The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ហ៊ុន ​សែន ​ផ្លាស់ប្តូរ​ចិត្ត​ភ្លាមៗ​ក្នុង​ការ​ដក​ហើយ​ដាក់​វិញ​តំណែង​នាយ​នគរបាល​ផ្កាយ​ ៣




លោក​ ហ៊ុន ​សែន ​ផ្លាស់ប្តូរ​ចិត្ត​ភ្លាមៗ​ក្នុង​ការ​ដក​ហើយ​ដាក់​វិញ​តំណែង​នាយ​នគរបាល​ផ្កាយ​ ៣

លោក ម៉ម ស្រ៊ីមវណ្ណា និង​លោក​ សូត្រ កញ្ញា​។
លោក ម៉ម ស្រ៊ីមវណ្ណា និង​លោក​ សូត្រ កញ្ញា​។ រូបថត ហ្វេសប៊ុក

លោក​ ហ៊ុន ​សែន ​ផ្លាស់ប្តូរ​ចិត្ត​ភ្លាមៗ​ក្នុង​ការ​ដក​ហើយ​ដាក់​វិញ​តំណែង​នាយ​នគរបាល​ផ្កាយ​ ៣

ភ្នំពេញៈ ក្នុង​រយៈពេល​​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​​កាលពី​ម្សិលមិញ​បាន​សម្រេច​កែប្រែ​ចិត្ត​យ៉ាង​លឿន​ពី​ការ​ដក​​តំណែង​មន្ត្រី​​នគរបាល​ផ្កាយ ៣ ម្នាក់​ពី​អគ្គនាយករង​អន្តោប្រវេសន៍​ដោយសារ​មាន​ជម្លោះ​ពាក្យ​សម្តី​​ជាមួយ​មន្ត្រី​នគរបាល​ចរាចរណ៍​​ម្នាក់​មក​រក្សា​តំណែង​ឲ្យ​​នៅ​ដដែល​វិញ។

ការ​សម្រេច​ចិត្ត​ផ្លាស់ប្តូរ​ភ្លាមៗ​នេះ​បាន​ធ្វើ​ឡើង​​បន្ទាប់ពី​មាន​ការ​រិះគន់​ជាច្រើន​តាម​បណ្តាញ​សង្គម និង​​បន្ទាប់ពី​​ភាគី​​ទាំង​ពីរ​​បាន​ធ្វើការ​​សម្រុះ​សម្រួល​គ្នា​។

ជម្លោះ​រឿង​រំលោភ​ច្បាប់​ចរាចរណ៍​តូចតាច​មួយ​បង្ក​ឲ្យ​ក្លាយ​ជា​រឿង​លេចឮ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​តាមរយៈ​ហ្វេសប៊ុក​កាលពី​យប់​​ថ្ងៃ​ពុធ​ដែល​ថា​មន្ត្រី​នគរបាល​​ចរាចរណ៍​ឈ្មោះ សូត្រ កញ្ញា​នៅ​រាជធានី​ភ្នំពេញ​បាន​ស្នើសុំ​អន្តរាគមន៍​ពី​ថ្នាក់​ដឹកនាំ​បន្ទាប់ពី​រូបគាត់​ត្រូវ​បាន​គេ​ដក​បញ្ឈរ​ជើង​ក្រោយ​​ពី​បាន​ឃាត់​រថយន្ត​លោក​ឧត្តមសេនីយ៍​ផ្កាយ​ ៣​ លោក ម៉ម ស្រ៊ីមវណ្ណា ដែល​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ និង​បាន​ប្រើ​សម្តី​មិន​សមរម្យ​។

លោក ហ៊ុន សែន បាន​ប្រើ​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​ចេញ​នូវ​អនុក្រឹត្យ​មួយ​ភ្លាមៗ​ដើម្បី​បញ្ចប់​​តំណែង​លោក ម៉ម ស្រ៊ីមវណ្ណា ពី​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ប៉ុន្តែ​រក្សា​នៅ​ធ្វើការ​​នៅ​ក្រសួង​មហាផ្ទៃ​ដដែល​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ ​ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ទាំង​លោក​ផ្កាយ​បី និង​នគរបាល​ចរាចរណ៍ សូត្រ កញ្ញា បាន​ជួប​សម្រុះ​សម្រួល​គ្នា​ក៏​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ប្តូរ​ចិត្ត​មក​​រក្សា​តំណែង​ទាំងអស់​វិញ​ដដែល។

