ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី កាលពីម្សិលមិញបានប្រតិកម្មខ្លាំងៗនិងបានចាត់ទុកការរិះគន់របស់ក្រុមអ្នកវិភាគ និងតំណាងរាស្ត្របក្សសង្គ្រោះជាតិដែលថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ដោយសារខ្លាចក្រុមអ្នកគាំទ្របក្សប្រឆាំងធ្វើបាតុកម្មនោះថា ជាការមាក់ងាយរាជរដ្ឋាភិបាលនិងមានចរិតព្រហើន។
ថ្លែងក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធលូនៅរាជធានីភ្នំពេញ លោកហ៊ុន សែន បានថ្លែងថា ការផ្អាកដោយសារកម្ពស់ទឹកទាបអាចធ្លាក់ដល់ ៤,២០ ម៉ែត្រដែលធ្វើឲ្យការដឹកជញ្ជូនទូកនិងបច្ចេកទេសអុំមានការលំបាក មិនមែនខ្លាចក្រុមអ្នកគាំទ្របក្សប្រឆាំងធ្វើបាតុកម្មដូចការលើកឡើងរបស់ក្រុមអ្នកវិភាគឯករាជ្យនិងអ្នកតំណាងរាស្រ្តបក្សប្រឆាំងនោះទេ។
លោកបានចាត់ទុកការរិះគន់នោះថាជាការអធិប្បាយបែបប្រមាថនិងព្រហើនដែលមិនអាចទទួលយកបាន។
លោកថា៖ «ឲ្យស្គាល់ពីបញ្ហា កុំលេងស្អីក៏នយោបាយនៅពីក្រោយនោះ»។
លោកពន្យល់ថា៖«ឆ្នាំទៅអុំទូកក៏ទឹកទាបដែរ យើងអុំតែ ៦ ម៉ែត្រជាង ចំណុះទូកចង់ដាច់ខ្យល់ទៅហើយ អាហ្នឹងទឹកតែត្រឹម ៦ ម៉ែត្រ ល្អបំផុតទឹក ៧ ម៉ែត្រឬលើស ៧ ម៉ែត្របន្តិច ប៉ុន្តែបើឡើងដល់ទៅ ៨ ម៉ែត្រកន្លះទៅ ៩ ម៉ែត្រ អាហ្នឹងរឹតតែអុំមិនកើតទៀត ខ្លាចគ្រោះថ្នាក់»។
លោកបានបន្ថែមថា បើទោះជាមិនមានពិធីបុណ្យអុំទូក ប៉ុន្តែការកម្សាន្តផ្សេងទៀត ដូចជា ការបាញ់កាំជ្រួច ការតាំងពិព័រណ៍ ការប្រគំតន្ត្រីជាដើម នៅតែមានដដែលដើម្បីឲ្យពលរដ្ឋបានមកសប្បាយរីករាយ ក្នុងនោះ លោកនឹងរ៉ាប់រងចំណាយលើតារាចម្រៀងនិងតារាសម្តែងទាំងអស់។

កាលពីថ្ងៃទី ៣១ តុលា រាជរដ្ឋាភិបាលបានចេញសារាចរផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី ២៤ ដល់ ២៦ វិច្ឆិកា ខាងមុខនេះ ដោយលើកហេតុផលថា ឆ្នាំនេះទឹកទន្លេមានកម្រិតទាបនិងកំពុងជួបគ្រោះរាំងស្ងួត។
លោកនាយករដ្ឋមន្ត្រីក៏បានសុំការយោគយល់ចំពោះការផ្អាកនេះ និងបានបញ្ជាទៅមន្ត្រីឲ្យយកថវិកាដែលបម្រុងសម្រាប់រៀបចំពិធីនេះទៅទិញប្រេងបូមទឹកចូលស្រែឲ្យកសិករដែលកំពុងជួបគ្រោះរាំងស្ងួត។
ទោះយ៉ាងណា ការផ្អាកនេះធ្វើឡើងក្រោយពីមានបាតុកម្មទម្លាក់ លោក កឹម សុខា ចេញពីអនុប្រធានទី ១ រដ្ឋសភា កាលពីថ្ងៃទី ២៦ ខែតុលា។
អ្នកវិភាគនិងស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី ដែលបានវិភាគពីការផ្អាកបុណ្យអុំទូកបានថ្លែងថា ការបដិសេធរបស់លោកនាយករដ្ឋមន្ត្រី គឺជាសិទ្ធិរបស់លោក ប៉ុន្តែប្រជាពលរដ្ឋលោកបានដឹងពីទំនាក់ទំនងជិតស្និទ្ធនៃការផ្អាកពិធីបុណ្យអុំទូកនិងវិបត្តិនយោបាយដែលបានកើត កាលពីថ្ងៃទី ២៦ តុលា។
លោកថា៖«ខ្ញុំគិតថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ផ្តល់ហេតុផលថា ដោយសារទឹកទន្លេមានកម្រិតទាបនោះ យើងគួរតែដឹងរឿងនេះកាលពីប៉ុន្មានខែមុន ហើយការប្រកាសផ្អាក គួរតែធ្វើកាលពីខែមុនឬធ្វើមុនពេលមានវិបត្តិនយោបាយ។ ហេតុនេះហើយទើបអ្នកវិភាគខ្លះជឿថា វាមានទំនាក់ទំនងរវាងព្រឹត្តិការណ៍ថ្ងៃ ២៦ តុលា និងការផ្អាកពិធីបុណ្យអុំទូក»។
អ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មិនឆ្លើយតបនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីទេ ប៉ុន្តែបានសម្តែងការសោកស្តាយចំពោះការផ្អាកព្រះរាជពិធីបុណ្យ ជាប្រពៃណីជាតិដ៏យូរលង់នេះ។
ព្រះរាជពិធីបុណ្យអុំទូកដែលទាក់ទាញមនុស្សច្រើនរហូតដល់ប្រមាណមួយលាននាក់មកកាន់រាជធានីភ្នំពេញ បានផ្អាកបីឆ្នាំជាប់គ្នា បន្ទាប់ពីមានព្រឹត្តិការណ៍ជាន់គ្នាស្លាប់ជាង ៣៥០ នាក់ នៅលើស្ពានកោះពេជ្រនាថ្ងៃចុងក្រោយនៃពិធីបុណ្យនេះកាលពីឆ្នាំ ២០១០។
នៅឆ្នាំ ២០១១ រាជរដ្ឋាភិបាល បានលុបចោលពិធីបុណ្យនេះ ដោយសារទឹកជំនន់។ ឆ្នាំ ២០១២ មូលហេតុនៃការផ្អាក គឺសម្តេចឪ នរោត្តម សីហនុ សោយទិវង្គតនៅខែតុលា គឺប៉ុន្មានសប្តាហ៍មុនពេលរៀបចំពិធី ហើយឆ្នាំ ២០១៣ ក៏បានផ្អាកមួយឆ្នាំទៀត ដោយសារទឹកជំនន់ ប៉ុន្តែនៅឆ្នាំ ២០១៤ មានការប្រារព្ធពិធីនេះឡើងវិញជាធម្មតាដោយអ្នកចូលរួមទស្សនាបានថយចុះ៕