ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បានសម្រេច​ផ្ដល់​ថវិកា​បន្ថែមចំនួន​ ១ ៥០០ ​លាន​រៀល សម្រាប់​ផ្គត់ផ្គង់​ដល់​ខេត្ត​ចំនួន​ ៤ ដែល​នៅជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ទំនុកបម្រុង​ដល់​ពលករ​ខ្មែរ​ដែល​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ ហើយ​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅតាម​បណ្ដា​ខេត្ត​ទាំងនោះ​។ ស្របពេល​ជាមួយ​គ្នា​នេះដែរ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​រហូត​មក​ដល់​ពេលនេះ​បាន​ចំនួន​ ៥ ​ថ្ងៃ​ដែល​មាន​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ចំនួន​ជាង ៧ ០០០ ​នាក់​។

នៅ​ថ្ងៃ​ម្សិលមិញ​នេះដែរ ក្រសួង​សុខាភិបាល​ និង​ក្រសួងយុត្តិធម៌​បាន​ប្រជុំពិភាក្សា​ក្នុង​ការពិនិត្យ​កែសម្រួល​អនុក្រឹត្យ​ស្តីពី​វិធាន​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ និង​ឆ្លើយតប​ការឆ្លង​រីករាលដាល​ជា​អន្តរជាតិ​នៃ​​ជំងឺ​កូវីដ ១៩ ​នៅតាម​ច្រកចេញចូល​ទៅតាម​ការបញ្ជា​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិកា​ក្រសួងសុខាភិបាល​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ម្សិលមិញ​ថា ខេត្ត​ចំនួន​ ៤ ​នៅជាប់​នឹង​​ព្រំដែន​កម្ពុជា​-​ថៃ​ត្រូវបាន​ផ្តល់​ថវិកា​ និង​សម្ភារ​រួម​នឹង​ស្បៀង​បន្ថែម​សម្រាប់​រៀបចំ​ធ្វើ​ចត្តាឡីស័ក​ដល់​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។

លោកស្រី​បញ្ជាក់ថា ថវិកា​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ផ្តល់​ជូន​មាន​ចំនួន ១ ៥០០ ​លាន​រៀល​ និង​សម្ភារ​មួយចំនួន​ទៀត សម្រាប់​ផ្តល់ជូន​ខេត្តបាត់ដំបង​ចំនួន​ ៣០០ ​លាន​រៀល​, ទឹក​សុទ្ធ ១ ០០០ ​កេស និង​មី​កញ្ចប់ ១ ០០០ ​កេស​, ខេត្តបន្ទាយមានជ័យ​ចំនួន​ ៣០០ ​លាន​រៀល និង​កញ្ចប់​សម្ភារ​ចំនួន ១ ០០០ ​សម្រាប់​, ខេត្តឧត្ដរមានជ័យ​ចំនួន​ ៤០០ ​លាន​រៀល​, កញ្ចប់​សម្ភារ​ ៥០០ ​សម្រាប់ និង​ទឹកសុទ្ធ ១ ០០០ ​កេស និង​ខេត្ត​ប៉ៃលិន​ចំនួន​ ៥០០ ​លាន​រៀល​, ទឹក​សុទ្ធ ១ ០០០ ​កេស និង​មី​កញ្ចប់​ចំនួន ១ ០០០ ​កេស​។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឱ្យដឹង​ផងដែរ​ថា អ្នក​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ស៊ីណូហ្វាម​ ដែលជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មាន​ចំនួន​ជាង ២ ០០០ ​នាក់ ​ក្នុង​រយៈពេល​ ៥ ​ថ្ងៃ​។

លោកស្រី ឱ វណ្ណឌីន បាន​ប្រាប់ថា សរុប​អ្នកស្ម័គ្រចិត្ត​មកចាក់​វ៉ាក់សាំង​កូវីដ ​១៩​ ចាប់ពី​ថ្ងៃទី​ ១០ ​ដល់​ ១៥ ខែកុម្ភៈ មាន​ចំនួន​ ២ ៦៧៨ ​នាក់​ ក្នុង​នោះ​មនុស្ស​ចំនួន​ ៥៥៦ ​នាក់ ​ត្រូវបាន​បដិសេធ ដោយសារ​បញ្ហា​សុខភាព​របស់​ពួកគេ​។

