ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ផ្ញើលិខិត​ទៅកាន់​លោក ស៊ី ជីនភីង ប្រធានាធិបតី​ចិន​ដើម្បី​អបអរសាទរ​ចំពោះ​យានអវកាស​របស់​ចិន ដែល​បាន​ហោះ​ទៅ​ចុះចត​ដោយ​ជោគជ័យ​លើ​ភព​ព្រះអង្គារ​។

ក្នុង​លិខិត​ចុះ​ថ្ងៃទី​ ១៨ ខែឧសភា លោក ហ៊ុន សែន ​បាន​ថ្លែងថា​៖ «​តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​ស្មោះស្ម័គ្រ​ជូន​ចំពោះ​ឯកឧត្តម រដ្ឋាភិបាល និង​ប្រជាជន​ចិន​ក្នុង​ឱកាស​ដែល​យានអវកាស​ «​ស៊ូរ៉ុង​» ​បាន​ចុះចត​ដោយ​ជោគជ័យ​លើ​ភព​ព្រះអង្គារ​ក្នុង​បេសកកម្ម "​ធានវិន-១" កាលពី​ថ្ងៃទី​ ១៥ ខែ ឧសភា ឆ្នាំ​ ២០២១»​។

លោក ហ៊ុន សែន ​ថ្លែងថា នេះ​គឺជា​សមិទ្ធផល​ដ៏ធំធេង​មួយទៀត​ដែល​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​ជា​បន្តបន្ទាប់​ក្នុង​កម្មវិធី​អវកាស និង​ការរុករក​ក្នុង​លម្ហអាកាស​របស់​ចិន​។

លោកនាយក​រដ្ឋមន្ត្រី​ជឿជាក់​យ៉ាង​មុតមាំ​ថា សមិទ្ធផល​ដ៏ធំធេង​នេះ នឹង​ចូលរួម​ចំណែក​ដ៏ធំធេង​ដល់​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៃ​បេសកកម្ម​ក្នុង​លម្អ​អាកាស​របស់​ចិន​ដែល​នឹង​ផ្តល់​ប្រយោជន៍​ដល់​ការអភិវឌ្ឍ និង​ការរុករក​វិទ្យាសាស្ត្រ​របស់​មនុស្សជាតិ​ទាំងមូល​។

លោក​ថ្លែងថា​៖ «​សូម​ជូនពរ​ឯកឧត្តម​មាន​សុខភាព​ល្អ សុភមង្គល និង​បន្ត​ទទួលបាន​ជោគជ័យ​ក្នុង​ការដឹកនាំ​ប្រទេស​ឱ្យបាន​កាន់តែ​រុងរឿង​ថែមទៀត​»​។

លោក ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៩ ខែឧសភា​ថា ការអបអរសាទរ​នេះ​គឺជា​ការបង្ហាញ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ ២ នៅក្នុង​អត្ថន័យ​មិត្ត​ដែកថែប​។ ប្រសិនបើ​មិន​និយាយ​ពី​ពូជសាសន៍ នេះ​ជា​ជោគជ័យ​ទី​ ១ ​សម្រាប់​ក្រុម​ប្រជាជន​ស្បែក​លឿង​ដែលមាន​សមត្ថភាព​ទៅ​ចុះចត​នៅ​ឋាន​ព្រះចន្ទ​ក៏ដូចជា​ភព​ព្រះអង្គារ​។

លោក​ថ្លែងថា​៖ «​ចំណុច​ទី​ ២ ជាការ​អបអរសាទរ​ហើយ​ដោយសារ​ប្រទេស​ចិន​ជា​មិត្ត​ដែកថែប​នៅក្នុង​ន័យ​ហ្នឹង​យើង​អាច​ផ្លាស់ប្តូរ​បទពិសោធ​រវាង​ប្រទេស​ចិន និង​កម្ពុជា​ដែល​នៅក្នុង​សម័យកាល​ឌីជីថល ៤.០ នេះ​»​។

លោក ប៉ា ចន្ទរឿន ​នាយក​ប្រតិបត្តិ វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៩ ខែឧសភា​ថា ការចូលរួមចំណែក​អបអរសាទរ​របស់លោក ហ៊ុន សែន គឺជា​ឥរិយាបថ​កាទូត​មួយ ចំពោះ​ការសម្រេចបាន​របស់​ប្រទេស​ចិន​នៅក្នុង​ការចុះ​ចត​យានអវកាស​នៅលើ​ភព​ព្រះអង្គារ​។

