ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា ដរាបណាលោកនៅមានវត្តមានគឺមិនអនុញ្ញាតឲ្យមានរដ្ឋប្រហារ ជាដាច់ខាតនិងដាក់បញ្ជាឲ្យកម្លាំងទាំងអស់ត្រូវកម្ទេចចោលបដិវត្តន៍ពណ៌ ក្រុមឧទ្ទាម និងអំពើទាំងឡាយដែលចង់ប្លន់អំណាចដោយមិនគោរពរដ្ឋធម្មនុញ្ញ ដោយមិនចាំបាច់មានបទបញ្ជានោះឡើយ ដែលការប្រកាសបែបនេះ ខណៈលោកចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប ២០ ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកកាលពីម្សិលមិញ។
ថ្លែងក្នុងឯកសណ្ឋានកងទ័ពជាមួយនឹងផ្កាយមាស ៥ នាយឧត្តមសេនីយ៍ផុតលេខ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅមុខមន្ត្រីជាន់ខ្ពស់ តំណាងអង្គទូតនានា នាយទាហាន ពលទាហាន រាប់ពាន់នាក់ ដោយមានការដាក់បង្ហាញ នូវគ្រឿងសព្វាវុធទំនើបៗជាច្រើននោះ ថា កងទ័ពទាំងអស់ត្រូវតែប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងវាយកម្ទេចចោលនូវបដិវត្តន៍ពណ៌ ក្រុមឧទ្ទាមដែលចង់បំផ្លាញចោលនូវរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យ នៅកម្ពុជាឲ្យទាន់ពេលវេលា និងត្រូវកម្ទេចចោលអំពើទាំងឡាយដែលចង់ប្លន់អំណាច ដោយមិនគោរពរដ្ឋធម្មនុញ្ញ ដោយមិនចាំបាច់មានបទបញ្ជានោះឡើយ។
លោកបញ្ជាក់ថា៖ «កម្លាំងប្រដាប់អាវុធមានភារកិច្ចការពាររដ្ឋ ដូចនេះមិនមានពាក្យអព្យាក្រឹតជាមួយពួកឧទ្ទាម ទាំងឧទ្ទាមក្នុងព្រៃ និងឧទ្ទាមទីក្រុងនោះទេ។ យើងត្រូវតែកម្ទេចកម្ចាត់ចោលជាបន្ទាន់ដោយមិនចាំបាច់រង់ចាំបទបញ្ជានូវទង្វើណាក៏ដោយ ដែលប៉ុនប៉ងដណ្តើមអំណាច ក្រៅប្រព័ន្ធប្រជាធិបតេយ្យ ក្រៅការបោះឆ្នោត ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ»។
លោកបន្ថែមថា ការបង្កើតឡើងនូវកងកម្លាំងប្រដាប់អាវុធក៏ដូចជារដ្ឋបាលគ្រប់ជាន់ថ្នាក់គឺសំដៅដើម្បីការពាររដ្ឋ ដូច្នេះមិនត្រូវទុកឲ្យអ្នកណាមួយមកបំផ្លាញរដ្ឋនោះទេ។ កងទ័ពអាចអព្យាក្រឹតបានជាមួយបក្សនយោបាយ និងបក្សនយោបាយ ហើយកងទ័ពត្រូវតែអព្យាក្រឹតជាមួយរាជរដ្ឋាភិបាល តែមិនអព្យាក្រឹតជាមួយក្រុមឧទ្ទាមទេ។
លោកក៏បានសំដៅទៅប្រទេសបារាំងថា សូម្បីតែបារាំងក៏បញ្ចេញកម្លាំងទប់ស្កាត់ក្រុមអាវកាក់ពណ៌លឿងថែមទៀតផង ហើយលោកចោទសួរថា ហេតុអ្វីបារាំងអាចធ្វើបាន? ហេតុអ្វីកម្ពុជាធ្វើមិនបាន ហើយថា ប្រទេសខ្លះយកកម្លាំងប្រដាប់អាវុធទៅដណ្តើមអំណាច? ចុះកម្ពុជាប្រើកងទ័ពការពាររដ្ឋាភិបាល ហេតុអ្វីធ្វើមិនបាន? និងបានអំពាវនាវដល់កងទ័ពមិនត្រូវធ្វើឲ្យប្រជាជនស្រក់ទឹកភ្នែកនោះទេ ត្រូវរក្សាភាពស្អាតស្អំ ភាពថ្លៃថ្នូររបស់កងទ័ព។
