
មន្ត្រីខណ្ឌឫស្សីកែវ ចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋកាលពីពេលកន្លងមក។ រូបថត សហការី
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាត់វិធានការក្តៅ និងមិនលើកលែងជាដាច់ខាតចំពោះអ្នកពាក់ព័ន្ធទាំងអស់ប្រសិនបើរកឃើញនូវភាពមិនប្រក្រតីកើតមាននៅក្នុងភូមិ ឬ ឃុំសង្កាត់ណាមួយពាក់ព័ន្ធនឹងការផ្តល់សាច់ប្រាក់ដល់ជនក្រីក្រដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ ១៩ បន្ទាប់ពីរកឃើញភាពមិនប្រក្រតីជាង ១៤ ០០០ ករណី។
លោកនាយករដ្ឋមន្ត្រីបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃទី ២៣ ខែធ្នូ ថា៖ «កម្មវិធីនេះ ពិតជាកំពុងបានចូលរួមចំណែកក្នុងការលើកស្ទួយ និងរក្សាលំនឹងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅក្នុងអំឡុងពេលដ៏លំបាកនេះ ហើយក៏ដោយសារតែជំងឺកូវីដ ១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយ។ ចាប់តាំងពីការចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភលើកដំបូងមក ការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះយើងចង់ផ្តល់សាច់ប្រាក់នេះឱ្យដល់ដៃគ្រួសារក្រីក្រ និងមានការលំបាកពិតប្រាកដ»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ការងារបច្ចុប្បន្នភាពនៃគ្រួសារក្រីក្រនេះត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋានជាពិសេសមេភូមិ និងក្រុមប្រឹក្សាឃុំ-សង្កាត់។ ដូច្នេះហើយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវខិតខំបំពេញការងារនេះឱ្យបានត្រឹមត្រូវ ច្បាស់លាស់មានតម្លាភាព គណនេយ្យភាព និងប្រកាន់ខ្ជាប់នូវយុត្តិធម៌បំផុត ហើយត្រូវចៀសវាងឱ្យខាងតែបាននូវការយោគយល់ និងឃុបឃិតគ្នា ដើម្បីដាក់បញ្ចូលក្រុមគ្រួសារសាច់ញាតិ មិត្តភកិ្ត ឬអ្នកស្គាល់គ្នាដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ ផ្ទុយពីនីតិវិធីនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ។
ដើម្បីឱ្យការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនេះកាន់តែធានាបាននូវប្រសិទ្ធភាពខ្ពស់បន្ថែមទៀតនោះលោក ហ៊ុន សែន បានស្នើឱ្យក្រសួងមហាផ្ទៃត្រូវសហការជាមួយក្រសួងផែនការ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការពិនិត្យតាមដានការអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវរាយការណ៍មកកាន់លោកជាបន្ទាន់ប្រសិនបើរកឃើញថាមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។
អ្នកនាំពាក្យក្រសួងផែនការលោក ស្រី ដា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា គិតមកត្រឹមពេលនេះក្រសួងផែនការបានរកឃើញភាពមិនប្រក្រតី និងគ្រួសារដែលមានជីវភាពល្អប្រសើរ តែទទួលបានប័ណ្ណសមធម៌ដោយក្រសួងបានដកប័ណ្ណសមធម៌ត្រឡប់មកវិញសរុបមានចំនួនជាង ១៤ ៤០០ ករណីហើយ។
លោក ស្រី ដា ថ្លែងថា៖ «ក្រសួងផែនការនៅតែបន្តដោះស្រាយនូវរាល់បាតុភាពដែលកើតមានឡើងក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដោយយើងមានក្រុមការងារទទួលខុសត្រូវអនុវត្តភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានពីភាពមិនប្រក្រតីនោះតាមបណ្តាញសារព័ត៌មានការរាយការណ៍ណាមួយ និងតាមបណ្តាញទំនាក់ទំនងសង្គមជាដើម»។
លោកបន្តថា ទន្ទឹមនឹងនេះដែរក្រសួងនៅតែបន្តស្វែងរកគ្រួសារពលរដ្ឋដែលបានកំពុងធ្លាក់ខ្លួនក្រីក្រក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩ នេះ ដោយក្រសួងមិនបណ្តោយឱ្យគ្រួសារទាំងនោះនៅឯកោ អត់អាហារ មិនទទួលបានការឧបត្ថម្ភនោះទេ។ ក្រសួងនឹងដោះស្រាយជូនគាត់ភ្លាមៗ ដោយផ្តល់នូវការសម្ភាសដើម្បីកំណត់នូវកម្រិតភាពក្រីក្ររបស់គាត់ ដើម្បីទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានបង្ហាញថា ៩៩,១% នៃគ្រួសារក្រីក្រ ដែលទទួលបានសាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលបានសម្តែងការពេញចិត្តយ៉ាងខ្លាំង ពីព្រោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះត្រូវបានអនុវត្តចំពេលកំពុងជួបការលំបាកផ្នែកជីវភាព ហើយគ្រួសារទទួលផលក៏បង្ហាញការពេញចិត្តលើនីតិវិធីនៃការផ្ទៀងផ្ទាត់ និងដកសាច់ប្រាក់ផងដែរ។
បើគិតចាប់ពីការដាក់ឱ្យដំណើរការនៅក្នុងខែមិថុនាមកទល់នឹងដំណាច់ខែវិច្ឆិកា (ខែទី ៦) ឆ្នាំ ២០២០ នេះមានពលរដ្ឋសរុបចំនួន ៧០៤ ១៣៥ គ្រួសារ នៅទូទាំងប្រទេសទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ពីកម្មវិធីប្រកបដោយមហិច្ឆតា និងមិនធ្លាប់មានពីមុនមកនេះ តាមប្រព័ន្ធធនាគារដោយក្នុងនោះ ចំនួនគ្រួសារបានកើនឡើងពីចំនួន ៥២៦ ៦៨៦ នៅក្នុងខែមិថុនាដល់ចំនួន ៧០៤ ១៣៥ គ្រួសារនៅក្នុងខែវិច្ឆិកា ហើយរាជរដ្ឋាភិបាលបានចំណាយអស់ថវិកាចំនួន ៧១២ ១២៩ ០៥៣ ២០០ រៀល ដែលសមមូលស្មើនឹងប្រមាណ ១៧៥ លានដុល្លារអាមេរិក។
កាលពីម្សិលមិញនេះដែរ រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃវិបត្តិ ការស្តារ និងជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ ១៩។
ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារ ក្នុង ១ ខែ សម្រាប់កម្មករ-កម្មការិនី ១ នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបដែលត្រូវបានព្យួរការងារ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺចាប់ពីខែមករា កុម្ភៈ និងមីនា ឆ្នាំ ២០២១។ ម្ចាស់រោងចក្រសហគ្រាសក្នុងវិស័យនេះត្រូវបន្ថែមចំនួន ៣០ ដុល្លារសម្រាប់កម្មករ-និយោជិត ១ នាក់ដោយពួកគេ ១ នាក់ទទួលបានប្រាក់សរុប ៧០ ដុល្លារ ក្នុង ១ ខែ៕
វីដេអូ៖