យោងតាម​តួលេខ​របស់​ក្រសួង​ការពារជាតិ​បានឱ្យដឹង​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែកុម្ភៈ​ មាន​កម្លាំង​ប្រដាប់អាវុធ​ចំនួន​ ៤ ៩៦៩ ​នាក់​ បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ដោយ​ក្នុងនោះ​មាន​ទាហាន កងរាជអាវុធហត្ថ និង​នគរបាលជាតិ​។

គួរបញ្ជាក់​ផងដែរ​ថា មន្ទីរពេទ្យ​ចំនួន​ ៥ ​សម្រាប់​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ស៊ីណូហ្វាម​មាន មន្ទីរពេទ្យ​កាល់ម៉ែត​, មន្ទីរពេទ្យ​ព្រះអង្គឌួង​, មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​,​ មន្ទីរពេទ្យ​កុមារជាតិ និង​មន្ទីរពេទ្យ​ព្រះកេតុមាលា​។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ជូនដំណឹង​ទៅដល់​ពលករ​ខ្មែរ​ទាំងអស់​នៅក្នុង​ប្រទេស​ថៃ​ មិនត្រូវ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលក្នុង​ប្រទេស​កម្ពុជា​ ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ចំពោះ​អាយុជីវិត​ខ្លួនឯង​ និង​អាច​នាំ​ជំងឺ​​ឆ្លង​ចូល​ទៅក្នុង​ប្រទេស​កម្ពុជា​ ផងដែរ​។

ស្ថានទូត​បាន​បន្តថា​៖ «​ពលករ​ត្រូវអនុវត្ត​ការធ្វើ​ចត្តាឡីស័ក​តាម​វិធានការ​សុខាភិបាល​ដោយ​មិនត្រូវ​គេចវេះ​ជា​ដាច់ខាត បើ​មានការ​ចាំបាច់​ចូល​ប្រទេស​កម្ពុជា​។ ករណី​គេចវេះ​មិន​ធ្វើ​ចត្តាឡីស័ក​នឹង​ត្រូវ​ទទួលពិន័យ​ជា​ប្រាក់​ ១ ​លាន​រៀល​ ឬ​លើសពីនេះ និង​ទទួល​ការផ្តន្ទាទោស​ព្រហ្មទណ្ឌ​ដូច​មាន​ចែង​នៅក្នុង​ច្បាប់ និង​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជា​ធរមាន​»​។

ស្ថានទូត​កម្ពុជា​ក៏បាន​ស្នើឱ្យ​ពលករ​ខ្មែរ​ទាំងអស់​ត្រូវ​ចូលរួម​សហការ​ផ្តល់ព័ត៌មាន​ដល់​ស្ថានទូត​នៅ​ទីក្រុង​បាងកក ស្ថាន​អគ្គកុងស៊ុល​នៅ​ខេត្ត​ស្រះកែវ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​មេខ្យល់​ដែល​សន្យា​នាំ​ពួកគេ​ឆ្លងដែន​ចេញ-ចូល​ខុសច្បាប់​តាម​បណ្តា​ច្រកព្រំដែន​កម្ពុជា-ថៃ​។

យោងតាម​មន្ត្រី​នៃ​ក្រសួង​យុត្តិធម៌​បានឱ្យដឹងថា លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ចូលរួម​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​តំណាង​ក្រសួង​សុខាភិបាល ដែល​ដឹកនាំ​ដោយ​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​លើ​ការរៀបចំ និង​កែសម្រួល​អនុក្រឹត្យ​ស្តីពី​វិធាន​សុខាភិបាល ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រក​ចេញ​ចូល​។ លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​មិនទាន់​ត្រូវបាន​បង្ហាញ​នៅឡើយ​កាលពី​ម្សិលមិញ​។

លោក​ គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​លោកស្រី យក់ សម្បត្តិ កាលពី​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​បានទេ​អំពី​កិច្ចប្រជុំ​នោះ​។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រីក្រសួង​ ២ ​គឺ​ក្រសួង​សុខាភិបាល និង​ក្រសួងយុត្តិធម៌​ឱ្យ​ធ្វើការ​រៀបចំ​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​លេខ​ ១២៩ ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញចូល ដោយ​លោក​ឱ្យ​បង្កើន​នូវ​ចំនួន​ប្រាក់​ផាកពិន័យ​ឱ្យបាន​ខ្ពស់ជាង​មុន​ផងដែរ​ទៅលើ​អ្នក​ដែល​គេច​ចេញពី​ការធ្វើ​ចត្តាឡីស័ក​៕