ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលចូលឆ្លើយសំណួរផ្ទាល់មាត់នៅរដ្ឋសភាតបទៅតាមសំណើរបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងភាពមិនប្រក្រតី និងមូលហេតុនៃការធ្លាក់ចុះគុណភាពសុខាភិបាល និងការលក់មន្ទីរពេទ្យរដ្ឋជាដើម។ នេះបើតាមប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ។
លោក សុន ឆ័យ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថារដ្ឋសភាបានបញ្ជូនលិខិតនោះទៅលោកនាយករដ្ឋមន្រ្តីរួចហើយកាលពីពេលថ្មីៗនេះខណៈលោកក៏ទទួលបានដំណឹងថាលោកនាយករដ្ឋមន្ត្រីយល់ព្រមតាមសំណើរបស់ខ្លួន។
លោកថា៖ «ប្រធានរដ្ឋសភាទើបផ្ញើទៅកាលពីថ្ងៃពុធ (ទៅនាយករដ្ឋមន្ត្រី) ដូច្នេះពេលវេលាវាឆាប់ពេកប្រហែលជាគេរៀបចំមិនទាន់ (សម្រាប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ) តែបើតាមខ្ញុំដឹងនាយករដ្ឋមន្ត្រីព្រមព្រៀងឱ្យមកហើយប៉ុន្តែយើងទុកឱ្យរដ្ឋសភាជាអ្នករៀបចំហើយសង្ឃឹមថាប្រហែលជាសប្តាហ៍ក្រោយ»។ បើតាមលោក សុន ឆ័យ តាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា តំណាងរាស្ត្រអាចអញ្ជើញរដ្ឋមន្ត្រីមកសាកសួរមានតែមួយថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍គឺនៅរៀងរាល់ព្រឹកថ្ងៃព្រហស្បតិ៍។
អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន ថ្លែងថាលោកមិនទាន់បានទទួលព័ត៌មានពីការអនុញ្ញាតនោះទេ។ លោកថា៖ «ខ្ញុំមិនបានដឹងទេ ឮតែមេដឹកនាំជំនុំគ្នាតែខ្ញុំយល់ថាមិនមានបញ្ហាអ្វីទេព្រោះរដ្ឋាភិបាលមិនចង្អៀតចង្អល់នឹងបញ្ហានេះទេគឺគោរពតាមគោលការណ៍បទបញ្ជាផ្ទៃក្នុងរដ្ឋសភាហើយករណីនេះដើម្បីឱ្យឃើញតម្លាភាពទាំងអស់គ្នា»។
ភ្នំពេញប៉ុស្តិ៍មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បាននៅឡើយទេខណៈទូរស័ព្ទចូលគ្មានអ្នកទទួល។
សូមរំឭកថានៅក្នុងលិខិតមួយដែលបានចេញផ្សាយកាលពីថ្ងៃទី ១ ខែធ្នូដែលស្នើទៅលោកនាយករដ្ឋមន្ត្រីតាមរយៈប្រធានរដ្ឋសភាលោក ហេង សំរិន ឱ្យដឹងថាសមាជិកសភាគណបក្សសង្គ្រោះជាតិបានស្នើសុំទៅលោកនាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យលោក ម៉ម ប៊ុនហេង ចូលបំភ្លឺផ្ទាល់មាត់នៅវិមានរដ្ឋសភាពាក់ព័ន្ធទៅនឹងការបាត់ជំនួយរបស់មូលនិធិ Global Fund ការលក់មន្ទីរពេទ្យ ការផ្តល់សេវាមិនត្រឹមត្រូវ នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន វិធានការក្រសួងក្នុងការពង្រឹងគុណភាពជំនាញពេទ្យ និងការអនុវត្ត ក្រមសីលធម៌ ការចែកចាយសមា្ភរពេទ្យ និងថ្នាំពេទ្យ ការគ្រប់គ្រងមន្ទីរពេទ្យឯកជន និងរថយន្តសង្គ្រោះ។
នៅក្នុងឆ្នាំ ២០១៣ អតីតនាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់លោក ដួង សុជាតិ និងមន្ត្រីជាន់ខ្ពស់មួយចំនួននៅក្នុងមជ្ឈមណ្ឌលនេះត្រូវបានរកឃើញថាពួកគេបានយកប្រាក់ប្រមាណ ៤១ ម៉ឺនដុល្លារ «ប្រាក់កម្រៃជើងសា» ជាថ្នូរនឹងការផ្តល់កិច្ចសន្យាដេញថ្លៃក្រោមជំនួយរបស់អង្គការមូលនិធិសកល (Global Fund) ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងគ្រុនចាញ់ទៅក្រុមហ៊ុនដេញថ្លៃមួយចំនួន។ ទោះបីជាអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសន្យាស៊ើបអង្កេតក្នុងរឿងអាស្រូវ CNM ឆ្នាំ ២០១៣ នេះក៏ដោយ ក៏គេមិនឃើញមាននរណាម្នាក់ត្រូវបានផ្តន្ទាទោសទេ។
បច្ចុប្បន្នវិស័យសុខាភិបាលនៅកម្ពុជាត្រូវបានគេរិះគន់ថាមានភាពទន់ខ្សោយយ៉ាងខ្លាំងខណៈមន្ត្រីរដ្ឋាភិបាលជាច្រើនពេលមានជំងឺនាំគ្នាចេញទៅព្យាបាលនៅបរទេស៕