ភ្នំពេញ: លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានប្រកាសផ្ដល់ថវិកាសរុបចំនួន ៨៣ លានដុល្លារជួយដល់មន្ទីរពេទ្យកាល់ម៉ែតក្នុងការបន្តការសាងសង់អគារកម្ពស់ ១២ ជាន់ដែលមន្ទីរពេទ្យនេះកំពុងដំណើរការសាងសង់បាន ១៧ ភាគរយលើគម្រោងដែលមានស្រាប់ ៣៩ លាន ៧ សែនដុល្លារ ហើយនឹងធ្វើទំនើបកម្មមន្ទីរពេទ្យនេះឲ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ។
យោងតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ថវិកាសប្បុរសជនចំនួន ៥៣ លានដុល្លារបន្ថែមទៀត ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាលម៉ែតឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិកម្ពុជា ហើយថវិកា ៣០ លានដុល្លារថែមទៀត សម្រាប់សាងសង់។
លោក ហ៊ុន សែន បានថ្លែងនៅលើគេហទំព័រហ្វេសប៊ុកដដែលនេះថា៖ «៣ ថ្ងៃរួចមកហើយដែលខ្ញុំមកកំដរម្តាយក្មេកខ្ញុំនៅមន្ទីរពេទ្យកាល់ម៉ែតដែលខ្ញុំពិនិត្យឃើញថា មន្ទីរពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យ និងព្យាបាលជូនប្រជាជន ប៉ុន្តែមន្ទីរពេទ្យក៏ដូចជាក្រសួងសុខាភិបាលខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាងសង់អគារថ្មី និងទិញសម្ភារសម្រាប់បំពាក់ទាំងអគារថ្មី និងអគារដែលមានរួចមកហើយ»។
លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា៖ «ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះវេជ្ជបណ្ឌិតគ្រូពេទ្យគ្រប់ជំនាញ និងបុគ្គលិកនៅក្នុងមន្ទីរពេទ្យទាំងអស់ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ បើទោះជាជីវិតម្តាយក្មេកខ្ញុំដែលកំពុងស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់វិវឌ្ឍទៅកាន់ស្ថានភាពបែបណាក៏ដោយក៏ពួកយើងខ្ញុំជាកូនជាចៅ ចៅទួតអស់ចិត្តដែរព្រោះបើមិនមានគ្រូពេទ្យខ្មែរដ៏ពូកែជួយទាន់ពេលវេលាទេម្ល៉េះសមម្តាយក្មេកខ្ញុំបានលាចាកលោកនេះតាំងពីថ្ងៃម្សិលមិញមកម្ល៉េះព្រោះនៅឯគេហដ្ឋានរបស់ខ្ញុំបានរៀបចំរួចរាល់ហើយសម្រាប់បុណ្យសពម្តាយក្មេកខ្ញុំ តែដោយសារភាពជំនាញរបស់គ្រូពេទ្យនោះហើយដែលធ្វើឱ្យម្តាយក្មេកខ្ញុំបន្តរស់នៅជាមួយកូនចៅមួយរយៈទៀត»។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលពីម្សិលមិញមិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ ដោយលោកមិនលើកទូរស័ព្ទ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលពីម្សិលមិញបានថ្លែងបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការផ្ដល់ជំនួយសម្រាប់សាងសង់មន្ទីរពេទ្យ ប៉ុន្ដែលោកស្រីបានសរសេរលើហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាលថា លោកស្រីបានមកប្រើប្រាស់សេវាពិនិត្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដោយមានការជឿជាក់លើសមត្ថភាពជំនាញនៃក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យនេះប្រកបដោយក្រមសីលធម៌វិជ្ជាជីវ:ពេទ្យ។
លោកស្រីបានឲ្យដឹងទៀតថា៖ «ខ្ញុំនឹងបន្តប្រើប្រាស់សេវាផ្តល់ដោយក្រុមគ្រូពេទ្យខ្មែរជាបន្តទៀត ហើយក្នុងពេលសម្រាកព្យាបាល ខ្ញុំក៏បានពិនិត្យឃើញផងដែរថា មានបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងជាច្រើនកុះករបាននិងកំពុងប្រើប្រាស់សេវានៅមន្ទីរពេទ្យនេះ ដែលបានបង្ហាញពីទំនុកចិត្តរបស់បងប្អូនយើងលើសមត្ថភាពក្រុមគ្រូពេទ្យខ្មែរយើង»។
លោក ឡូ វាសនាគិរី ប្រធាននាយកដ្ឋានផែនការ និងព័ត៌មាននៃក្រសួងសុខាភិបាលពីម្សិលមិញបានបដិសេធការធ្វើអត្ថាធិប្បាយជុំវិញការផ្ដល់ជំនួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក វាសនាគិរី ថ្លែងថា៖ «ខ្ញុំកំពុងរវល់ខ្លាំងណាស់»។
លោក ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតពីម្សិលមិញមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ៕
វីដេអូ៖