បន្ទាយមានជ័យៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ព្រមាន​ជា​សាធារណៈ​ដល់​ក្រុម​ប្រឆាំង​ដែល​គ្រោង​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​ចិន​ក្នុង​រាជធានី​ភ្នំពេញ ប្រឆាំង​ទៅនឹង​ការចោទប្រកាន់​ដោយ​គ្មាន​ភ័ស្តុតាង​ពី​ប្រភព​ខាងក្រៅ​ថា កម្ពុជា​បានផ្ដល់​មូលដ្ឋាន​កងទ័ព និង​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា​ក្នុង​ពេល​តែមួយ លោក​ក៏បាន​អះអាង​ផងដែរ​ថា ក្រុម​នេះ​បន់​ឱ្យ​តែមាន​ពលរដ្ឋ​ស្លាប់​បន្ទោស​រដ្ឋាភិបាល​ថា គ្មាន​សមត្ថភាព​គ្រប់គ្រង​ប្រទេសជាតិ​។

ក្នុង​ពិធី​ជួប​សួរសុខទុក្ខ និង​ផ្គត់ផ្គង់​ស្បៀងអាហារ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅក្នុង​ខេត្តបន្ទាយមានជ័យ​កាលពី​ម្សិលមិញ លោក ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​ពលរដ្ឋ​ថា រាជរដ្ឋាភិបាល​ចាប់អារម្មណ៍​តែ​រឿង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ដោយ​មិន​ខ្វល់​ជាមួយ​នឹង​ក្រុមប្រឆាំង​ទាំងនោះ​ទេ បើទោះ​ជា​ក្រុម​នេះ​និយាយ​ស្ដី​អ្វី និង​គ្រោង​ធ្វើ​អ្វី​ក៏ដោយ​។

បើទោះបី​ជា​លោក​មិន​ចង់​ថ្លែង​សារ​នយោបាយ​យ៉ាងណាក្ដី ក៏​លោក ហ៊ុន សែន នៅ​តែ​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ថា​៖ «​ខ្ញុំ​មិន​ខ្វល់​ថា ពួកប្រឆាំង​គេ​និយាយ​យ៉ាងម៉េច អី​យ៉ាងម៉េច ព្រោះ​អានោះ​វា​បន់​ឱ្យ​តែ​ប្រជាជន​ងាប់​ឱ្យ​បាន​ច្រើន ដើម្បី​វា​ឆ្លៀត​យក​ចំណេញ​ថា យើង​អត់​សមត្ថភាព​គ្រប់គ្រង តែ​ប៉ុណ្ណឹង​ទេ អ្វី​ដែល​ពួកគេ​ចង់បាន​គឺ​ប៉ុណ្ណឹង​។ សម្រាប់​យើង វា​មិន​ចំណុះ​លើ​ពួក​ហ្នឹង​ថា​ទេ អ្វី​ដែល​យើង​ត្រូវធ្វើ​ត្រូវខិតខំ​បន្តទៀត​»​។ «​យើង​នឹង​ជម្នះ​បាន​នូវ​ការលំបាក​ដែល​មកពី​​ជំនន់​ទឹកភ្លៀង យើង​នៅតែ​មាន​សមត្ថភាព​ស្ដារ​ឡើង​វិញ​ក្រោយ​ទឹកជំនន់​»​។

លោក ហ៊ុន សែន ក៏បាន​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា ក្រុម​ប្រឆាំង​ក៏បាន​រិះគន់​រាជរដ្ឋាភិបាល​ផងដែរ​ដែល​បាន​ទិញ​រថយន្ត​ ២៩០ ​គ្រឿង​ពី​ចិន​សម្រាប់​បម្រើឱ្យ​វិស័យ​កងទ័ព ប៉ុន្តែ​បែរជា​គេ​ទិតៀន​ថា​រថយន្ត​នោះ​សម្រាប់​ដឹក​កងទ័ព​ទៅ​បង្ក្រាប​ប្រជាពលរដ្ឋ ខណៈ​ដែល​រថយន្ត​ទាំងនោះ​កំពុង​ប្រើប្រាស់​ជា​មធ្យោបាយ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​គេ​គួរ​អបអរ តែ​បែរ​ទិតៀន ធុនណឹង​មិនបាច់​នៅ​ស្រុក​ខ្មែរ​ទេ​គេ​ដេញ​វ៉ៃ​»​។

