ភ្នំពេញៈ លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​បាន​ប្រតិកម្ម​ចំពោះ​ក្រុម​អ្នក​រិះគន់​ដែល​បាន​ចោទ​ប្រកាន់​ទៅ​លើ​រាជ​រដ្ឋាភិបាល​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា ខណៈ​ពួកគេ​បាន​កំពុង​ប្រើ​ប្រាស់​ឈើ​ប្រណីត​ដើម្បី​សាង​សង់ និង​តុប​តែង​លំនៅឋាន។

នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី ៣ ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល កាល​ពី​ម្សិលមិញ​លោក​ ហ៊ុន សែន បាន​ថ្លែង​ថា៖ «ផ្ទះ​របស់​វា​ធ្វើ​សុទ្ធ​តែ​ពី​ឈើ​មក​ជេរ​ឯង​ថា​អស់​ព្រៃឈើ នេះ​ក្តៅៗ​អាហ្នឹង​តើ។ ខឹង​អា​ពួក​កាប់​ឈើ​វា​ម្យ៉ាង​ទេ ប៉ុន្តែ​អា​វា​ប្រើប្រាស់​ឈើ ហើយ​សុទ្ធ​តែ​អា​ប្រណីត​ទៀត តាំង​ពី​បេង តាំង​ពី​នាង​នួន តាំង​ពី​ធ្នុង ស្អី​គ្រប់​សព្វ​ទាំង​អស់។ វា​ប្រើ​ឲ្យ​ពេញ​តែ​ផ្ទះ​វា រួច​វា​មក​ជេរ​ឯង​ថា គ្រប់គ្រង​ប្រទេស​ថា ឲ្យ​បាត់​ឈើ។ ថ្ងៃ​ណា​ប្រមូល​ហែ្អង​ត្រឹម ១០០ ផ្ទះ អញ​ទៅ​រុះ​ហ្មង រុះ​ហើយ​យក​ឈើ​ចេញៗ ស៊ីម៉ងត៍​កុំ​យក យក​តែ​ឈើ រួច​ហើយ​យក​ចង្អុល​បង្ហាញ ហែ្អ​ង​ជេរ​អញ​បាត់​ឈើ ឥឡូវ​ឈើ​ហ្នឹង​ហែ្អ​ង​យក​ពី​ណា​មក»។

លោក​ ហ៊ុន សែន បាន​អះអាងថា ក្រុម​ទាំង​នោះបាន​ជេរ​រាជ​រដ្ឋាភិបាល​ថា​ជា​អ្នក​ធ្វើ​ឲ្យ​បាត់​ឈើ នៅ​ពេល​ដែល ពួក​ទាំង​នោះ​បាន​ធ្វើ​ចម្ការ ធ្វើ​ផ្ទះ​ដោយ​ប្រើ​ជញ្ជាំង​ឈើ ដែល​បញ្ហា​ទាំង​នេះ​គួរ​ត្រូវ​បាន​លើក​យក​មក​ធ្វើ​ជា​បញ្ហា។

លោក​ ហ៊ុន សែន ថ្លែងថា៖ «អ៊ីចឹង​ទេ ថ្ងៃ​ណាមួយ ខ្ញុំ​នឹង​ឲ្យ​តាម​ឈ្មោះ​មុខ​សញ្ញា​ពួក​ប្រឆាំង ខ្ញុំ​ដើរ​ទៅ​រុះ​ផ្ទះ​ទាំង​អស់​ដើរ​រុះផ្ទះ​យក​ឈើ។ ហេតុ​អី? មក​ពី​ហ្អែង​ថា​ឲ្យ​អញ​ថា បាត់​ឈើ ចុះ​ឈើ​ហ្អែង​ធ្វើ​ផ្ទះ​ហ្នឹង ហ្អែង​បាន​ពី​ណា?»។

