ភ្នំពេញៈ យោធិនប្រមាណ ២ ០០០ នាក់ រួមទាំងមន្ត្រីជាតិ និងអន្តរជាតិបានចូលរួមប្រារព្ធខួបលើកទី ២៥ ថ្ងៃ កំណើតកងពលតូចលេខ ៧០ កាលពីម្សិលមិញនៅទីបញ្ជាការក្នុងទីក្រុងភ្នំពេញត្រូវបានណែនាំឲ្យសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចាត់វិធានការឲ្យមានប្រសិទ្ធភាពប្រឆាំងលោក សម រង្ស៊ី និងអ្នកគាំទ្រដែលត្រូវបានចោទប្រកាន់ប៉ុនប៉ងធ្វើរដ្ឋប្រហារដណ្ដើមអំណាចស្របច្បាប់ពីរាជរដ្ឋាភិបាល ខណៈដែលជនត្រូវចោទរូបនេះកំពុងត្រៀមគម្រោងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ៩ ខែវិច្ឆិកាខាងមុខនេះ។
លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានអះអាងថាការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងបញ្ហាបដិវត្តន៍ពណ៌ជារឿងដែលទាមទារឲ្យរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ ៧០ បានថ្លែងថា ប្តេជ្ញាវាយកម្ទេចបដិវត្តន៍ពណ៌ និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាពីមជ្ឈដ្ឋានខាងក្រៅ។
ក្នុងពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងទទួលសារជូនពរពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួមទាំងពិធីដង្ហែក្បួនយោធិនប្រដាប់ដោយអាវុធ រថពាសដែក និងរថយន្តបំពាក់អាវុធទំនើបៗជាច្រើនប្រភេទ។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងសារលិខិតជូនពរខួបលើកទី ២៥ នៃថ្ងៃបង្កើតកងពលតូចលេខ ៧០ បានបង្ហាញនូវក្ដីបារម្ភខ្លះថា កម្ពុជាទទួលរងឥទ្ធិពលតិចតួច ឬដោយប្រយោលពីស្ថានភាពអសន្តិសុខរបស់ពិភពលោកប្រកបដោយគ្រោះថ្នាក់។
ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖ «គួបផ្សំនឹងភាពផុយស្រួយដែលបង្កឡើងដោយការវិវឌ្ឍប្រែប្រួលនៃសភាពការណ៍អន្តរជាតិ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូចដែលចាំបាច់ទាមទារឲ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ ប្រកបដោយភាពបត់បែន និងម្ចាស់ការ»។
ជាមួយគ្នានេះដែរលោក ទៀ បាញ់ បានថ្លែងទៅកាន់មេបញ្ជាការ មេបញ្ជាការរង និងយោធិនទាំងអស់ត្រូវសហការជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចាត់វិធានការឲ្យមានប្រសិទ្ធភាពចំពោះទណ្ឌិត សម រង្ស៊ី និងបក្ខពួកដែលមានផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារតាមរយៈការប្រើប្រាស់វិធីញុះញង់ អុជអាល បំផុសបំផុល និងប្រើឧបាយកលបោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិឲ្យបះបោរតាមរូបភាពបដិវត្តន៍ដោយហិង្សាប៉ះពាល់ដល់សន្តិសុខជាតិ។
លោក ទៀ បាញ់ថ្លែងថា៖ «ចលនាឧទ្ទាមរបស់ពួកក្បត់ជាតិ ដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងបក្ខពួកដែលមានបរទេសនៅពីក្រោយខ្នង នៅតែមិនបោះបង់នូវមហិច្ឆតាប៉ុនប៉ងបង្កអស្ថិរភាពដល់ប្រទេសជាតិដូចនេះនាយទាហាន ពលទាហានកងពលតូចលេខ ៧០ នៃកងយោធពលខេមរភូមិន្ទនៅមានភារកិច្ចជាច្រើនទៀតដែលត្រូវបំពេញ ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋ និងធានាឲ្យបាននូវបរិយាកាសសន្តិសុខល្អប្រសើរ»។
