ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ពលរដ្ឋ​កុំ​មាន​ការព្រួយបារម្ភ​រឿង​សង្គ្រាម​កើតឡើង ព្រោះ​មិនមាន​ការវាយប្រយុទ្ធ​គ្នា​នៅ​ភ្នំពេញ​ទេ ហើយ​លោក​ស្នើ​ឲ្យ​អ្នក​កំពុង​លាក់ខ្លួន​ពាក់ព័ន្ធ​រឿង​រួមគំនិត​ក្បត់​ចេញ​សារភាព​ដើម្បី​ទទួល​បាន​ការសន្ដោសប្រណី ខណៈ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់ថា​អ្នកពាក់ព័ន្ធ​ជិត​​ ៣០០ ​នាក់​បាន​ចេញ​សារភាព​។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​ពេល​លោក​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៩-២០២៣ ប្រារព្ធ​នៅ​សណ្ឋាគារ ១ ​នៅ​ភ្នំពេញ​ពី​ព្រឹក​ម្សិលមិញ​។ លោក​លើកឡើង​ថា ​លោក​ទទួល​បាន​ព័ត៌មាន​ពី​ក្ដីកង្វល់​របស់​មាតាបិតា​ដែល​មាន​កូន​ជា​កម្មករ ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ហើយ​មួយ​ចំនួន​បាន​សុំឱ្យ​កូន​ត្រឡប់​ទៅផ្ទះ​ខ្លាច​មាន​ការប្រយុទ្ធ​គ្នា​។

ប៉ុន្តែ​លោក​ថា​៖ «​គ្មាន​អ្នកណា​គេ​វាយ​គ្នា​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ទេ ព្រោះ​បើ​ធ្វើ​សកម្មភាព​គេ​ធ្វើ​តែ​ចំពោះ​មុខសញ្ញា​ ៩ ​នាក់​ តែ​ប៉ុណ្ណោះ​យ៉ាងច្រើន ប៉ុន្តែ​អា​ ៩ ​នេះ​វា​មិន​មក​ទេ កុំ​ឆ្ងល់​ពេក​។ ឥឡូវ​វា​ទៅ​ពន្យារ​សំបុត្រ​យន្តហោះ​ចេញពី​ប៉ារីស​មក​ថ្ងៃ​ ៩ មិន​មក​ថ្ងៃ​ ៧ ឆ្លងកាត់​ថៃ​ថ្ងៃ​ ៨ ហើយ​ដល់​ស្រុក​ខ្មែរ​ថ្ងៃ​ ៩ ​ទេ​»​។

ទោះបី​លោក​មិន​បញ្ចេញ​ឈ្មោះ​មុខសញ្ញា​មនុស្ស​ទាំង​ ៩ ​នាក់ ​ដែល​លោក​ត្រៀម​ចាត់ការ​នោះ​ក៏ដោយ ប៉ុន្តែ​អ្នក​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា ជា​លោក​ សម រង្ស៊ី និង​បក្ខ​ពួកគាត់​ ៨ ​នាក់​ទៀត ដែល​ប្រកាស​វិល​ចូល​ស្រុក​ថ្ងៃទី​ ៩ វិច្ឆិកា​ ឆ្លងកាត់​តាម​ប្រទេស​ថៃ​។ លោក​ថា លោក​ សម រង្ស៊ី ខ្លាំង​តែ​លើ​ហ្វេសប៊ុក​ប៉ុណ្ណោះ​។

លោក​ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដល់​កិច្ចសហប្រតិបត្តិការ​របស់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន ចំពោះ​វិធានការ​លើ​អតីតមន្ត្រី​បក្សប្រឆាំង រួមមាន កិច្ចសហប្រតិបត្តិការ​របស់​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី​។ ជាពិសេស​ព្រះរាជាណាចក្រ​ថៃ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ប្រាយុធ ចានអូចា បាន​ចេញមក​ថ្លែង​បដិសេធ​មិន​ឲ្យ​លោក​ សម រង្ស៊ី ឆ្លងកាត់​ទឹកដី​ថៃ ដើម្បី​ចូល​មក​កម្ពុជា​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រួមគំនិត​ក្បត់​ឱ្យចេញ​មុខ​សារភាព ដើម្បី​ទទួល​បាន​ការសន្ដោស​ប្រណី​។ លោក​ថា ពួកគេ​មួយចំនួន​កំពុង​លាក់ខ្លួន​នៅ​ភ្នំក្រវាញ​។ ពួកគេ​គួរ​ចេញមុខ​សារភាព ហើយ​ចូលរួម​សប្បាយ​ក្នុង​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ​។ បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​ត្រូវ​ចាប់ខ្លួន​គ្រប់​ទីកន្លែង​។ លោក​លើក​ឡើង​ថា ពួកគេ​បាន​ដើរ​ហួស​បន្ទាត់​ក្រហម​នៃ​សិទ្ធិ​បញ្ចេញមតិ​គឺ​បាន​ប្រមាថ​ព្រះមហាក្សត្រ ទាមទារ​ចាប់ខ្លួន​នាយករដ្ឋមន្ត្រី​ឱ្យ​ព្រះមហាក្សត្រ​ដាក់រាជ្យ​។