លើសពី​នេះ​ទៀត លោក​ក៏បាន​ព្រមាន​ទុក​មុន សម្រាប់​ដល់​អ្នក​ដែល​ចង់​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​ចិន​នៅ​កម្ពុជា ខណៈ​ពេល​ដែល​កម្ពុជា​កំពុង​ដោះស្រាយ​បញ្ហា​គ្រោះ​ទឹកជំនន់​។

លោក​ថា​៖ «​អ្នក​ដែល​ចង់​ធ្វើបាតុកម្ម ត្រូវ​ប្រយ័ត្នប្រយែង និង​កុំមក​រញ៉េរញៃ​វើយ​។ ខ្ញុំ​សូមជម្រាប​ថា មុខសញ្ញា​ដែល​ប្រុង​ឡើងមក​ភ្នំពេញ​នោះ ឥឡូវ​គេ​មិនសូវ​យក​អ្នក​ភ្នំពេញ​ទេ គេ​រើស​អ្នក​ខេត្ត​ដើម្បី​មក​ឈរ​ធ្វើបាតុកម្ម​។ មុខសញ្ញា​ណា​គេ​គ្រប់គ្រង​បាន​ហើយ​។ ផ្ដាំផ្ញើ​ទៅ​កុំមក​ដាក់​ញត្តិ​អី ២៣ តុលា នោះ​។ អាអ្នក​ចុះ​ហត្ថលេខា ២៣ តុលា នេះ​នៅ​ឈរ​នៅ​ហ្នឹង​ម្នាក់ (​ចង្អុល​ទៅ​ខ្លួនឯង​) ទៀ បាញ់ ម្នាក់ នៅតែ​ ២ ​នាក់​ទេ​។ សុទ្ធតែ​អ្នក​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ ឯង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​អី​នឹង​គេ​ដែរ មក​ធ្វើបាតុកម្ម​នោះ​? ហើយ​ស្គាល់​កិច្ចព្រមព្រៀង​ប៉ារីស​នោះ​ច្បាស់​ទេ​? បើ​គេ​អ្នកចរចា​កិច្ចព្រមព្រៀង​នេះ​»​។

«​សុំ​ផ្ដាំផ្ញើ​កំពុង​ទឹកជំនន់​ផង កូវីដ​ផង កុំ​រញ៉េរញ៉ៃ ហើយ​កុំទៅ​លើក​ម្រាមដៃ​ ៣ ​អី ចូលរួម​ជាមួយ​ថៃ​។ ឃើញ​ថៃ​ដាក់​ត្រឡប់​ទៅវិញ​ថា កុំ​ជ្រៀតជ្រែក​ផ្ទៃក្នុង​របស់​អញ​។ ឃើញ​ខាង​ថៃ​ដាក់​ត្រឡប់​ទៅវិញ​។ អី​ចង់​សាមគ្គីភាព​​ជាមួយ​ការតស៊ូ​របស់​ប្រជាជន​ថៃ​។ រឿង​ថៃ​ជា​រឿង​របស់​ថៃ រឿង​ខ្មែរ ជា​រឿង​របស់​ខ្មែរ​»​។

បើទោះបី​ជា​ប្រសាសន៍​របស់​លោក​មិន​សំដៅ​ផ្ទាល់​ទៅលើ​បុគ្គល​ណា​ម្នាក់​ក៏ដោយ ប៉ុន្តែ​ការលើក​ឡើង​របស់​លោក ហ៊ុន សែន ទំនង​សំដៅ​ទៅលើ​លោក សម រង្ស៊ី ពីព្រោះ​លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​កាលពី​ថ្ងៃទី ១៩ តុលា ថា នៅ​ថ្ងៃទី​ ២៣ តុលា ដែល​ជា​ខួប​ទី ២៩ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស «​ជនជាតិខ្មែរ​ទូទាំង​ពិភពលោក​នឹង​រៀបចំ​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន​យោធា​ចិន​លើ​ទឹកដី​ប្រទេស​កម្ពុជា​»​។