អត្ថាធិប្បាយ​របស់លោក​ ហ៊ុន សែន​ ធ្វើឡើង​ក្រោយពី​ក្រុម​បណ្ដាញ​សហគមន៍​ព្រៃឡង់​ចេញ​សេចក្ដី​ថ្លែង​ការណ៍​អំពី​របាយ​ការណ៍​ឃ្លាំ​មើល​អំពី​បច្ចុប្បន្ន​ភាព​ព្រៃឡង់​លើក​ទី ៧ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ ២០១៩ បាន​ឲ្យ​ដឹង​ថា សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​តែ​បន្ត​កើត​មាន និង​មាន​ការ​កើន​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ក្រសួង​បរិស្ថាន​ចាត់​ទុក​របាយ​ការណ៍​នេះ​ជាការ​បំពុល​ព័ត៌មាន។

លោក ស្រី ថី សមាជិក​ម្នាក់​ក្នុងគណៈកម្ម​ការ​សម្រប​សម្រួល​បណ្តាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ដែរ​ថា ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហាក់​មិន​សម​ហេតុផល​នោះ​ទេ ព្រោះ​ថា​ព្រៃឈើ​នៅ​កម្ពុជា​បាន​បាត់បង់​អស់​ជាច្រើន គឺ​មិន​មែន​ដោយសារ​ការ​កាប់​ឈើ​សាង​សង់​ផ្ទះ​របស់​អ្នក​រិះគន់​នោះ​ទេ ហើយ​ពួកគេ​ក៏​មិន​មាន​ឈើ​ប្រណីតៗ សម្រាប់​សាង​សង់​ផ្ទះ​ដែរ។

លោក​បញ្ជាក់ថា៖ «ក្រុម​សហគមន៍​យើងខ្ញុំ មិនមាន​ដែក មាន​ស៊ីម៉ងត៍​ធ្វើ​ផ្ទះ​ទេ គឺ​មាន​តែ​ប្រើ​ឈើ​ដែរ តែ​មិន​មាន​អស់​ឈើ​ច្រើន​ដូច​ការ​បាត់បង់​នេះ​ដែរ យ៉ាង​ច្រើន ១ ឆ្នាំ ធ្វើ​ផ្ទះ​អស់ ១០ ខ្នង ប្រសើរ​ណាស់​ហើយ ជួន​កាល​មិន​បាន​ផង។ តែ​បងប្អូន​ធ្វើ​ផ្ទះ អត់​មាន​ឈើ​ប្រណីតៗ​ទេ មាន​តែ​ឈើ​សរសៃ​ធម្មតា​ទេ»។

ទោះយ៉ាងណា​ក៏ដោយ មន្ត្រីជាន់ខ្ពស់​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក​លោក ស៊ឹង សែន​ករុណា បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ជាទូទៅ​ព្រៃ​នៅ​ស្រុក​ខ្មែរ បើ​ទោះ​ជា​ពលរដ្ឋ​ប្រើប្រាស់​ទូទាំង​ប្រទេស​ទៀត ក៏​ប្រើ​មិន​អស់​ដែរ បើ​គ្មាន​ការ​កាប់​បំផ្លាញ​នាំ​ចេញ​ដោយ​ខុស​ច្បាប់​នោះ។

លោក សែន​ករុណា ថ្លែងថា៖ «ប្រមុខ​រាជរដ្ឋាភិបាល​បានទទួល​ស្គាល់​ហើយ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​រហូត​ដល់​មាន​ការ​ធ្វើការ​ប្តេជ្ញា​ចិត្ត​ទៅ​ទៀត តែ ការ​រិះគន់​ចុង​ក្រោយ​ទាំង​អស់​នេះ យើង​ជឿជាក់​ថា មិន​គួរណា​មាន​ការ​ជះ​ត្រឡប់​មក​អ្នក​រិះគន់​ទេ។ ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​យក​មតិ​រិះគន់​មក​ទាំង​អស់​ហ្នឹង ដើម្បី​រក​យុទ្ធសាស្ត្រ​ដើម្បី​ធ្វើ​យ៉ាង​ណា​ទប់​ស្កាត់​ឲ្យ​បាន​ក្នុង​ការ​បំផ្លិច​បំផ្លាញ​ព្រៃឈើ»៕