លោក​មាន​ប្រសាសន៍ថា​៖ «​ហើយ​សុំ​បញ្ជាក់​អំពាវនាវ​ឱ្យចេញ​សារភាព​នៃ​អ្នក​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ ហើយ​ដែល​មាន​ក្នុង​បញ្ជី​រួចហើយ​អ្នកឯង​មិនអាច​ទៅណា​រួច​ទេ​។ អ៊ីចឹង​ដើម្បី​ចៀសវាង​កុំឱ្យ​មាន​បញ្ហា​ដល់​ខ្លួន​អ្នកឯង​ចេញមក​យើង​នឹង​សន្ដោស​ប្រណី​ឱ្យ​អ្នកឯង​។ ព្រោះ​អ្នកឯង​បាន​បោះបង់ចោល​ផែនការ​ក្បត់​ទៅហើយ យើង​អត់​យកទោស​ពៃរ៍​ទេ​»​។

លោក​បន្ថែមថា​៖ «​សូម​មិត្តភក្តិ​បរទេស​សុំ​យោគយល់​ចំពោះ​កម្ពុជា ព្រោះ​កម្ពុជា​គ្មាន​ជម្រើស​ណា​ក្រៅតែ​ពី​ការពារ​ជីវិត​ប្រជាជន​នៅក្នុង​សុខសន្តិភាព​មួយ​ដែល​មិន​ត្រូវ​ឱ្យ​បំផ្លាញ​ដោយសារ​មនុស្ស​មួយក្រុម​តូច ធ្វើ​ឯង​សម្បើម​ជាង​សម្ដេចព្រះ​នរោត្តម​សីហនុ ទៅទៀត​»​។

ជាមួយ​គ្នា​នេះ​លោក​ស្នើឱ្យ​មិត្តភក្តិ​បរទេស​យល់​ពី​ភាព​ចាំបាច់​របស់​រដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង​សភាពការណ៍​មួយ​ចាំបាច់ ហើយ​ថា​ប្រជាជន​កម្ពុជា​បាន​រង​ការឈឺចាប់​រាប់​មិន​អស់​រួច​ទៅ​ហើយ​ដោយសារ​តែ​អាពាក្យ ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ដែល​បន្ទាប់មក​គឺ​ផ្ដួលរំលំ​ដែល​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​ស្លាប់​រាប់លាន​នាក់​។

លោក​បន្តថា​៖ «​ឥឡូវ​យើង​ខ្ញុំ​មិនអាច​ជឿ​ទៅ​លើ​អ្វី​ដែល​ជា​ពាក្យ​គ្រាន់តែ​និយាយ​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ទេ​។ សិទ្ធិមនុស្ស​ពិតប្រាកដ​គឺ​សិទ្ធិ​រស់រាន​មាន​ជីវិត សិទ្ធិ​ដែល​មិនត្រូវ​ទទួល​ការគំរាមកំហែង​ដោយ​ការស្លាប់​ ឬ​ត្រូវរបួស​ដោយ​សង្គ្រាម​។ យើងខ្ញុំ​ទម្រាំ​រក​សន្តិភាព​បាន​ត្រូវ​ចំណាយ​សាច់ឈាម រាប់​មិន​អស់​ដើម្បី​ធានា​ឲ្យ​កម្ពុជា​មួយ​មាន​ការឯកភាព​ទឹកដី​ដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​។ បើ​មិន​និយាយ​ទៅដល់​ ៥០០ ​ឆ្នាំ​ទេ ក៏​និយាយ​ជាង​ ១០០ ​ឆ្នាំ​ បន្ទាប់ពី​បារាំង​ចូលមក​ដាក់​អាណានិគម​នៅ​កម្ពុជា​»​។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​លោក​គោរព​ដំណើរការ​ប្រជាធិបតេយ្យ និង​ផ្ដល់​សិទ្ធិ​ដល់​អ្នក​ទាំងឡាយណា​ដែល​ឈ្នះឆ្នោត​ដោយ​ប្រជាធិបតេយ្យ តែ​មិនមែន​មក​ដណ្ដើម​អំណាច និង​ការប្រកាស​មក​ចាប់ខ្លួន​ ហ៊ុន សែន នៅ​ថ្ងៃទី​ ៩ ​នោះទេ​។ លោក​ថា អ្នកគាំទ្រ​លោក សម រង្ស៊ី នឹង​បន្ត​រង​ទុក្ខ​ហួស​ពី​ថ្ងៃ​ទី​ ៩ វិច្ឆិកា ដរាប​ណា​លោក​ សម រង្ស៊ី មិន​ប្រកាស​បញ្ចប់​ទង្វើ​របស់​ខ្លួន​។

