ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ បាន​សរសេរ​លិខិត​មួយច្បាប់ ផ្ញើជូន​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក ដោយ​បញ្ជាក់ថា លោក​ទទួល​ការអញ្ជើញ​របស់ លោក ​ត្រាំ ទៅ​ចូលរួម​ជំនួប​កំពូល​ពិសេស​អាស៊ាន-អាមេរិក និង​បង្ហាញ​ការ​ស្ងើចសរសើរ ចំពោះ​ការបន្ត​គាំទ្រ​របស់​អាមេរិក​ចំពោះ​កម្ពុជា​។

លិខិត​របស់ លោក ហ៊ុន សែន ចុះ​ថ្ងៃទី​ ២៦ ខែ វិច្ឆិកា គឺជា​ការឆ្លើយតប​ទៅនឹង​លិខិត​ចំនួន​ ២ ​ដែល​លោក​ ត្រាំ បាន​ផ្ញើជូន​លោក​កាលពី​ដើមខែ​នេះ​ដោយ​លោក​ ត្រាំ​ បាន​ប្ដេជ្ញា​គាំទ្រ​កម្ពុជា និង​បាន​អញ្ជើញ លោក ហ៊ុន សែន ទៅ​ចូលរួម​ជំនួប​កំពូល ដែល​នឹង​ធ្វើឡើងនៅ​ត្រីមាស​ទី​ ១ នៃ​ឆ្នាំ​ ២០២០​។

កាលពី​ដើម ខែ​នេះ​លោក ត្រាំ ​បញ្ជាក់ថា សហរដ្ឋអាមេរិក​ប្ដេជ្ញា​ក្នុង​ការផ្ដល់​ការគាំទ្រ​ដល់​កម្ពុជា ជាពិសេស​អាមេរិក​គោរព​ដល់​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​មិន​គាំទ្រ​ការផ្លាស់ប្ដូរ​របប​ទេ​។ ទោះយ៉ាងណា​លោក ត្រាំ ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​បន្ថែមទៀត លើ​ការ​ខំប្រឹងប្រែង​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​។

លោក ត្រាំ បាន​សរសេរ​ថា​៖ «​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​ដែល​អ្នក​ត្រូវ​ធ្វើឲ្យ​កម្ពុជា​ត្រឡប់​ទៅ​ដើរ​លើ​ផ្លូវ​រដ្ឋាភិបាល​តាម​បែប​ប្រជាធិបតេយ្យ​។ ជំហាន​ដំបូង ខ្ញុំ​សង្ឃឹម​ថា​លោក​នឹង​វាយតម្លៃ​ឡើងវិញ​ចំពោះ​ការសម្រេចចិត្ត​ជាក់លាក់​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​លោក​បាន​សម្រេច ប៉ុន្តែ​ជា​អ្វី​ដែល​សហរដ្ឋអាមេរិក​ជឿជាក់​ថា វា​បាន​បង្ក​ឲ្យ​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​អធិបតេយ្យភាព ស្ថិរភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​»​។

ជា​ការឆ្លើយតប​លោក ហ៊ុន សែន បាន​សរសេរ​ថា​៖ «​សំខាន់​បំផុត ខ្ញុំ​ទទួល​បាន​នូវ​ការធានា​តាមរយៈ​ការអះអាង​ដ៏ជាក់លាក់​របស់​ឯកឧត្តម​ក្នុង​ការស្វែងរក​ការចូលរួម​ដ៏ពិតប្រាកដ​មួយ​ក្នុង​ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព​បុគ្គល និង​នីតិរដ្ឋ ជាជាង​ការផ្លាស់ប្ដូរ​របប​»​។

លោក​ ហ៊ុន សែន បញ្ជាក់​​ថា​៖ «​ជា​ប្រទេស​មួយ​ដែលមាន​លទ្ធិប្រជាធិបតេយ្យ​ដ៏ក្មេងខ្ចី ឯកឧត្តម​ប្រហែល​ជា​អាច​ទទួលស្គាល់​ការតស៊ូ​របស់​យើងខ្ញុំ​ក្នុង​ការស្វែងរក​សន្តិភាព​ពេញលេញ​មួយ​ដែលជា​លក្ខខណ្ឌ​មិនអាច​ខ្វះ​បាន មុន​ពេល​ដែល​យើងខ្ញុំ​អាច​កសាង​ប្រទេស​ឡើងវិញ ដោយ​ប្រកាន់​ខ្ជាប់​នូវ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពហុបក្ស​»​។