លោក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ ៧០ បានប្តេជ្ញានៅក្នុងខួបអនុស្សាវរីយ៍លើកទី ២៥ ដោយបានប្រកាសត្រៀមកម្ទេចរាល់ការឃុបឃិត ប៉ុនប៉ងធ្វើរដ្ឋប្រហារបំផ្លាញសន្ដិភាព និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាពីមជ្ឈដ្ឋានខាងក្រៅ។
លោក សុផាន់ ថ្លែងថា៖ «ប្តេជ្ញាវាយកម្ទេចរាល់ការឃុបឃិតប៉ុនប៉ងបំផ្លាញសន្តិភាព ឧបាយកលបង្កើតឲ្យមានបដិវត្តន៍ពណ៌លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាពីមជ្ឈដ្ឋានខាងក្រៅ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាបានថ្លែងថា ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល និងលោក ម៉ៅ សុផាន់ គឺជាសារផ្ញើទៅកាន់ប្រជាជន កងកម្លាំង និងអន្តរជាតិថា រាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធនឹងមិនអនុញ្ញាតឲ្យមានបដិវត្តន៍ពណ៌ទេ។
លោក ភា ថ្លែងថា៖ «កម្លាំងប្រដាប់អាវុធគឺជាឧបករណ៍របស់រដ្ឋាភិបាលក្នុងការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការពារសន្តិភាពរបស់រដ្ឋដូច្នេះវាជាកាតព្វកិច្ចរបស់ខាងកងយោធពលខេមរភូមិន្ទ។ នេះជាកង្វល់រួមដោយសារតែមានការជ្រៀតជ្រៀកពីខាងក្រៅ ដូច្នេះកងកម្លាំងត្រូវតែត្រៀមខ្លួនទប់ទល់នឹងឥទ្ធិពលខាងក្រៅដើម្បីសន្តិភាព និងស្ថិរភាព»។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិបានចាត់ទុក ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល និងលោក ម៉ៅ សុផាន់ថា ជាការព្រួយគ្មានហេតុផលដែលអាចធ្វើឲ្យស្ថានការណ៍នយោបាយកាន់តែតានតឹងឡើងថែមទៀតដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិ។
លោក ច័ន្ទរ័ត្ន ថ្លែងថា៖ «ការលើកឡើង និងយុទ្ធសាស្ត្រថ្មីរបស់លោក សម រង្ស៊ី និងក្រុមរបស់លោកបានធ្វើឲ្យរាជរដ្ឋាភិបាលមានការព្រួយបារម្ភ។ រាជរដ្ឋាភិបាលមានការព្រួយបារម្ភហួសហេតុដោយសារតែរឿងនេះវាមិនអាចកើតឡើង បរទេស ឬអន្តរជាតិណាមួយគ្មានបំណងជ្រៀតចូលកិច្ចការផ្ទៃក្នុងកម្ពុជានោះទេ តែផ្ទុយទៅវិញគឺពួកគេចង់ឲ្យកម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ»។
ទោះយ៉ាងណាក៏ដោយចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ កាលពីថ្ងៃទី ១១ ខែតុលាបានសម្រេចឃុំខ្លួន សមាជិកក្រុមអ្នកដែលចូលរួមគាំទ្រផែនការវិលត្រឡប់របស់លោក សម រង្ស៊ី ចំនួន ៤ នាក់ ពាក់ព័ន្ធនឹងការចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
យោងតាមដីកាលោក កូយ សៅ បានសម្រេចឃុំខ្លួនសមាជិកក្រុមនោះ រួមមានទី១ ឈ្មោះ ឌឹម សារឿង ទី២ ឈ្មោះ សុខ ផាត ទី៣ ឈ្មោះ ម៉ែន យ៉ន និងទី៤ ឈ្មោះ ឡី សុខុន៕