ក្រោយ​ការ​ផ្សះផ្សា​គ្នា​លោក​នាយករដ្ឋមន្ត្រី​បាន​សម្រេច​និរាករណ៍​នូវ​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី ៣០ មិថុនា​​នេះ​​វិញ​ដោយ​ផ្តល់​តួនាទី​វិញ​ដល់​ លោក ស្រ៊ីម វណ្ណា ឲ្យ​នៅ​រង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដដែល​ជា​អ្វី​ដែល​លោក​សរសេរ​តាម​បណ្តាញ​សង្គម​ថា​គឺ «ដើម្បី​ផ្តល់​​ឱកាស​ដល់​មន្ត្រី​ដែល​បាន​ខិតខំ​បម្រើ​ប្រទេស​ជាតិ​ហើយ​បាន​ទទួល​ស្គាល់​កំហុស​របស់​​​ខ្លួន»។

រឿង​ល្មើស​ច្បាប់​ចរាចរណ៍​តូចតាច​មួយ​របស់​មន្ត្រី​ម្នាក់​ជាមួយ​នឹង​នគរបាល​ចរាចរណ៍​ដែល​បាន​ធ្វើ​ឲ្យ​​លោក​នាយករដ្ឋមន្ត្រី​ចេញ​មុខ​អន្តរាគមន៍​នេះ​បាន​ទទួល​ទាំង​ការ​រិះគន់​​ផង និង​សាទរ​ផង​ចំពោះ​ចំណាត់ការ​ដ៏​លឿន​​មួយ​នេះ។

ដំណើរ​ដើម​ទង​គឺ​តាមរយៈ​ហ្វេសប៊ុក​លោក ហ៊ុន សែន ពី​យប់​ថ្ងៃ​ទី​ ២៩ មិថុនា​លោក​ថ្លែង​​ថា ​នឹង​ធ្វើការ​​​​ស្រាវជ្រាវ​ចំពោះ​ការ​បង្ហោះ​មួយ​ពី​មន្ត្រី​នគរបាលចរណ៍​លោក សូត្រ កញ្ញា ដែល​អះអាង​ថា​ខ្លួន​ត្រូវ​បាន​ថ្នាក់​លើ​បញ្ឈរ​ជើង​ក្រោយ​​ពី​ឃាត់​រថយន្ត​ឧត្តមសេនីយ៍​មួយ​រូប​ដែល​ល្មើស​ច្បាប់​ចរាចរណ៍​បើកបរ​នៅ​លើ​វិថី​មួយ​ក្នុង​ខណ្ឌ​ដូនពេញ​។

បន្ទាប់​មក​លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ទទួល​វីដេអូ​ឃ្លីប​ដែល​ថត​​ដោយ​​​ភាគី​នគរបាល​ចរាចរណ៍​នៅ​ពេល​លោក​ផ្កាយ​បី​កំពុង​ទូរស័ព្ទ​​ទៅ​កាន់​ថា្នក់​លើ​របស់​នគរបាល​រូប​នោះ​ដើម្បី​រាយការណ៍​ពី​ទង្វើ​របស់​នគរបាល​ដែល​ឃាត់​រថយន្ត​លោក និង​ហៅ​សុទ្ធ​តែ​ពាក្យ «អាប៉ូលិស​ចរាចរណ៍» ជាដើម។

ទោះបី​យ៉ាង​ណា​ឃ្លីប​វីដេអូ​រយៈពេល​ ១ នាទី​ និង​ ៣៤ វិនាទី​ដែល​បង្ហោះ​ត្រូវ​បាន​អ្នក​លេង​ហ្វេសប៊ុក​ភាគច្រើន​សរសេរ​តប​ក្នុង​ផេក​លោក ហ៊ុន សែន ​វិញ​ដោយ​មិន​​គាំទ្រ​នូវ​សម្តី​​របស់​នគរបាល​ចរាចរណ៍​រូប​នោះ​ទេ​ដែល​និយាយ​ពាក្យ​សម្តី​មិន​សមរម្យ​តប​ទៅ​ឧត្តមសេនីយ៍​ដែល​មាន​វ័យ​ចាស់​ជាង​ហើយ​ថែម​ទាំង​ផ្គើន​​ឲ្យ​ឧត្តមសេនីយ៍​រាយការណ៍​ប្រាប់​មេ​គាត់​ឲ្យ​ដក​គាត់​ទៀត​ផង។

ក្នុង​ឃ្លីប​នេះ​លោក​ ស្រ៊ីមវណ្ណា ក្នុង​សម្លៀក​បំពាក់​ស៊ីវិល​អាវ​ពណ៌​ខៀវ​បាន​និយាយ​ទូរស័ព្ទ​រាយការណ៍​ទៅ​ថ្នាក់​លើ​ផ្នែក​ចរាចរណ៍​អំពី​ទង្វើ​នៃ​ការ​ឃាត់​រថយន្ត​របស់​លោក​ពី​សំណាក់​លោក សូត្រ កញ្ញា ដោយ​ហៅ​នគរបាល​រូប​នេះ​ថា​ «អាប៉ូលិស​ចរាចរណ៍»។ «ឡាន​ធំ​អត់​ចាប់​ទេ​ខ្ញុំ​ចង់​ចាប់​ឡាន​បង​ឯង» ​ជាដើម។