លោក​ ហ៊ុន សែន ក៏បាន​បន្ទរ​តាម​ការលើក​ឡើង​របស់​លោក ត្រាំ ដោយ​លោក​ទទួល​ស្គាល់​នូវ​ទំនាក់ទំនង​មិន​សូវ​ល្អ​រវាង​ប្រទេស​ទាំង​ ២ ហើយ​លោកនាយក​រដ្ឋមន្ត្រី​សង្ឃឹមថា ក្រុមការងារ​កិច្ចការបរទេស​នៃ​ប្រទេស​ទាំង​ ២ ​នឹង​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ស្ដារ​ទំនុកចិត្ត និង​ភាពជឿជាក់​ឡើង​វិញ​ព្រម​ទាំង​កសាង​ឡើង​វិញ​នូវ​ចំណងមិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​ទាំង​ ២​។

លោក​ ហ៊ុន សែន ​បន្ត​ថា​៖ «​ខ្ញុំ​យល់​ថា យើង​មិនត្រូវ​ឲ្យ​ខ្លួន​យើង​ក្លាយ​ជា​ចំណាប់ខ្មាំង​នៃ​ទំព័រ​ខ្មៅ​ងងឹត​ខ្លះ​នៃ​ប្រវត្តិសាស្ត្រ​របស់​យើង​នោះទេ​។ មាន​ដំណាក់កាល​ដ៏ស្រស់បំព្រង​ជាច្រើន​ផ្សេង​ទៀត​ដែល​មាន​សារៈប្រយោជន៍​ក្នុង​ការបំពាក់បំប៉ន​ពូន​ជ្រុំ​សម្រាប់​ធ្វើឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ និង​ប្រជាជន​យើង​ទាំង​ ២ កាន់តែ​មាន​ការរីកលូតលាស់​ថែម​ទៀត​»​។

លោក ហ៊ុន សែន លើក​ឡើង​ថា​នាពេល​បច្ចុប្បន្ន​នេះ​មួយ​ផ្នែក​នៃ​វិបុលភាព​របស់​ប្រជាជន​កម្ពុជា​គឺ​បានមកពី​លទ្ធផល​នៃ​ការចូលរួម​វិភាគទាន​របស់​ប្រជាជន និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដោយ​ចាប់ផ្ដើម​ពី​ការធ្វើ​ប្រជាធិបតេយ្យ​នីយកម្ម​ដោយ​សន្តិវិធី​រហូត​ដល់​ការកសាង​ប្រទេសជាតិ អភិបាលកិច្ច​សង្គម និង​ការទទួល​បាន​ការចូល​ទីផ្សារ​ដ៏ទូលំទូលាយ​របស់​សហរដ្ឋ​អាមេរិក​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លិខិត​លោក ហ៊ុន សែន បង្ហាញ​ពី​ការវាយតម្លៃ​ខ្ពស់​លើ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ហើយ​វា​ក៏​បញ្ជាក់​ពី​ទំនាក់ទំនង​ដ៏ស្មោះត្រង់​រវាង​កម្ពុជា​នឹង​អាមេរិក​។ លោក​ថ្លែងថា​៖ «​វា​ក៏​បង្ហាញ​ថា​កម្ពុជា​មិន​ត្រូវការ​អ្វី​ក្រៅតែ​ពី​សន្តិភាព និង​ស្ថិរភាព​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែងថា ទាំង​លោក ហ៊ុន សែន និង​លោក ដូណាល់ ត្រាំ បានបង្ហាញ​នូវ​សារ​បែប​ស្ថាបនា​ដោយ​ស្មោះត្រង់​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ ទោះជា​យ៉ាង​ណា​លោក ​ផៃ ស៊ីផាន បាន​ថ្លែងថា ដើម្បី​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ ​រីក​ស្គុសស្គាយ​ «​សហរដ្ឋអាមេរិក​មិន​ត្រូវ​ធ្វើ​សកម្មភាព​អ្វី​ដែល​គេ​អាច​មើលឃើញ​ថា ជា​ការប៉ុនប៉ង​បង្ក​ឲ្យ​មាន​ការប្ដូរ​របប ឬ​ក៏​សកម្មភាព​ដែល​ប៉ុនប៉ង​ក្នុង​ការប្ដូរ​របប ឬ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​»​។

ស្រដៀង​គ្នា​នេះ​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​លោក សូ ចន្ថា បាន​សរសេរ​នៅលើ​ធ្វី​ធើរ​របស់​លោក​ថា ការផ្ញើ​លិខិត​ទៅវិញ​ទៅមក​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ ២ គឺជា​សញ្ញា​វិជ្ជមាន​នៃ​ទំនាក់ទំនង​កម្ពុជា-អាមេរិក​ នៅក្នុង​សតវត្សរ៍​ទី​ ២១ ​នេះ​។

លោក សូ ចន្ថា បាន​និយាយ​ថា​៖ «​ទំនាក់ទំនង​ប្រកប​ដោយ​តុល្យភាព​ជាមួយ​ប្រទេស​មហាអំណាច​ គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​កម្ពុជា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​»៕