ចិនៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្រាប់ក្រុមហ៊ុនចិនដែលមកវិនិយោគនៅកម្ពុជាកុំឲ្យមានការព្រួយបារម្ភអំពីការលុបចោលកិច្ចសន្យាទាំងឡាយជាមួយកម្ពុជា ដោយលោកអះអាងថានឹងបន្តការពារនូវផលប្រយោជន៍របស់ក្រុមហ៊ុនទាំងអស់នៅកម្ពុជា ខណៈអ្នកវិភាគថា ការចាប់ដៃជាមួយចិនក្នុងការអភិវឌ្ឍអាចនឹងផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្តិ្ត។
ក្រោយពីបានចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិនពីម្សិលមិញរួចមក ខណៈលោកទៅធ្វើជាសហប្រធាននៃកិច្ចប្រជុំពិព័រណ៍ចិនជាមួយអាស៊ានរយៈពេល ២ ថ្ងៃនាខេត្តក្វាងស៊ី ប្រទេសចិនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ក្រុមហ៊ុនធំៗរបស់ចិនចំនួន ៦ ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាថា កុំឲ្យមានការភ័យខ្លាចទៅលើការលុបកុងត្រាចាស់ណាមួយនៃក្រុមហ៊ុនវិនិយោគទុនដោយអះអាងថា លោកនឹងការពារ។
តាមរយៈហ្វេសប៊ុករបស់លោកពីម្សិលមិញបញ្ជាក់ថា៖ «តែផ្ទុយទៅវិញរាជរដ្ឋាភិបាលថ្មីនីតិកាលទី ៦ ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេចតេជោ សម្តេចនឹងបន្តការពារនូវរាល់ផលប្រយោជន៍របស់ក្រុមហ៊ុនទាំងអស់ក្នុងប្រទេសកម្ពុជា»។
ជាមួយគ្នានោះលោក ហ៊ុន សែន ក៏បានបន្តធ្វើការអំពាវនាវដល់បណ្តាក្រុមហ៊ុនវិនិយោគចិនទាំងអស់ត្រូវបន្តមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនឡើងព្រោះកម្ពុជានៅមានសក្តានុពលជាច្រើនក្នុងការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើនថែមទៀត។
ជាមួយនឹងការលើកឡើងនោះដែរលោកនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ដល់អ្នកវិនិយោគទុនចិនពីគម្រោងដែលរាជរដ្ឋាភិបាលកម្ពុជាគ្រោងស្នើដល់រដ្ឋាភិបាលចិនក្នុងការផ្តល់កម្ចីសម្បទានដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងប្រទេសកម្ពុជាដែលក្នុងនោះមានការតភ្ជាប់ផ្ទៃក្នុងប្រទេស និងការតភ្ជាប់ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ានក៏ដូចជាការតភ្ជាប់ទៅកាន់ប្រទេសចិនតាមរយៈផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។
ប៉ុន្តែអ្នកវិភាគនយោបាយលោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា លើកឡើងថា កម្ពុជាអាចនឹងជួបផលចំណេញផង និងខាតផងប្រសិនបើកម្ពុជាខ្លួនឯងមិនអាចគ្រប់គ្រងដំណើរការអវិជ្ជមាននៃការវិនិយោគរបស់ក្រុមហ៊ុនចិនឲ្យបានល្អប្រសើរទេនោះ។
លោក សុវណ្ណារ៉ា ក៏បានប្រៀបធៀបថា ការចាប់ដៃអភិវឌ្ឍប្រទេសដែលនាំឲ្យកម្ពុជាទទួលបានផលល្អប្រសើរជាងចិន គឺការសហការជាមួយប្រទេសលោកខាងលិច។
លោក ឯម សុណ្ណារ៉ា បានថ្លែងថា៖ «បើយើងនិយាយពីទំនាក់ទំនងកម្ពុជា-ចិន វារីកចម្រើនល្អនៅក្នុងក្របខ័ណ្ឌទាំងទ្វេភាគី និងក្របខ័ណ្ឌអាស៊ាន។ វាជាចំណុចវិជ្ជមានសម្រាប់កម្ពុជានៅក្នុងការអភិវឌ្ឍប្រទេស»។
ប៉ុន្តែលោកថា កម្ពុជាទទួលលទ្ធផលល្អ ឬមិនល្អពីទំនាក់ទំនងជាមួយចិនក៏អាស្រ័យលើកម្ពុជាខ្លួនឯង ថាតើត្រូវអនុវត្តយន្តការមួយចំនួនដែលពាក់ព័ន្ធនឹងការពង្រឹងច្បាប់ ត្រួតពិនិត្យមើលនិគមជនជាតិចិនដែលមកនៅកម្ពុជាបានល្អប៉ុនណា។
លោកបញ្ជាក់ថា៖ «នៅក្នុងចរន្តដែលល្អហ្នឹង [កម្ពុជា] ក៏គួររក្សាទំនាក់ទំនងជាមួយនឹងលោកខាងលិចដែរ សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកទើបកម្ពុជាអាចឈានទៅចំណុចល្អមែនទែន។ កន្លងមកនៅពេលដែលយើងមានទំនាក់ទំនងល្អជាមួយចិនទៅ ដូចជាធ្វើឲ្យមន្ត្រីរដ្ឋាភិបាល ឬរដ្ឋាភិបាលលែងសូវបារម្ភពីទំនាក់ទំនងជាមួយលោកខាងលិចដែលជាអត្ថប្រយោជន៍ធំគឺនៅលោកខាងលិចទេ»។
ដោយឡែកនាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ថ្លែងថាការវិនិយោគដែលល្អផ្តល់ផលប្រយោជន៍ល្អសម្រាប់កម្ពុជាគឺមានតែអ្នកវិនិយោគនោះត្រឹមត្រូវស្អាតស្អំប៉ុណ្ណោះ ដែលជួយដល់សេដ្ឋកិច្ចកម្ពុជាបាន ហើយរដ្ឋាភិបាលមិនត្រូវព្រងើយកន្តើយចំពោះការវិនិយោគ ឬអាជីវកម្មណាដែលប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ ប្រពៃណី ទំនៀមទម្លាប់ ជាពិសេសការវិនិយោគផ្នែកល្បែងស៊ីសងជាដើម។
លោក ជ័យ សង្កត់ធ្ងន់ថា៖ «ការវិនិយោគរបស់ចិននៅខេត្តព្រះសីហនុជាគំរូមិនល្អមួយដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងរកមធ្យោបាយដើម្បីស្តារស្ថានភាពឲ្យល្អឡើងវិញ»៕