ភ្នំពេញៈ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ពន្យល់​ពី​កំណើន​ជនជាតិ​ចិន​ដោយ​លោក​បាន​ហៅ​អ្នក​រិះគន់​ដែល​ថា ចិន​មក​ឈ្លានពាន​កម្ពុជា​ថា​ «​ឆ្កួត​» ខណៈ​ដែល​មាន​ការ​រិះគន់​ផង និង​ការព្រួយបារម្ភ​ផង ចំពោះ​ការកើនឡើង​យ៉ាង​គំហុក​នៃ​ជនជាតិ​ចិន​នៅ​កម្ពុជា​ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ២៤ ខែ​តុលា ឆ្នាំ ២០១៨ ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​សហគមន៍​ខ្មែរ​រស់នៅ​ទ្វីប​អឺរ៉ុប​នាទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ថា​មាន​ប្រជាពលរដ្ឋ​ខ្លះ​មាន​ទុក្ខ​កង្វល់​ពាក់ព័ន្ធ​កំណើន​ជនជាតិ​ចិន​នៅក្នុង​ខេត្ត​ព្រះសីហនុ​ដោយ​លោក​ពន្យល់​ថា​ការកើនឡើង​នៃ​ជនជាតិ​ចិន​នេះ​មួយ​ផ្នែក​គឺ​ដោយសារ​តែ​ប្រទេស​កម្ពុជា ខ្វះ​កម្លាំង​ពលកម្ម​ជំនាញ ដើម្បី​បម្រើ​ដល់​ការសាងសង់ ហើយ​ជនជាតិ​ចិន​ដែល​មក​បម្រើ​ក្នុង​វិស័យ​សំណង់​ទាំង​នោះ​នឹង​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ បន្ទាប់ពី​ការសាងសង់​បាន​បញ្ចប់​។

លោក​បញ្ជាក់​ថា​៖ «​បងប្អូន​ខ្លះ​កង្វល់​ពី​ចិន​នៅ​កំពង់សោម​។ បងប្អូន សំណង់​ច្រើន​ណាស់ យើង​ផ្តល់​កម្មករ និង​ជំនាញ​ឲ្យ​គេ​មិន​គ្រប់ ដូច្នេះ​យើង​ត្រូវ​ធ្វើ​ម៉េច​បើក​ឱកាស ដើម្បី​ឲ្យ​គេ​យក​កម្មករ​មក​សាងសង់​សំណង់ ដូចជា​ស្ពាន និង​អ្វី​ផ្សេង​ទៀត​មួយ​ចំនួន​...​។ នៅពេល​ដែល​គេ​កសាង​ហើយ គេ​មិន​នៅ​ស្រុក​ខ្មែរ​ទេ គេ​ទៅ​ស្រុក​គេ​វិញ​ហើយ​កុំ​ឆ្ងល់​ពេក ហើយ​យើង​ក៏​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​គេ​នៅ​ដែរ​»​។

លោក​បន្ថែម​ថា​៖ «​បើ​និយាយ​ពី​ទេសចរ​ចិន​ឆ្នាំ​ទៅ​ ១ លាន ២ សែន​នាក់​ឆ្នាំ​នេះ​អាច​ឡើង​ដល់ ១ លាន​កន្លះ អ៊ីចឹង​ទៅ​ទីណា​ក៏​ឃើញ​ទេសចរ​ចិន ហើយ​ថា ចិន​មក​ឈ្លានពាន​ខ្មែរ​ទៀត​អា​នេះ​មិន​ដឹង​ជា​រឿង​អី​? នៅ​ស្រុក​បារាំង​មាន China Town ទេ​? មាន​! អាមេរិក​មាន China Town ទេ​? មាន​! ស្រុក​ខ្មែរ​អត់​ទាន់​មាន China Town ទេ​»​។

នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​មន្ត្រី​អតីត​គណបក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ធ្វើការ​រិះគន់​ចំពោះ​កំណើន​ជនជាតិ​ចិន​កាន់តែ​ច្រើន​ឡើងៗ ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ​ថា​អាច​នឹង​បង្ក​ទៅ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ នៅពេល​ដែល​ជនជាតិ​ចិន​មួយ​ចំនួន​តែងតែ​បង្ក​បទល្មើស​ផ្សេងៗ​។

ប៉ុន្តែ​លោក ហ៊ុន សែន ចោទ​សួរថា​៖ «​គេ​អត់​មក​វិនិយោគ វា​ថា​គេ​អត់​មក​វិនិយោគ​ដល់​គេ​មក​វិនិយោគ វា​ថា​គេ​មក​ឈ្លានពាន​អានេះ​ឆ្កួត​ឡប់​អី​វា​? យើង​ជា​រដ្ឋ​អធិបតេយ្យ​សូមបញ្ជាក់​ខ្ញុំ​និយាយ​ដោយ​ត្រង់​ចិន​មិន​ដែល​នាំ​កងទ័ព​ចេញ​ផុត​ពី​ទល់ដែន​របស់​ខ្លួន​ទេ​។ ប្រទេស​ដទៃ​នាំ​កងទ័ព​ចូល​ឈ្លានពាន​កម្ពុជា​ប៉ុន្មាន​ដង​ហើយ​»​។

កាលពី​ពេល​ថ្មីៗ​នេះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​មាន​ជនជាតិ​ចិន​កំពុង​ស្នាក់នៅ​កម្ពុជា​ប្រមាណ ២១ ម៉ឺន​នាក់​ក្នុង​នោះ​ជាង ៧ ​ម៉ឺន​នាក់​នៅ​ខេត្ត​ព្រះសីហនុ​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការកើនឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​ជនជាតិ​ចិន​បាន​បង្ក​ឲ្យ​មាន​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ប្លន់ ចាប់ជំរិត ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ដែល​ហេតុ​ដូច្នេះ​ហើយ​រដ្ឋាភិបាល​ត្រូវតែ​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍​។

«​ជនជាតិ​ចិន​ដែល​ខិលខូច​យក​ទឹកដី​កម្ពុជា​ធ្វើ​ជា​កន្លែង​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ដូចជា​ការចាប់​ជំរិត ការបាញ់បោះ ការកាប់សម្លាប់​គ្នា​ប្លន់​ដែល​នេះ​ហើយ​ជា​រូបភាព​នៃ​ការព្រួយបារម្ភ​។ ប្រសិន​អាជ្ញាធរ​ទប់ស្កាត់ និង​គ្រប់គ្រង​បាន​មិន​ឲ្យ​ជនជាតិ​ចិន​ប្រព្រឹត្ត​អំពើ​អស់​ហ្នឹង​គឺ​គ្មាន​ប្រជាពលរដ្ឋ​ណា​បារម្ភ​ទេ​»​។

ជាមួយ​គ្នា​នេះ​លោក​ ជ័យ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ការទទួល​យក​កម្មករ​ចិន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​គឺជា​រឿង​មួយ​ដែល​ធ្វើឲ្យ​ខាត​ប្រយោជន៍​ដល់​កម្លាំង​ពលកម្ម​កម្ពុជា​ដោយសារ​តែ​វា​មិន​បាន​ផ្តល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ ហើយ​ពលរដ្ឋ​ខ្មែរ នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រឈម​គ្រោះថ្នាក់​ទៅ​ក្រៅ​ប្រទេស​៕