ប៉ុន្តែ​ លោក​ កញ្ញា ​ក៏​បាន​តប​ទៅ​ឧត្តមសេនីយ៍​នោះ​វិញ​ក្នុង​សម្តី​ខ្លាំងៗ​បែប​ខឹង​ និង​ផ្គើន​ថា ៖ «ខ្ញុំ​មន្ត្រី​ថ្នាក់​ក្រោម​អ្ហេ​បើ​បង​ឯង​​ចង់​ប្រាប់​ដក​ខ្ញុំ​ចេញ​ក៏​បាន​ដែរ​ខ្ញុំ​សុខ​ចិត្ត​ទទួល​កំហុស​។​...បង​ឯង​ជ្រុល​តេ​ហើយ​អត្តលេខ​ខ្ញុំ​ឈ្មោះ​ខ្ញុំ​នេះ។ កូន​មន្ត្រី​ប៉ូលិស​តូច​អ្ហេ បង​ឯង​ដក​ខ្ញុំ​គ្រវាត់​ចោល​ហ្មង​ទៅ...»។

ក្រោយ​ការ​បង្ហោះ​ក្នុង​ផេក​លោក​នាយក​រដ្ឋមន្ត្រី​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ Rey Nano សរសេរ​ក្នុង​ផេក​នោះ​ថា ៖ «ខាង​លោក​ឧត្តមសេនីយ៍​គាត់​និយាយ​ស្រួល​ណាស់​សម្តេច​ប៉ុន្តែ​បង​ប៉ូលិស​ចរាចរណ៍​មើល​ស្តាប់​សម្តី​គាត់​ទៅ​ដូចជា​មិន​សម​...ភាសា​ដែល​និយាយ​ថា​ខ្ញុំ​ចង់​ចាប់​តែ​ឡាន​បង​ឯង​ហ្នឹង​មិន​គួរ​និយាយ​អ៊ីចឹង​ទេ​​សម្តេច។ នេះ​មក​ពី​ឃើញ​គេ​ជិះ​ឡាន​មិន​ទំនើប​អ៊ីចឹង​ហើយ ហើយ​បើ​ជិះ ៥៧០ អី​លោក​ប៉ូលិស​អស់​ហ្នឹង​ធ្វើ​មិន​ឃើញ​ទេ។ នេះ​ខ្ញុំ​ហ៊ាន​​និយាយ​ព្រោះ​ខ្ញុំ​បាន​ឃើញ​ជាក់​ស្តែង​រួច​មក​ហើយ»​។

អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ទៀត​ឈ្មោះ Vannak Tok សរសេរ​ថា​៖ «យើង​ត្រូវ​ស្តាប់​ឲ្យ​បាន​ច្បាស់​ទាំង​សង​ខាង​បើ​តាម​ខ្ញុំ​ស្តាប់​ទៅ​នគរបាល​ចរាចរណ៍​នោះ​ហាក់​ប្រើ​សម្តី​មិន​សមរម្យ​ហើយ​មិន​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើភាព​គ្នា​ចំពោះ​ពលរដ្ឋ​ទេ។ បើ​ស្តាប់​សម្តី​មន្ត្រី​ម្នាក់​នោះ​និយាយ​ថា (អត់​ចាប់​ឡាន​ធំ​នោះ​ទេ​តែ​នគរបាល​តប​វិញ​ថា​ខ្ញុំ​ចង់​ចាប់​ឡាន​បង​ឯង)។ បើ​តាម​ពិសោធន៍​របស់​ខ្ញុំ​ផ្ទាល់​ប៉ូលិស​ចរាចរណ៍​មួយ​ចំនួន​និយាយ​គ្មាន​សីលធម៌​ហើយ​មាន​លេស​​​នេះ​លេស​នោះ​រាប់​មិន​អស់​ដើម្បី​បាន​លុយ»។

ក្រោយ​ការ​ផ្សះផ្សា​របស់​ភាគី​ទាំង​ពីរ​លោក​ ហ៊ុន សែន ថ្លែង​ថា​លោក​សប្បាយ​ចិត្ត​ចំពោះ​អ្នក​ទាំង​ពីរ​ដែល​បាន​ «ទទួល​ស្គាល់​កំហុស​រៀង​ខ្លួន​»​។