លោក​បញ្ជាក់ថា​៖ «​ព្រុស​ពី​ក្រៅរបង​រួច​ហើយ​អ្នក​នៅក្នុង​របង​នេះ អា​អ្នក​នៅក្រៅ​របង​វា​អត់​អី​ទេ វា​នៅ​ដេក​ស្រួល​ឯណោះ​។ តែ​អា​អ្នក​នៅក្នុង​របង​បាន​វា​ងាប់​។ តើ​សុខចិត្ត​ងាប់​តាម​វា​ទេ​? ណែ​! មកលេង​បុណ្យអុំទូក​ជាមួយគ្នា​ទៅ​។ បើ​ចេះ​អុំទូក មក​ហាត់​ហ្វឹកហ្វឺន​ជាមួយ​គេ​បណ្ដោយ​ទៅ​»​។

លោក​ ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា គិត​ត្រឹម​ថ្ងៃទី​ ៧ មាន​មនុស្ស​ ២៩៨ ​នាក់​ បាន​ចេញ​មក​សារភាព ហើយ​មិន​ត្រូវ​បាន​ចាប់ខ្លួន ខណៈ​មនុស្ស​ចំនួន​ ៦៣ ​នាក់ ត្រូវ​បាន​ចាប់​ឃាត់ខ្លួន និង​មាន​ដីកា​ចាប់​ខ្លួន​ចំនួន​ ៦៩ ​នាក់​ទៀត​។

លោក​ ព្រាប កុល ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ថ្លែងថា​អ្នកនយោបាយ​ខ្មែរ​កំពុង​ដើរ​លើ​មាគ៌ា​នយោបាយ ចាញ់ ចាញ់​! លោក​ សម រង្សី និង​អតីត​ថ្នាក់ដឹកនាំ CNRP មក​មិន​ដល់​ស្រុក​ខ្មែរ​ទេ ហើយ​ក៏​គ្មានអ្វី​កើតឡើង​ធំដុំ​គួរឱ្យ​កត់សម្គាល់​ដែរ​នៅ​ថ្ងៃ​ ៩ វិច្ឆិកា ឬ​ក្នុងពេល​បុណ្យអុំទូក​នេះ​។ លោក​ថា​មាន​តែ​ការគិត​ថា អ៊ីចេះ​គិត​ថា​អ៊ីចុះ មាន​ការ​ភិតភ័យ ជ្រួលជ្រើម​ខ្លះ និង​ស្រមើស្រមៃ​ខ្លះ​ប៉ុណ្ណោះ​។

អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ យល់ឃើញ​ថា​ការអំពាវនាវ​របស់​លោក​ ហ៊ុន សែន ​ឲ្យ​អ្នកពាក់ព័ន្ធ​ចេញ​សារភាព​នោះ គឺជា​យុទ្ធសាស្ត្រ​ «​ត្បក​ហើយ​អង្អែល ដើម្បី​ឲ្យ​អ្នកប្រឆាំង​ចេញមុខ​មក​ទទួល​ការចុះចាញ់​»​។

លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា​ការលើក​ឡើង​របស់​លោក​ ហ៊ុន សែន ពាក់ព័ន្ធ​រឿង​ចូល​សារភាព​នេះ គឺជា​ការផ្ដល់​ឱកាស​ដល់​អ្នក​ដែល​យល់ច្រឡំ​ចូលរួម​ជាមួយ​លោក​ សម រង្ស៊ី ដើម្បី​ទទួល​បាន​ការលើកលែង​ទោស​។

លោក​ថា​៖ «​អ្នក​ដែល​ងុបងល់​មិន​បាន​ទទួល​ព័ត៌មាន ហើយ​ចាញ់បោក​គេ​ហ្នឹង​តែងតែមាន​។ តែ​រដ្ឋាភិបាល​នៅតែ​មាន​បេះដូង​សម្រាប់​ជាតិ ដើម្បី​ផ្សះផ្សា​ជាតិ​។ ការផ្សះផ្សា​ជាតិ​សម្រាប់​ប្រជាជន​ដែល​មិនបាន​ដឹង​រឿង​ហ្នឹង គឺ​វា​សំខាន់​ណាស់​ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្នុង​នាម​រដ្ឋាភិបាល​»​។

ប៉ុន្តែ​លោក ​សម រង្ស៊ី ថ្លែង​តាម​ទំព័រ​ធ្វីធើរ​ម្សិលមិញ​ថា ផែនការ​វិលត្រឡប់​របស់​លោក​គ្មាន​អ្វី​ប្រែប្រួល​ឡើយ​។ លោក​ថ្លែងថា ព័ត៌មាន​ថា​លោក​ពន្យារ​ការហោះហើរ​នោះ​គឺជា​ព័ត៌មាន​ក្លែងក្លាយ​៕