លោក​ថ្លែងថា​៖ «​ហើយក៏​ជា​សារ​មួយ​ដែល​បង្ហាញ​អំពី​សេចក្តី​សោមនស្ស​របស់​កម្ពុជា​ចំពោះ​ការរីកចម្រើន​ខាង​ផ្នែក​បច្ចេកវិទ្យា​របស់​ចិន ដែល​អាចឈាន​ទៅដល់​ការ​ចុះចត​នៅលើ​ភពព្រះអង្គារ​។ ការរីកចម្រើន​ខាងផ្នែក​បច្ចេកវិទ្យា​របស់​ចិន​នេះ ក៏​ជា​ការបង្ហាញ​មួយ​អំពី​សាច់ដុំ ឬ​ការរីកចម្រើន​ខាង​ផ្នែក​បច្ចេកវិទ្យា​របស់​ចិន​ដែលជា​ប្រទេស​ធំ​មួយ​នៅក្នុង​ពិភពលោក​ផងដែរ​»​។

បើតាម​លោក​ ចន្ទរឿន ​នៅ​កម្ពុជា​កន្លង​មក ទំនាក់ទំនង​ខាង​ផ្នែក​នយោបាយ និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ មាន​ការរីកចម្រើន ដែល​ការវិនិយោគ​មាន​ទំហំ​ធំ​ជាង​ប្រទេស​មហាអំណាច​ដទៃទៀត​នៅក្នុង​ពិភពលោក​។ ប៉ុន្តែ​រឿង​មួយ​ដែល​កម្ពុជា​មិនទាន់​ទទួលបាន​គឺ​ការផ្ទេរ​ ឬ​ការរៀនសូត្រ​ពី​ប្រទេស​ចិន ​ទាក់ទង​នឹង​បច្ចេកទេស និង​បច្ចេកវិទ្យា​នៅក្នុង​កិច្ចការងារ និង​ការវិនិយោគ​។

លោក​បញ្ជាក់ថា​៖ «​សូម្បី​ការវិនិយោគ​ខាង​ផ្នែក​បច្ចេកវិទ្យា ដែលជា​មូលដ្ឋានគ្រឹះ​ដូចជា​រឿង​អ៊ីនធឺណិត​អីហ្នឹង​ក៏​មិនទាន់​មាន​ដែរ​។ ខ្ញុំ​ក្នុងនាម​ជា​ខ្មែរ និង​អ្នក​ដែល​ធ្វើ​កិច្ចការងារ​រឿង​អភិវឌ្ឍន៍​សង្គម​ចង់ឃើញ​មាន​ការផ្ទេរ​ចំណេះ​ជំនាញ និង​ការបណ្តុះបណ្តាល​ប្រជាពលរដ្ឋ​ខ្មែរ​នូវ​អ្វីដែល​ចិន​អាចធ្វើ​បាន​»​។

លោក​ ចន្ទរឿន បាន​បន្តថា​៖ «​ជាពិសេស​កសាង​គ្រឹះ​សម្រាប់​ប្រជាពលរដ្ឋ​យើង​នៅក្នុង​វិស័យ​អប់រំ និង​ការបណ្តុះបណ្តាល ទើប​ប្រជាជន​យើង​ហ្នឹង​ ជាពិសេស​យុវជន​យើង​ដែលជា​ចំនួន​ពលរដ្ឋ​ភាគច្រើន​នៅក្នុង​សង្គម​ហ្នឹង​មានចំណេះ​ជំនាញ​គ្រប់គ្រាន់​នៅក្នុង​ការកសាង​សង្គមជាតិ​យើង ក្នុង​គ្រប់​វិស័យ​ជាជាង​ដែល​យើង​បញ្ជូន​ពលករ​យើង​ដែល​អត់​មាន​ជំនាញ​ទៅ​ធ្វើការ​នៅ​ស្រុក​គេ​ដូចជា​នៅ​ស្រុកថៃ​ ឬ​នៅ​ស្រុក​កូរ៉េ​ជាដើម​»៕