ភ្នំពេញ៖ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ហាម​មន្ត្រី​ជាន់ខ្ពស់​នៅតាម​ស្ថាប័ន​នានា​នៃ​រដ្ឋាភិបាល​ជូន​ដំណើរ​លោក​ឡើង​យន្តហោះ​ក្នុង​ដំណើរ​ចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន នៅ​ប្រទេស​ឥណ្ឌូនេស៊ី នា​ថ្ងៃទី ២៤ មេសា ដើម្បី​បញ្ចៀស​ការឆ្លង​ជំងឺ​កូវីដ១៩។

តាមរយៈ​សារ​សំឡេង​របស់​លោក​ដែល​ផ្សព្វផ្សាយ​ថ្ងៃនេះ​បញ្ជាក់​ថា៖ «យើង​កំពុង​បិទ​ទីក្រុង​ភ្នំពេញ​ផង ការចេញ​ដំណើរ​ខ្ញុំ​លើក​នេះ​ទៅ​ក្រៅ​ប្រទេស ពុំមាន​ការចាំបាច់​នឹង​ជូន​ដំណើរ​ពី​សម្តេច ឯកឧត្តម លោកជំទាវ ដែលជា​ឧបនាយករដ្ឋមន្ត្រី ដូច​ពេល​មុន​នោះទេ។ ខ្ញុំ​ឲ្យ​ពិធីការ​ជូនដំណឹង​ទៅ​សម្តេច ឯកឧត្តម លោកជំទាវ ដោយ​ហេតុផល​ងាយ​យល់​ គឺ​ត្រង់​យើង​កំពុង​បិទ​ទីក្រុង»។

ក្រៅពី​មូលហេតុ​នេះ លោក​ ហ៊ុន សែន ក៏បាន​ថ្លែងថា ការកែប្រែ​របៀប​ថ្មី​នេះ ក៏ដោយសារ​បញ្ហា​កូវីដ១៩ ស្របពេល​ការធ្វើ​ដំណើរ​របស់​លោក​ទាំង​ទៅ​ និង​មក គឺ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក។ ដូច្នេះ​នឹង​នាំឲ្យ​មន្ត្រី​ទាំងអស់ ដែល​ចូលរួម​ជូន​ដំណើរ​លោក ក៏​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ដូច​គ្នា។

លោក​បញ្ជាក់ថា៖ «បើ​ធ្វើ​ចត្តាឡីស័ក​ដូចគ្នា ដូច្នេះ​ធ្វើឲ្យ​កម្លាំង​ដឹកនាំ​នៅតាម​ស្ថាប័ន​រាជរដ្ឋាភិបាល​នឹង​ជួប​ការលំបាក​កាន់តែ​ខ្លាំង។ អ៊ីចឹង​ទេ ខ្ញុំ​ទៅ​ពេលព្រឹក ហើយ​យប់ បើ​តាម​អ្វីដែល​បាន​ប្រជុំ អាច​យប់​បន្តិច​ក្នុង​អំឡុង​ម៉ោង ៩ យប់ គឺ​ខ្ញុំ​នឹង​ត្រឡប់​មក​ប្រទេស​វិញ»។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ប្រកាស​ដែរ​ថា បន្ទាប់ពី​លោក​បញ្ចប់​ការចូលរួម​ប្រជុំ​នេះ គឺ​នឹង​មិន​មាន​ការធ្វើ​សន្និសីទ​កាសែត​ដូចពេល​មុនៗ​នោះ​ទេ ដែល​ជំនួស​ដោយ​ការយក​សំណាក​មន្ត្រី​ និង​រូបលោក​ផ្ទាល់​ ដើម្បី​ពិនិត្យ​រក​ជំងឺ​កូវីដ១៩៕