ការដាក់បញ្ជានេះធ្វើឡើង ខណៈដែល មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួនដែលមាននិន្នាការទៅខាងលោកសម រង្ស៊ី បានរៀបចំផែនការត្រៀមទៅទទួលដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជាវិញ។
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានទម្លាយ អំពីការគំរាមប៉ុនប៉ងទម្លាក់រូបលោកពីតំណែង តាមរយៈការចាប់ឃុំរូបលោក និងនាយឧត្តមសេនីយ៍ប៉ុល សារឿន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ១៩៩៣ ក្នុងផ្ទះរបស់អ្នកដទៃ ហើយលោកអះអាងថា ដើម្បីបញ្ចៀសការបង្ហូរឈាម លោកបានប្រាប់អ្នកចាប់រូបលោកថា លោកសុខចិត្តចុះចេញពីតំណែង ហើយឲ្យគេធ្វើជានាយករដ្ឋមន្ត្រីជំនួសរូបលោក ដោយពួកគេមិនព្រមទទួលយកលទ្ធផលនៃការបោះឆ្នោតដែលរៀបចំឡើងដោយអ៊ុនតាក់។
លោកបន្តថានៅឆ្នាំ១៩៩៤ ក៏មានការប៉ុនប៉ងទម្លាក់រូបលោកចេញពីនាយករដ្ឋមន្ត្រីម្តងទៀត ហើយថា តាមរយៈ ការប៉ុនប៉ងទាំងនោះធ្វើឲ្យលោកពិចារណា និងរៀបចំផែនការទប់ទល់ និងពង្រឹងរចនាសម្ព័ន្ធកងទ័ព។ លោកថា៖ «បញ្ហានេះជាបញ្ហាដែលខ្ញុំទម្លាយអាថ៌កំបាំង ហើយពាក់ព័ន្ធបញ្ហា ដែលខ្ញុំត្រូវតែនិយាយម្តងហើយម្តងទៀតថា ក្នុងដំណាក់កាលដែលហ៊ុន សែន កាន់អំណាចមិនអនុញ្ញាតឲ្យមានរដ្ឋប្រហារកើតឡើងនោះទេ»។
ស្រដៀងគ្នានេះ លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តឲ្យបានជោគជ័យទៅតាមផែនការកំណែទម្រង់ និងយុទ្ធសាស្ត្រ ដោយប្តេជ្ញាវាយកម្ទេចរាល់ការឃុបឃិតប៉ុនប៉ងបំផ្លាញសន្តិភាព និងឧបាយកលបង្កើតឲ្យមានបដិវត្តន៍ពណ៌លើទឹកដីកម្ពុជា។
លោក ហ៊ុន ម៉ាណែត បានប្តេជ្ញារក្សាភាពស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីឲ្យបានស្ថិតស្ថេររឹងមាំជាអមតៈ។
លោកថ្លែងថា អនុវត្តឲ្យបាននូវកម្មវិធីនយោបាយ និងផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ជាពិសេស បាវចនា ២ គឺកែទម្រង់ខាងក្នុងបង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង ៥ គឺមុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់។ បង្កើនការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់រដ្ឋ សារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានខ្ជាប់ខ្ជួន។
លោក ម៉ាណែត ប្តេជ្ញាថា៖ «ប្តេជ្ញាវាយកម្ទេចរាល់ការឃុបឃិតប៉ុនប៉ងបំផ្លាញសន្តិភាព ឧបាយកលបង្កើតឲ្យមានបដិវត្តន៍ពណ៌លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាពីមជ្ឈដ្ឋានខាងក្រៅ»។
កងទ័ពជើងគោកមានកំណើត រួមជាមួយនឹងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ តាំងពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ តែមិនធ្លាប់មានបញ្ជាការដ្ឋានសម្រាប់ដឹកនាំបញ្ជានោះទេ រហូតដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ១៩៩៩ ទើបមានការបង្កើតនូវបញ្ជាការដ្ឋានកងទ័ពជើងគោកនេះ ដែលស្របទៅតាមគោលនយោបាយក្នុង និងក្រៅប្រទេសរបស់កម្ពុជា គឺការសមាហរណកម្មកម្ពុជាទៅក្នុងសហគមន៍ក្នុងតំបន់ និងពិភពលោក។
