ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឲ្យចូលរួមជួយប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយដែលប្រទេសកម្ពុជាបានកំពុងប្រឈមមុខនឹងព័ត៌មានក្លែងក្លាយដែលអាចបង្កចលាចលក្នុងសង្គមប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថិរភាពនយោបាយ និងទំនាក់ទំនងជាមួយប្រទេសជិតខាង។
សេចក្ដីអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីធ្វើឡើងតាមសារលិខិតមួយដែលបានផ្ញើជូនទៅកាន់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្ដីពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយកាលពីថ្ងៃទី ២១ ខែធ្នូ ២០១៨ បានឲ្យដឹងថា កម្ពុជាបានកំពុងតែប្រឈមមុខខ្លាំង និងក្ដៅគគុកជាមួយព័ត៌មានក្លែងក្លាយដែលបំពុលបរិយាកាសកម្ពុជាដែលបង្កឡើងដោយក្រុមអ្នកនយោបាយប្រឆាំង និងអ្នកឆ្លៀតឱកាសនិយមក្នុងគោលបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាដែលអាចអូសទាញកម្ពុជាឲ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ តាមបណ្តាញទំនាក់ទំនងសង្គមបានធ្វើឲ្យប្រទេសកម្ពុជា និងពិភពលោកមានភាពចលាចល ច្របូកច្របល់ ជាបញ្ហាមួយធំដែលចាំបាច់ត្រូវតែដោះស្រាយឱ្យខានតែបាន។
យោងតាមលិខិតដដែលនោះបានឲ្យដឹងថាកម្ពុជាបាននិងកំពុងប្រឈមយ៉ាងក្ដៅគគុកទៅនឹងការប្រើប្រាស់ព័ត៌មានក្លែងក្លាយបំពុលបរិយាកាសសង្គម ដែលបង្កឡើងដោយក្រុមអ្នកនយោបាយបក្សប្រឆាំង និងពួកឱកាសនិយមក្នុងគោលបំណងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមរយៈការធ្វើបដិវត្តន៍ពណ៌។
លិខិតដដែលនោះឲ្យដឹងថា៖ «អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលកំពុងបំពេញបេសកកម្មលើវិស័យសារព័ត៌មាននៅកម្ពុជាសូមយកចិត្តទុកដាក់អនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់រដ្ឋ និងចៀសវាងនូវការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានមានតែ ១ ជ្រុងនោះ ឬដោយសារតែគំនុំដោយពុំគិតពីក្បួនខ្នាតក្រឹត្យក្រមនៃសារព័ត៌មានហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ឬផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំប៉ោងសភាពការណ៍ញុះញង់ឲ្យមានជម្លោះផ្ទៃក្នុងរុញច្រានប្រទេសជាតិឲ្យធ្លាក់ក្នុងភាពវឹកវរ អសន្តិសុខ ឬបង្កឲ្យកើតមានជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាងធ្វើឲ្យអន្តរាយដល់ប្រទេសជាតិដែលជាអំពើខុសច្បាប់មិនអាចអត់ឱនឲ្យជាដាច់ខាត»។
វេទិកានិពន្ធនាយកព័ត៌មានកម្ពុជាបានចេញសេចក្ដីប្រកាសរួមបានឲ្យដឹងថា៖ «យើងអ្នកសារព័ត៌មានអាជីពមិនត្រូវផ្សព្វផ្សាយបន្តនូវព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ និងត្រូវផ្ទៀងផ្ទាត់ជាមុនឲ្យជាក់លាក់ ចៀសវាងកុំឲ្យធ្លាក់ក្នុងអន្ទាក់នៃការផ្សាយព័ត៌មានក្លែងក្លាយ»។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានថ្លែងកាលពីម្សិលមិញថា ប្រទេសកម្ពុជាក៏បាននិងកំពុងបង្កបញ្ហាដ៏ធំធេងផងដែរតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហើយជះឥទ្ធិពលអាក្រក់ដល់សង្គមកម្ពុជា ហើយវាអាចធ្វើឲ្យប៉ះពាល់អ្នកព័ត៌មានអាជីពដែលប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈ។
លោក បូណា ថ្លែងថា៖ «យើងជាអ្នកសារព័ត៌មានយើងមិនត្រូវចូលរួមចំណែកនៅក្នុងការបន្តផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បើព័ត៌មានណាមិនមានប្រភពច្បាស់លាស់ដែលយើងមិនគួរទុកចិត្តយើងកុំទៅ like ទៅ share ទៅ comment ហើយយកជាប្រភព»៕