លោក​បន្ត​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​សកម្មភាព​បែប​នេះ​នឹង​កើត​មាន​ឡើង​កាន់​តែ​ច្រើន​ជាមួយ​មន្រ្តី​របស់​យើង​នៅ​ទូទាំង​ប្រទេស។ នេះ​ជា​ការ​ប្រែ​ក្លាយ​ពី​ស្ថានភាព​ចាញ់​ចាញ់​ដែល​មាន​កន្លង​មក​ទៅ​ជា​ស្ថានភាព​ ឈ្នះឈ្នះ​ នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​។ ក្នុង​ស្ថានភាព​បែប​នេះ​គ្មាន​ការ​ចាំបាច់​ដាក់​វិន័យ​អ្នក​ណា​ទាំង​អស់​ផ្ទុយ​ទៅ​វិញ​ខ្ញុំ​ចាត់​ទុក​ថា​មន្ត្រី​ទាំង ២ រូប​បាន​ជួយ​បង្កើត​ឡើង​នូវ​វប្បធម៌​នៃ​ការ​ផ្សះផ្សា និង​សាមគ្គីភាព​ក្នុង​ចំណោម​មន្ត្រី​រួម​ការងារ​បន្ទាប់​ពី​មាន​បញ្ហា​ជាមួយ​គ្នា»។

លោក ស្រ៊ីមវណ្ណា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​វិញ​ថា​ក្រោយ​បាន​ទទួល​នូវ​មុខ​តំណែង​ឡើង​វិញ​លោក​មាន​អារម្មណ៍​សប្បាយ​រីករាយ និង​​សូម​​​អរគុណ​​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​បាន​​អនុគ្រោះ​ដល់​​រូប​​លោក​។

បញ្ហា​សម្រេច​ចិត្ត​ដក និង​ដាក់​តំណែង​ក្នុង​រយៈពេល​មួយ​ភ្លែត​ដល់​មន្ត្រី​ផ្កាយ​បី​នេះ​ត្រូវ​បាន​លោក សន ជ័យ​ ប្រធាន​​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ថ្លែង​ថា​ការ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​លូក​ដៃ​ទៅ​ក្នុង​រឿង​ល្មើស​ច្បាប់​ចរាចរណ៍​តូចតាច​នេះ​ធ្វើ​ឲ្យ​​មាន​ការ​រិះគន់​។

លោក​បន្ត​ថា៖ ​«​រឿង​នេះ​បណ្តាល​មកពី​ការ​អន្តរាគមន៍​របស់​នាយករដ្ឋមន្ត្រី​លឿន​ពេក​ដែល​ខុស​នឹង​នីតិវិធី​រដ្ឋបាល​សាធារណៈ...។ រឿង​ទៅ​មុខ​ទៅ​ក្រោយ​ដោយសារ​នាយក​រដ្ឋមន្ត្រី​លោក​លូក​លាន់​ទៅ​លើ​ការងារ​បច្ចេកទេស​ដោយ​មិន​ធ្វើ​​តាម​នីតិវិធី​ និង​ឋានានុក្រម​របស់​ក្រសួង​មហាផ្ទៃ»។

លោក ចែវ ហាក់ នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​បាន​ឲ្យ​ដឹង​​ពី​យប់​មិញ​ថា​ហេតុការណ៍​ដែល​​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​ក្នុង​បញ្ហា​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មិថុនា​វេលា​ម៉ោង ១២ និង ៥ នាទី​ថ្ងៃ​ត្រង់​នៅ​ផ្លូវ​បំបែក​មួយ​ក្នុង​ខណ្ឌ​ដូនពេញ​។

លោក​បញ្ជាក់​ថា ​តាម​ពិត​រឿង​នេះ​ត្រូវ​បាន​ដោះស្រាយ​ចប់​សព្វ​គ្រប់​​អស់​ហើយ​បន្ទាប់ពី​មាន​ការ​សួរ​នាំ​ទាំង​​សង​ខាង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​ជម្លោះ​ពាក្យ​សម្តី​នោះ​។

លោក​ថា ​លោក​​មិន​បាន​ដក​បញ្ឈរ​ជើង​លោក សូត្រ កញ្ញា នោះ​ទេ​គឺ​គ្រាន់​តែ​ធ្វើការ​ណែនាំ​អប់រំ​ប៉ុណ្ណោះ​ហើយ​​លោក កញ្ញា ក៏​បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ផង​ដែរ។

លោក​បន្ថែម​៖ «​រឿង​នេះ​វា​ទើប​តែ​កក្រើក​ឡើង​នៅ​ពេល​ដែល​នគរបាល​ចរាចរណ៍​​ម្នាក់​បាន​យក​រឿង​នេះ​ទៅ​បង្ហោះ​ក្នុង​ហ្វេសប៊ុក​របស់​សម្តេច»៕

អត្ថបទគួរចាប់អារម្មណ៍