថា៖ ​«សុំ​បង​ប្អូន​ជួយ​ថត​សារាចរ​នេះ​ចែក​គ្នា​រក្សា​ទុក ឬ​បិទ​តាម​តូប​លក់ដូរ​ដើម្បី​បង្ហាញ​ពួក​អាក្រក់ និង​ប្រាប់​ពួកគេ​ថា​ឈប់​បោកប្រាស់​តទៅ​ទៀត​ទៅ»។

ទោះ​ជា​យ៉ាង​ណា​លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​ប្រាប់​ថា​តើ​មនុស្ស​អាក្រក់​នោះ​ជា​នរណា​ទេ​ខណៈ​ដែល​កន្លង​មក​គេ​សង្កេត​ឃើញ​ថា​ក្រុម​អាជីវករ​នៅ​តាម​ផ្សារ​ជាច្រើន​បាន​ធ្វើការ​តវ៉ា ឬ​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ (រុះរើ​ផ្សារ​ចាស់​សាងសង់​ផ្សារ​ថ្មី) ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​អាជីវករ។

លោក ឈួរ ចន្ទឌឿន អភិបាល​ខេត្ត​កំពង់ឆ្នាំង​ថ្លែង​​កាលពី​ម្សិលមិញ​ក្រោយពី​បាន​អាន​សារាចរ​របស់​រាជរដ្ឋាភិបាល​ថា​វា​ជា​ដំណឹង​ល្អ​បំផុត​សម្រាប់​ពលរដ្ឋ​ជាពិសេស​អ្នក​លក់ដូរ​​នៅ​ខេត្ត​កំពង់ឆ្នាំង​ដែល​បាន​សិទ្ធិ​លក់ដូរ​តកូន​តចៅ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ចុះ​ទៅ​​ខេត្ត​កំពង់ឆ្នាំង​កាលពី​សប្តាហ៍​មុន​ហើយ​បាន​​ប្រកាស​ឲ្យ​បងប្អូន​អ្នក​លក់ដូរ​នៅ​ផ្សារ​កំពង់ឆ្នាំង​អាច​ពន្យារ​ពេល​លក់ដូរ​បាន​ចាប់​ពី​ចប់​កុងត្រា​ឆ្នាំ​ ២០២៥ ​ដល់​ឆ្នាំ​ ២០៤០ ប៉ុន្តែ​នៅ​ពេល​នេះ​អាជីវករ​ទាំង​នោះ​អាច​បន្ត​សិទ្ធិ​លក់ដូរ​ដោយ​គ្មាន​ពេល​កំណត់​តកូន​តចៅ​ផង​ដែរ។

លោក​ ចន្ទឌឿន ​ថ្លែង​ថា៖ «ផ្សារ​លើ​នេះ​វិនិយោគ​ចាប់​ផ្តើម​ពី​ឆ្នាំ​ ២០០៧ ដល់ ​២០២៥ ហើយ​ប្រហែល​ ៩ ឆ្នាំ​ទៀត​បាន​ចប់​ និង​លក្ខខណ្ឌ​ត្រូវ​ប្រគល់​ឲ្យ​ខេត្ត​ចាត់ចែង​បន្ត​ហើយ​ឧទាហរណ៍​តូប​មួយ​គាត់​ទិញ ៣ ពាន់​ដុល្លារ​គឺ​មាន​សិទ្ធិ​ដល់​ ២០២៥ ទេ​តែ​សម្តេច​ពន្យារ​ដល់​ ២០៤០។ អ៊ីចឹង​សារាចរ​ថ្មី​នេះ​មាន​ន័យ​ថា​សម្តេច​សម្រេច​ថា​ផ្សារ​នៅ​ទូទាំង​ប្រទេស​គឺ​ប្រជាជន​មាន​សិទ្ធិ​លក់ដូរ​មួយ​ជីវិត​ផ្ទេរ​ដល់​កូនចៅ​តែ​ត្រូវ​បង់​ភាស៊ី​ និង​ពន្ធ​ជូន​រដ្ឋ​»។

ក្នុង​ខេត្ត​កំពង់ឆ្នាំង​មាន​ផ្សារ​របស់​រដ្ឋ​ចំនួន ​១០ ប៉ុន្តែ​ក្នុង​នោះ​មាន​តែ​ផ្សារ​លើ​មួយ​ប៉ុណ្ណោះ​ដែល​មាន​អ្នក​វិនិយោគ​ឯកជន​បណ្តាក់​ទុន​វិនិយោគ។

កន្លង​មក​អ្នក​ឃ្លាំ​មើល​សង្គម​មួយ​ចំនួន​បាន​អធិប្បាយ​ថា​ការ​ចុះ​ទៅ​តាម​​បណ្តា​ខេត្ត​ហើយ​បាន​ធ្វើការ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​​ជូន​ប្រជាពលរដ្ឋ​ជាពិសេស​ដោះស្រាយ​បញ្ហា​ជូន​អាជីវករ​នៅ​តាម​ផ្សារ​មួយ​ចំនួន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថា​ជា​យុទ្ធសាស្ត្រ​ដើម្បី​ទាក់ទាញ​សន្លឹក​ឆ្នោត។

ប៉ុន្តែ​លោក​អភិបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​ទាំង​នេះ​ដោយ​ថ្លែង​​ថា៖ «វា​មិន​ពាក់ព័ន្ធ​សន្លឹក​ឆ្នោត​ទេ​តែ​ភារកិច្ច​របស់​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​គឺ​ត្រូវ​គិតគូរ​ពី​ពលរដ្ឋ»៕

អត្ថបទគួរចាប់អារម្មណ៍