កំពតៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ឱ្យ​អាជ្ញាធរ និង​មន្ត្រីក្រោមឱវាទ​ឱ្យ​ខិតខំ​រក្សា​ឱ្យបាន​នូវ​តំបន់​ទេសចរណ៍​មិនឱ្យ​ក្លាយជា​តំបន់​ប្រើប្រាស់​គ្រឿងញៀន និង​តំបន់​គ្មាន​បងតូច​បងធំ ការគំរាម​កំហែង និង​ការវាយប្រហារ​ភេរវកម្ម​។

ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​ ៨ ក្នុង​ជុំ​ទី​ ២ នៅ​ខេត្តកំពត​កាលពី​យប់​ថ្ងៃ​សៅរ៍ លោក ហ៊ុន សែន ថ្លែងថា​៖ «​ខិតខំ​ធ្វើ​យ៉ាងណា​រក្សា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម កុំ​ឱ្យមាន​ភេរវកម្ម​កើតឡើង​នៅ​តំបន់​ទេសចរណ៍​មាត់សមុទ្រ កុំ​ឱ្យមាន​គ្រឿងញៀន កុំ​ឱ្យមាន​បងតូច​បង​ធំ និង​ក្រុម​ដែល​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​នូវ​ស្ថិរភាព​នៅ​តំបន់​ទេសចរណ៍​។ តំបន់​ទេសចរណ៍​របស់​យើង​ត្រូវតែ​ក្លាយ​ជា​តំបន់​ទេសចរណ៍ ហើយ​គ្មាន​ការគំរាមកំហែង​ពី​ពួក​ម៉ាហ្វីយ៉ា និង​គ្មាន​ការគំរាមកំហែង​ពី​ការវាយប្រហារ​ភេរវកម្ម​»​។

លោក ហ៊ុន សែន ក៏បាន​​អះអាង​ថា បើ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ពឹងពាក់​ទៅលើ​ល្បែង​អនឡាញ (Online) កម្ពុជា​នឹង​ក្លាយ​ទៅ​ប្រទេស​រងគ្រោះ​សម្រាប់​បញ្ហា​សន្តិសុខ​របស់​ខ្លួន និង​ស្ថិតក្នុង​ការគំរាមកំហែង​នៃ​ក្រុម​ម៉ាហ្វីយ៉ា​ដែល​ជ្រៀត​ចូលមកក្នុង​ប្រទេស​ដើម្បី​ធ្វើ​សកម្មភាព​។

លោក​ ហ៊ុន សែន បាន​ថ្លែងថា​៖ «​យើង​ក៏​ស្ថិតនៅក្នុង​ស្ថានភាព​ដែល​ក្លាយទៅជា​ប្រទេស​នៃ​គោលដៅ​នៃ​ការលាង​លុយកខ្វក់​តាមរយៈ​អនឡាញ​។ យើង​នឹង​បាត់បង់​នូវ​សុវត្ថិភាព យើង​នឹង​បាត់បង់​សុវត្ថិភាព​អ្នកជំនួញ​ធំៗ អ្នករក​ស៊ីធំៗ​ដែល​ជា​អ្នកមាន​ប្រាក់កាស​មិន​ហ៊ាន​ចូលមក​កម្ពុជា​ដោយសារ​ខ្លាច​ពួក​ក្រុម​ម៉ាហ្វីយ៉ា​»​។

លោក មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ការណែនាំ​របស់លោក​នាយក​រដ្ឋមន្ត្រី​គឺជា​ការចង្អុលបង្ហាញ ហើយ​អាជ្ញាធរ​ត្រូវតែ​ខិតខំ​យកចិត្ត​ទុកដាក់​អនុវត្ត​តាម​ការលើក​ឡើង​នូវ​បញ្ហា​ព្រួយបារម្ភ​។

លោក មាស វិរិទ្ធ ថ្លែង​ថា​៖ «​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី លោក​មាន​តួនាទី​តម្រង់ទិស​ណែនាំ​។ យើង​ត្រូវតែ​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ​នៃ​ការធ្វើ​សកម្មភាព​ប្រយុទ្ធប្រឆាំង (​គ្រឿងញៀន​)»​។ នេះ​គឺជា​ការក្រើនរំឭក​របស់​ថ្នាក់ដឹកនាំ​ដើម្បី​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ខិតខំ​យកចិត្ត​ទុកដាក់​ក្នុង​ការត្រួតពិនិត្យ​គ្រឿងញៀន​នៅ​តំបន់​ទេសចរណ៍​»​។