បើតាម​ហ្វេសប៊ុក​លោក សម រង្ស៊ី ថា ការធ្វើ​បាតុកម្ម​នេះ​ធ្វើឡើង​នៅមុខ​ស្ថានទូត និង​ស្ថាន​កុងស៊ុល​ចិន​នៅ​ក្រៅ​ប្រទេស រួមមាន​នៅ​ទីក្រុង​ធំៗ​នៅ​សហរដ្ឋ​អាមេរិក កាណាដា បារាំង បែលហ្ស៊ិក ស្វ៊ីស អូស្ត្រាលី នូវែល​សេឡង់ កូរ៉េ​ខាងត្បូង និង​ជប៉ុន ដើម្បី​ប្រឆាំង​នឹង​អ្វីដែល​លោក​អះអាង​ថា «​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា​»​។ លើសពី​នេះ​លោក សម រង្ស៊ី ក៏បាន​បង្ហោះ​រូបលោក​លើក​ម្រាមដៃ ៣ ដែល​ជា​សញ្ញា​គាំទ្រ​ដល់​ការធ្វើ​បាតុកម្ម​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​ថៃ​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​ដោយ​យល់ឃើញថា ការលើកឡើង​របស់​លោក ហ៊ុន សែន ថា​បក្សប្រឆាំង​ចង់ឃើញ​មនុស្ស​ស្លាប់​ដើម្បី​ជា​លេស​ចោទ​រដ្ឋាភិបាល​នោះ មិន​ត្រឹមត្រូវ​ទេ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​អត់​យល់​អ៊ីចឹង​ទេ បក្សប្រឆាំង​មិនបាន​បន់ស្រន់​ឱ្យ​មនុស្ស​ស្លាប់​អី មិន​មាន​ទេ​។ ក្រែងលោ​អ្នកណា​ផ្សេង​ខ្ញុំ​មិនដឹង សម្រាប់​ខ្ញុំ​ជា​សមាជិក​អតីត​បក្សប្រឆាំង​មួយ​ដែរ ខ្ញុំ​ចង់​ឃើញ​តែ​ភាពសុខសាន្ត​របស់​សង្គម​របស់​រាស្ត្រ​ទាំងអស់​គ្នា​។ ថ្មីៗ​នេះ​ខ្ញុំ​ឃើញ​មេដឹកនាំ​ធំៗ​សស្រាក់សស្រាំ​ចុះទៅ​ជួយ នេះ​ជា​រឿង​ប្រសើរ ខ្ញុំ​មាន​ការត្រេកអរ​ណាស់​។ ខ្ញុំ​មិនដឹងថា ក្រុមណា​ចង់ឃើញ​មនុស្ស​ស្លាប់​ដើម្បី​បន្ទោស​រដ្ឋាភិបាល ខ្ញុំ​មិនមាន​ជំនឿ​បែបនេះ​ទេ​»​។

លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងថា លោក​មិន​បានដឹង​ពី​គម្រោងការ​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​ចិន​ដើម្បី​ប្រឆាំង​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា​ទេ ព្រោះ​ពេលនេះ​ពលរដ្ឋ​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​កូវីដ ដូច្នេះ​មិន​ជឿថា​មាន​អ្នក​ទៅ​គិតគូរ​រឿង​ធ្វើបាតុកម្ម​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​នោះទេ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​បាន​ថ្លែងថា និន្នាការ​អ្នកប្រឆាំង​នៅ​កម្ពុជា​ជាទូទៅ​ចង់ឃើញ​ចំណុច​អវិជ្ជមាន​កើតចេញពី​រដ្ឋាភិបាល បើទោះបី​ជា​ចំណុច​នោះ​កើតឡើង​ពី​គ្រោះធម្មជាតិ​ក៏ដោយ​ក៏​ពួកគេ​ដាក់​បន្ទុក​លើ​រដ្ឋាភិបាល​ដែរ​។ លោក​យល់​ថា ការធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ចិន​នៅ​កម្ពុជា​គឺជា​រឿង​មិន​ត្រឹមត្រូវ​ពីព្រោះ​ការធ្វើ​បែបនេះ​ប្រៀបដូចជា​ការអូស​កម្ពុជា​ឱ្យ​ចូល​ក្នុង​ល្បែង​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​ចិន និង​អាមេរិក​។

លោក គិន ភា ថ្លែងថា​៖ «​វា​អត់​មាន​ហេតុផល​អ្វីដែល​យើង​ត្រូវធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​ចិន​នៅ​កម្ពុជា​ទេ ព្រោះ​គេ​កំពុង​ជំរុញ​ការលើកកម្ពស់​ទំនាក់ទំនង​គ្រប់​តែ​ប្រទេស​។ មូលហេតុ​នៃ​ការធ្វើ​បាតុកម្ម​វា​អត់​សម​ហេតុផល​។ តែបើ​គាត់​ធ្វើ​បាតុកម្ម​នៅ​ក្រៅ​ប្រទេស វា​ជា​សិទ្ធិ​របស់​គាត់ ហើយ​អាស្រ័យ​លើ​យុត្តាធិការ​ប្រទេស​នោះ​។ បើ​ធ្វើ​នៅ​កម្ពុជា ខ្ញុំ​យល់​ថា រដ្ឋាភិបាល​នឹងមាន​វិធានការ​»៕