របាយការណ៍បង្ហាញថា ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនាគ្រានោះ គឺជាពេលវេលាមួយដ៏លំបាកស្មុគស្មាញជាទីបំផុត ដោយសារពេលនោះ កម្ពុជាទើបបានបញ្ចប់សង្គ្រាមស៊ីវិល ២៦ ថ្ងៃ ក្រោយការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ជាថ្ងៃដែលកម្លាំងជម្លោះគ្រប់ភាគីទាំងអស់បានវិលមករួមរស់ជាមួយសង្គមជាតិវិញ។ ដោយកម្លាំងជម្លោះគ្រប់ភាគីត្រូវបានសមាហរណកម្មបញ្ចូលគ្នានៅពេលនោះ ធ្វើឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោកមានរចនាសម្ព័ន្ធចាត់តាំង និងយោធិនជិត ១១ ម៉ឺននាក់ និងមាន ៦ យោធភូមិភាគ ១៨ ក្បាលកងពលធំ ៥ កងពលតូច ៤ កងវរសេនាធំ ៤ កងវរសេនាតូច ព្រមទាំងមាន ២៤ តំបន់សឹករងខេត្ត-ក្រុង និងអង្គភាពទ័ពជំនាញចំណុះ ជាច្រើនទៀត។ ទោះបីជាកាលៈទេសៈនោះ មានការជួបបញ្ហាលំបាក ភាពស្មុគស្មាញ និងកង្វះខាតយ៉ាងណាក្តី ប៉ុន្តែអ្វីដែលជាសមិទ្ធផលរួមដ៏ធំធេងនាពេលនោះ គឺសន្តិភាព ឯកភាពជាតិ ក្រោមរដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងទ័ពតែមួយ។
ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ បញ្ជាការដ្ឋានកងទ័ពជើងគោក សម្រេចបានសមិទ្ធផលសំខាន់ៗមួយចំនួន ដូចជា ការងារកំណែទម្រង់ ការងារចាត់តាំង ការងារដឹកនាំបញ្ជា ការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារអប់រំចិត្តសាស្ត្រ យេនឌ័រ និងគោលនយោបាយ ការងារធានា និងការអភិវឌ្ឍ ការងារមនុស្សធម៌ និងកិច្ចសហការការពារសណ្តាប់ធ្នាប់ និងចុងក្រោយ កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលចំណុចនេះ បានយកចិត្តទុកដាក់លើការពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក ដែលជាកិច្ចការអាទិភាពមួយរបស់កងយោធពលខេមរភូមិន្ទ សំដៅពង្រីកដៃគូសន្តិសុខក្នុងតំបន់ និងអន្តរជាតិ តាមរយៈយន្តការទេ្វភាគី និងពហុភាគីក្នុងជំហរមិនប្រកាន់និន្នាការនយោបាយ សាសនា ឬមនោគមន៍វិជ្ជា ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាដៃគូ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការលើកឡើងរបស់ លោក ហ៊ុន សែន មិនមែនជាការគំរាមបក្សណាមួយនោះទេ។ លោកថា៖ «នេះគឺជាការផ្ញើសារទៅកាន់ជនទាំងឡាយណាដែលមានគំនិតទុច្ចរិតណាមួយក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត»។
អ្នកវិភាគនយោបាយលោក មាស នី និងលោក ឱក សេរីសោភក្តិ៍ មិនអាចទាក់ទងសុំអធិប្បាយបានទេម្សិលមិញ៕