លោក មាស វិរិទ្ធ បញ្ជាក់ថា បទល្មើស​គឺ​ត្រូវបាន​ប្រព្រឹត្តឡើង​ដោយ​មនុស្ស​។ សមត្ថកិច្ច​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​ត្រូវខិតខំ​ធ្វើការ​តាមដាន ត្រួតពិនិត្យ និង​ស៊ើបអង្កេត​ពី​បញ្ហា​គ្រឿងញៀន​។ ប្រសិន​បើ​ការប្រើប្រាស់​គ្រឿងញៀន​កើតមាន​នៅ​តំបន់​ណា សមត្ថកិច្ច​ត្រូវ​បំផ្លាញ​គ្រឿងញៀន​នៅ​កន្លែង​នោះ និង​ស្រាវជ្រាវ​ត្រឡប់​រក​ប្រភព​នៃ​ការបញ្ជូន​គ្រឿងញៀន​ទៅ​ដល់​ដៃ​អ្នកប្រើប្រាស់​ហើយ អាជ្ញាធរ​កំពុង​បន្ត​នីតិវិធី​នេះ​។

លោក មាស វិរិទ្ធ បញ្ជាក់​ទៀត​ថា​កន្លង​មក​នេះ​អាជ្ញាធរ​បាន​អនុវត្ត​ផែនការ​ស្តីពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល ហើយ​បានសម្រេច​នូវ​លទ្ធផល​គួរ​ជាទី​មោទន និង​ផ្តល់​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​ដែល​ជា​ការចូលរួម​ថែរក្សា​សន្តិសុខ​សង្គម​។

លោក​ថ្លែងថា​៖ «​តាម​ការណែនាំ​ហ្នឹង​គឺ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ទៅលើ​កន្លែង​កម្សាន្ត​សប្បាយ​ជាច្រើន​ជាមួយ​នឹង​ការត្រួតពិនិត្យ​យន្តការរដ្ឋបាល​។ អ៊ីចឹង​ឃើញ​ថា តាម​ក្លិប​កម្សាន្ត​ស្ទើរតែ​ទាំងអស់​គឺថា​មិនមាន​សកម្មភាព​ប្រព្រឹត្ត​សកម្មភាព​ល្មើសច្បាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ហើយ​យើង​នៅតែ​បន្ត​យកចិត្ត​ទុកដាក់​លើ​កិច្ចការ​នេះ​បន្ថែមទៀត​»​។

កាលពី​ថ្ងៃទី​ ១៦ ​ដល់​ ២០ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ដឹកនាំ​ប្រតិភូ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​។ លោក កែ គឹមយ៉ាន បាន​ប្រាប់​តំណាង​ក្រសួង​សន្តិសុខ​សាធារណ:​ចិន​ថា រដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​លើ​ការងារ​ត្រួតពិនិត្យ​គ្រឿង​ញៀន ដោយ​ផ្តោតលើ​យន្តការ​ពហុ​វិស័យ​ទាំង​ផ្នែក​អនុវត្ត​ច្បាប់ ការអប់រំ​ផ្សព្វផ្សាយ ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ការចូលរួម​គាំទ្រ​ពី​គ្រប់​វិស័យ​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កាលពី​ពេល​ថ្មីៗ​កន្លងមកនេះ​។

លោក​បាន​ស្នើសុំ​ការគាំទ្រ​ពី​ភាគី​ចិន​ទៅលើ​ផ្នែក​សម្ភារ បច្ចេកទេស ការអប់រំ​ផ្សព្វផ្សាយ ការបណ្តុះបណ្តាល​មន្រី្ត អនុវត្ត​ច្បាប់ និង​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​។ ភាគី​ចិន​ក៏បាន​ស្នើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការត្រួតពិនិត្យ​គ្រឿងញៀន​ និង​សន្តិសុខសម្រាប់​ប្រទេស​ទាំង​ ២៕